តើ​កម្ពុជា​គួរ​និយាយ​អ្វីខ្លះ​ នៅ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ក្នុង​សប្ដាហ៍​នេះ?

រូបឯកសារ៖ ទិដ្ឋភាព​ទូទៅមួយនៃ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ នៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីឆ្នាំ២០២០។

បញ្ហា​សំខាន់ៗ​មួយ​ចំនួន​រួម​មាន បរិស្ថាន សិទ្ធិ​មនុស្ស ការ​ចូលរួម​របស់​ស្ត្រី និង​ការ​រាត​ត្បាត​ជំងឺ​កូវីដ​១៩ ត្រូវបាន​អ្នកពាក់ព័ន្ធ​ស្នើ​ប្រតិភូ​តំណាង​កម្ពុជា លើក​យក​ទៅ​ថ្លែង​នៅ​អង្គ​មហាសន្និបាត​លើក​ទី​៧៦​របស់​អង្គការសហ​ប្រជាជាតិ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​បុរី​ញូវយ៉ក សហរដ្ឋអាមេរិក ក្នុង​សប្ដាហ៍​នេះ។

បើ​តាម​កាល​វិភាគ​ផ្ដល់​ដោយ អ.ស.ប. ប្រតិភូ​តំណាង​កម្ពុជា ត្រូវ​ឡើង​ថ្លែងក្នុង​អង្គ​មហា​សន្និបាត ​តាម​រយៈ​សុន្ទរកថា​ថតទុក និង​ថ្លែង​ពី​ចម្ងាយ នៅ​យប់​ថ្ងៃ​សៅរ៍​ ទី២៥​ ខែកញ្ញា ខាង​មុខ​ ដោយ​បញ្ជាក់​ថា ​ប្រមុខ​រដ្ឋា​ភិបាល លោក ហ៊ុន សែន នឹង​ថ្លែង​ទៅ​កាន់​អង្គ​មហា​សន្និបាត​ដែល​ប្រព្រឹត្ត​ទៅ​តាម​អនឡាញ ដោយ​សារ​បញ្ហា​ជំងឺ​កូវីដ​១៩។

លោក ហែម ឧត្ដម អ្នកប្រឹក្សា​ឯករាជ្យ​ផ្នែក​បរិស្ថាន​និង​ធនធានធម្មជាតិ បាន​លើក​ឡើង​ថា​ កម្ពុជា​អាច​នឹង​មាន​ឱកាស​ដើរ​តួនាទី​ក្នុង​កិច្ច​ព្យាយាម​ជា​សាកល​ប្រយុទ្ធ​នឹង​បម្រែ​បម្រួល​អាកាសធាតុ តែ​លោ​ក​ថា​ សុន្ទរ​កថា​នៅ​អ.ស.ប. គួរ​ដើរ​ទន្ទឹម​គ្នា​នឹង​ការ​ការពារ​ធម្មជាតិ​ជាក់​ស្ដែង​ក្នុង​ស្រុក។

តួនាទី​ទាំង​នោះ​រួម​មាន​ការ​បង្កើន​ការ​គ្រប​ដណ្ដប់​នៃ​ថាមពល​ស្អាត​ និង​កកើត​ឡើង​វិញ តាម​រយៈ​ការ​ចៀស​វាង​ការ​ប្រើប្រាស់​ថាមពល​ដើរ​ដោយ​ចំហេះ​ធ្យូង​ថ្ម ការ​មិន​ធ្វើ​ទំនប់​កាត់​ផ្ទៃ​ទន្លេមេគង្គ ការ​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ និង​បង្ការ​ការ​ទន្ទ្រាន​ដី​ព្រៃ​ឈើ ​និង​ដីព្រៃ​លិច​ទឹក។

លោក ហែម ឧត្ដម បាន​លើកឡើង​ថា​ កម្ពុជា​គួរ​ប្រើ​វេទិកា​ខាង​មុខ​ ដើម្បី​បង្ហាញ​ប្រាប់​ដៃ​គូ​បរទេសឱ្យ​បាន​ដឹង​អំពី​តម្រូវ​ការ​របស់​ខ្លួនក្នុង​ផ្នែ​ក​បច្ចេក​ទេស និង​គោល​នយោបាយ ដើម្បី​សម្រប​ខ្លួន​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ និង​ការពារ​ធនធាន​ធម្មជាតិ​របស់​ខ្លួន​ឱ្យ​បាន​គង់​វង្ស។

អ្នក​ជំនាញ​រូបនេះ​បន្ត​ថា ​នៅ​វេទិកា​អង្គ​មហា​សន្និ​បាត​ទាំង​មូល ការ​ជជែក​ផុល​ផុស​នឹង​មានឡើង​ក្នុង​រង្វង់​ប្រធាន​បទ​នៃ​ការ​កើន​ឡើង​កម្ដៅ​ភព​ផែន​ដី និង​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់។

កម្ពុជា​ទើប​នឹង​បាន​អនុញ្ញាត​ឱ្យ​ដំណើរ​ការ​នូវគម្រោង​ផលិត​អគ្គិសនី​ដើរដោយ​ធ្យូងថ្ម​ ក្នុងខេត្តព្រះ​សីហនុ ខេត្ត​កោះកុង និងខេត្ត​ឧត្ដរ​មាន​ជ័យ និង​ដែល​បាន​រង​ការ​រិះគន់​ពី​ក្រុម​អ្នក​ការពារ​បរិ​ស្ថាន​ផង​ដែរ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ រដ្ឋា​ភិបាល​បាន​ប្ដេជ្ញា​មិន​ធ្វើ​ទំនប់​វារី​អគ្គិសនីណាមួយ​កាត់​ផ្ទៃ​ទន្លេ​មេគង្គ​ធំ​ឡើយ នៅ​មុន​ឆ្នាំ២០៣០​។

ដូច​នឹង​រឿង​បរិស្ថាន​ដែរ ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស​ក៏ត្រូវ​បាន​អ្នក​ឃ្លាំមើល​ស្នើ​ឱ្យកែ​ប្រែ​ការ​អនុវត្ត​ជាក់​ស្ដែង​របស់​ខ្លួន ដើម្បី​បង្កើន​នូវ​ការ​ជឿ​ទុក​ចិត្ត​លើ​សុន្ទរកថា​នៅ​អង្គ​មហា​សន្និ​បាត អ.ស.ប. របស់​ខ្លួន នៅ​ចុង​សប្ដាហ៍នេះ។

អ្នកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លើក​ឡើង​ថា​តំណាង​រដ្ឋាភិបាល​កម្ពុជា​ទំនង​ជានឹង​មិន​ភ្លេច​លើក​ឡើង​ពី​បញ្ហាសិទ្ធិ​មនុស្ស និងប្រជាធិប​តេយ្យនោះទេ។

អ្នក​ដឹកនាំសង្គម​ស៊ីវិល​រូប​នេះ​រំពឹង​ថា ​មិន​ខុស​ពី​សព្វ​មួយ​ដង រដ្ឋាភិបាល​កម្ពុជា​នឹង​ឡើង​ទៅការពារកំណត់​ត្រា​សិទ្ធិមនុស្ស ប្រជាធិប​តេយ្យ និង​គោល​ការណ៍​នីតិរដ្ឋ​នៅ​កម្ពុជា ទោះ​បី​មានការ​រិះគន់​មក​លើ​ខ្លួន​អំពី​ការ​បង្ក្រាប​នយោបាយ ការ​ចាប់​ចង​អ្នក​ជំទាស់ និង​អ្នក​រិះគន់​យ៉ាង​ណា​ក្ដី។

អ្នកស្រី​ថ្លែង​ថា៖ «ខ្ញុំ​គិតថា ​ពលរដ្ឋ​លោក​អាច​វិនិ​ច្ឆ័យ​បាន ថា​តើអ្វី​ដែល​រដ្ឋាភិបាល​អះ​អាង​ថា​ខ្លួន​កំពុង​អនុវត្ត​គោល​ការណ៍​នីតិរដ្ឋ​នេះ តើ​គោល​ការណ៍​នីតិរដ្ឋ​ដែល​មាន​ទំនោរ​លើ​ការ​រឹត​បន្តឹង​សិទ្ធិ​សេរី​ភាព​ជា​មូល​ដ្ឋាន ឬ​ក៏​ដើម្បី​ផល​ប្រយោជន៍​ចំពោះ​ក្រុម​ណា​មួយ ឬ​ក៏​ដើម្បី​ពលរដ្ឋ​គ្រប់​រូប?»។

អ្នកស្រី​ ចក់ សុភាព ​លើក​ឡើង​ថា​ តំណាង​រដ្ឋា​ភិបាល​គួរ​បង្ហាញ​ទៅ​កាន់​អង្គ​មហា​សន្និបាត អ.ស.​ប. ដែរ​នូវ​ការ​ចម្រើន​លូត​លាស់ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន ក្នុង​ការធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថាន​ភាពសិទ្ធិ​មនុស្ស ស្រប​តាម​លិខិតូប​ករណ៍​អន្តរជាតិ​នានា​ដែល​ខ្លួន​បាន​ទទួល​ស្គាល់​និង​ផ្ដល់​សច្ចា​ប័ន។

ក្នុង​មហា​សន្និបាត​លើក​ទី​៧៥ ដែល​ធ្វើ​តាម​អន​ឡាញ​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រាប់​មេដឹក​នាំ​ពិភព​លោក​ថា ប្រទេស​កំពុង​អភិវឌ្ឍន៍​បាន​ក្លាយ​មុខ​ព្រួញ​នៃ​ការ​ដាក់​ទណ្ឌកម្ម​របស់​ប្រទេស​អភិវឌ្ឍន៍​ទាក់​ទង​នឹង​បញ្ហា​សិទ្ធិ​សេរី​ភាព​ជា​មូលដ្ឋាន។ លោក​បន្ត​ថា​ ការ​ប្រកួត​ប្រជែង​រវាង​ប្រទេស​មហា​អំណាច​តាម​របៀប​វារៈ​ភូមិសាស្រ្ត​នយោ​បាយ​ក៏​ជា​បញ្ហា​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផង​ដែរ។

នៅឆ្នាំ​មុន​នោះ​ផងដែរ​ លោក​ ហ៊ុន សែន ក៏​បាន​ផ្តោត​ទៅ​លើ​ប្រធាន​បទ​ផ្សេងៗ ដែល​រួមមានផល​ប៉ះពាល់​នៃ​ជំងឺ​កូវីដ​១៩​លើ​ការ​អភិវឌ្ឍ​សង្គម​ និង​សេដ្ឋ​កិច្ច​ពិភព​លោក ​និង​សមិទ្ធផល​របស់​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​តាម​រយៈ​ការ​លើក​ស្ទួយ​និង​រក្សា​សន្តិភាព​ និង​អធិប​តេយ្យ​ជាតិ។

ប្រទេស​កម្ពុជា​ បាន​ចូល​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​កាល​ពី​ឆ្នាំ​១៩៥៥។ កម្ពុជា​ក៏​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​១៩៩១ ដែល​ជា​កិច្ច​ព្រម​ព្រៀង​បញ្ចប់​សង្រ្គាម​ស៊ីវិល​នៅ​កម្ពុជា និង​រៀបចំ​ប្រទេស​ក្នុង​ក្រប​ខណ្ឌ​ប្រជាធិប​តេយ្យ ដោយ​មាន​ភាគី​អន្តរ​ជាតិ​ជា​ប្រទេស​ហត្ថលេខី ក្នុង​នោះ​មាន​អង្គការ​សហ​ប្រជាជាតិ​ផង​ដែរ។

អ្នកស្រី​ កែវ មុំ ​ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ បាន​ថ្លែង​ថា​កម្ពុជា​គួរ​យក​វេទិកា​នៃ​អង្គ​មហា​សន្និបាត ​អ.ស.ប. ​លើក​ឡើង​ផង​ដែរ បញ្ហា​សិទ្ធិ​ស្ត្រី​ក្នុង​វិស័យ​ការងារ និង​វិស័យ​ឯកជន​ និង​រំលេច​នូវ​បញ្ហា​របស់​ស្ត្រី​ប្រឡូក​ក្នុង​វិស័យ​ការងារ​ ជំនួញ ​និង​តំណែង​ជា​អ្នក​ដឹក​នាំ។

អ្នកស្រី​បន្ថែម​ថា ​បញ្ហា​ទាំង​នោះ​រួម​មាន​ផង​ដែរ ការ​គិត​គូរ​បង្កើត​បរិយា​កាស​អំណោយ​ផល​សម្រាប់​ស្ត្រី ស្រប​នឹង​កត្តា​ជីវ​សាស្ត្រ​របស់​ពួក​គេ ដូច​ជា​ការ​មក​រដូវ​ប្រចាំ​ខែ និង​ការ​សម្រាក​មាតុភាព ដើម្បី​ប្រាកដ​ថា​កត្តា​ទាំង​នេះ មិន​រាំង​ស្ទះ​ពួក​គេ​ពី​ឱកាស​ធ្វើការ និង​ឡើង​តំណែង។

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ «ចូលរួម​ក្នុង​ការ​ដឹកនាំ​ប្រទេស ចូលរួម​ក្នុង​សង្គម ដូច​ថា​ក្នុង​ជួរ​រាជ​រដ្ឋា​ភិបាល​នោះ​ណា ឱ្យ​មានការ​លើក​ទឹក​ចិត្ត​ឱ្យ​បាន​ច្រើន​ដល់​ស្ត្រី​ផង​ដែរ ដើម្បី​ឱ្យ​គាត់​ចូល​រួម​ឱ្យ​បាន​ច្រើន​ក្នុង​ការ​ជួយ​បង្ការ ទប់​ស្កាត់​ការ​រីករាត​ត្បាត​នៃ​សង្គ្រាម​ផ្សេងៗ​នៅ​លើ​ពិភព​លោក​ផង​ដែរ។ កាល​ណា​ស្ត្រី​យើង​ចូល​រួមធ្វើ​ជា​អ្នក​ដឹក​នាំ​កាន់​តែ​ច្រើន ខ្ញុំ​មាន​ជំនឿ​ចិត្ត​ថា​ពិភព​លោក​នឹង​កាត់​បន្ថយ​សង្គ្រាម បាន​កាន់​តែ​ច្រើន»។

អ្នកស្រី​ កែវ មុំ ​បន្ត​ថា ​កម្ពុជា​ក៏​គួរ​លើក​ឡើង​ផង​ដែរ អំពី​បញ្ហា​វិសមភាព​នៃ​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កូវីដ​ទូទាំង​សកល ដែល​ត្រូវ​ដោះ​ស្រាយដើម្បី​ឆាប់​ឈាន​ទៅ​គ្រប់​គ្រង​ជំងឺ​កូវីដ​១៩ និង​បើកដំណើរ​ការ​សេដ្ឋ​កិច្ច​សាកល​និង​សេដ្ឋ​កិច្ច​ប្រជាជាតិ​នានា​វិញ​បាន​ជា​ប្រក្រតី។

លោក​ កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ ​ដោយ​ថា​របៀបវារៈ ​និង​ព័ត៌មាន​លម្អិត​អំពី​ការ​ថ្លែង​របស់​កម្ពុជា ​នឹង​ត្រូវ​ចែក​ចាយ​ជូននា​ពេលក្រោយ​ក្នុង​សប្ដាហ៍​នេះ៕