ក្ដីកង្វល់​អំពី​ប្រសិទ្ធភាព​វ៉ាក់សាំង​កូវីដ១៩ Sinovac នៅតែ​មាន ខណៈ​តំបន់​អាស៊ីអាគ្នេយ៍​ប្រឹង​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩

រូបឯកសារ៖ ដប​វ៉ាក់សាំង Sinovac នៅ​មន្ទីរពេទ្យ​មួយ​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ពេល​ដែល​ប្រទេស​នេះ ចាប់ផ្តើម​ការចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។

វីរុស​ជំងឺ​កូវីដ១៩ បំប្លែងថ្មី​ដែលតា (Delta) ដែល​ងាយ​នឹង​ឆ្លង​ខ្លាំង​បំផុត កំពុងតែ​រាតត្បាត​យ៉ាង​លឿន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ស្របពេល​ដែល​មាន​ការ​ព្រួយបារម្ភ​កើនឡើង​ទាក់ទិន​នឹង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​កូវីដ១៩ ដែល​ផលិត​ដោយ​ក្រុមហ៊ុន Sinovac Biotech របស់​ប្រទេស​ចិន ដែល​ត្រូវ​បាន​ប្រើ​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​នេះ។

ចម្ងល់​ពាក់ព័ន្ធ​នឹង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ចិន​នេះ​បាន​ជំរុញ​រដ្ឋាភិបាល​នៅ​ប្រទេស​មួយ​ចំនួន​ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ប្រទេស​ថៃ​ផងដែរ ឲ្យ​ពិចារណា​ចាក់​វ៉ាក់សាំង​កូវីដ១៩ បន្ថែម​ដល់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន Sinovac រួច​ហើយ ប៉ុន្តែ​លើក​នេះ​គឺ​ប្រើ​វ៉ាក់សាំង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ផ្សេង​ដូចជា​ក្រុមហ៊ុន AstraZeneca ជាដើម។

វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន Sinovac គឺ​ជា​វ៉ាក់សាំង​មួយ​ក្នុង​ចំណោម​វ៉ាក់សាំង​ចំនួន ៧ ដែល​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​អនុញ្ញាត​ឲ្យ​ប្រើ​ក្នុង​គ្រា​បន្ទាន់។ ការ​សិក្សា​ស្រាវជ្រាវ​នានា​អំពី​អត្រា​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ទាំង​នេះ​នៅ​កំពុង​បន្ត​ធ្វើ ប៉ុន្តែ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinovac នេះ ហាក់​ដូចជា​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ តិច​ជាង​វ៉ាក់សាំង​ផ្សេង​ទៀត។

នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ភាគច្រើន​នៃ​វ៉ាក់សាំង​ដែល​ត្រូវ​បាន​ចាក់​ជូន​ពលរដ្ឋ​កន្លង​មក គឺ​ជា​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinovac ដែល​មាន​ចំនួន​ស្មើ​នឹង​ជិត ៩០%។

ក្ដី​បារម្ភ​ផ្សេងៗ​អំពី​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinovac នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ឥណ្ឌូណេស៊ី​មួយ​ចំនួន​មាន​ការ​ស្ទាក់ស្ទើរ​នៅ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​នេះ។ ពលរដ្ឋ​មួយ​ភាគ​បី​នៅ​ក្នុង​ទីក្រុង​ហ្សាការតា​បាន​និយាយ​ថា ពួកគេ​នៅ​មិនទាន់​សម្រេច​ចិត្ត​ថាតើ​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​នេះ​ឬ​ក៏​យ៉ាង​ណា​នោះ​ឡើយ។ នេះ​បើ​យោង​តាម​ការ​ស្ទង់មតិ​មួយ​កាលពី​ពេល​ថ្មីៗ​នេះ។

នាង Ismayanti អាយុ ២៥ ឆ្នាំ មក​ពី​ទីក្រុង​ហ្សាការតា បាន​ប្រាប់ VOA ថា នាង​ចង់​ចាក់​វ៉ាក់សាំង​កូវីដ១៩ ប៉ុន្តែ​មិនមែន​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinovac នោះ​ទេ។

នាង Ismayanti បាន​ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​មាន​មន្ទិល​សង្ស័យ​តាំងពី​ដំបូង​ម្ល៉េះ ដោយសារតែ [អង្គការ​សុខភាព​ពិភពលោក (WHO)] មិន​បាន​គាំទ្រ​ឬ​ទទួលស្គាល់​ភ្លាមៗ​ថា វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinovac នេះ មាន​ប្រសិទ្ធភាព។ ខ្ញុំ​នៅតែ​មិន​ចង់​ចាក់​វ៉ាក់សាំង​នេះ។ លើស​ពី​នេះ​ទៀត មាន​គ្រូពេទ្យ​ជា​ច្រើន​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ទោះបីជា​ពួកគេ​បាន​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinovac នេះ ពេញលេញ​រួច​ហើយ​ក៏ដោយ»។

សមាគម​វេជ្ជសាស្រ្ត​ឥណ្ឌូណេស៊ី​បាន​បញ្ជាក់​កាលពី​ខែ​មុន​ថា យ៉ាង​ហោច​ណាស់​មាន​វេជ្ជបណ្ឌិត ១០ នាក់ ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​បាន​ចំនួន​ពីរ​ដូស​រួច​ហើយ បាន​ស្លាប់។

លោក Wahyu Jaya អាយុ ៣០ ឆ្នាំ ដែល​ជា​បុគ្គល​ធ្វើការ​ម្នាក់​នៅ​ទីក្រុង​ហ្សាការតា បាន​ប្រាប់ VOAថា៖ «ប្រសិនបើ​វ៉ាក់សាំង​នោះ​មិន​សូវ​មាន​ប្រសិទ្ធភាព ហេតុអ្វី​បាន​ជា​ខ្ញុំ​ត្រូវ​ចាក់​វា​ចូល​ក្នុង​ខ្លួន​ខ្ញុំ? ហើយ​ដោយសារតែ​ខ្ញុំ​ធ្លាប់​មាន​រោគសញ្ញា​ជំងឺ​កូវីដ១៩ ហើយ​ការ​ធ្វើតេស្ត​ចេញ​មក​វិជ្ជមាន ខ្ញុំ​ចង់​ឲ្យ​ច្បាស់​លើ​រឿង​នេះ។ ខ្ញុំ​ត្រៀម​ខ្លួន​ចាក់​វ៉ាក់សាំង ប៉ុន្តែ​ប្រសិនបើ​ទៅ​រួច មិនមែន​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinovac នោះ​ទេ»។

ឥណ្ឌូណេស៊ី​គឺជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើនជាង​គេ​បង្អស់​ទី ៤ នៅ​លើ​ពិភពលោក ដោយ​មាន​ប្រជាជន​ជាង ២៧៥ លាន​នាក់។ ប្រទេស​នេះ​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ជាង ២.៦៧០.០០០ ករណី និង​ករណី​ស្លាប់​ដោយសារ​ជំងឺ​នេះ​យ៉ាង​តិច ៦៩.២១០ ករណី ហើយ​ប្រទេស​នេះ​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ ដល់​ពលរដ្ឋ​របស់​ខ្លួន​បាន​ជាង ៥២ លាន​នាក់​រួចហើយ។ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​ព័ត៌មាន​វីរុស​ជំងឺ​កូវីដ១៩ របស់​សាកលវិទ្យាល័យ Johns Hopkins។

«មិនមែន​ជា​ពេល​ដែល​ត្រូវ​រើស​តាម​ចិត្ត​នោះ​ទេ»

នាង Septi Diah អាយុ ២៨ ឆ្នាំ ដែល​ជា​បុគ្គលិក​ធ្វើការ​ម្នាក់​នៅ​ទីក្រុង​ហ្សាការតា ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ រួច​ហើយ បាន​និយាយ​ថា នាង​មិន​មាន​មន្ទិល​សង្ស័យ​ចំពោះ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ក្រុមហ៊ុន Sinovac នោះ​ទេ។

នាង Septi បញ្ជាក់​ដូច្នេះ​ថា៖ «ចាប់​តាំងពី​ពេល​ដំបូង​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ មក ខ្ញុំ​ពិតជា​ចង់​ចាក់​វ៉ាក់សាំង ហើយ​មិន​ខ្វល់​ថា​ក្រុមហ៊ុន​ណា​ជា​អ្នក​ផលិត​វ៉ាក់សាំង​នោះ​ឡើយ... ពីព្រោះ​យើង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មិន​ធម្មតា​មួយ។ ដូច្នេះ តាម​គំនិត​ខ្ញុំ ឥឡូវ​នេះ​មិនមែន​ជា​ពេល​ដែល​ត្រូវ​រើស​តាម​ចិត្ត​របស់​ខ្លួន​នោះឡើយ»។

លោក Ray Indra អាយុ ៣៤ ឆ្នាំ ដែល​ជា​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​ហ្សាការតា ក៏​បាន​យល់ស្រប​ចំពោះ​គំនិត​នេះ​ផងដែរ។

លោក Ray និយាយ​ដូច្នេះ​ថា៖ «ជាធម្មតា ខ្ញុំ​មិន​មាន​បញ្ហា​ជាមួយ​នឹង​វ៉ាក់សាំង​ណា​មួយ​នោះ​ទេ ពីព្រោះ​ពីមុន​មក ប្រពន្ធ​ខ្ញុំ​បាន​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ហើយ​មាន​ប្រតិកម្ម​ប៉ះពាល់​បន្ទាប់បន្សំ​មួយ​ចំនួន។ បន្ទាប់​មក ខ្ញុំ​បាន​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinovac តែ​មួយ​ដូស​ប៉ុណ្ណោះ។ ...ទោះបីជា​មាន​មិត្តភក្តិ​ខ្លះ​បាន​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinovac បាន​ពីរ​ដូស​ហើយ​ក៏ដោយ ក៏​ពួកគេ​នៅតែ​ឆ្លង​ជំងឺ​កូវីដ១៩ ដដែល ប៉ុន្តែ​រោគសញ្ញា​របស់​ពួកគេ​មិន​ដូច​អ្នក​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ»។

មុន​ពេល​មាន​ការ​កើនឡើង​កាលពី​ពេល​ថ្មីៗ​នេះ​នូវ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ការ​សិក្សា​ស្រាវជ្រាវ​មួយ​ក្នុង​ចំណោម​បុគ្គលិក​សុខាភិបាល​នៅ​ឥណ្ឌូណេស៊ី​កាល​ពី​ខែ​ឧសភា បាន​បង្ហាញ​ថា វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinovac អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ចេញ​រោគសញ្ញា​ជំងឺ​កូវីដ១៩ បាន​ចំនួន ៩៤% និង​មាន​ប្រសិទ្ធភាព​ចំនួន ៩៦% នៅ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ដែល​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។

ក្រុមហ៊ុន Sinovac និង​ក្រុមហ៊ុន Sinopharm ដែល​ជា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​កូវីដ១៩ មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​ដូច​គ្នា បាន​បញ្ជាក់​ថា ពួកគេ​កំពុង​សិក្សា​អំពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​របស់​ពួកគេ​នៅ​ក្នុង​ការ​ទប់ទល់​នឹង​វីរុស​ជំងឺ​កូវីដ១៩ បំប្លែង​ថ្មី​ដែលតា (Delta) ប៉ុន្តែ​មិនទាន់​ចេញ​ផ្សាយ​នូវ​ទិន្នន័យ​ណា​មួយ​នៅ​ឡើយ​ទេ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន The Wall Street Journal។

ជា​រួម មាន​ទិន្នន័យ​តិចតួច​ប៉ុណ្ណោះ​ដែល​បាន​មកពី​ការ​សិក្សា​ស្រាវជ្រាវ​ហ្មត់ចត់​លើ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinovac នេះ។ ព័ត៌មាន​ដែល​មាន​នោះ​បាន​បង្ហាញ​ថា វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព​ទាប ជាង​វ៉ាក់សាំង​កូវីដ១៩ ដទៃ​ទៀត ទោះបីជា​វា​អាច​ផ្តល់​ឲ្យ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​នេះ​នូវ​ការ​ការពារ​បាន​ច្រើន​គួរសម​ក៏ដោយ។

កាលពី​ខែ​មិថុនា រដ្ឋាភិបាល​អ៊ុយរូហ្កាយ​បាន​ចេញផ្សាយ​ទិន្នន័យ​ដែល​បង្ហាញ​ថា វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinovac បាន​កាត់បន្ថយ​អត្រា​ការ​ឆ្លង​ជំងឺ​កូវីដ១៩ បាន ៦១% ការ​តម្រូវ​ឲ្យ​ស្នាក់នៅ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​បាន ៩២% និង​ការ​ស្លាប់​បាន ៩៥%។

ព្រឹត្តបត្តិ​សិក្សា​ផ្នែក​វេជ្ជសាស្រ្ត The New England Journal of Medicine បាន​ផ្សព្វផ្សាយ​ការ​សិក្សា​ស្រាវជ្រាវ​មួយ​កាលពី​ដើម​ខែ​កក្កដា ដែល​បាន​ប្រើប្រាស់​លទ្ធផល​ពី​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ ដែល​បាន​ចាប់ផ្តើម​កាល​ពី​ខែ​កុម្ភៈ​នៅ​ប្រទេស​ស៊ីលី។

លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​បាន​បង្ហាញ​ថា វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinovac បាន​កាត់បន្ថយ​អត្រា​ការ​ឆ្លង​ជំងឺ​កូវីដ១៩ បាន ៦៥,៩% មាន​ប្រសិទ្ធភាព​កាត់បន្ថយ​ការ​តម្រូវ​ឲ្យ​ស្នាក់នៅ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​បាន ៨៧,៥% និង​មាន​ប្រសិទ្ធភាព​បង្ការ​ការ​ស្លាប់​បាន ៨៦,៣%។

នៅ​ក្នុង​ការ​ប្រៀបធៀប អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បញ្ជាក់​ថា វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន Pfizer មាន​ប្រសិទ្ធភាព ៩៥% ក្នុង​ការ​ការពារ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ មិន​ឲ្យ​ចេញ​រោគសញ្ញា ហើយ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Moderna មាន​ប្រសិទ្ធភាព ៩៤% ក្នុង​ការ​ការពារ​ដូច​គ្នា​នេះ​ដែរ។

ទីភ្នាក់ងារ​សុខភាព​សាធារណៈ​អង់គ្លេស (Public Health England) បាន​លើកឡើង​កាលពី​ខែ​មុន​ថា ការ​វិភាគ​របស់​ខ្លួន​លើ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​កូវីដ១៩ នៅ​ក្នុង​ការ​ទប់ទល់​នឹង​វីរុស​ជំងឺ​កូវីដ១៩ បំប្លែងថ្មី​ដែលតា (Delta) បាន​បង្ហាញ​ថា វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer មាន​ប្រសិទ្ធភាព ៩៦% នៅ​ក្នុង​ការពារ​មិន​ឲ្យ​មាន​ករណី​ឈឺ​ធ្ងន់ធ្ងរ​ដែល​តម្រូវ​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ បើ​ប្រៀប​ជាមួយ​នឹង​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ដែល​មាន​ប្រសិទ្ធភាព​ចំនួន ៩២%។

នៅ​ក្នុង​ប្រទេស​កម្ពុជា ចំនួន​ដូស​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន Sinovac តំណាង​ឲ្យ​មួយ​ភាគ​តូច​ប៉ុណ្ណោះ​នៃ​កិច្ច​ប្រឹងប្រែង​ចាក់​វ៉ាក់សាំង បើ​ប្រៀប​ទៅនឹង​ប្រទេស​ឥណ្ឌូណេស៊ី ប៉ុន្តែ​វា​នៅតែ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដែល​យ៉ាង​ហោចណាស់​ក៏​មាន​ពលរដ្ឋ​ប្រមាណ ៥ លាន​នាក់​ដែរ ដែល​បាន​ចាក់​វ៉ាក់សាំង​នេះ​បាន​មួយ​ដូស​រួច​ហើយ។

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​កម្ពុជា​អ្នកស្រី ឱ វណ្ណឌីន បាន​ថ្លែង​ប្រាប់ VOA ថា វ៉ាក់សាំង​កូវីដ១៩ ដែល​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​នៅ​កម្ពុជា​រួម​មាន វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinovac វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinopharm និង​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca។

អ្នកស្រី​បាន​បញ្ជាក់​ថា វ៉ាក់សាំង​ទាំង​នេះ​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ការ​ការពារ​មិន​ឲ្យ​មាន​ករណី​ឈឺ​ធ្ងន់ធ្ងរ និង​ករណី​ស្លាប់។ ប៉ុន្តែ អ្នកស្រី​បាន​បន្ថែម​ថា អ្នក​ដែល​ចាក់​វ៉ាក់សាំង​បាន​ពេញលេញ​ហើយ​គឺ​នៅតែ​ត្រូវ​គោរព​តាម​វិធានការ​បង្ការ​ជំងឺ​កូវីដ១៩ ដដែល ដូចជា ការ​ពាក់ម៉ាស និង​ការ​រក្សា​គម្លាត​ជាដើម។

លោក ជា ផេងហួរ អាយុ ២១ ឆ្នាំ ដែល​ជា​និស្សិត​ឆ្នាំ​ទី ៣ ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល​នៅ​សាកលវិទ្យាល័យ​ន័រតុន ក្នុង​ទីក្រុង​ភ្នំពេញ បាន​និយាយ​ថា លោក​បាន​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinovac បាន​ចំនួន​ពីរ​ដូស​រួច​មក​ហើយ​កាលពី​ដើម​ខែ​មិថុនា បើ​ទោះបីជា​លោក​មិន​ដឹង​ច្បាស់​អំពី​កម្រិត​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​នេះ​ក៏ដោយ។

លោក​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «អត់​រំពឹង​អាហ្នឹង [វ៉ាក់សាំង] ខ្លាំង​ពេក​ដែរ។ ទាល់​យើង​ប្រយ័ត្ន​ខ្លួន​ឯង​ដែរ។ បើ​យើង​ដើរ​ពាសវាល​ពាសកាល​អញ្ចឹង វ៉ាក់សាំង​ជួយ​ម៉េច​ឈ្នះ»។

វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinovac បាន​ក្លាយជា​ផ្នែក​ដ៏​ធំ​មួយ​នៃ​កិច្ច​ប្រឹងប្រែង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ នៅ​ប្រទេស​ហ្វីលីពីន និង​ថៃ ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ពឹងផ្អែក​មួយ​ភាគ​ធំ​ផងដែរ​លើ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ផ្សេង​ទៀត​ដូចជា​ក្រុមហ៊ុន Pfizer និង​ក្រុមហ៊ុន AstraZeneca ជាដើម៕

Indra Yoga Sun Narin Aun Chhengpor Steve Baragona និង Luke Hunt រាយការណ៍​បន្ថែម ហើយ​ព័ត៌មាន​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដីរាយការណ៍​នេះ​ ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press និង Reuters។