កាលពីថ្ងៃទី ២៥ ខែកញ្ញា សេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិកបានបញ្ចេញនូវសេចក្ដីសង្ខេបនៃកិច្ចសន្ទនានេះ ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីបញ្ជាក់ថាលោក Trump គ្មានទោស។ លោក Trump ត្រូវបានគណបក្សប្រជាធិបតេយ្យព្យាយាមចោទប្រកាន់ជាសាធារណៈដើម្បីទម្លាក់ពីតំណែង ពាក់ព័ន្ធនឹងពាក្យបណ្ដឹងរបស់អ្នកលួចបញ្ចេញព័ត៌មានម្នាក់ដែលថា លោក Trump បានជំរុញឲ្យលោក Zelensky ស៊ើបអង្កេតលើលោក Joe Biden ដែលជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ និងជាអតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក ទាក់ទិននឹងការងារប្រាក់បៀវត្សរ៍ខ្ពស់ដែលកូនប្រុសរបស់លោក Biden ឈ្មោះ Hunter Biden បានធ្វើជាមួយនឹងក្រុមហ៊ុនប្រេងមួយរបស់ប្រទេសអ៊ុយក្រែន។
បន្ទាប់ពីបានអានសេចក្ដីសង្ខេបនៃការសន្ទនានេះមក លោក Kostiantyn Yelisieiev អតីតឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំសហភាពអឺរ៉ុប បានបង្ហោះសារនៅលើ Twitter ថា ពាក្យសម្ដីរបស់លោក Zelensky គឺជាឧទាហរណ៍បង្ហាញអំពីឃ្លាដែលមានលក្ខណៈនយោបាយ និងមានលក្ខណៈលុតក្រាបមួយ ដែលអាច «ធ្វើឲ្យប៉ះពាល់ដល់ការប្រឹងប្រែងជាច្រើនឆ្នាំដើម្បីកសាងទំនុកចិត្តផ្ទាល់ខ្លួន និងភាពជាដៃគូជាមួយនឹងរដ្ឋាភិបាលអាល្លឺម៉ង់ រដ្ឋាភិបាលបារាំង និងសហភាពអឺរ៉ុប»។
លោក Yelisieiev លើកឡើងដូច្នេះចង់សំដៅលើការឆ្លើយតបរបស់លោក Zelensky ចំពោះមតិរបស់លោក Trump ដែលបានរិះគន់អធិការបតីអាល្លឺម៉ង់អ្នកស្រី Angela Merkel និងបណ្ដាមេដឹកនាំដទៃទៀតនៃសហភាពអឺរ៉ុបថាមិនបានផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុឲ្យបានគ្រប់គ្រាន់ដល់ប្រទេសអ៊ុយក្រែន សម្រាប់ការវាយប្រយុទ្ធរបស់អ៊ុយក្រែនជាមួយនឹងពួកផ្ដាច់ខ្លួនដែលគាំទ្រដោយប្រទេសរុស្ស៊ី។
នៅក្នុងការឆ្លើយតបជាមួយនឹងលោក Trump នោះ លោក Zelensky បានយល់ព្រមដោយនិយាយដូច្នេះថា៖ «បាទ! លោកពិតជានិយាយត្រូវណាស់ គឺមិនមែនត្រូវត្រឹមតែមួយរយភាគរយនោះទេ គឺរហូតដល់មួយពាន់ភាគរយឯណោះ»។
លោក Zelensky បានបន្ថែមក្នុងសម្ដីដើមថា៖ «ខ្ញុំបានជួប និងនិយាយជាមួយនឹងអ្នកស្រី Angela Merkel។ ខ្ញុំក៏បានជួប និងនិយាយជាមួយនឹងប្រធានាធិបតីបារាំងលោក Emmanuel Macron ផងដែរ។ ខ្ញុំបានប្រាប់ពួកគេថា ពួកគេមិនបានធ្វើការឲ្យបានគ្រប់គ្រាន់អំពីការដាក់ទណ្ឌកម្ម។ ពួកគេមិនបានដាក់ទណ្ឌកម្មអ្វីនោះទេ។ ពួកគេមិនបានធ្វើអ្វីដែលពួកគេគួរធ្វើសម្រាប់ប្រទេសអ៊ុយក្រែននោះឡើយ»។
លោក Yelisieiev ដែលធ្វើជាអ្នកតំណាងប្រទេសអ៊ុយក្រែនប្រចាំសហភាពអឺរ៉ុបនៅក្នុងទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៥ មុនពេលធ្វើជាទីប្រឹក្សាការទូតរបស់អតីតប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko បានសរសេរសារយ៉ាងដូច្នេះថា៖ «រដ្ឋាភិបាលអាល្លឺម៉ង់ ជាពិសេសគឺអ្នកស្រី Merkel ផ្ទាល់ រួមជាមួយនឹងរដ្ឋាភិបាលបារាំង បានដើរតួនាទីសំខាន់មួយនៅក្នុងការទ្រទ្រង់សេដ្ឋកិច្ចសហភាពអឺរ៉ុបដ៏មានឥទ្ធិពល និងនៅក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី»។
លោក Yelisieiev បានសរសេរបន្តថា ការចរចាសន្តិភាពដែលជិតនឹងកើតឡើងរបស់ក្រុមទំនាក់ទំនង Normandy ដែលមានប្រទេសអ៊ុយក្រែន បារាំង អាល្លឺម៉ង់ និងរុស្ស៊ីជាសមាជិក ដើម្បីបញ្ចប់សង្គ្រាមរបស់អ៊ុយក្រែនជាមួយនឹងរុស្ស៊ី នឹងក្លាយជា «ព្រឹត្តិការណ៍នៃការពិត និងការសាកល្បងសម្រាប់ការរួមគ្នាជាធ្លុងមួយ និងសាមគ្គីភាពរបស់សហភាពអឺរ៉ុបជាមួយនឹងប្រទេសអ៊ុយក្រែន»។
អ្នកវិទ្យាសាស្ត្រនយោបាយអង់គ្លេសលោក James Sherr ដែលនៅពេលបច្ចុប្បន្ននេះធ្វើការនៅវិទ្យាស្ថានគោលនយោបាយអន្តរជាតិអេស្តូនី (Estonian Institute for International Policy) បានហៅការលើកឡើងរបស់លោក Zelensky សំដៅដល់សមភាគីអាល្លឺម៉ង់ និងបារាំងរបស់លោកនេះថាជា«ការធ្វើឲ្យខូចប្រយោជន៍» និង «ជាពិសេសមិនយុត្តិធម៌សម្រាប់ប្រទេសអាល្លឺម៉ង់»។
ចំណុចតឹងតែង
អ្នកតាមដានស្ថានការណ៍មួយចំនួន និយាយថា មន្ត្រីកំពូលៗនៅក្នុងប្រទេសអាល្លឺម៉ង់ ប៊ែលហ្ស៊ិក និងបារាំង ប្រហែលជាយល់អំពីស្ថានភាពលំបាកមិនធម្មតាដែលលោក Zelensky បានប្រឈមនៅក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយនឹងលោក Trump កាលពីថ្ងៃទី ២៥ ខែកក្កដា។
បើយោងតាមសេចក្ដីសង្ខេបនៃការសន្ទនានេះ នៅពេលដែលលោក Zelensky បង្ហាញចំណាប់អារម្មណ៍នៅក្នុងការទិញមីស៊ីលបាញ់រថក្រោះ Javelin ពីសហរដ្ឋអាមេរិក ដោយប្រើថវិកាដែលបានមកពីកញ្ចប់ជំនួយយោធាប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក លោក Trump បាននិយាយថា៖ «ខ្ញុំចង់ឲ្យលោកជួយយើងរឿងមួយ»។ លោក Trump និយាយដូច្នេះ មុនពេលស្នើលោក Zelensky ឲ្យស៊ើបអង្កេតអំពីថាតើអតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden មានបានបិទការស៊ើបអង្កេតអំពីក្រុមហ៊ុនអ៊ុយក្រែនមួយដែលកូនប្រុសរបស់លោក Biden បានធ្វើការឲ្យនោះឬទេ។
លោក Trump មិនបានភ្ជាប់ការស៊ើបអង្កេតអំពីលោក Biden ជាមួយនឹងកញ្ចប់ជំនួយរបស់សហរដ្ឋអាមេរិកនោះទេ។ ប៉ុន្តែ លោកបានបញ្ជាឲ្យផ្អាកជំនួយបណ្ដោះអាសន្នមួយសប្ដាហ៍មុនពេលមានការសន្ទនាតាមទូរស័ព្ទនេះ។ នេះបើយោងតាមទំព័រទី ៩ នៃពាក្យបណ្ដឹងរបស់អ្នកលួចបញ្ចេញព័ត៌មានកាលពីថ្ងៃទី ២៦ ខែកញ្ញា ដែលមិនត្រូវបានចាត់ទុកថាមានលក្ខណៈសម្ងាត់តទៅទៀត។
អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ុយក្រែនលោក John Herbst ថ្លែងដូច្នេះថា៖ «លោកប្រធានាធិបតី Zelensky ត្រូវបានបង្ខំឲ្យស្ថិតនៅក្នុងស្ថានការណ៍ដ៏លំបាកបំផុតមួយ។ វាហាក់ដូចជា ភាគីមួយឬក៏បុគ្គលម្នាក់អាចទទួលបានប្រយោជន៍ នៅពេលដែលលោក Zelensky ស៊ើបអង្កេតលើបុគ្គលនយោបាយម្នាក់ទៀត។ នេះទំនងជារឿងមួយដែលប្រធានាធិបតីសហរដ្ឋអាមេរិកជំរុញឲ្យធ្វើ ដើម្បីធ្វើឲ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែនមានភាពប្រសើរឡើង និងដើម្បីផ្ដល់ជំនួយឲ្យ»។
លោក Herbst បានបន្ថែមថា៖ «សម្រាប់ជ្រុងមួយផ្សេងទៀត ប្រសិនបើលោក Zelensky ធ្វើទៅតាមនោះ នោះលោកប្រាកដជាមានបញ្ហាជាមួយនឹងគណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក។ ដូច្នេះ វានឹងប្រសើរជាងនេះ ប្រសិនបើការប្រជែងគ្នាដែលប្រកាន់បក្ខពួកនៅក្នុងសហរដ្ឋអាមេរិកធ្វើឡើងដោយគ្មានការពាក់ព័ន្ធជាមួយនឹងប្រទេសអ៊ុយក្រែន។ គេមិនបានស្នើឲ្យអ៊ុយក្រែនដើរតួនៅក្នុងរឿងនេះទេ»។
លោក Stephen Pifer ដែលជាអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ុយក្រែនម្នាក់ទៀត បាននិយាយថា លោក Zelensky រងសម្ពាធឲ្យ «ការពារប្រទេសអ៊ុយក្រែនមិនឲ្យក្លាយជាបាល់ទាត់នយោបាយនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០ ដោយហេតុថាវាអាចប៉ះពាល់ដល់ការគាំទ្ររបស់គណបក្សទាំងពីរនៅក្នុងសហរដ្ឋអាមេរិកដល់ប្រទេសអ៊ុយក្រែន»។
លោកបានប្រាប់ VOA ភាសារុស្ស៊ី ដោយសំដៅលើការជួបប្រជុំរបស់លោក Trump ជាមួយនឹងលោក Zelensky នៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីពេលថ្មីៗនេះថា៖ «សន្និសីទកាសែតបន្ទាប់ពីការប្រជុំនៅក្នុងទីក្រុង New York គឺគួរឲ្យចាប់អារម្មណ៍។ សម្រាប់ខ្ញុំ វាហាក់ដូចជាលោកប្រធានាធិបតី Zelensky ប្រហែលជាដឹងអំពីរឿងនេះ ដោយសារតែលោកធ្វើបានត្រឹមត្រូវបំផុត និងរក្សាគោលជំហរបានអព្យាក្រឹត្យបំផុត ពាក់ព័ន្ធនឹងករណីថាតើលោកគួរតែប្រឡូក ឬក៏ត្រូវបានគេទាញឲ្យធ្លាក់ចូលជ្រៅប៉ុណ្ណានៅក្នុងនយោបាយរបស់សហរដ្ឋអាមេរិក។ ខ្ញុំគិតថា លោក Zelensky ត្រូវតែរក្សាគោលជំហរដូចនេះរហូត បើមិនដូច្នេះទេ លោកនឹងបាត់បង់ការគាំទ្រនយោបាយជាទូទៅនៅក្នុងសហរដ្ឋអាមេរិក ចំពោះប្រទេសអ៊ុយក្រែន»។
ការឆ្លើយតបរបស់អឺរ៉ុប
ជាការឆ្លើយតបទៅនឹងការចោទប្រកាន់របស់លោក Trump ដែលថា ប្រទេសជាសមាជិករបស់សហភាពអឺរ៉ុបមិនបានផ្ដល់ជំនួយផ្នែកយោធា និងជំនួយហិរញ្ញវត្ថុផ្សេងទៀតឲ្យបានគ្រប់គ្រាន់ដល់ប្រទេសអ៊ុយក្រែន អ្នកតំណាងនានារបស់សហភាពអឺរ៉ុបបានលើកឡើងអំពីតួលេខផ្លូវការដែលកត់ត្រាអំពីការរួមចំណែករបស់ពួកគេ។
នៅក្នុងការលើកឡើងចំពោះគេហទំព័រ Politifact របស់វិទ្យាស្ថាន Poynter អ្នកនាំពាក្យសហភាពអឺរ៉ុបអ្នកស្រី Maja Kocijancic បានហៅការផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបសម្រាប់ប្រទេសអ៊ុយក្រែនថាជា «ការផ្គត់ផ្គង់ដ៏ច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃសហភាពអឺរ៉ុប» ដោយក្នុងនោះមានជំនួយជាង ២ ពាន់ មួយរយលានដុល្លារ ថវិកាជិត ៥៤ លានដុល្លារសម្រាប់ការតាមដានលើការផ្អាកសង្គ្រាមនៅតំបន់ភាគខាងកើតដែលញាំញីដោយសារសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន និងកម្ចីចំនួនប្រហែល ៣ ពាន់ ៨ រយលានដុល្លារ ដើម្បីអភិវឌ្ឍ និងស្ដារឡើងវិញនូវវិស័យធនាគារ កសិកម្ម និងការធ្វើដំណើររបស់ប្រទេសអ៊ុយក្រែន។
យោងតាមតួលេខរបស់អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ OECD គេឃើញថា តាំងពីឆ្នាំ ២០១៤ មក ប្រទេសអាល្លឺម៉ង់គឺជាប្រទេសផ្ដល់ជំនួយធំជាងគេបំផុតទី ៣ ទៅឲ្យប្រទេសអ៊ុយក្រែន បន្ទាប់ពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។
ក្រសួងការបរទេសអាល្លឺម៉ង់បានបញ្ជាក់ថា រដ្ឋាភិបាលក្រុងប៊ែរឡាំងបានផ្ដល់ជំនួយហិរញ្ញវត្ថុទ្វេភាគីប្រហែល ១ ពាន់ ៣ រយលានដុល្លារដល់ប្រទេសអ៊ុយក្រែន ដោយក្នុងនោះជំនួយចំនួន ៥៩៥ លានដុល្លារសម្រាប់ការអភិវឌ្ឍ ចំនួន ១២០ លានដុល្លារសម្រាប់ផ្នែកមនុស្សធម៌ ចំនួន ៥៤៦ លានដុល្លារដុល្លារសម្រាប់កម្ចី និងប្រហែល ២៧ លានដុល្លារសម្រាប់ការត្រួតពិនិត្យលើការផ្អាកសង្គ្រាមបណ្ដោះអាសន្ន។
ក្រសួងការបរទេសអាល្លឺម៉ង់ក៏បានផ្ដល់ជំនួយចំនួន ២១៨ លានដុល្លារថែមទៀតផងដែរដល់ប្រទេសអ៊ុយក្រែនតាមរយៈកញ្ចប់ជំនួយរបស់សហភាពអឺរ៉ុប។
សហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួនបានផ្ដល់ជំនួយផ្នែកសន្តិសុខចំនួន ១ ពាន់ ៥ រយលានដុល្លារ ដល់ប្រទេសអ៊ុយក្រែនតាំងពីឆ្នាំ ២០១៤ មក នៅពេលដែលរុស្ស៊ីបានភ្ជាប់យកតំបន់ Crimea នៃប្រទេសអ៊ុយក្រែន។ តាំងពីលោក Trump បានឡើងកាន់តំណែងជាប្រធានាធិបតីមក ជំនួយនេះបានកើនឡើង ដែលក្នុងនោះមានទាំងគ្រឿងសព្វាវុធដូចជាគ្រាប់មីស៊ីល Javelin ជាដើម។
ទីភ្នាក់ងារព័ត៌មាន Associated Press បានផ្សាយថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានត្រៀមជំនួយចំនួន ១៤១ លានដុល្លារ ដែលក្នុងនោះប្រហែល ១១៥ លានដុល្លារសម្រាប់ផ្គត់ផ្គង់ដល់ប្រព័ន្ធ និងឧបករណ៍ដែលមាននៅក្នុងកញ្ចប់ជំនួយរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក រួមនឹងថវិកាចំនួន ១០ លានដុល្លារសម្រាប់ផ្គត់ផ្គង់ឧបករណ៍ និងការបណ្ដុះបណ្ដាលផ្នែកសន្តិសុខដែនសមុទ្រ និងថវិកាចំនួន ១៦ លាន ៥ សែនដុល្លារសម្រាប់សន្តិសុខដែនសមុទ្រនៅក្នុងសមុទ្រខ្មៅ៕
ប្រែសម្រួលដោយ ភី សុភាដា