អង្គការ​សុខភាព​ពិភពលោក​ថា​ការវាយ​តម្លៃ​ជំងឺ​ផ្តាសាយ​បក្សី​ត្រូវ​រារាំង​ដោយ​កង្វះ​ការតាមដាន

រូបឯកសារ៖ បំពង់តេស្តដែលមានស្លាក «ជំងឺ​ផ្តាសាយ​បក្សី» និងក្រដាសទង់ជាតិសហរដ្ឋអាមេរិកមួយត្រូវបានគេឃើញនៅក្នុងរូបភាពថតនៅ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។

អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ​សមត្ថភាព​របស់ខ្លួន​ក្នុង​ការវាយតម្លៃ​ និង​គ្រប់គ្រង​ហានិភ័យ​ដែល​បង្កឡើង​ដោយ​ជំងឺ​ផ្តាសាយ​បក្សី​ H5N1 ​នៅ​ជុំវិញ​ពិភពលោក​ត្រូវ​បាន​រារាំង​ដោយ​ការឃ្លាំមើល​មាន​កម្រិត​លើ​ករណី​ជំងឺ​ទាំងសត្វ ​និង​មនុស្ស។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ទីភ្នាក់ងារ​នេះ​នៅ​ទីក្រុង​ហ្សឺណែវ​ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​ ​លោក Tedros Adhanom Ghebreyesus បាន​និយាយ​ថា​ សហរដ្ឋ​អាមេរិក​កាលពី​សប្តាហ៍​មុន​បាន​រាយការណ៍​ថា​មាន​ករណី​មនុស្ស​ទីបួន​បាន​ឆ្លង​បន្ទាប់ពី​ប៉ះពាល់​នឹង​សត្វគោ​យក​ទឹកដោះគោ​ដែល​មាន​មេរោគ។

លោក Tedros ​បាន​និយាយ​ថា ​ប្រទេស​កម្ពុជា​ក៏បាន​រាយការណ៍​ករណី​ឆ្លង​ចំនួន​ពីរ​លើ​កុមារ​ដែល​មាន​ប៉ះពាល់​សត្វ​មាន់​ឈឺ ​ឬ​ងាប់។

លោក​បាន​និយាយ​ថា​ អង្គការ​WHO​ បន្ត​វាយ​តម្លៃ​ហានិភ័យ​នៃ​ជំងឺ​ផ្តាសាយ​បក្សី​ចំពោះ​សាធារណជន​ថា​នៅ​មាន​កម្រិត​ទាប ​ប៉ុន្តែ​បាន​និយាយ​ថា ​វា​ពិបាក​ក្នុង​ការវាយ​តម្លៃ​ត្រឹមត្រូវ​ នៅពេល​ដែល​ការឃ្លាំមើល​មេរោគ​ផ្តាសាយ​បក្សី​នៅក្នុង​សត្វ​មាន​កម្រិត​ដូច្នេះ​នៅ​ទូទាំង​ពិភពលោក៕