ប្រធានាធិបតីអាមេរិកលោក Joe Biden រក្សាជំហរដូចអតីតប្រធានាធិបតីមុនលោកដែរ ដោយជាញឹកញាប់ បានបញ្ជូននាវាចម្បាំងអាមេរិកទៅកាន់តំបន់អាស៊ី ដែលអ្នកវិភាគមួយចំនួនជឿថា ជាវិធីមួយក្នុងការឈរជើងក្នុងតំបន់សមុទ្រដែលមានជម្លោះ និងជាការព្រមានជាប្រចាំទៅលើរដ្ឋាភិបាលក្រុងប៉េកាំង ដែលមានកងកម្លាំងនាវាជើងទឹកដ៏ខ្លាំងបំផុតក្នុងតំបន់នោះ។
នាវាពិឃាដអាមេរិកដែលបំពាក់ដោយមីស៊ីលបញ្ជា USS John S. McCain បានធ្វើដំណើរទៅជិតទីប្រជុំកោះ Paracel កាលពីថ្ងៃទី៥ ខែកុម្ភៈកន្លងទៅនេះ ដែលជាតំបន់ប្រជុំកោះមួយក្នុងសមុទ្រចិនខាងត្បូង ដែលគ្រប់គ្រងដោយប្រទេសចិន ប៉ុន្តែក៏ត្រូវបានកោះតៃវ៉ាន់ និងប្រទេសវៀតណាមទាមទារថា ជាកម្មសិទ្ធិរបស់ពួកគេដែរ។ ប្រទេសព្រុយណេ ម៉ាឡេស៊ី និងហ្វីលីពីន បានទាមទារកាន់កាប់តំបន់មួយចំនួនផ្សេងទៀតក្នុងសមុទ្រចិនខាងត្បូង ដែលមានទំហំប្រមាណ៣លាន ៥សែន គីឡូម៉ែត្រការ៉េ ដែលលាតសន្ធឹងពីក្រុងហុងក្រុងដល់តំបន់កោះ Borneo។
មិនដល់បីសប្តាហ៍ក្រោយមក នាវាពិឃាដរបស់កងទ័ពជើងទឹកអាមេរិកមួយគ្រឿងទៀត បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលផ្នែកខ្លះ កំពុងត្រូវបានប្រទេសចិននិងកោះតៃវ៉ាន់ ទាមទារត្រួតគ្នា។ កងទ័ពជើងទឹកអាមេរិក ហៅការបើកឆ្លងកាត់នេះថា «ជាការតាំងចិត្តចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលបើកចំហរនិងសេរី» ដែលស្ថិតនៅជាប់តំបន់សមុទ្រចិនខាងត្បូង។ នាវាចម្បាំងអាមេរិកមួយគ្រឿងផ្សេងទៀត ក៏បានធ្វើដំណើរឆ្លងកាត់តំបន់នេះផងដែរ កាលពីថ្ងៃទី១១ មីនា កន្លងទៅនេះ។
រដ្ឋបាលរបស់លោកប្រធានាធិបតី Biden ទទួលមរតកនយោបាយភាគច្រើន ដែលបន្សល់ទុកដោយអតីតប្រធានាធិបតីអាមេរិកលោក Donald Trump ពាក់ព័ន្ធនឹងបញ្ហាក្នុងតំបន់សមុទ្រចិនខាងត្បូង ហើយរដ្ឋបាលអាមេរិកថ្មី មកទល់នឹងពេលនេះ មិនបានបង្ហាញពីបំណងផ្លាស់ប្តូរគោលនយោបាយក្នុងពេលកន្លងមកនោះទេ។ នេះបើតាមការផ្សាយរបស់គេហទំព័រ China Dailynews ដែលគ្រប់គ្រងដោយរដ្ឋចិន កាលពីថ្ងៃទី១៨ ខែមីនា កន្លងទៅ។
រដ្ឋបាលរបស់លោកអតីតប្រធានាធិបតី Donald Trump បានបញ្ជូននាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក ទៅកាន់តំបន់សមុទ្រចិនខាងត្បូងចំនួន១០ដង ក្នុងឆ្នាំ២០១៩ និង១០ដងទៀត កាលពីឆ្នាំ២០២០។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យនៃទីបញ្ជាការដ្ឋានរបស់កងកម្លាំងអាមេរិកប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក សម្រាប់របាយការណ៍នេះ។ រដ្ឋបាលរបស់លោកត្រាំ បានអនុញ្ញាតឲ្យមានការចល័តនាវាចម្បាំងអាមេរិកចំនួន៥ដង ក្នុងឆ្នាំ២០១៧ និង៥ដងទៀត ក្នុងឆ្នាំ២០១៨។ មន្ត្រីអាមេរិក បានហៅការចល័តនាវាចម្បាំងអាមេរិកទាំងនោះ ថាជា «សេរីភាពនៃប្រតិបត្តិការនាវាចរណ៍» ឬហៅកាត់ថា FONOPs នោះ។
រដ្ឋបាលអាមេរិកមុនលោកត្រាំ តែងសុំការយល់ព្រមពីសេតវិមាននិងទីភ្នាក់ងារផ្សេងៗទៀត មុននឹងបញ្ជូននាវាចម្បាំងទៅកាន់តំបន់សមុទ្រចិនខាងត្បូង ដែលបានធ្វើឲ្យការបើកបរមួយលើកៗ របស់នាវាទាំងនោះក្លាយទៅជារឿងនយោបាយ នេះបើតាមការបញ្ជាក់របស់លោក Alexander Vuving សាស្ត្រាចារ្យនៃមជ្ឈមណ្ឌលអាស៊ីប៉ាស៊ីហ្វិក Daniel K. Inouye សម្រាប់ការសិក្សាបញ្ហាសន្តិសុខក្នុងរដ្ឋហាវ៉ៃ។ ប្រទេសចិនតែងតែប្រឆាំងតវ៉ាចំពោះរាល់ការធ្វើដំណើរមកកាន់តំបន់សមុទ្រចិនខាងត្បូងរបស់នាវាចម្បាំងអាមេរិក ហើយតែងតែឆ្លើយតបវិញជាមួយនឹងការបើកបរនាវាចម្បាំងរបស់ខ្លួននៅក្នុងតំបន់សមុទ្រនោះដែរ។
លោក Alexander Vuving លើកឡើងថា៖ «ខ្ញុំគិតថា ការដែលរដ្ឋបាលលោក Biden បញ្ជូននាវាចម្បាំងអាមេរិកជាញឹកញាប់ទៅកាន់តំបន់សមុទ្រចិនខាងត្បូងនោះ បានបង្ហាញឲ្យឃើញនូវដំណើរការសិក្សាមួយ ដែលសហរដ្ឋអាមេរិកបានធ្វើក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។ មេរៀនទីមួយនោះ គឺកុំខ្វាយខ្វល់អំពីការបញ្ជូននាវាចម្បាំងនោះ។ កុំធ្វើឲ្យរឿងហ្នឹងក្លាយទៅជារឿងនយោបាយ ប៉ុន្តែធ្វើវាឲ្យទៅជារឿងធម្មតាវិញ»។
លោក Vuving បន្ថែមថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ជាទូទៅ ចង់បង្កើនវត្តមានរបស់ខ្លួនក្នុងតំបន់សមុទ្រចិនខាងត្បូង ហើយថា ប្រតិបត្តិការនាវាកងទ័ពជើងទឹករបស់ខ្លួនដោយទៀងទាត់នោះ អាចជួយសម្រេចគោលបំណងនេះ។
រដ្ឋាភិបាលក្រុងប៉េកាំងនិយាយថា តំបន់សមុទ្រចិនខាងត្បូងប្រមាណ៩០% ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ដោយបានលើកឡើងនូវកំណត់ហេតុប្រើប្រាស់ជាប្រវត្តិសាស្រ្ត ក្នុងការការពារកាអះអាងរបស់ខ្លួន។ ប្រទេសដែលទាមទារកម្មសិទ្ធិតំបន់សមុទ្រនេះ ចង់បានសិទ្ធិនេសាទត្រី ការរុករកប្រេងឥន្ទនៈក្នុងបាតសមុទ្រ និងផ្លូវដឹកជញ្ជូនតាមផ្លូវទឹក។
សហរដ្ឋអាមេរិក ដែលជាអតីតគូសត្រូវរបស់ចិនក្នុងសម័យសង្គ្រាមត្រជាក់ និងជាមហាអំណាចប្រជែងជាមួយចិនក្នុងសម័យទំនើបនេះ មិនបានទាមទារកាន់កាប់ផ្នែកណាមួយក្នុងតំបន់សមុទ្រចិនខាងត្បួងទេ។ សហរដ្ឋអាមេរិក បានចូលខ្លួនពាក់ព័ន្ធក្នុងរឿងនេះ ស្របពេលដែលរដ្ឋាភិបាលក្រុងប៉េកាំង បានដឹកនាំកម្លាំងយោធាក្នុងតំបន់ដែនសមុទ្រដែលមានជម្លោះ ដែលជាការគំរាមកំហែង ដល់បណ្តាប្រទេសដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដូចជាកោះតៃវ៉ាន់ និងប្រទេសហ្វីលីពីនជាដើម។ ប្រទេសចិន បានធ្វើឲ្យប្រទេសមួយចំនួនមានការភ្ញាក់ផ្អើល ដោយមុនឆ្នាំ២០១៧ ចិនបានចាក់ដីពង្រីកកូនកោះមួយចំនួន ដើម្បីសង់ហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួននៅទីនោះ។
«FONOPs នឹងក្លាយជាយន្តការផ្លូវការមួយ ដើម្បីឲ្យសហរដ្ឋអាមេរិកអាចនិយាយថា ការធ្វើនាវាចរណ៍នេះ គ្រាន់តែជាវិធានការណ៍ធម្មតាមួយក្នុងតំបន់សមុទ្រនេះតែប៉ុណ្ណោះ»។ នេះបើតាមការលើកឡើងរបស់លោក Eduardo Araral សាស្រ្តាចារ្យ មហាវិទ្យាល័យគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យជាតិសិង្ហបុរី។
នាវាចម្បាំងអាមេរិកដែលត្រូវបានបញ្ជូនទៅតំបន់សមុទ្រសម្រាប់ប្រតិបត្តិការ FONOPs ពុំបានចូលចតក្នុងកំពង់ផែណាមួយ ឬតវ៉ាចំពោះសកម្មភាពរបស់ចិនក្នុងសមុទ្រនោះទេ។
រដ្ឋាភិបាលក្រុងប៉េកាំង កំពុងរក្សាជំហរ «ចាំមើល» ចំពោះគោលនយោបាយរបស់អាមេរិកស្តីពីតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមសម្តីរបស់លោក Huang Chung-ting អ្នកស្រាវជ្រាវនៃវិទ្យាស្ថានការពារជាតិនិងសន្តិសុខក្នុងទីក្រុងតៃប៉ិ។ លោកលើកឡើងថា ប្រទេសចិនចង់ដឹងថាតើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធមិត្តរបស់ខ្លួន នឹងប្រកាន់យកគំនិតខ្វែងគ្នាបែបណា ក្នុងការដោះស្រាយបញ្ហាជម្លោះដែនសមុទ្រនោះ។
«ក្នុងកាលៈទេសៈនេះ ប្រទេសចិនពិតជាកំពុងរង់ចាំមើល ហើយខ្លួននឹងព្យាយាមរកចំណុចមិនស្របគ្នាក្នុងគោលនយោបាយចិនរវាងជាមួយសហរដ្ឋអាមេរិក និងដៃគូឬសម្ព័ន្ធមិត្តរបស់ខ្លួន ដែលនឹងអនុញ្ញាតឲ្យចិនរកឃើញការបែកបាក់គ្នាមួយ។
ប្រទេសបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស ក៏ដូចជាប្រទេសមួយចំនួនផ្សេងៗទៀតផងដែរ បានបញ្ជូននាវារបស់ខ្លួនទៅកាន់សមុទ្រចិនខាងត្បូងរួចហើយនៅក្នុងឆ្នាំនេះ ឬក៏មានផែនការនឹងបញ្ជូន។ អ្នកវិភាគមួយចំនួនលើកឡើងថា ប្រទេសទាំងនេះ កំពុងប្រឆាំងនឹងសកម្មភាពរបស់ចិនក្នុងការពង្រីកដែនសមុទ្រនោះ។
ក្រុមមន្ត្រីចិននិយាយថា កម្មវិធីប្រតិបត្តិការនាវាចរណ៍ដោយសេរីរបស់អាមេរិក បានបង្អាក់នូវដំណើរការសន្តិភាពក្នុងតំបន់សមុទ្រ និងបានរំលោភលើច្បាប់អន្តរជាតិផងដែរ។ មុនពេលដែលមន្ត្រីអាមេរិកនិងចិន បានជួបប្រជុំគ្នាកាលពីពាក់កណ្តាលខែមីនា ក្នុងទីក្រុង Anchorage រដ្ឋ Alaska នោះ អ្នកនាំពាក្យក្រសួងការបរទេសចិន និយាយថា ប្រទេសចិន «មិនអាចសម្របសម្រួលបញ្ហាដែលទាក់ទងជាមួយបូរណភាពទឹកដី សន្តិសុខ និងផលប្រយោជន៍ស្នូលរបស់ខ្លួនបានទេ៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ