អង្គការ​សុខភាព​ពិភពលោក​ថា ខ្លួន​មិន​បាន​ត្រូវ​ចិន​អញ្ជើញ​ឲ្យ​ចូលរួម​ស៊ើប​អង្កេត​មូលហេតុ​បណ្តាល​ឲ្យ​មាន​ការ​រាលដាល​មេរោគ​កូរ៉ូណា

រូបឯកសារ៖ បុគ្គលិក​សុខា​ភិបាល​ម្នាក់​កាន់​សំណាក​ពី​អ្នក​ជំងឺ​កូវីដ១៩ មុន​ពេល​ធ្វើ​តេស្ត​ នៅ​មន្ទីរ​ពេទ្យ​កាកបាទ​ក្រហម នៅ​ទីក្រុង​វូហាន ប្រទេស​ចិន កាល​ពី​ខែ​មីនា។

លោក​វេជ្ជបណ្ឌិត ​Gauden Galea តំណាង​របស់​អង្គសុខភាព​ពិភពលោក​នៅ​ក្នុង​ទីក្រុង​ប៉េកាំង បាន​និយាយ​ថា លោក​រំពឹង​ថា ​ចិន​ នឹង​ពិភាក្សា​លម្អិត​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​ក្នុង​«ពេល​អនាគត​ឆាប់ៗ​នេះ»។

វេជ្ជបណ្ឌិត Galea ​បាន​និយាយ​ថា៖ «យើង​ដឹង​ថា ការ​ស៊ើប​អង្កេត​ជាតិ​ កំពុង​កើត​មាន​ឡើង​ ក៏ប៉ុន្តែ ​នៅ​ដំណាក់​កាល​នេះ យើង​មិន​បាន​ត្រូវ​គេ​អញ្ជើញ​ឲ្យ​ចូល​រួម​ទេ។ យើង​ រំពឹង​ថា នឹង​បាន​ចូល​រួម​ការ​ស៊ើប​អង្កេត​នេះ​នៅ​ពេល​ខាង​មុខ»។

ជំងឺ​កូវីដ១៩ ដែល​មាន​ប្រភព​ពីទីក្រុង​វូហាន​នៃ​ប្រទេស​ចិន​ បាន​ផ្តាច់​ជីវិត​មនុស្ស​ជាង​២សែន​៣​ម៉ឺន​នាក់​នៅ​ទូទាំង​ពិភព​លោក។ នេះ​បើ​តាម​ទិន្ន័យ​ដែល​បាន​ប្រមូល​ចង​ក្រង​ដោយ​សាកលវិទ្យាល័យ Johns Hopkins របស់​សហរដ្ឋ​អាមេរិក​ ហើយ​ការ​ឆ្លង​មេរោគ​នោះ​ទូទាំង​សាកល​លោក បាន​ឡើង​ដល់​៣លាន​២សែន​ករណី។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បាន​រង​ការ​រិះ​គន់​ចំពោះ​ការ​ខ្វះ​តម្លាភាព​នៅ​ក្នុង​ការ​ចាត់​វិធានការ​នៃ​ការ​រាល​ដាល​នៃ​មេរោគ​កូរ៉ូណា ដោយសហ​រដ្ឋអាមេរិក​ កំពុង​ស៊ើប​អង្កេត​ថា​តើវីរុស​នោះ ​អាច​ចេញ​មក​ពី​មន្ទីរ​ពិសោធន៍​ជីវៈសាស្រ្ត​វូហាន​ ដែរ​ឬ​ទេ។​

ការ​ឆ្លង​សរុប​ផ្លូវការណ៍​នៅ​ក្នុង​ទីក្រុង​វូហាន​ បាន​ត្រូវ​ចោទ​ជា​សំណួរ​ចាប់​តាំង​ពី​ដំបូង​មក​ ដោយ​រដ្ឋា​ភិបាល​ចិន​បាន​ផ្លាស់​ប្តូរ​របៀប​នៃ​ការ​រាប់​ករណី​ឆ្លង​នៅ​ពេល​ដែល​ការផ្ទុះ​ឡើង​នៃ​មេរោគ​នោះ​ឡើង​ខ្លាំង។

ក្នុង​ខណៈ​នោះ​ដែរ ចិន​បាន​ច្រាន​ចោល​លទ្ធភាព​ដែល​ថា​ ការរាល​ដាល​នៃ​មេរោគ​កូរ៉ូណា​មាន​ប្រភព​ចេញ​ពី​មន្ទីរពិសោធន៍​នោះ​ ហើយ​វា​មិន​មែន​ជា​ការ​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស​នៅ​ក្នុង​ក្រុងវូហាន ដូច​ដែល​ត្រូវ​បាន​គេ​ជឿ​ជាទូ​ទៅ​នោះ​ទេ។

ថ្វីបើ​ប្រភព​នៃ​ជំងឺ​កូវីដ១៩​ មិន​ត្រូវ​បាន​គេ​កំណត់​នៅ​ឡើយ​ក៏​ដោយ​ ពួក​អ្នក​វិទ្យាសាស្រ្ត​ខ្លះ​សង្ស័យ​ថា វីរុស​នោះ​ បាន​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស​នៅ​ឯផ្សារ​មួយ​កន្លែង​ក្នុង​ទីក្រុង​វូហាន នៃ​ប្រទេស​ចិន៕