ផ្លូវ​ទៅ​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត

លោក​ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា​ និងជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីប្រគល់និងទទួលរថយន្តជូនដល់កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ នៅរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ជម្រះ​ការ​មន្ទិល​ដែល​មាន​ជាយូរ​ឆ្នាំមក​ហើយ​ថា ​កូន​ប្រុស​ច្បង​របស់​លោក ​គឺ​លោក ​ហ៊ុន ម៉ាណែត ​អាច​ក្លាយ​ជា​អ្នក​ស្នង​តំណែង​ត​ត្រកូល ពោលគឺ​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​របស់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃណា​មួយ​នា​ពេល​អនាគត។​

ក្នុង​សេចក្តី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​ទី​២២ ​ខែ​មិថុនា ​ឆ្នាំ​២០២០ ​ក្នុង​ឱកាស​ចុះ​ត្រួត​ពិនិត្យ​ការ​សាង​សង់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ​លោក ​ហ៊ុន សែន ​ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ប្រកាស​ថា​ លោក​ ហ៊ុន ម៉ាណែត​ អាច​នឹង​ក្លាយ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​មួយ​រូប​របស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​បោះ​ឆ្នោត​លើក​ក្រោយ។ ក៏​ប៉ុន្តែ​ លោក ​ហ៊ុន សែន​ មិន​បាន​កំណត់​នៅ​ឡើយ​ថា ​កូន​ប្រុស​ច្បង​វ័យ​៤៣​ ឆ្នាំរបស់​លោក​ នឹង​អាច​ដាក់​បេក្ខភាព​ក្នុង​បញ្ជី​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នៅ​ពេល​ណា​ជាក់​លាក់​នោះ​ទេ។​

សម្រាប់លោក​ អ៊ូ វីរៈ ​ស្ថាបនិក​វិទ្យាស្ថាន​វេទិកា​អនាគត ​ការ​ប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​ កើត​ឡើង​ដោយសារ​តែ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ដឹក​នាំ​ប្រទេស​ជា​ឯក​បក្ស​ ដោយ​គ្មាន​គូ​ប្រជែង​នយោបាយ។ ​មួយ​វិញ​ទៀត វាគឺ​ជា​និន្នាការ​ជំរុញ​អ្នក​ដឹក​នាំវ័យ​ក្មេង​ឲ្យ​ឡើង​ជំនួស​តួនាទី​អ្នក​ដឹកនាំ​វ័យ​ចំណាស់​ក្នុង​គណបក្ស ​ដែល​កាន់​អំណាច​យូរ​នេះ។​

«គណបក្ស​ប្រជាជន​កាន់​អំណាច​ផ្តាច់​មុខ​រួច​ទៅ​ហើយ ​មិន​មាន​គណ​បក្ស​ណា​អាច​ប្រកួត​ប្រជែង​បាន។ ​ដូច្នេះ​បើ​សិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា ​ចង់​រើស​អ្នក​ណា​ក៏​មិន​មាន​អ្វី​ប្រឈម ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​បាត់​បង់​ការ​គាំទ្រ​ក្នុង​ការ​បោះ​ឆ្នោត​ ឬការ​គាំទ្រ​ពី​ប្រជា​ពល​រដ្ឋ​ដែរ​ ដោយសារ​គ្មាន​ជម្រើស​ដទៃ​ដែល​អាច​ប្រកួត​ប្រជែង​បាន»។​

លោក​ ហ៊ុន សែន ​បាន​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ ចាប់​តាំង​ពី​ឆ្នាំ​១៩៨៥​ មក​ម្ល៉េះ ពោល​គឺ​លោក​កាន់​តំណែង​នេះ​អស់​រយៈ​៣៥ ​ឆ្នាំ​មក​ហើយ។​ប៉ុន្តែ ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដដែល​នេះ ​ធ្លាប់​បាន​អះអាង​ជា​សាធារណៈ​ថា ​លោក​នឹង​បន្ត​អង្គុយ​លើ​កៅអី​នាយក​រដ្ឋមន្ត្រី​រហូត​ដល់​អាយុ​៩០​ឆ្នាំ ​ឬ​ ក៏​អាច​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ពីរ​អាណត្តិ​បន្ត​ទៀត។​

ទោះជាយ៉ាងណា​នៅពេល​នេះ​លោក ​ហ៊ុន សែន ​បង្ហាញ​កាន់​តែច្បាស់​ជាង​មុន​អំពី​ការ​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​លោក ​ហ៊ុន ម៉ាណែត។​

បច្ចុប្បន្ន​ជា​ឧត្តម​សេនីយ៍ឯក​ពាក់​ផ្កាយ​បី ​ លោក ​ហ៊ុន ម៉ាណែត បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​បណ្ឌិត​សភា​យោធា​របស់​សហរដ្ឋ​អាមេរិក ​West Point ​និង​បណ្ឌិត​សេដ្ឋ​កិច្ច​ពី​សកល​វិទ្យាល័យ​ Bristol​ ចក្រភព​អង់គ្លេស។​

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ​ កូន​ប្រុស​ច្បងរបស់​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​រូប​នេះ​ ត្រូវ​បាន​ដំឡើង​តួនាទី​ និង​ការ​ទទួល​ខុស​ត្រូវ​ជាន់ខ្ពស់​ជា​បន្តបន្ទាប់។ ​លោក ​ហ៊ុន ម៉ាណែត ​បាន​កាន់​មុខ​តំណែង​គន្លឹះ​ជាច្រើន​ ក្នុង​នោះ​ ​លោក​ជា​អគ្គ​មេបញ្ជាការ​រង​កងទ័ព​និង​ជា​មេ​បញ្ជាការ​កងទ័ព​ជើងគោក។ លោក​ក៏​ជា​មេ​បញ្ជាការ​កង​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម ​និង​ជា​មេ​បញ្ជាការ​រង​កង​អង្គរក្ស​ផង​ដែរ។ ​ជា​សមាជិក​គណៈ​កម្មការ​អចិន្ត្រៃ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ​លោក ​ហ៊ុន ម៉ាណែត ​ត្រូវ​ជ្រើស​តាំង​ជា​ប្រធាន​ក្រុម​យុវជន​នៃ​គណបក្ស​នេះ​បន្ថែម​ទៀត ​កាល​ពី​ពេល​ថ្មីៗ​នេះ។​

ការ​ទទួល​ខុស​ត្រូវ ​និង​តួ​នាទី​ទាំង​នេះ ​ហាក់​ដូច​ជា​កម្រាល​ផ្លូវ​មួយ​ដែល​ត្រូវ​រៀបចំ​សម្រាប់​ជំនួស​ការ​កាន់​ចង្កូត​ប្រទេស​ពីឪពុក​របស់​លោក។

ប៉ុន្តែ​លោក​ ឈាង វុន​ ប្រធាន​គណៈ​កម្មការ​កិច្ច​ការ​បរទេស​នៃ​រដ្ឋ​សភា​ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បក​ស្រាយ​ដោយ​គាំទ្រ​គោល​ការណ៍​មេគណបក្ស​របស់​ខ្លួន​ថា​ លោក ​ហ៊ុន ម៉ាណែត​ គឺ​ជា​បេក្ខជន​នាយក​រដ្ឋ​មន្ត្រី​ជំនាន់​ថ្មី​របស់​គណបក្ស​កាន់​អំណាច​ ដែល​មាន​សមត្ថភាព​លេច​ធ្លោ។​

«សម្តេច​មាន​ប្រសាសន៍​ថា ​ហ៊ុន ម៉ាណែត​ អាច​ជា​បេក្ខជន ​(នាយក​រដ្ឋមន្ត្រី)​ គឺ​ត្រឹមត្រូវ​ហើយ​ (ព្រោះ)​ ក្នុង​ចំណោម​យុវជន​ គាត់​លេច​ធ្លោ​ជាង​គេ»។​

លោក​ ឈាង វុន​ បន្ថែម​ថា ការ​សម្លឹង​មើល​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​របស់​លោក ​ហ៊ុន ម៉ាណែត ​នាពេល​អនាគត​ គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​នយោបាយ​នៃ​គណបក្ស​កាន់​អំណាច​ ដែល​កំពុង​ជំរុញ​ក្រុម​យុវជន​ជំនាន់​ថ្មី​ឲ្យ​ឡើង​បន្ត​វេន​ដឹក​នាំ។

ប៉ុន្តែ ​ទោះជា​បែប​នេះ​ក្តី ​ចង់​ឬមិន​ចង់​ ប្រសិន​បើ​លោក​ ហ៊ុន ម៉ាណែត​ នឹង​ត្រូវ​តែងតាំង​ជាបេក្ខជន​នាយក​រដ្ឋ​មន្ត្រី​ជំនួស​លោក ​ហ៊ុន សែន ​រូប​ភាព​នេះ​ នឹង​រំឭក​ឲ្យ​គេ​ពិចារណា​លើ​ការ​អនុវត្ត​ដ៏​តិចតួច​នៅ​ក្នុង​ពិភព​លោក។ ​ហើយ​មាន​ប្រទេស​ដ៏​កម្រ​ដែល​បាន​ចាប់​យកគោល​ការណ៍​ដ៏​តិចតួច​នេះ។​

ដោយឡែក​ក្នុង​តំបន់​អាស៊ីប្រទេស​កុម្មុយ​និស្ត​ដ៏​ឆ្អិន​ឆ្អៅ​កូរ៉េ​ខាងជើង​ មាន​ការ​ដឹក​នាំ​អំណាច​ត​ត្រកូល​ពី​ជីតា គឹម អ៊ីលស៊ុង ​ដល់​កូន ​គឹម ជុងអ៊ីល​ ហើយ​លោក​គឹម​ ជុងអ៊ីល​ ក៏​បាន​ផ្ទេរ​តំណែង​បន្ត​ដល់​កូន​ប្រុស ​គឹម ជុងអ៊ុន ​ដែល​កំពុង​តែ​ក្តាប់​អំណាច​ដែក​ថែប​ក្រុង​ព្យុងយ៉ាង​សព្វថ្ងៃ។​

រូបឯកសារ៖ លោក គីម ជុងអ៊ុន មេដឹកនាំនៃ​ប្រទេស​កូរ៉េខាងជើង នាពេលបច្ចុប្បន្ន ដែលបាន​ស្នងដំណែង​ពីឪពុករបស់លោក គឺលោក គីម ជុងអ៊ីល។

រូបឯកសារ៖ លោក លី ស៊ាន ឡុង នាយករដ្ឋមន្រ្តី​ប្រទេស​សិង្ហបុរី។

ដោយឡែក​នៅ​ក្នុង​បរិបទ​នេះ​ដែរ ​ប្រទេស​សិង្ហ​បុរី​ដែល​ជា​កូន​នាគ​សេដ្ឋកិច្ច​មួយ​នៅ​អាស៊ី ​ អតីត​នាយក​រដ្ឋ​មន្ត្រី​លោក​ លី ក្វាន់យូ​ បាន​ផ្ទេរ​តំណែង​ទៅ​ឲ្យ​កូន​ប្រុស​ លី ស៊ាន ឡុង ​ដែល​ជាកូន​ច្បង​ក្នុង​គ្រួសារ ​និង​ដែល​កំពុង​កាន់​តំណែង​សព្វថ្ងៃ។ ​ដោយឡែក​ប្រទេស​ម៉ាឡេស៊ី​ ក៏មាន​ការ​ប៉ុន​ប៉ង​បែប​នេះ​ដែរ​ ប៉ុន្តែ​ក្រោយ​មក​ក៏​បាន​បរាជ័យ​ទៅ​វិញ។​

លោក​ សម រង្ស៊ី ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​រំលាយ​ចោល ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិត​ ដែល​លោក ​ហ៊ុន សែន​ បាន​បង្ហើប​ពី​លទ្ធភាព​នៃ​បេក្ខជន​នាយក​រដ្ឋ​មន្ត្រី​នៃ​កូន​ប្រុស​របស់​ខ្លួន​នា​ពេល​នេះ​ទេ។ ​ប៉ុន្តែ​អ្នក​នយោបាយ​ប្រឆាំង​រូប​នេះ​យល់​ថា​ នេះ​ «ជា​សញ្ញា​មិនល្អ​សម្រាប់​ប្រទេស​កម្ពុជា»។​

«ចង់​បង្កើត​គ្រួសារ​ដែល​ដឹក​នាំ​ប្រទេស​ជារៀង​រហូត ដូច​កូរ៉េខាង​ជើង​ពី​ជីតា​ដល់​កូន ​ពី​កូន​ដល់​ចៅ។ ​ប៉ុន្តែ ​សូម​ប្រាប់​លោក ​ហ៊ុន សែន​ វិញ​ថា ​ប្រទេស​កម្ពុជា​មិន​មែន​ជា​កម្ម​សិទ្ធិ​ឯក​ជន​ដាច់​ថ្លៃ​របស់​ត្រកូល ​ហ៊ុន សែន​ ទេ គឺ​អាស្រ័យ​លើ​ឆន្ទៈ​ប្រជារាស្ត្រ»។​

ទោះ​ជាយ៉ាងណា​លោក ​ឈាង វុន​ តំណាង​រាស្ត្រ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ការពារ​ថា ​នេះ​«មិន​មែន​ជា​ការ​ផ្ទេរ​អំណាច​ពី​ឪពុក​ដល់​កូន​ទេ​តែ​ជា​របៀប​ប្រជា​ធិបតេយ្យ» ដែល​បក្ស​កាន់​អំណាច​មាន​សិទ្ធិ​ជ្រើសរើស​បេក្ខជន ​និង​កំណត់​បេក្ខជន​នាយក​រដ្ឋ​មន្ត្រី​ទុកជា​មុន។​

យោង​តាម​សារ​ព័ត៌មាន​ Aljazeera ​នៅ​ខែ​មិនា​ ឆ្នាំ​២០១៨ លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ហ៊ុន សែន​ ឈរ​ក្នុង​លំដាប់​ទី​៤​ ក្នុង​ចំណោម​មេ​ដឹកនាំ​ចំនួន​១១ ​ប្រទេស​ក្នុង​ពិភព​លោក ​ដែល​កាន់​អំណាច​យូរ​បំផុត​ក្នុង​ពេល​បច្ចុប្បន្ន​ គឺ​នៅ​ពី​ក្រោយ​ប្រទេស​ ហ្គីនណេ អេក្វាទ័រ ​ប្រទេស​កាម៉េរូន ​និង​ប្រទេស​កុងហ្គោ។

ដោយ​ឡែក​តាម​គេហទំព័រ​ Brookings ​នៅ​ឆ្នាំ​ ២០១៥ ​មាន​មេដឹក​នាំ​នៃ​ប្រទេស​អាហ្វ្រិក​ចំនួន​ប្រាំពីរ ​ដែល​បាន​បន្ត​អំណាច​ពី​ឪពុក​ដល់​កូន​ ក្នុង​នោះ​មាន​ប្រទេស​ បូស្វាណា​ (Botswana) ​ប្រទេស​កេនយ៉ា ​(Kenya)​ សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​កុងហ្គោ​ (Congo) ​ប្រទេស​ហ្គាបុង ​(Gabon) ​ប្រទេស​តូហ្គោ ​(Togo) ​ប្រទេស​ម៉ូរីទ្យើស ​(Mauritius) ​និង​ប្រទេស​ម៉ាឡាវី (Malawi)។​

យ៉ាងណា​ក៏ដោយ​ប្រទេស​កម្ពុជា​ ទំនង​ជា​មិន​អាច​ស្ថិត​តាម​លំអាន​បរទេស​ទាំង​ស្រុង​នោះ​ទេ។ ​អ្នក​វិភាគ​ខ្លះ​យល់​ថា​ យ៉ាង​ហោច​ណាស់​កម្ពុជា ​គួរតែ​ក្រឡេក​មើល​គម្រូ​ល្អ​មួយ​ចំនួន​របស់​ប្រទេស​សិង្ហបុរី។ ​ បើទោះ​ជា​មាន​ការ​បន្ត​ដឹកនាំ​កាន់​កាប់​ប្រទេស​ពី​លោក​ លី ក្វាន់​យូ​ រហូត​ដល់​កូន​ ប៉ុន្តែ​ប្រទេស​នេះ ​មាន​កិត្តិសព្ទ​ និង​សេដ្ឋ​កិច្ច​មុត​ស្រួច​ក្នុង​ឆាក​អន្តរជាតិ។​

លោក​ អ៊ូ វីរៈ ​ស្ថាបនិក​វេទិកា​អនាគតថ្លែងថា៖ ​«សិង្ហបុរី​ដូរ​(អំណាច)​តាម​រយៈ​គ្រួសារ​ប៉ុន្តែ​ គេ​ធ្វើ​តាម​រយៈ​ផ្ទៃ​ក្នុង​គណបក្ស ​និង​តាម​រយៈ​ការ​ប្រកួត​ប្រជែង​ ប៉ុន្តែ​គណបក្ស​កាន់​អំណាច​គេ​ខ្លាំង​ ដោយសារ​គេ​សម្អាត។ ​គេ​សម្អាត​អំពើ​ពុក​រលួយ​ ជួយ​សេដ្ឋកិច្ច​ឲ្យ​រឹងមាំ។​ ប្រជា​ពលរដ្ឋ​គេ ​ត្រូវ​តែ​ចង់​បាន​គណបក្ស​កាន់​អំណាច​ហើយ។​ដូច្នេះ​គណបក្ស​កាន់​អំណាច​នៅ​នឹង​(មាំ)»។

ស្រដៀង​គ្នា​នេះ​ដែរ ​ លោក​ ឯម សុវណ្ណារ៉ា ​សាស្ត្រាចារ្យ​ វិទ្យាសាស្ត្រ​នយោបាយ​មួយ​រូប​ក្នុង​ក្រុង​ភ្នំពេញ ​ជឿ​ថា​ ប្រសិន​បើ​លោក​ ហ៊ុន ម៉ាណែត​ ស្នង​តំណែង​ឪពុក​របស់​លោក​កម្ពុជា​ ទំនង​ជា​ពិបាក​ធ្វើ​តាម​លំនាំ​ប្រទេស​សិង្ហបុរី។​

«សិង្ហ​បុរី ​ទី១​មាន​ការ​គ្រប់​គ្រង​បែប​តម្លាភាព ពុក​រលួយ​មិន​បាន។ ​នៅ​កម្ពុជា​ធ្វើ​មិន​បាន​ទេ ​ ថ្វី​ដ្បិតតែ​យើង​មាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក៏ដោយ។​ ទី២​ ការ​ឆ្លើយ​តប​ទៅ​នឹង​ខ្លឹមសារ​នៃ​រដ្ឋ​ធម្មនុញ្ញ​នៅ​កម្ពុជា យើង​នៅខ្វះខាត​ច្រើន។​ ខ្ញុំ​លើក​មួយ​ករណី គឺ​ពលរដ្ឋ​កម្ពុជា​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម​សម្តែង​មតិ​ ប៉ុន្តែ​យើង​សួរ​ពលរដ្ឋ​យើង ​ទិដ្ឋភាព​នេះ ​បាត់​បង់​ហើយ។ ​គ្រាន់​តែ​អ្នក​សម្តែង​មតិ​តាម​បណ្តាញ​សង្គម​ តាម​ហ្វេសប៊ុក ​ត្រូវ​បាន​ឃាត់​ខ្លួន ​ត្រូវ​បាន​កាត់ទោស។​ នៅ​សិង្ហបុរី​មាន​ការ​រឹតត្បឹត​ផ្នែក​សារ​ព័ត៌មាន ប៉ុន្តែ​ពលរដ្ឋ​គេ ​មាន​មតិ​ អាច​លើក​មតិ​នោះ​បាន។ ​គេ​មិន​រង​សម្ពាធ​អំពី​ការ​ចាប់​ឃុំឃាំង​ ឬ ​រង​សម្ពាធ​ផ្នែក​ស្មារតី​ណា​មួយ​ទេ»។​

ក្នុង​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​លោក ​ហ៊ុន ម៉ាណែត ​តែងតែ​បង្ហាញ​មុខ​តំណាង​ឲ្យ​កម្ពុជា​ ក្នុង​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ក្រៅ​ប្រទេស។ ​ក្នុង​ឆ្នាំ​២០១៩​លោក​ធ្វើ​ដំណើរ​ទៅ​ជួប​ជាមួយ​ប្រមុខ​យោធា​ប្រទេស​ប្រមាណ​ដប់​ ក្នុង​នោះ​មាន​ប្រទេស​ចិន​កុម្មុយនិស្ត​ផង​ដែរ​ ​ដែល​ធ្វើ​ឲ្យ​លោក​អាច​បង្កើត​បណ្តាញ​ក្នុង​តំបន់​ និង​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​ ខណៈ​ដែល​ឪពុក​របស់​លោក​ គឺ​លោក ​ហ៊ុន សែន ​ហាក់​ដូចជា​បាន​រៀប​ចំ​ផ្លូវ​ទុក​សម្រាប់​លោក​ ដើម្បី​ក្លាយ​ជា​អនាគត​ប្រមុខ​ដឹកនាំ​កម្ពុជា។​

រុបឯកសារ៖ នាយក​រដ្ឋមន្រ្តី​កម្ពុជា​លោក ហ៊ុន សែន (ឆ្វេង) និង​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត (ខាងក្រោយ) ក្នុង​ពេល​ចុះ​ត្រួត​ពិនិត្យ​កងទ័ព​នៅ​ទីក្រុង​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៩។

ក្នុង​ពេល​នេះ​ ការ​កត់​សម្គាល់​មួយ​ចំនួន​លើក​ឡើង​ថា​ លោក​ ហ៊ុន ម៉ាណែត ​មិន​ទាន់​បង្ហាញ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ទូលំទូលាយ​ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា​នៅ​ឡើយ។ ​ ប៉ុន្តែ​គេ​មើល​ឃើញ​ថា​ ក្នុង​ការរៀបចំ​ខ្លួន​ដើម្បី​ស្នង​តំណែង​ពី​ឪពុក​លោក ​ហ៊ុន ម៉ាណែត​ អាច​នឹង​ចាប់​ផ្តើម​ជំនួស​ការ​ងារ​ឪពុក​របស់​លោក​បណ្តើរៗ​ នៅពេល​ខាង​មុខ។​ ហើយ​លោក​ក៏​នឹង​អាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ​ផង​ដែរ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ឆ្នាំ​២០២៣។​ ប៉ុន្តែ​បញ្ហា​ប្រឈម​ផ្ទៃ​ក្នុង​គណបក្ស​ទំនង​ជា​គន្លឹះ​ដើម្បី​លោក​ ហ៊ុន ម៉ាណែត ​អាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​នា​ពេល​ខាង​មុខ​បាន។​

លោក​ ឈាង វុន ​ប្រធាន​គណៈកម្មការ​កិច្ច​ការ​បរទេស​នៃ​រដ្ឋ​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ អះអាង​ថា​ គណ​បក្ស​កាន់​អំណាច​ត្រូវ ​«ធ្វើ​ការ​ស្ទាបស្ទង់»​ អំពី​ទំនុក​ចិត្ត​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ទូទៅ​ និង​ការ​រៀបចំ​ផ្ទៃក្នុង​គណបក្ស​ផង​ដែរ។​

អ្វី​ដែល​គេ​មើល​ឃើញក្នុង​ពេល​នេះ ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ​កំពុង​ជំរុញ​ក្រុម​យុវជន​ដែល​ជា​កូនៗ​របស់​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​គណបក្ស​ ឲ្យ​ឡើង​កាន់​តួនាទី​ជាន់​ខ្ពស់។ ​បើ​គេ​សម្លឹង​មួយ​ភ្លែត​គោល​ការណ៍​នេះ ​គឺ​ជា​យន្តការ​ធម្មតា​ដើម្បី​ជួយ​សម្រាល​ការ​ទទួល​ខុស​ត្រូវ​នៃ​អ្នក​ដឹក​នាំ​វ័យ​ចំណាស់​កាន់​តំណែង​យូរ​រាប់​ទសវត្សរ៍។ ​ប៉ុន្តែ​ជ្រុង​មួយ​ទៀតការ​លើក​ដំឡើង​ក្រុម​យុវជន​ទាំង​នោះ​ ក៏​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​បន្សាប ​និង​បិទ​មាត់​គូ​ប្រជែង​ផ្ទៃ​ក្នុង​តាម​រយៈ​ការ​រុញ​កូន​ចៅ​របស់​ពួក​គេ​ទៅ​កាន់​មុខ​តំណែង​ជួរ​មុខ។​

ក្រុម​អ្នកវិភាគ​មិន​សូវ​យល់​ស្រប​គ្នា​លើ​កាលៈ​ទេសៈ​ដែល​លោក​ ហ៊ុន សែន​ អាច​នឹង​ផ្តល់​ឱកាស​ដល់​លោក​ ហ៊ុន ម៉ាណែត​ ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយក​រដ្ឋ​មន្ត្រី​នោះ​ទេ។​

សម្រាប់​លោក ​អ៊ូ វីរៈ ​ស្ថាបនិក​វិទ្យាស្ថាន​វេទិកា​អនាគតលោក ​ហ៊ុន សែន​ ត្រូវ​ប្រគល់​អំណាច​ឲ្យ​កូន​ប្រុស​ច្បង​កាន់​តែ​ឆាប់​កាន់​តែ​ល្អ មុន​នឹង​អ្វីៗ​អាច​នឹង​ប្រែប្រួល​នៅ​ប្រទេស​កម្ពុជា។​

ដោយ​ឡែក​លោក ​ឯម សុវណ្ណារ៉ា ​សាស្ត្រា​ចារ្យ​វិទ្យាសាស្រ្ត​នយោបាយ​ មាន​ប្រសាសន៍​ថា​លោក​ ហ៊ុន ម៉ាណែត ​ប្រហែល​ជា​មិន​អាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​បាន​ទេ ​ដរាប​ណា​ឪពុក​របស់​លោក​ គឺ​លោក ​ហ៊ុន សែន ​នៅ​កាន់​ជំហរ​បន្ត​កាន់​កាប់​អំណាច​ដប់​ឆ្នាំ​ទៅ​មុខ​ទៀត​នោះ៕