ហេតុអ្វី​បាន​ជា​ជនជាតិ​ចិន​ជាច្រើន​សម្រុក​មក​កម្ពុជា​ដើម្បី​«‍ឱកាស​មាស»?

ទិដ្ឋភាពនៃអគារខ្ពស់ៗនៅតំបន់កោះពេជ្រ ដែលកំពុងត្រូវបានសាងសង់ នៅជាប់ដងទន្លេបាសាក់ រាជធានីភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។

ភ្នំពេញ — កោះ​ពេជ្រ​គឺ​ជា​ឈ្មោះ​ដែល​គេ​ដាក់​ឲ្យ​កោះ​មួយ ដែល​កាលពី​មុន​គ្រាន់​តែ​ជា​កោះ​ទំនេរ​មួយ​នៅ​ក្នុង​ទន្លេ​បាសាក់។ ដោយសារ​តែ​មាន​ការ​ចាក់​ដី​បំពេញ​ក្រោយ​ឆ្នាំ​២០០០​មក កោះ​នេះ​បាន​ក្លាយ​ទៅ​ជា​តំបន់​មួយ​ដែល​បង្ហាញ​ពី​មហិច្ឆតា​អភិវឌ្ឍ​កាន់តែ​ខ្លាំង​ឡើង​ ក្នុង​រាជធានី​ភ្នំពេញ និង​លទ្ធផល​ដែល​អាច​កើត​ចេញ​ពី​ការ​វិនិយោគ​របស់​ចិន។

កម្មករ​សំណង់​ បាន​ខិតខំ​ធ្វើ​ការ​ទាំង​ថ្ងៃ​ទាំង​យប់ ហើយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ចិន​ បាន​ប្រែ​ក្លាយ​កោះ​មួយ​នេះ​ទៅ​ជា​តំបន់​ដែល​មាន​បណ្ដុំ​អគារ​តាម​រចនាបថ​បារាំង ​ដែល​មាន​ផ្លូវ​ធំៗ​ និង​ប្លុក​អគារ​ស្នាក់នៅ​ជា​ជួរៗ ដោយ​មាន​ខ្លោងទ្វារ​ដូច​នឹង​ខ្លោងទ្វារ Arc de Triomphe ដ៏​ល្បីល្បាញ​ក្នុង​ប្រទេស​បារាំង​ដែរ។

Your browser doesn’t support HTML5

ចិននៅកម្ពុជា៖ ចាប់យក«‍ឱកាស​មាស»នៅកម្ពុជា?


ប៉ុន្តែ​នៅ​ក្បែរ​សំណង់​អគារ​ដ៏​ស្កឹមស្កៃ​ដែល​មាន​ក្បូរក្បាច់​រចនា​ដ៏​ល្អ​វិចិត្រ​ទាំង​នេះ មាន​កម្មករ​ខ្មែរ និង​ចិន​រស់​នៅ​ ដោយ​កម្មករ​ខ្មែរ​ស្នាក់​នៅ​ក្នុង​បន្ទប់​ដែលពោរពេញ​ទៅ​ដោយ​សំរាម និង​សត្វ​កណ្ដុរ និង​កម្មករ​ចិន​ស្នាក់នៅ​ក្នុង​កុងតឺន័រ ​ដែល​យក​ទៅ​ច្នៃ​ធ្វើ​ជា​បន្ទប់​គេង។

ហេតុអ្វី​បាន​ជា​កម្មករ​ចិន​ទាំង​នេះ​មក​ប្រទេស​កម្ពុជា ទោះ​បី​ជា​ពួកគេ​មិន​ចេះ​ភាសា​ខ្មែរ​សូម្បី​តែ​មួយ​ម៉ាត់?

កម្មករ​ម្នាក់​វ័យ ​៥០ ឆ្នាំ​ប្លាយ ដែល​ស្នាក់នៅ​ក្នុង​បន្ទប់​មួយ​ជាមួយ​នឹង​កម្មករ ​៣ នាក់​ផ្សេង​ទៀត​និយាយ​ថា៖ «គោលបំណង​សំខាន់​របស់​យើង​មក​ប្រទេស​កម្ពុជា​ គឺ​ដើម្បី​សប្បាយ និង​មើល​ឃើញ​ពិភព​ខាង​ក្រៅ»។

បន្ទប់​នីមួយៗ​មាន​គ្រែ​បន្តុប​គ្នា​ ហើយ​គេ​ទុក​ផ្នែក​ខាង​លើ​ធ្វើ​ជា​កន្លែង​ដាក់​របស់របរ។ មាន​តែ​មេការ​របស់​ពួកគេ​គឺ​លោក Zhang តែ​ប៉ុណ្ណោះ​ ដែល​មាន​គ្រែ​ផ្ទាល់​ខ្លួន​ដាច់​ដោយ​ឡែក។

កម្មករ​ម្នាក់​ដែល​រីករាយ​នឹង​បង្ហាញ​យើង​ឲ្យ​ឃើញ​ពី​កន្លែង​ស្នាក់នៅ​របស់​ខ្លួន​ បាន​និយាយ​ថា៖ «យើង​មក​ទី​នេះ​ ដោយ​ការ​ចង់​ដឹង​ចង់​ឮ​តែ​ប៉ុណ្ណោះ។ យើង​អាច​រក​ប្រាក់​បាន​ខ្លះ ហើយ​អាច​ធ្វើ​ដំណើរ​បាន​ខ្លះ​ដែរ»។

កម្មករ​ទាំង​នេះ​មក​ពី​ក្រុង Changsha នៃ​ខេត្ត Hunan ដែល​ជា​ទីក្រុង​មួយ​មាន​មនុស្ស​៧​លាន ​៨សែន ​នាក់​រស់​នៅ។

កម្មករ​ទាំង​នេះ​និយាយ​ថា ពួកគេ​អាច​រក​ប្រាក់​នៅ​ទី​នេះ​ បាន​ច្រើន​ជាងនៅ​ស្រុក​កំណើត​បន្តិចបន្តួច។ ពួកគេ​មាន​ជីវភាព​ល្អ​គួរសម​នៅ​ក្រុង Changsha។ លោក​មេការ Zhang មាន​ផ្ទះ មាន​រថយន្ត​ផ្ទាល់​ខ្លួន ហើយ​កូន​របស់​លោក​ជា​និស្សិត​សាកលវិទ្យាល័យ។

កម្មករ​ទាំង​នេះ ត្រូវ​បាន​ថៅកែ​ចិន​ជួល​ឲ្យ​ដំឡើង​ថ្មម៉ាប និង​ថ្ម​ក្រានីត​ក្នុង​អគារ។ ពួកគេ​និយាយ​ថា ​ការងារ​មិន​លំបាក​ទេ គឺ​គ្រាន់តែ​ត្រូវ​ការ​ជំនាញ​ប៉ុណ្ណោះ។ ក្រោយ​ចេញ​ពី​ធ្វើ​ការ ពួកគេ​ទទួល​ទាន​អាហារ​នៅ​ភោជនីយដ្ឋាន​ចិន​មួយ​ក្បែរ​កន្លែង​ស្នាក់នៅ​របស់​ពួកគេ។ ថៅកែ​របស់​ពួកគេ​ ចេញ​ប្រាក់​ឲ្យ​ភោជនីយដ្ឋាន​នោះ​ចំនួន​ ១​ម៉ឺន​រៀល​សម្រាប់​អាហារ​មួយ​ពេល​ក្នុង​កម្មករ​ម្នាក់។

មិន​មាន​បន្ទប់​ទឹកនៅ​ក្នុង​កន្លែង​ស្នាក់​នៅ​របស់​ពួកគេ​នោះ​ទេ។ ពួកគេ​ត្រូវ​ងូត​ទឹក​នៅ​ខាង​ក្រៅ និងនៅ​ទីវាល។

ពួកគេ​ក៏​គ្មាន​វិទ្យុ​ស្ដាប់​ ឬ​ទូរទស្សន៍​មើលដែរ ដូច្នេះ​ព័ត៌មាន និង​ការ​កម្សាន្ត​ទាំង​អស់​ គឺ​ចេញ​ពី​ទូរស័ព្ទ​ទំនើប​ [ស្មាតហ្វូន] របស់​ពួកគេ។ ពួកគេ​ចំណាយ​ប្រាក់​ ៨​ដុល្លារ​ក្នុង​មួយ​ខែ​ សម្រាប់​បង់​ថ្លៃ​សេវា​អ៊ីនធឺណិត​ ដើម្បី​អាច​ទាក់ទង​ជាមួយ​នឹង​គ្រួសារ​របស់​ពួកគេ​នៅ​ស្រុក​កំណើត​បាន។​

កម្មករ​ទាំង​នេះ​ គ្មាន​គម្រោង​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ។

កម្មករ​ម្នាក់​និយាយ​ថា៖ «នៅ​ពេល​យើង​មក​ទី​នេះ​ កូន​ប្រុស កូនស្រី និង​កូនប្រសា (ស្រី) របស់​ខ្ញុំ ​មិន​ចង់​ឲ្យ​ខ្ញុំ​មក​ទេ។ ពួកគេ​មិន​ចង់​ឲ្យ​ខ្ញុំ​មក​កន្លែង​ ដែល​ឆ្ងាយ​ពី​ផ្ទះ​នោះ​ទេ»។

កម្មករ​ម្នាក់​ទៀត​ដែល​អង្គុយ​នៅ​លើ​គ្រែ​ពីរ​ជាន់​របស់​គាត់​ និង​កំពុង​មើល​ទូរស័ព្ទ​និយាយ​ថា៖ «ខ្ញុំ​មក​ទី​នេះ​ គឺ​ដោយសារ​តែ​ចង់​ដឹង​ ចង់​ឃើញ​ប៉ុណ្ណោះ។ ខ្ញុំ​នឹង​មិន​មក​ទេ​ បើ​ខ្ញុំ​បាន​ដឹង​ថា ​ខ្ញុំ​នឹង​ត្រូវ​រស់​នៅ​ទីនេះ។ កន្លែង​នេះ​ក្រ​ពេក»។

លោក​មេការ Zhang ក៏​បាន​ចូល​មក ហើយ​និយាយ​ថា «ស្អី​គេ​ ក្រ​ពេក? តើ​កន្លែង​នេះ​មិន​ដូច​ប្រទេស​ចិន​កាលពី​ ២០ ​ឆ្នាំ​មុន​ទេ​ឬ»?

កម្មករម្នាក់កំពុងសម្អាតទីធ្លារមុខការដ្ឋានសំណង់ដ៏ធំមួយ នៅតំបន់កោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨។

ងាយ​ស្រួលរក​ប្រាក់​ជាង​នៅ​ចិន

លោក Zhao​ ដែល​មក​ពី​ក្រុង Lianyungang នៃ​ខេត្ត Jiangsu​ បាន​មក​ខេត្ត​ព្រះសីហនុ​នៅ​ខែ​ឧសភា។ លោក​ជា​អ្នក​បច្ចេកទេស​អគ្គិសនី​នៅ​ក្រុមហ៊ុន​សំណង់​ចិន​មួយ ដែល​កំពុង​អនុវត្ត​គម្រោង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។ លោក​ទទួល​បាន​ប្រាក់​ខែ​ជាង​១០.០០០យ័ន[ស្មើ​ជាង ​១៤០០​ដុល្លារ​អាមេរិក]​ ក្នុង​១ខែ ដែល​ចំនួន​នេះ​លើស​ប្រាក់​ខែ​ដែល​លោក​អាច​ទទួល​បាន​នៅ​ក្នុង​ប្រទេស​ចិន​បន្តិច។

ពេល​ត្រូវ​បាន​គេ​សួរ​ថា​ ហេតុអ្វី​បាន​ជា​លោក​មក​ប្រទេស​កម្ពុជា លោក​និយាយ​ថា៖ «នេះ​ជា​បទពិសោធន៍​កម្រ​មួយ! ខ្ញុំ​មិន​ដែរ​បាន​ចេញ​ពី​ប្រទេស​ចិន​នោះ​ទេ ហើយ​ក៏​មិន​ដែរ​បាន​ជិះ​យន្តហោះ​ពី​មុន​ដែរ ហើយ​ខ្ញុំ​ចង់​មាន​បទពិសោធន៍​ជិះ​យន្តហោះ»។

ការ​មក​ដល់​របស់​កម្មករ​ចិន​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្ដល់​សេវា​គ្រប់​បែប​យ៉ាង​ រាប់​ចាប់​ពី​សេវា​ភោជនីយដ្ឋាន ដល់​សេវា​ម៉ាស្សា​ជាដើម។​ នេះ​គ្រាន់តែ​រាប់​ត្រួសៗ​ប៉ុណ្ណោះ។ សេវា​ទាំង​នេះ​ត្រូវ​បាន​ផ្ដល់​ដោយ​ជនជាតិ និង​សម្រាប់​ភ្ញៀវ​ចិន។ ការណ៍​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុង​ស្រុក ​ខឹងសម្បា និង​ត្អូញត្អែរ ដោយសារ​តែ​ពួកគេ​មិន​អាច​រកស៊ី​បាន។

ពេល​ដែល​ការ​ចំណាយ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ ក្នុង​ខេត្ត​ព្រះសីហនុ​ កាន់​តែ​ថ្លៃ​ទៅៗ និង​មាន​ជនជាតិ​ចិន​ច្រើន​នៅ​ទី​នេះ អ្នក​ខ្លះ​ចាប់​ផ្ដើម​សម្រុកទៅ​ក្រុង​ប៉ោយប៉ែត​ ដែល​ជា​ក្រុង​ជាប់​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ។ ប៉ោយប៉ែត​ គឺ​ជា​ក្រុង​ដែល​ពេញ​និយម​ជាង​គេ​ទី​២ សម្រាប់​ការ​លេង​ល្បែង​ស៊ីសង បន្ទាប់​ពី​ក្រុង​ព្រះសីហនុ។​

មិន​មាន​តួលេខ​ផ្លូវការ​ពី​ចំនួន​ជនជាតិ​ចិន​នៅ​ក្រុង​ប៉ោយប៉ែត​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ការ​ប៉ាន់ស្មាន​មួយ​បាន​ឲ្យ​ដឹង​ថា មាន​ជនជាតិ​ចិន​ប្រមាណ​ ១០.០០០ ​នាក់​ក្នុង​ក្រុង​ប៉ោយប៉ែត មិន​ថា​ជា​អ្នក​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​សំណង់ ឬ​ល្បែង​ស៊ីសង​ ឬ​ផ្ដល់​សេវា​នានា​ដល់​ជនជាតិ​ចិន​ទាំងនេះ​ទេ។ អាជីវកម្ម​ភាគច្រើន​ប្រមូល​ផ្ដុំ​នៅ​លើ​ផ្លូវ​មួយ​ឆ្ងាយ​ពី​ផ្លូវ​ធំ។ ពលរដ្ឋ​ក្នុង​ស្រុក​ហៅ​ផ្លូវ​នោះ​ថា ផ្លូវ​ចិន។

លោក Zhou ដែល​បាន​ចាកចេញ​ពី​ក្រុង​ព្រះសីហនុ​ មក​ក្រុង​ប៉ោយប៉ែត​ក្នុង​ពេល​ថ្មីៗ​ គ្រប់គ្រង​កន្លែង​មួយ​ដែល​ធ្វើ​ជា​កន្លែង​ប្ដូរ​ប្រាក់​ផង និង​ជា​កន្លែង​ផ្ដល់​ព័ត៌មាន​ផង​នៅ​លើ​ផ្លូវ​ចិន​នេះ។ លោក​ក៏​បើក​ភោជនីយដ្ឋាន​មួយ​នៅ​ខាង​ក្រោយ​កន្លែង​ដែល​លោក​ជួល​គេ​នេះ​ដែរ។ អតិថិជន​ស្ទើរ​តែ​ទាំង​អស់​របស់​លោក​ ជា​ជនជាតិ​ចិន ដែល​ធ្វើ​ការ​លើ​គម្រោង​សាងសង់​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត។

លោក​គិត​ថា ការណ៍​ដែល​ជនជាតិ​ចិន​ជាច្រើន​មក​ប្រទេស​កម្ពុជា ​គឺ​ដោយសារ​តែ​គោល​នយោបាយ​របស់​កម្ពុជា។

លោក​បាន​និយាយ​ថា៖ «នៅ​ទីនេះ ប្រទេស​កម្ពុជា​ចាប់​ផ្ដើម​មាន​គោលនយោបាយ​បើក​ចំហ។ យើង​ដែល​ជា​ជនជាតិ​ចិន​ ត្រូវ​បាន​ស្វាគមន៍​ឲ្យ​ធ្វើ​ការ​វិនិយោគ​នៅ​ទីនេះ។ យើង​ឃើញ​ជនជាតិ​ចិន​ជាច្រើន​មក​ទីនេះ​រួច​ហើយ ដូច្នេះ​យើង​ក៏​មក​ទីនេះ​ដែរ​ដើម្បី​រក​ប្រាក់»។
នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ការិយាល័យ​របស់​លោក Zhou មាន​ភោជនីយដ្ឋាន​មួយ​ទៀត​ដែល​លក់​មាន់​បំពង។ អ្នក​រត់​តុ​វ័យ​កណ្ដាល និង​មាន​រូបរាង​ស្គមស្គាំង​ម្នាក់​អង្គុយ​នៅ​ពី​មុខ​ភោជនីយដ្ឋាន​នោះ។ លោក​និយាយ​ថា លោក​មក​ពី​តំបន់​ភ្នំ​ក្នុង​ខេត្ត Fujian។

លោក​បាន​និយាយ​ដោយ​រាង​ខ្លាចរអាថា៖ «យើង​មក​ទីនេះ​ ដើម្បី​រក​ប្រាក់»។

អ្នក​ធ្វើ​ការ​ជាមួយ​លោក​និយាយ​ថា​ ប្រាក់​ខែ​របស់​ពួកគេ​លើស​ប្រាក់​ខែ​ដែល​ពួកគេ​អាច​រក​បាន​នៅ​ក្នុង​ប្រទេស​ចិន​ ចំនួន​១​ភាគ​៣។

លោក Zhang ដែល​ទើប​តែ​បើក​រង្គសាល​មួយក្នុង​ក្រុង​ព្រះសីហនុ​ ក៏​គិត​ថា ការ​រក​ប្រាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​មាន​ភាព​ងាយស្រួល​ជាង​នៅ​ប្រទេស​ចិន។

លោក​និយាយ​ថា៖ «មិន​សូវ​មាន​ការ​ប្រកួតប្រជែង​ទេ​នៅ​ទីនេះ។ ឱកាស​ចំណេញ​មាន​ខ្ពស់​ជាង​នៅ​ក្នុង​ប្រទេស​ចិន​បន្តិច»។

ចាប់​តាំង​ពី​លោក​បាន​មក​ក្រុង​ព្រះសីហនុ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន អ្នក​គ្រប់គ្រង​ភោជនីយដ្ឋាន​មក​ពី​ខេត្ត Fujian រូប​នេះ ​ឥឡូវ​ក្លាយ​ជា​ម្ចាស់​ភោជនីយដ្ឋាន​ចិន​មួយ និង​ហាង​លក់​សម្ភារៈ​សំណង់​មួយ​ដែរ។ ភរិយា​របស់​លោក​ជួយ​លោក​ក្នុង​ការ​ប្រកប​អាជីវកម្ម​នៅ​ទីនេះ ខណៈ​ដែល​កូន​របស់​ពួកគេ​ស្ថិត​នៅ​ប្រទេស​ចិន​ជាមួយ​នឹង​ជីដូនជីតា​របស់​គេ។

លោក Zhang និយាយ​ថា លោក​បាន​សម្រេច​ចិត្ត​មក​រកស៊ី​នៅ​ទីនេះ បន្ទាប់​ពី​ជាប់ចិត្ត​ជាមួយ​នឹង​ប្រទេស​កម្ពុជា។

លោក​និយាយ​ថា៖ «ខ្ញុំ​មក​ទីនេះ​ជា​អ្នក​ទេសចរណ៍។ ខ្ញុំមាន​អារម្មណ៍​មិន​ល្អ​ចំពោះ​កន្លែង​នេះទេ ​ពេល​ខ្ញុំ​ចុះ​ពី​យន្តហោះ​ភ្លាម។ ប៉ុន្តែ​បន្ទាប់​ពី​ឃើញ​ឆ្នេរ​សមុទ្រ និង​ដឹង​ពី​ប្រទេស​នេះ​កាន់​តែ​ច្រើន ខ្ញុំ​ចង់​ស្នាក់​នៅ និង​សាកល្បង​រកស៊ី​នៅ​ទី​នេះ»។

ទិដ្ឋភាពនៃសំណង់អគារខុនដូដ៏ធំមួយនៅតំបន់កោះពេជ្រ ទីក្រុងភ្នំពេញ​ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។

ទូកដឹកអ្នកទេសចរបរកាត់សំណង់អគារខ្ពស់ៗនៅតំបន់កោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩។

ចិននិងវិស័យអចលនទ្រព្យ​នៅ​កម្ពុជា

សម្រាប់​ជនជាតិ​ចិន​ជាច្រើន អាជីវកម្ម​ដែល​អាច​រក​ប្រាក់​បាន​ច្រើន​និង​មាន​ភាព​ទាក់ទាញ​បំផុត​ គឺ​អាជីវកម្ម​អចលនទ្រព្យ​ដែល​កំពុង​តែ​វិវត្ត​ទៅ​មុខ​របស់​កម្ពុជា។ នេះ​គឺជា​វិស័យ​មួយ​ដែល​អាច​រក​ប្រាក់​បាន​ច្រើន និង​ទាមទារ​ឲ្យ​មាន​ការ​វិនិយោគ​ដោយ​មាន​ដើមទុន​ច្រើន។ ដូច្នេះ អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​នៅ​កម្ពុជា​ភាគច្រើន​ គឺ​ជា​ក្រុមហ៊ុន​ធំៗ សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ និង​បុគ្គល​ដែល​មាន​ប្រាក់​ច្រើន។​

ក្រុមហ៊ុន New Landmark ជា​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​មួយ​ដែល​មាន​ទីស្នាក់ការ​កណ្ដាល​នៅក្រុង Wuhan ខេត្ត Hubei។ ក្រុមហ៊ុន​នេះ​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​សំណង់​ចិន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ ​ដើម្បី​សាងសង់​អគារ​ស្នាក់នៅ[ជា​បន្ទប់ៗ] និង​សណ្ឋាគារ​ នៅ​ក្នុង​ក្រុង​ព្រះសីហនុ។

មក​ដល់​ពេល​នេះ ពួកគេ​សាងសង់​អគារ​ស្នាក់នៅដែល​មាន​ ៣.៦០០​ខ្នង​ និង​មាន​បន្ទប់​សណ្ឋាគារ​ជាង ​៤០០ ​បន្ទប់​នៅទីក្រុង ហើយ​រហូត​មក​ដល់​ពេល​នេះ ក្រុម​ហ៊ុន​នេះ​បាន​លក់​អគារ​ស្នាក់នៅ​បាន​ជាង​ ៤០០​ ខ្នង​ហើយ​ក្នុង​រយៈពេល​ ៤​ខែ ​ចុងក្រោយ​នេះ។ ​អ្នក​ទិញ​ភាគច្រើន ​គឺជា​ជនជាតិ​ចិន។ នេះ​បើ​យោង​តាម​លោក Fei Lu ដែល​ជា​នាយក​គម្រោង​ក្រុមហ៊ុន​នេះ។

លោក​បាន​និយាយ​ថា ឱកាស​ចំណេញ​ពី​ការ​វិនិយោគ ​គឺ​ជា​ការ​ពិចារណា​ដ៏​សំខាន់​មួយ​សម្រាប់​ក្រុមហ៊ុន​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យក្នុង​ប្រទេស​កម្ពុជា។

លោក​បាន​និយាយ​ថា៖ «នៅក្រុង​ព្រះសីហនុ ដូច​មនុស្ស​ជាច្រើន​បាន​លើក​ឡើង​អ៊ីចឹង វា​ស្រដៀង​ទៅ​នឹង​ក្រុង Shenzhen ក្នុង​ទសវត្សរ៍​១៩៨០ និង​១៩៩០ ដែរ។ ដោយសារ​តែ​ជោគជ័យ​របស់​ក្រុង Shenzhen មនុស្ស​ជាច្រើន​ដែល​មាន​គំនិត​ធ្វើ​អាជីវកម្ម ឬ​មាន​ប្រាក់ ​ចង់​វិនិយោគ​នៅ​ទី​នេះ»។

លោក Lu បាន​បន្ថែម​ថា៖ «ក្នុង​ដែន​ដី​ដែល​ពោរពេញដោយ​សក្ដានុពល​នៅ​គ្រប់​វិស័យ​នេះ ឱកាស​មាន​កាន់​តែ​ធំ»។

រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ញឹកញាប់​ រង​ការ​រិះគន់​ចំពោះ​ងាក​ទៅ​គ្រប់គ្រង​តាម​បែប​ឯកបក្ស និង​ប្រកាន់​យក​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​តាម​ចិន​ដោយ​ចំហ។ ទោះ​ជា​យ៉ាង​ណា​ក្តី សម្រាប់​ជនជាតិ​ចិន​ភាគច្រើន លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន​ សែន ដែល​កាន់​អំណាច​យូរ​ឆ្នាំ​ និង​ទំនាក់ទំនង​ជិតស្និទ្ធ​របស់​លោក​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ គឺ​ជា​មូលហេតុ​សំខាន់​មួយ​ក្នុង​ចំណោម​មូលហេតុ​ផ្សេង​ទៀត​ដែល​ពួកគេ​មក​វិនិយោគ​នៅ​កម្ពុជា។

លោក Lu និយាយ​ថា៖ «ប្រទេស​កម្ពុជា​មាន​ទំនាក់ទំនង​ដ៏​ល្អ​ជាមួយ​នឹង​ប្រទេស​ចិន។ កត្តា​ដូចជា​ឥរិយាបថ​របស់​កម្ពុជា​ចំពោះ​ប្រទេស​ចិន ទំនាក់ទំនង​ផ្នែក​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​ទាំង​ពីរ និង​គោលនយោបាយ​បើក​ចំហ​របស់​កម្ពុជា ​បាន​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​ចិន​គ្រប់​ប្រភេទ​មក​ទីនេះ ដែល​វា​ស្រដៀង​នឹង​សម័យ​ដែល​មនុស្សម្នា​នាំ​គ្នា​សម្រុក​រុករក​មាស​អ៊ីចឹង​ដែរ»។

លោក Yang ដែល​ជា​ម្ចាស់​សណ្ឋាគារ​ផ្កាយ​៥ ​នៅ​ក្រុង Ezhou​ ខេត្ត Hubei មាន​គម្រោង​វិនិយោគកន្លែង​លំហែ​កាយ​តារា​សាគរ ដែល​នឹង​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Union Development Group ដែល​ជា​ក្រុមហ៊ុន​ចិន​មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុង Tianjin។

លោក Yang បាន​និយាយ​ថា៖ «ខ្ញុំ​មាន​មិត្តភ័ក្ដិ​ម្នាក់​ដែល​វិនិយោគក្នុង​គម្រោង​នេះ។ គាត់​ប្រាប់​ខ្ញុំ​ថា ​កន្លែង​នេះ​ល្អ​ណាស់ សក្ដិសម​សម្រាប់​ទេសចរណ៍ ការ​លំហែ​កាយ និង​ផ្ទះ​ស្នាក់នៅ​ពេល​ចូល​និវត្តន៍។ ដូច្នេះ​យើង​មក​ពិនិត្យមើល​ទីនេះ»។

លោក​បន្ថែម​ថា៖ «នេះ​ជា​លើក​ទី១ដែល​ខ្ញុំ​មក​ទីនេះ។ ខ្ញុំ​មាន​អារម្មណ៍​ថា កន្លែង​នេះ​ល្អ​ណាស់។ បរិស្ថាន​ក៏​ល្អ​ដែរ»។

លោក Lin ដែល​ជា​បុគ្គលិក​ចូលនិវត្តន៍​របស់​ក្រុមហ៊ុន​សំណង់​មួយ​នៅក្រុង Xiamen ខេត្ត Fujian បាន​សម្រេច​ចិត្ត​វិនិយោគ​ទឹក​ប្រាក់​ជិត​ ១០០លាន​យ័ន [ស្មើ​ជាង​១៤​លាន​ដុល្លារ​អាមេរិក] ​ដើម្បី​សាងសង់​សណ្ឋាគារ​កម្ពស់​ ១៤​ជាន់ ​ក្បែរ​ឆ្នេរ​អូរ​ឈើ​ទាល បន្ទាប់​ពី​បាន​មក​ទីនេះ​ប៉ុន្មាន​ដង។ លោក​កំពុង​រង់ចាំ​លិខិត​អនុញ្ញាត​ពី​រដ្ឋាភិបាល​ដើម្បី​សាងសង់​អគារ​របស់​លោក។​

លោក Lin និយាយ​នៅ​ពេល​កំពុង​ដើរ​នៅ​លើ​ឆ្នេរ​ថា៖ «ខ្ញុំ​ពី​ដំបូង​មក​ទីនេះ តាម​ការ​ណែនាំ​របស់​មិត្តភ័ក្ដិ​ម្នាក់។ គាត់​និយាយ​ថា ក្នុង​គម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​របស់​ចិន យើង​នឹង​មក​ដល់​ប្រទេស​កម្ពុជា​មុន​គេ»។

លោក Lin និយាយ​ថា ​ដើម្បី​មកប្រទេស​កម្ពុជា​បាន ជនជាតិ​ចិន​ត្រូវ​ការ​តែ​ទិដ្ឋាការ​ឆ្លងកាត់​ប៉ុណ្ណោះ។ លោក​ថា នេះ​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​បន្ថែម​ទៀត។

ប៉ុន្តែ​ លោក​ហាក់​ដូចជា​មាន​ការ​ព្រួយបារម្ភ​បន្តិចបន្តួច​ពី​ការ​វិនិយោគ​របស់​លោក។ លោក​បាន​កត់សម្គាល់​ថា នៅ​ក្រុងព្រះសីហនុ​ ភាគច្រើន​គឺជនជាតិ​ចិន​ដែល​សង់​អគារ​ស្នាក់នៅ​សម្រាប់​ជនជាតិ​ចិន​ដូច​គ្នា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ Li Keqiang នាយករដ្ឋមន្ត្រីចិន នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ពុជា-ចិន នៅវិមានរដ្ឋាភិបាលចិន ក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩។

​ទំនាក់​ទំនង​ល្អ ឱកាស​ល្អ

ក្រុមហ៊ុន Prince Real Estate (Cambodia) Group ដែល​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ចិន​ដែល​មិន​សូវ​ល្បី​ឈ្មោះ​មួយ​ បាន​ក្លាយ​ជា​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ធំ​បំផុត​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំៗ​ផ្សេង​ទៀត​ក្នុង​រយៈពេល​តែ​៤ឆ្នាំ​ប៉ុណ្ណោះ ហើយ​ក្រុមហ៊ុន​នេះ​បាន​អះអាងថា​ ខ្លួន«​ជា​អ្នក​នាំ​មុខ​ផ្នែក​អចលនទ្រព្យ​នៅ​កណ្ដាល​ទីក្រុង»។

នៅ​កន្លែង​តាំង​បង្ហាញ​អគារ​ការិយាល័យ​របស់​ខ្លួន​ នៅ​កោះ​ពេជ្រ ​ក្នុង​រាជធានី​ភ្នំពេញ អ្នក​ទិញ​មួយ​ក្រុម​មក​ពី​ក្រុង​សៀងហៃ​ ទើប​តែ​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ទិញ​អាគារ​ស្នាក់នៅ​ជា​បន្ទប់ៗ។

កិច្ចសន្យា​របស់​អ្នកស្រី Qin បង្ហាញ​ថា អ្នកស្រី​យល់ព្រម​ទិញ​បន្ទប់​មួយ​ក្នុង​តម្លៃ​ ១១៣.៥០០ ដុល្លារ​ ក្នុង​អគារ Prince International Plaza ដែល​មាន​ទីតាំង​នៅ​តាម​មហាវិថី​សហព័ន្ធ​រុស្ស៊ី។ បើ​គិត​ជា​ម៉ែត្រ​ការ៉េ វា​មាន​តម្លៃ​២.២៧០ ដុល្លារ ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ដែល​តម្លៃ​នេះ​ថោក​ខ្លាំង​ណាស់ ​បើ​ប្រៀបធៀប​ទៅ​នឹង​អចលនទ្រព្យ​នៅ​ក្រុង​សៀងហៃ។

នេះ​ហើយ​ជា​មូលហេតុ​ដែល​អ្នកស្រី​មាន​គម្រោង​ទិញ​ ១០​បន្ទប់​បន្ថែម​ទៀត ពេល​អ្នកស្រី​មក​ប្រទេស​កម្ពុជា​លើក​នេះ។ បន្ទប់​ទាំង​អស់​ដែល​អ្នក​ស្រី​ទិញ​ គឺ​សម្រាប់​ការ​វិនិយោគ។

អ្នក​ទិញ​ម្នាក់​ទៀត​គឺ​អ្នកស្រី Cao យល់​ព្រម​បង់​ប្រាក់​ជិត​ ១៦៥.០០០ ​ដុល្លារ​សម្រាប់​បន្ទប់​ ដែល​មាន​ទំហំ​ ៩៣ ​ម៉ែត្រ​ការ៉េ​ក្នុង​អគារ​ដូច​គ្នា​នេះ។ អ្នក​ទាំង​ពីរ​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ខ្លះ ហើយ​បាន​បង់​ប្រាក់កក់​ចំនួន​ ២.០០០ ដុល្លារ​ សម្រាប់​ថ្លៃ​ទិញ​បន្ទប់​នីមួយៗ។

ពួកគេ​មក​ទីនេះ​ ដោយ​សារ​បុរស​ម្នាក់​ដែល​ធ្វើ​ជា​ភ្នាក់ងារ​អចលនទ្រព្យ​របស់​ពួកគេ។ ភ្នាក់ងារ​នោះ​និយាយ​ថា លោក​បាន​ខាតបង់​ប្រាក់​រាប់​លាន​យ័ន ​[ស្មើ​រាប់​សែន​ដុល្លារ] នៅ​ក្រុង​សៀងហៃ ហើយ​ភរិយា​របស់​លោក​បាន​លែងលះ​ជាមួយ​លោក។ មួយ​ឆ្នាំ​ក្រោយ​មក លោក​បាន​មក​ប្រទេស​កម្ពុជា​តាមរយៈ​មិត្តភ័ក្ដិ​របស់​លោក ហើយ​បាន​ចាប់​ផ្ដើម​អ្វី​ដែល​លោក​ហៅ​ថា«ជីវិត​ទី២»របស់​លោក។

ភ្នាក់ងារ​រូប​នេះ​បាន​និយាយ​ថា៖ «ខ្ញុំ​លក់បាន៥​ឬ​៦​បន្ទប់​ ​ដែល​មាន​តម្លៃ​១០​លាន​យ័ន [ស្មើ​១​លាន​៤​សែន​ដុល្លារ ] ជា​រៀងរាល់​ថ្ងៃ​យ៉ាង​ស្រួល»។

លោក​និយាយ​ថា លោក​លក់​បន្ទប់​បាន​រាប់​រយ​ក្នុង​១ឆ្នាំ ហើយ​អ្នក​ទិញ​ទាំង​អស់​សុទ្ធ​តែ​ជា​ជនជាតិ​ចិន។

ចំពោះ​មូលហេតុ​ដែល​ជនជាតិ​ចិន​ជាច្រើន​ចង់​មក​វិនិយោគ​ផ្នែក​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា ភ្នាក់ងារ​រូប​នេះ​ពន្យល់​ថា៖ «ដោយសារ​តែ​នេះ​ជា​ឱកាស​ល្អ​មួយ ហើយ​ប្រទេស​ចិន​ទទួល​បាន​ប្រយោជន៍​ពី​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​ប្រទេស​កម្ពុជា។ សូម្បី​តែ​ក្រុមហ៊ុន​របស់​រដ្ឋ​ក្នុង​ប្រទេស​ចិន​ក៏​មក​ទីនេះ​ដែរ»។

ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​ក្នុង​ការិយាល័យ​របស់​ក្រុមហ៊ុន Prince Group លោក Yu ដែល​មក​ពី​ខេត្ត Hubei និយាយ​ថា លោក​បាន​លក់​បានជិត​ ១០០បន្ទប់ ​ក្នុងប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

លោក​គិត​ថា មនុស្ស​ជាច្រើន​ចង់​ទិញ​បន្ទប់​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយសារ​តែ​វា​ពិបាក​ធ្វើ​អាជីវកម្ម​នៅប្រទេស​ចិន ហើយ​ពួកគេ​ជឿ​ថា មាន​ឱកាស​ច្រើន​ក្នុង​ការ​រក​ប្រាក់​នៅទីនេះ ដោយសារ​តែ​ការ​ពង្រីក​ក្រុង​ដែល​រីក​លូតលាស់​ខ្លាំង។

លោក​និយាយ​ថា៖ «ជនជាតិ​ចិន​កំពុង​មក​ប្រទេស​ក្រីក្រ ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ដើម្បី​ទិញ​អចលនទ្រព្យ​នៅ​ចំណុច​កណ្ដាល​នៃ​ប្រទេស។ ពេល​ប្រទេស​នោះ​បើក​ចំហ និង​ធ្វើ​សមាហរណកម្ម​ជាមួយ​នឹង​សកលភាវូបនីយកម្ម នឹង​មាន​ការ​ពង្រីក​ក្រុង​ជា​មិន​ខាន។ បន្ទាប់​មក ចំណុច​កណ្ដាល​នៃ​ក្រុង​នឹង​ក្លាយ​ជា​កន្លែង​រក​ប្រាក់​បាន​ច្រើន ដូច្នេះ​អគារ​បន្ទប់​ស្នាក់នៅ​ទាំង​អស់​នៅ​កណ្ដាល​ទីក្រុង ​នឹង​មាន​តម្លៃ​ខ្ពស់»។

ភ្នាក់ងារ​រូប​នេះ​បន្ថែម​ថា មាន​ហេតុផល​ផ្សេងៗ​ទៀត​ដែល​ជនជាតិ​ចិន​មក​វិនិយោគ​នៅ​កម្ពុជា។

លោក​និយាយ​ថា៖ «ប្រទេស​កម្ពុជា​ចាយ​ប្រាក់​ដុល្លារ។ ប្រទេស​នេះ​មិន​បារម្ភ​ថា​ សហរដ្ឋអាមេរិក​នឹង​បោះពុម្ព​ប្រាក់​ដុល្លារ​បន្ថែម​ និង​មិន​បារម្ភ​ពី​គោលនយោបាយ​ពង្រីក​ហិរញ្ញវត្ថុ​របស់​ធនាគារ​កណ្ដាល​របស់​ចិន​នោះ​ទេ»។

ពេល​ត្រូវ​សួរ​ថា​ តើជនជាតិ​ចិន​ទាំង​នោះ​អាច​វេរ​ប្រាក់​ដោយ​គេច​ផុត​ពី​វិធាន​ដ៏​តឹងរ៉ឹង​នៃ​ការ​គ្រប់គ្រង​លំហូរ​សាច់ប្រាក់​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដោយ​របៀប​ណា លោក Yu និយាយ​ថា ពួកគេ​មាន​មធ្យោបាយ​គ្រប់​បែប​យ៉ាង ​រួម​មាន​ទាំង​ការ​វេរ​ប្រាក់​តាម​ធនាគារ​ដោយ​សម្ងាត់ និង BitCoin ប៉ុន្តែ​លោក​បាន​បដិសេធ​ពន្យល់​បន្ថែម។

មនុស្ស​ជាច្រើន​សង្ស័យ​ថា ជនជាតិ​ចិន​មួយ​ចំនួន​រួម​ទាំង​អ្នក​បើក​កាស៊ីណូ​ផង​ដែរ កំពុង​កេង​ចំណេញ​ពី​ច្បាប់​ប្រឆាំង​ការ​លាង​លុយ​កខ្វក់​ដ៏​ធូរ​រលុង​របស់​កម្ពុជា ដើម្បី​លាង​លុយ​កខ្វក់​របស់​ខ្លួន។

លោក ថុន រដ្ឋា មក​ពី​អង្គការ​មាតា​ធម្មជាតិ​ និយាយ​ថា៖ «អ្វី​ដែល​យើង​បាន​ឮ​ពី​ម្នាក់​ទៅ​ម្នាក់​គឺ​ថា ពួកគេ​មក​ទីនេះ​ដើម្បី​លាយ​លុយ​កខ្វក់។ នេះ​ជា​មូលហេតុ​ដែល​ពួកគេ​មាន​ប្រាក់​ទិញ​ដី ជាមួយ​នឹង​សាច់ប្រាក់​ជាច្រើន និង​ជួល​កន្លែង​នោះ​វិញ​ក្នុង​តម្លៃ​ខ្ពស់​មួយ»។

លោក Yuជឿ​ថា មាន​កំណើន​ខ្លាំង​ក្នុង​វិស័យ​អចលនទ្រព្យ​ក្នុង​ខេត្ត​ព្រះសីហនុ ដោយសារ​តែ​ការ​ផ្គត់ផ្គង់​មាន​ចំនួន​ច្រើន​ហួស​ ប៉ុន្តែ​លោក​ច្បាស់​ថា សម្រាប់​ហេតុផល​នយោបាយ រដ្ឋាភិបាល​ចិន​នឹង​មិន​អនុញ្ញាត​ឲ្យ​បញ្ហា​នេះ​ផ្ទុះ​ក្នុង​ពេល​ឆាប់ៗ​នោះ​ទេ។

លោក Zhang ដែល​ជា​ម្ចាស់​រង្គសាល​មួយ និង​បាន​ទិញ​បន្ទប់​ស្នាក់នៅ​មួយ​នៅ​ក្រុង​ព្រះសីហនុ មិន​បារម្ភ​ពី​បញ្ហា​អចលនទ្រព្យ​នេះ​ទេ។

លោក Zhang បាន​និយាយ​ថា៖ «ឥឡូវ​នេះ​ ខ្ញុំ​មិន​គិត​ថា មាន​បញ្ហា​នោះ​ទេ ប៉ុន្តែ​ប្រសិន​បើ​គេ​សង់​អគារ​ជា​បន្ទប់ៗ​កាន់​តែ​ច្រើន​ទៅៗ​នា​ពេល​អនាគត វា​ពិបាក​នឹង​និយាយ​ណាស់»។

លោក​បន្ថែម​ថា៖ «វា​អាច​ដែរ​ដែល​ថា​ជនជាតិ​ចិន​កាន់​តែ​ច្រើន​ទៅៗ នឹង​មក​ទីនេះ»។

អ្វី​ដែល​លោក​ច្បាស់​គឺ​ថា មិន​មែន​ជនជាតិ​ចិន​គ្រប់​គ្នា​ដែល​មក​វិនិយោគ​នៅ​ទីនេះ​ទទួល​បាន​ជោគជ័យ​នោះ​ទេ។ ក្នុង​ចំណោម​មិត្តភ័ក្ដិ​របស់​លោក​ដែល​ធ្វើ​អាជីវកម្ម ពួកគេ​ពាក់​កណ្ដាល​បាន​ខាតបង់​ប្រាក់។

លោក Zhang​ បាន​និយាយ​ថា៖ «មនុស្ស​មួយ​ចំនួន​កំពុង​ខាត​ប្រាក់ ប្រហែល​ដោយសារ​តែ​ពួកគេ​មក​វិនិយោគ​នៅ​ទីនេះ​លឿន​ពេក ដោយ​មិន​បាន​សិក្សា​ពី​ទីផ្សារ​ច្បាស់លាស់។ ថ្លៃ​ជួល​នៅ​ទីនេះ​អាច​ថ្លៃ​ជាង ឬ​ប្រហាក់ប្រហែល​នឹង​តម្លៃ​នៅ​ក្រុង​ធំៗ​និង​ក្រុង​លំដាប់​លេខ​១​ក្នុង​ប្រទេស​ចិន ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​មិន​បាន​យក​ចិត្ត​ទុកដាក់​ឱ្យ​ម៉ត់ចត់​ទេ គឺ​ពួកគេ​គ្រាន់​តែ​ជួល​កន្លែង​ទាំង​នេះ​ដែល​មាន​ថ្លៃ​ជួល​ខ្ពស់​ទាំង​ងងឹត​ងងុល​ដើម្បី​ធ្វើ​អាជីវកម្ម ហើយ​ក្រោយ​មក​ក៏​ខាត​បង់​ប្រាក់​របស់​ពួកគេ»។

ភោជនីយដ្ឋាន និង​កន្លែង​ផ្ដល់​ព័ត៌មាន​របស់​លោក Zhou​ នៅ​ក្រុង​ប៉ោយប៉ែត​ទើប​តែ​បើក​ថ្មីៗ​នេះ។ លោក​មិន​ដឹង​ថា ​តើ​អាជីវកម្ម​របស់​លោក​នឹង​រក​បាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ទូទាត់ថ្លៃ​ជួល​ប្រចាំ​ខែ​ចំនួន​ ១០.០០០ដុល្លារ ​ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​នឹង​ព្យាយាម​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព។

លោក​និយាយ​ថា៖ «នៅ​ស្រុក​កំណើត​របស់​យើង​គឺ​ខេត្ត Fujian យើង​មាន​ពាក្យ​ស្លោក​មួយ​ថា«លះបង់​ខ្លួន​យើង នោះ​យើង​នឹង​ទទួល​បាន​ជោគជ័យ» ប្រសិន​បើ​យើង​មិន​ហ៊ាន​សាកល្បងទេ តើ​យើង​ដឹង​យ៉ាង​ម៉េច​បាន ​ថា​តើ​យើង​នឹង​អាច​រក​ប្រាក់​បាន​ឬ​អត់?»៕