ហេតុ​ដូចម្តេច​បានជា​​​ហ្វីលីពីន​ជ្រើស​រើស​យក​​អាមេរិក​​ជាជាង​ចិន?

នៅ​ក្នុង​រូបថត​ដែល​ផ្ដល់​ឱ្យ​វិមាន​ប្រធានាធិបតី​ហ្វីលីពីន​នេះ បង្ហាញ​ពី​លោក Lloyd Austin (ឆ្វេង) រដ្ឋមន្ត្រី​​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក ចាប់​ដៃ​សម្ដែង​ការ​គួរសម​ជាមួយ​នឹង​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte។

ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ហ្វីលីពីន​ដើម្បី​ស្តារ​កិច្ច​ព្រមព្រៀង​ស្តីពី​ទស្សនកិច្ច​យោធា​ជាមួយ​កងទ័ព​សហ​រដ្ឋ​អាមេរិក​បន្ទាប់​ពី​ការ​គំរាម​កំហែង​រយៈពេល​១៨​ខែ​ថា​នឹង​បោះបង់​ចោល​កិច្ច​ព្រមព្រៀង​នោះ​បង្ហាញ​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​បាន​ផ្តល់​ឱ្យបាន​គ្រប់គ្រាន់​ដល់​ហ្វីលីពីន​ដើម្បី​រក្សា​មិត្តភាព​ឬ​មិន​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ហ្វីលីពីន​ទូទៅ​រំភើប​ទេ។ នេះ​បើតាម​ការគិតឃើញ​របស់​ពួក​អ្នក​វិភាគ។

ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៩ ​ខែ​កក្កដា​ក្នុង​អំឡុង​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​លោក Lloyd Austin ​ទៅកាន់​ទីក្រុង​ម៉ានីល​ថា ​លោក​នឹង​បន្ត​សន្ធិសញ្ញា​ស្តីពី​ទស្សនកិច្ច​យោធា​ជាមួយ​កងទ័ព​សហ​រដ្ឋ​អាមេរិក​ដែល​មាន​ចំណាស់​២២​ឆ្នាំ​នេះ។ លោក Duterte បាន​និយាយ​ចាប់តាំង​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០២០​ថាលោក​មាន​គម្រោង​បញ្ចប់​កិច្ច​ព្រមព្រៀង​នោះ។

ក្រុមអ្នក​ជំនាញ​និយាយ​ថា ​លោក Duterte ដែល​បាន​កាន់​តំណែង​នៅ​ឆ្នាំ​២០១៦ ​ទើបតែ​ដឹង​ថា​ចិន​មិន​បាន​ធ្វើ​តាម​ការ​សន្យា​នៅឆ្នាំ​នោះ​អំពី​ការ​ផ្តល់​ជំនួយ​និង​វិនិយោគទុន​ចំនួន​៣៣​ពាន់​លាន​ដុល្លារ​នៅ​ប្រទេស​ដែនកោះ​ដែល​រីក​ចម្រើន​ដ៏​ឆាប់​រហ័ស​ដែល​ត្រូវការ​ហេដ្ឋា​រចនា​សម្ព័ន្ធ​យ៉ាង​ខ្លាំង​នោះទេ។​

ពួក​អ្នក​វិភាគនិយាយ​ថាជម្លោះ​នៅ​ក្នុង​ខែ​មីនា​និង​មេសា​អំពី​ទូក​របស់​ចិន​ចំនួន​២២០​គ្រឿង​នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​ទាំង​២​មាន​ជម្លោះ​នោះបាន​ធ្វើ​ឲ្យ​ក្រុម​មន្ត្រី​ហ្វីលីពីននៅ​ក្នុង​ទីក្រុង​ម៉ានីល​កាន់​តែ​រកាំ​ចិត្ត ដោយ​បាន​រំឭក​ពួកគេ​អំពី​ជម្លោះ​អធិបតេយ្យភាព​ដែនទឹក​ទ្រង់ទ្រាយធំ​ជាងនេះ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

រូបឯកសារ៖ ឆ្មាំសមុទ្រ​ហ្វីលីពីន​ជិះ​ទូក​យាមល្បាត​ នៅ​ក្បែរ​នាវា​របស់​ចិន​ ដែល​គេ​ជឿ​ថា​បើ​ក​ដោយ​ក្រុម​យុទ្ធជន​ដែនសមុទ្រ​ចិន​នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក Whitsun Reef ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។

«បើ​ចិន​ធ្វើ​តាមការ​សន្យា​របស់​ខ្លួន​អំពី​ហេដ្ឋារចនាសម្ព័ន្ធនិងវិនិយោគ​នោះ​ លោក Duterte អាចមាន​ហេតុផល​មាំទាំជំទាស់​នឹងកិច្ចព្រមព្រៀង VFA»។ នេះបើ​តាមសម្តី​របស់​លោក​ Yun Sun អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់និង​ជា​សហនាយកនៃ​កម្មវិធី​អាស៊ី​ខាងកើត​នៅមជ្ឈមណ្ឌល Stimson ក្នុងរដ្ឋធានី Washington។

បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​បាន​រាយ​ការណ៍​កាលពី​ឆ្នាំ​ទៅ​ថាក្នុង​ចំណោម​ប្រាក់​ដែល​ចិន​សន្យា​ឱ្យ​រដ្ឋាភិបាល​ក្រុង​ម៉ានីល​ទាំងអស់​ចំនួន ៣៣ពាន់​លានដុល្លានោះ​រដ្ឋាភិបាល​ក្រុង​ម៉ានិល បានទទួល​តែ​៤,៧​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះមកទល់​ដើម​ឆ្នាំ​២០១៩។

កិច្ច​ព្រមព្រៀង​ទស្សន​កិច្ច​យោធា​នេះ​អនុញ្ញាត​ការ​លក់​អាវុធ ​ការ​ចែករំលែក​ព័ត៌មាន​សម្ងាត់​និង​ការ​ពិភាក្សា​លើ​កិច្ច​ប្រតិបត្តិការ​យោធា។ កិច្ចព្រមព្រៀង​នោះ​អនុញ្ញាត​ឲ្យ​កងទ័ព​សហ​រដ្ឋ​អាមេរិក​ចេញ​ចូល​ក្នុង​ទឹកដី​ហ្វីលីពីន​ដើម្បី​ធ្វើ​សមយុទ្ធ​យោធា​ដែល​មាន​គោល​បំណង​ធ្វើ​កិច្ចការ​សន្តិសុខ​ក្នុង​តំបន់​និង​កិច្ចការ​មនុស្សធម៌​ក្នុង​ប្រទេស​ហ្វីលីពីន។ វិធាន​ការ​ទាំង​នោះ​ទ្រទ្រង់​សន្ធិសញ្ញាឆ្នាំ​១៩៥១​ស្តីពី​ការ​ការពារ​គ្នា​ទៅវិញ​ទៅ​មក​រវាង​ប្រទេស​ទាំង​២។

សហរដ្ឋ​អាមេរិក​បានគ្រប់គ្រងប្រទេស​ហ្វីលីពីន​ជាង​៥០ឆ្នាំ​មុនប្រគល់​ឯករាជ្យ​ឱ្យ​ប្រទេស​នេះវិញ​នៅ​ក្រោយសង្គ្រាម​លោកលើក​ទីពីរ។ សម្រាប់​រដ្ឋាភិបាល​ក្រុង Washington នៅ​ពេលសព្វថ្ងៃ​នេះ​ ប្រទេស​ហ្វីលីពីនជា​សម្ព័ន្ធ​មិត្ត​មួយ​ក្នុង​បណ្តា​សម្ព័ន្ធ​មិត្តមួយចំនួនក្នុង​ប៉ែក​ខាង​លិច​នៃមហាសមុទ្រ​ប៉ាស៊ីហ្វិកដែល​អាចធ្វើកា​រជា​មួយគ្នា​ដើម្បី​ទប់ទល់​នឹង​ការ​ពង្រីក​ក្នុងដែន​សមុទ្រ​របស់ចិន។

លោក Sun បានថ្លែង​ថា​លោក Duterte ប្រហែលរក្សា​ទុកកិច្ចព្រមព្រៀង​យោធា​នេះដោយ​សំឡឹង​មើល​ការ​បោះឆ្នោតប្រធានាធិបតីនៅ​ដើមឆ្នាំ២០២២។ លោកត្រូវអនុញ្ញាតឱ្យ​កាន់​តំណែងប្រធានាធិបតី​តែ​មួយ​អាណត្តិ​ដែល​មាន​រយៈពេល​៦ឆ្នាំ​ តែ​បណ្តាញ​ព័ត៌មានក្នុង​ប្រទេស​បាន​រាយការណ៍​ថា​កូនស្រី​លោក​គឺ​អ្នកស្រី Sara Duterte ចង់​ឈរ​ឈ្មោះ​ជាបេក្ខជន​ប្រធានាធិបតី។ អង្គការ​ស្រាវជ្រាវមាន​មូលដ្ឋាន​ក្នុងក្រុង Quezon City ឈ្មោះ Social Weather Stations បាន​រកឃើញ​ថា​ការ​ស្ទង់​មតិចាប់​តាំង​ពីឆ្នាំ២០១៦​មក បង្ហាញ​ថា​ប្រជារាស្ត្រ​ហ្វីលីពីនភាគ​ច្រើនដោយមានរួម​ទាំង​កង​យោធពល​ផង​ចូលចិត្ត​សហរដ្ឋ​អាមេរិក​ជាង​ប្រទេស​ចិន។

រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក លោក Lloyd Austin ត្រួតពល​នៅ​ជំរំ​ទាហាន Camp Aguinaldo ក្នុង​ទីក្រុងQuezon ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។

លោក Sean King អនុប្រធាននៃក្រុមហ៊ុន​ផ្តល់​ការ​ប្រឹក្សា​នយោបាយ​ Park Strategies ក្នុង​បូរី New Yorkបាន​និយាយ​ថា«​ខ្ញុំ​សង្ស័យ​ថា​មូលហេតុ​ចម្បង​របស់​លោក​ Duterte ក្នុងការស្រុះស្រួល​ជា​មួយរដ្ឋាភិបាល​ក្រុង Washington វិញ គឺ​ធ្វើឱ្យ​មានការ​គាំទ្រ​ខាង​នយោបាយនៅ​ក្នុងប្រទេស ក្នុង​ករណីលោក​ចង់​ឈរឈ្មោះ​សម្រាប់តំណែង​អ្វី​មួយទៀត​នៅ​ថ្ងៃក្រោយ»។

លោក Duterte ដែល​ជា​អ្នក​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក ជាយួរ​មក​ហើយ​ បាន​ប​ញ្ជាឱ្យបញ្ចប់​កិច្ច​ព្រមព្រៀង​យោធានៅ​ក្រោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិកបានលប់​ចោលទិដ្ឋាការសម្រាប់សមាជិក​ព្រឹទ្ធសភាហ្វីលីពីន​ម្នាក់និង​ជា​អតីត​ប្រធានប៉ូលីស​ដែល​បានរួមចំណែក​ច្រើនក្នុង​យុទ្ធនាការប្រឆាំងគ្រឿង​ញៀន​យ៉ាង​ចាស់ដៃ​របស់​ហ្វីលីពីន​ដែល​នាំ​ឱ្យ​មានការ​ខឹងសម្បានៅ​ក្រៅ​ប្រទេស។ កាលពីឆ្នាំ​ទៅ​មិញ លោក​ Duterte បាន​បញ្ជាក់​ថា​លោកលំអៀងទៅរក​ទំនាក់​ទំនង​ជាមួយចិននិង​រុស្សី។

ទំនាក់​ទំនងរវាង​ចិននិងហ្វីលីពីន​សព្វថ្ងៃ​មានបញ្ហា​ធំ​ដោយសារ​ការ​ដណ្តើម​ដែន​សមុទ្រ​ទំហំ​៣លាន​៥សែន​គីឡូម៉ែត្រ​ក្រឡា​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​សំបូរត្រី​និង​ប្រភពថាមពល​ក្រោម​បាត​សមុទ្រ។ ប្រទេស​ចិន​បានធ្វើ​ឱ្យហ្វីលីពីននិងរដ្ឋ​ឯទៀតៗក្នុង​អាស៊ី​អាគ្នេយ៍ដែល​ទាមទារដែនសមុទ្រនេះ​ដែរ​ភ្ញាក់ផ្អើល​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​ទៅនេះ​ដោយ​ចាក់​ដី​ពង្រីក​កោះតូចៗសម្រាប់ស្ថាបនា​ទីតាំងយោធា។

ជម្លោះ​រវាងចិននិងហ្វីលីពីន​បាន​ធូរស្រាលកាលពី​ឆ្នាំ២០១៦នៅក្រោយ​រដ្ឋាភិបាល​ក្រុង​ម៉ានិលបាន​ឈ្នះ​នៅ​ក្នុង​សេចក្តី​សម្រេច​នៃតុលាការ​អាជ្ញាកណ្តាល​ពិភពលោក​ប្រឆាំង​នឹងការ​ទាមទារដែន​សមុទ្ររបស់​រដ្ឋាភិបាល​ប៉េកាំងហើយ​លោក Duterte បាន​បន្ត​មិត្តភាព​ថ្មី​ជា​មួយ​ចិន​ត​ទៅទៀត។

នៅដើមឆ្នាំនេះ រដ្ឋាភិបាល​ហ្វីលីពីន​បានទាក់​ទង​ជាមួយ​រដ្ឋាភិបាលក្រុង​ Washington អំពី​ការ​ចរចា​ជា​ថ្មី​អំពីកិច្ចព្រមព្រៀង VFA។ លោក Eduardo Araral ជាសាស្ត្រាចារ្យ​នៃ​មហា​វិទ្យាល័យគោល​នយោបាយ​សាធារណៈ​នៃ​សាកលវិទ្យាល័យ​ជាតិនៃប្រទេស​សិង្ហបូរី​បាន​និយាយ​ថាពួកមន្ត្រីនៅក្រុង​ម៉ានិល​ចង់ឱ្យ​កិច្ចព្រមព្រៀងនេះ​ធានារ៉ាប់​រង​អំពីជំនួយ​សហរដ្ឋ​អាមេរិកក្នុងការការពារការ​អះអាងដែន​សមុទ្រដោយហ្វីលីពីន​។ លោក Araral បានថ្លែង​ថាពួក​មន្ត្រីសហរដ្ឋ​អាមេរិក​បាន​សន្យាផ្ទាល់​មាត់ចាប់តាំងលោក Barak Obama កាន់​តំណែងរហូតមក។

លោកបានពោលថា«ពួក​មន្ត្រីសហរដ្ឋ​អាមេរិក​បាន​ធានារ៉ាប់រង តែ​ការធានារ៉ាប់រង​ទាំង​នោះមិន​អាច​ជឿទុកចិត្ត​បានទេ​ពីព្រោះមិនបានចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​ VFA។ ត្រូវ​តែមាន​ភាព​ច្បាស់លាស់​ខ្លះ​ក្នុង​ការប្រើ​ពាក្យ​ពេចន៍នៃកិច្ចព្រមព្រៀង VFA នេះ»។

ភាគី​ទាំង​ពីរមិនបានបញ្ជាក់​កាលពីចុង​ខែ​កក្កដាថា​តើ​កិច្ច​ព្រមព្រៀង​នេះ​នឹងត្រូវ​ចរចា​ជា​ថ្មី​ឬទេ។

លោក Sun បាន​និយាយថាបណ្តាញ​ព័ត៌មានចិន​ដែល​ធ្លាប់​បានរាយការណ៍​អំពី​លទ្ធភាព​នៃការ​បញ្ចប់កិច្ច​ព្រមព្រៀង​រវាងសហរដ្ឋ​អាមេរិក​និង​ហ្វីលីពីន ភាគច្រើន​បាន​នៅ​ស្ងាត់ស្ងៀម​តាំង​ពី​ថ្ងៃទី២៩កក្កដាមក។ ទីភ្នាក់ងារ​ព័ត៌​មាន​ Xinhua ជា​ផ្លួវការនៃប្រទេស​ចិនបាន​រាយការណ៍អំពី​ការយល់​ព្រម​ជា​ថ្មី​ដល់កិច្ច​ព្រមព្រៀង VFA កាលពី​ខែ​កក្កដា​ហើយ​បានកត់​សម្គាល់​ថា​ផែនការរបស់​រដ្ឋាភិបាលម៉ានិល​ក្នុង​ការ​លប់​ចោល​កិច្ច​ព្រមព្រៀងនេះ​ត្រូវបានផ្អាកបី​ដង​ហើយ។

លោក​ Sun បានថ្លែងថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំងមានការ​អន់ចិត្តពីព្រោះខ្លួន​បាន​ព្យាយាម«​ធ្វើឱ្យ​មាន​ភាព​មិនសូវ​ជិតស្និទ្ធ» រវាង​សហរដ្ឋ​អាមេរិក​និង​ពួកសម្ព័ន្ធមិត្ត​របស់អាមេរិក។

លោក King បាន​និយាយ​ថាការ​ដែល​លោក Duterte ​ជួយ​ស្រោចស្រង់កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​រដ្ឋាភិបាល​ក្រុង​ Washington ​សម្រប​សម្រួល​កិច្ចការជា​មួយ​ពួក​សម្ព័ន្ធមិត្តក្នុង​អាស៊ី។

លោក King បាន​ថ្លែង​ថា៖ «ការរក្សា​ទុកកិច្ចព្រមព្រៀង​ស្តីពី​ទស្សនកិច្ច​យោធា​ជាមួយ​កងទ័ព​សហ​រដ្ឋ​អាមេរិក​ រួមជាមួយការបង្កើន​ភាគចំណែក​បន្ទុកខាង​ការពាររបស់​សហរដ្ឋ​អាមេរិក​ជាមួយកូរ៉េ​ខាងត្បូងនិងជប៉ុននៅដើមឆ្នាំនេះ នាំ​ឱ្យ​យល់ឃើញ​ថាលោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Joe Biden ​បានបង្រួប​បង្រួម​ពួក​មិត្ត​និងពួក​សម្ព័ន្ធមិត្តរបស់​អា​មេរិកនៅ​ពេល​អាមេរិកប្រឈម​នឹង​រដ្ឋាភិបាល​ប៉េកាំងដើម្បី​ឥទ្ធិពលនិង​គោលជំហរ​ក្នុង​តំបន់​នោះ»៕

ប្រែសម្រួលដោយលោក​ឈឹម សុមេធ