ដំណើរការពិនិត្យជាសាកលទៅលើប្រវត្តិសិទ្ធិមនុស្ស (Universal Periodic Review ឬ UPR) គឺជាដំណើរការត្រួតពិនិត្យពិសេសមួយ ទៅលើកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសសមាជិកទាំង ១៩៣ របស់អង្គការសហប្រជាជាតិ មិនថា ប្រទេសតូចតាច ឬប្រទេសមានឥទ្ធិពលនោះទេ។
បណ្តាប្រទេសសមាជិកទាំងអស់បានចូលរួមក្នុងដំណើរការនេះយ៉ាងហោចណាស់ចំនួនពីរដង ចាប់តាំងពីកិច្ចប្រជុំនៃការពិនិត្យជាសាកលទៅលើប្រវត្តិសិទ្ធិមនុស្ស UPR បានចាប់ផ្តើមឡើងលើកដំបូងកាលពីឆ្នាំ ២០០៨។ ឥឡូវនេះ កំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសសមាជិក អ.ស.ប ទាំងអស់ នឹងត្រូវទទួលបានការត្រួតពិនិត្យសាជាថ្មីជាលើកទី ៣។
ជោគជ័យមួយនៃដំណើរការពិនិត្យជាសាកលទៅលើប្រវត្តិសិទ្ធិមនុស្ស UPR គឺថា ដំណើរការនេះមានការចូលរួម ១០០ ភាគរយ ពីបណ្តាប្រទេសសមាជិកនៃ អ.ស.ប។ អ្នកនាំពាក្យក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប លោក Rolando Gomez និយាយថា ដំណើរការពិនិត្យជាសាកល ទៅលើប្រវត្តិសិទ្ធិមនុស្ស UPR គឺជាឱកាសមួយសម្រាប់បណ្តារដ្ឋផ្សេងៗ ដើម្បីបង្ហាញពីការវិវត្តទៅមុខនៃស្ថានភាពសិទ្ធិមនុស្ស ដែលសម្រេចបាននៅក្នុងប្រទេសរបស់ខ្លួន។
លោក Gomez យល់ស្របថា ប្រទេសខ្លះប្រហែលបានរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ ប៉ុន្តែលោកបានបន្ថែមថា មិនមានប្រទេសណាមួយមានកំណត់ត្រារំលោភបំពានសិទ្ធិមនុស្សអាក្រក់ហួសហេតុនោះទេ។ ហើយបញ្ហាពាក់ព័ន្ធនឹងសិទ្ធិមនុស្សទាំងអស់អាចមានលទ្ធភាពធ្វើឲ្យប្រសើរឡើងវិញបាន។ លោកបានប្រាប់ VOA ថា នេះគឺជាបុព្វសិទ្ធិរបស់រដ្ឋមួយថា តើរដ្ឋនេះនឹងជ្រើសយកការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសិទ្ធិមនុស្សនៅក្នុងបែបផែនពិតប្រាកដមួយ ឬទេ។
លោក Gomez បាននិយាយក្នុងសម្តីដើមថា៖ «ប្រសិនបើក្នុងករណីណាមួយពួកគេមិនដោះស្រាយបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសរបស់ពួកគេ នៅក្នុងបែបផែនប្រាកដប្រជាមួយណានោះទេ គឺថា មានប្រទេសផ្សេងទៀតដែលចូលរួម នឹងលើកយកបញ្ហាទាំងនោះ មកនិយាយ។ ពួកគេនឹងមិនខកខានឱកាសនៅក្នុងការឆ្លងកាត់កិច្ចប្រជុំនៃការពិនិត្យជាសាកលទៅលើសិទ្ធិមនុស្សនោះទេ។ ហើយពួកគេក៏មិនអាចបិទបាំងការរំលោភបំពានផ្សេងៗ ដែលកំពុងប្រព្រឹត្តឡើងដែរ។ ជាមួយនឹងសមាជិកភាព ខ្ញុំសូមចង្អុលបង្ហាញថា ពួកគេមិនអាចគេចផុតពីការត្រួតពិនិត្យនៅក្នុងទម្រង់ណាមួយឡើយ»។
លោក Gomez បានលើកឡើងថា មានរឿងល្អៗកើតចេញពីដំណើរការនេះ។ លោកកត់សម្គាល់ថា ប្រជាពលរដ្ឋទូទៅទទួលបានផលប្រយោជន៍ពីការអនុវត្តផ្សេងៗដោយរដ្ឋដែលត្រូវបានណែនាំនៅក្នុងកិច្ចប្រជុំនៃការពិនិត្យជាសាកលទៅលើប្រវត្តិសិទ្ធិមនុស្ស។ ជាឧទាហរណ៍ លោកបាននិយាយថា អត្រាអក្ខរកម្មបានកើនឡើងនៅក្នុងបណ្តាប្រទេសមួយចំនួន សាសនារបស់កុលសម្ព័ន្ធភាគតិចត្រូវបានអនុម័តដោយបទបញ្ជារដ្ឋធម្មនុញ្ញនៅក្នុងប្រទេសដទៃទៀត ហើយលក្ខខណ្ឌនៅក្នុងពន្ធនាគារ ក៏មានភាពប្រសើរឡើងផងដែរ។
លោក Gomez បានបន្តថា សហរដ្ឋអាមេរិកបានចូលរួមយ៉ាងសកម្ម នៅក្នុងដំណើរការកិច្ចប្រជុំនៃការពិនិត្យជាសាកលតាមការកំណត់ បើទោះបីជាបានបោះបង់កៅអីរបស់ខ្លួនជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក៏ដោយ។ លោកបានលើកឡើងថា សហរដ្ឋអាមេរិកនឹងត្រូវទទួលការត្រួតពិនិត្យលើប្រវត្តិសិទ្ធិមនុស្ស នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ។
«ខ្ញុំអាចប្រាប់អ្នកបានតាមរបាយការណ៍ផ្សេងៗ ដែលអាចរកបានជាសាធារណៈ ទាក់ទិននឹងការត្រួតពិនិត្យស្ថានភាពពលរដ្ឋដែលមានដើមកំណើតអាហ្វ្រិក ការរើសអើងពូជសាសន៍ ការរើសអើងជាទូទៅ ភាពឃោឃៅរបស់ប៉ូលិស ទាំងនេះជាបញ្ហាមួយចំនួន ដែលនឹងត្រូវលើកឡើងនៅក្នុងដំណើរការត្រួតពិនិត្យនេះ»។
លោក Gomez បានបន្ថែមថា បញ្ហាដទៃទៀត ដូចជា ស្ថានភាពជនចំណាកស្រុកនៅសហរដ្ឋអាមេរិក ក៏នឹងត្រូវលើកយកមកនិយាយផងដែរ។ ដោយសារតែវិបត្តិជំងឺកូវីដ១៩ លោកនិយាយថា ភាគច្រើននៃប្រទេសចូលរួម នឹងផ្តល់សក្ខីកម្មពីចម្ងាយពីរដ្ឋធានីវ៉ាស៊ីនតោន។ លោកបានបន្តថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo ក៏ត្រូវបានគេរំពឹងថា នឹងធ្វើសេចក្តីថ្លែងការណ៍មួយផងដែរ៕
ប្រែសម្រួលដោយណឹម សុភ័ក្រ្តបញ្ញា