ការ​តវ៉ា​លើ​បញ្ហា​ខ្វះ​ទឹក​បង្ក​ឱ្យ​មាន​ជម្លោះ​នៅ​មជ្ឈិមបូព៌ា និង​ជា​សញ្ញា​ព្រមាន​​ដល់​រដ្ឋាភិបាល​នានា​ក្នុង​តំបន់

រូបឯកសារ៖ បុរស​ម្នាក់​ទិញ​ទឹក​បរិភោគ​នៅ​ក្រុង Basra ប្រទេស​អ៊ីរ៉ាក់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩។

នៅ​ពេល​សង្គ្រាម​ស៊ីវិល​បាន​ផ្ទុះ​ឡើង​នៅ​ស៊ីរី​កាលពី​មួយ​ទសវត្សរ៍​មុន អ្នក​តាមដាន​ស្ថានការណ៍​នៅ​មជ្ឈិមបូព៌ា​ និង​អ្នក​វិទ្យាសាស្ត្រ​មួយ​ចំនួន​បាន​អះអាង​ថា គ្រោះ​រាំងស្ងួត​គឺ​ជា​កត្តា​មួយ​ក្នុង​ចំណោម​កត្តា​សំខាន់ៗ​ផ្សេង​ទៀត​ដែល​នាំ​ឱ្យ​មាន​ជម្លោះ​នេះ។

គ្រោះ​រាំងស្ងួត​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មុន​សង្គ្រាម​បាន​បង្ក​ឱ្យ​ហិនហោច​វិស័យកសិកម្ម​នៅ​ក្នុង​តំបន់​ជាច្រើន​នៅ​ភាគ​ខាង​កើត និង​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី ដែល​នេះ​បាន​បង្ខំ​ឱ្យ​គ្រួសារ​នៅ​ជនបទ​ធ្វើ​ចំណាកស្រុក​ទៅ​ទីក្រុង​ក្នុង​ចំនួន​យ៉ាង​ច្រើន​មិន​ធ្លាប់​មាន និង​ធ្វើ​ឱ្យ​មាន​ការ​ប្រកួតប្រជែង​កាន់​តែ​ខ្លាំង​ឡើងៗ​ដើម្បី​ដណ្តើម​ធនធាន និង​ការងារ​ដែល​មិន​សូវ​មាន​រួច​ស្រាប់​ទៅ​ហើយ។​

អ្នក​វិភាគ និង​អ្នក​ការទូត​បារម្ភ​ថា ការ​ខ្វះ​ទឹក​អាច​ក្លាយ​ជា​មូលហេតុ​នៃ​ការ​បះបោរ និង​ងើប​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់ និង​បាន​ចង្អុល​បង្ហាញ​ថា ជម្លោះ​ដណ្តើម​ប្រភព​ទឹក​រវាង​រដ្ឋ​ជិតខាង និង​ការ​តវ៉ា​លើ​ការ​ខ្វះ​ទឹក​ដែល​បាន​ផ្ទុះ​ឡើង​នៅ​ឆ្នាំ​នេះ​នៅ​កន្លែង​ជាច្រើន​ក្នុង​តំបន់​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាង​ជើង​ជា​សញ្ញា​ប្រាប់​ឱ្យ​ដឹង​មុន​ពី​វិបត្តិ​សង្គម និង​នយោបាយ​កាន់​តែ​វែងឆ្ងាយ​នៅ​ពេល​ខាង​មុខ។ ​

​នៅ​ប្រទេស​អាល់ហ្សេរី អ៊ីរ៉ង់ អ៊ីរ៉ាក់ ស៊ូដង់ និង​យេម៉ែន​សុទ្ធ​តែ​មានកើត​ការ​ខឹងសម្បា​ពាក់ព័ន្ធ​នឹង​គ្រោះ​រាំងស្ងួត​ ហើយ​ប្រជាពលរដ្ឋ​កំពុង​បន្ទោស​ដល់​ការ​គ្រប់គ្រង​មិន​ល្អ​របស់​រដ្ឋាភិបាល និង​អំពើ​ពុករលួយ​ចំពោះ​ការ​ខ្វះ​ទឹក និង​បម្រែបម្រួល​អាកាសធាតុ។

រូបឯកសារ៖ ប្រជាជន​នាំ​គ្នា​តម្រង់​ជួរ​រង់ចាំ​ដង​ទឹក​នៅ​ជាយ​រដ្ឋធានី Juba ប្រទេស​ស៊ូដង់​ខាង​ត្បូង ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩។

ប្រទេស​អ៊ីរ៉ង់

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ បើ​យោង​តាម​អាជ្ញាធរ មនុស្ស​យ៉ាង​ហោច​ណាស់ ៣ នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​តវ៉ា​ហិង្សា​មួយ​រយៈពេល​រាប់​សប្តាហ៍​លើ​ការ​ខ្វះ​ទឹក​នៅ​ក្នុង​ខេត្ត Khuzestan នៅ​ភាគ​និរតី​នៃ​ប្រទេស និង​នៅ​ក្នុង​ទីក្រុង Aligoodarz ក្នុង​ខេត្ត Lorestan។ សារព័ត៌មាន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​អ៊ីរ៉ង់​និយាយ​ថា ការ​ស្លាប់​នេះ​គឺ​បណ្តាល​មក​ពី «ការ​បាញ់​គ្រាប់​កាំភ្លើង​ដែល​គួរ​ឱ្យ​សង្ស័យ​ដោយ​មនុស្ស​មិន​ស្គាល់មុខ​មួយ​ចំនួន»។

ក្រុម​ប្រឆាំង​នៅ​អ៊ីរ៉ង់​និយាយ​ថា អាជ្ញាធរ​អ៊ីរ៉ង់​បាន​ចាត់ទុក​ការ​តវ៉ា​លើ​ការ​ខ្វះ​ទឹកនេះ​ដូច​គ្នា​នឹង​របៀបដែល​ពួកគេបាន​ដោះស្រាយចំពោះ​ការ​តវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​អ៊ីចឹង​ដែរ។ ពួកគេ​ព្យាយាម​គ្រប់គ្រង​ការ​តវ៉ា​ទៅ​តាម​ភូមិសាស្ត្រ​ដោយ​បង្អាក់​ព័ត៌មាន និង​បិទ​សេវា​អ៊ីនធឺណិត និង​បិទខ្ទប់​បណ្តាញ​សង្គម។

ពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​ប្រាប់ VOA ថា អ្នក​តវ៉ា​ត្រូវ​បាន​ប៉ូលិស​ និង​ភ្នាក់ងារ​សន្តិសុខ​បាញ់​សម្លាប់ និង​ថា ចំនួន​ស្លាប់​មាន​ច្រើន​លើស​ពី ៣ នាក់​ទៅ​ទៀត។​ អង្គការ Amnesty International និយាយ​ថា អ្នក​តវ៉ា​យ៉ាង​ហោច​ណាស់​ ៨ នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ទីក្រុង​ចំនួន ៧ ក្នុង​ប្រទេស​អ៊ីរ៉ង់​ក្នុង​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ និង​ថា កងកម្លាំង​សន្តិសុខ​បាន​បាញ់​ប្រហារជាមួយ​នឹង​គ្រាប់​កាំភ្លើង​ពិត និង​គ្រាប់​កាំភ្លើង​បាញ់​សត្វ​ស្លាប​ដើម្បី​ព្យាយាម​បង្ក្រាប​ការ​តវ៉ា។​

អ្នកនាង Diana Eltahawy នៃ​អង្គការ Amnesty International ថ្លែង​ប្រាប់ VOA ក្នុង​សម្តី​ដើម​ថា៖ «ការ​ប្រើប្រាស់​គ្រាប់​កាំភ្លើង​ពិត​ទៅ​លើ​អ្នក​តវ៉ា​មិន​មាន​អាវុធ​ដែលមិន​អាច​បង្ក​ឱ្យ​មាន​ការ​គំរាមកំហែង​ភ្លាមៗ​ដល់​អាយុជីវិត​នោះ ​គឺ​ជា​ការ​បំពាន​កាតព្វកិច្ច​របស់​អាជ្ញាធរ​ក្នុង​ការ​ការពារ​អាយុជីវិត​របស់​ពលរដ្ឋ។ អ្នក​តវ៉ា​នៅ​អ៊ីរ៉ង់​ដែល​ចូលរួម​ការ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​ដើម្បី​បញ្ចេញ​យោបល់​ដោយ​ស្រប​ច្បាប់​ពី​ភាព​អយុត្តិធម៌​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច ប្រឈម​មុខ​នឹង​គ្រាប់​កាំភ្លើង ឧស្ម័ន​ទឹក​ភ្នែក និង​ការ​ចាប់​ខ្លួន»។​

ប្រធាន​ផ្នែក​ឧតុនិយម​អ៊ីរ៉ង់​បាន​និយាយ​ថា អាកាសធាតុរាំងស្ងួត​ហួតហែង​បំផុត​ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​ ៥៣ ឆ្នាំ​ចុងក្រោយ​នេះ មាន​ចាប់ពី​ខែតុលា ឆ្នាំ២០២០ ដល់​ពាក់​កណ្តាល​ខែមិថុនា ឆ្នាំ២០២១។ រដ្ឋមន្ត្រី​ថាមពល​អ៊ីរ៉ង់​បាន​ទទួល​ស្គាល់​ថា ប្រទេស​លោក​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​ខ្វះ​ទឹក។

លោក Kaveh Madani ជា​អតីត​អនុរដ្ឋមន្ត្រី​បរិស្ថាន​អ៊ីរ៉ង់​ និង​ជា​អ្នក​ស្រាវជ្រាវ​ម្នាក់​នៅ​សាកលវិទ្យាល័យ Yale នៅ​ពេល​ឥឡូវ​នេះ។ លោក​បាន​បង្ហោះ​សារ​នៅ​ក្នុង​បណ្តាញ Twitter ថា ការ​ប្រឈម​នឹង​បញ្ហា​ខ្វះ​ទឹក​របស់​អ៊ីរ៉ង់​គឺជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​យ៉ាង​ខ្លាំង​នៅ​ពេល​នេះ «ដែល​ផលប៉ះពាល់​របស់​វា​នឹង​មិន​អាច​បញ្ចៀស​បាន​ទេ ប្រសិនបើ​មិន​មាន​ការ​ផ្លាស់ប្តូរ​ជា​មូលដ្ឋាន​ក្នុង​ទម្រង់នៃ​ការ​អភិវឌ្ឍ និង​សេដ្ឋកិច្ច​នោះ។ ការ​ផ្លាស់ប្តូរ​ជា​មូលដ្ឋាន​ត្រូវ​ការ​ឆន្ទៈ​នយោបាយ និង​ធនធាន​សេដ្ឋកិច្ច»។

រូបឯកសារ៖ នៅ​ក្នុង​រូបថត​ដែល​គ្មាន​កាល​បរិច្ឆេទ​នេះ បង្ហាញ​ពី​ប្រជាជន​អ៊ីរ៉ង់​នាំ​គ្នា​រង់ចាំ​ត្រង់ទឹក​យក​ទៅ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។

ការ​គ្រប់គ្រង​មិន​បាន​ល្អ និង​អំពើ​ពុករលួយ

លោក Madani បាន​លើក​ឡើង​ជាច្រើន​ឆ្នាំ​មក​ហើយ​ថា អ្នក​វិភាគ​នៅ​លោក​ខាង​លិច​ជារឿយៗ​មើល​រំលង​សារៈសំខាន់​របស់​ទឹកក្នុង​នាម​ជា​កត្តា​មួយ​រួម​ចំណែក​ដល់​ជម្លោះ​នៅ​មជ្ឈិមបូព៌ា ហើយ​គ្រោះ​រាំងស្ងួត​ជា​កាតាលីករ​ធ្វើ​ឱ្យ​មាន​អស្ថិរភាព​នយោបាយ និង​សង្គម។ គ្រោះ​រាំងស្ងួត​តែងតែ​កើត​មាន​ជា​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​តំបន់​រាំងស្ងួត ប៉ុន្តែ​ការ​ខ្វះ​ទឹក​បាន​ក្លាយ​ជា​បញ្ហា​កាន់​តែ​តានតឹង និង​កាន់​តែ​យូរ​ ដោយសារ​តែ​រដូវ​ក្តៅ​មាន​រយៈពេល​កាន់​តែ​យូរ​ ហើយ​សីតុណ្ហភាព​កាន់​តែ​ក្តៅ និង​មាន​កម្រិត​ទឹក​ភ្លៀង​តិច។ អ្នក​វិទ្យាសាស្ត្រ​ផ្នែក​អាកាសធាតុ​និយាយ​ថា បញ្ហា​នេះ​បណ្តាល​មក​ពី​ការ​ឡើង​កម្តៅ​ភពផែនដី។

ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​នយោបាយ និង​ធារាសាស្ត្រ​និយាយ​ថា ការ​គ្រប់គ្រង​ខុស​ផ្នែក​នយោបាយ និង​អំពើ​ពុករលួយ​ក្នុង​ជួរ​រដ្ឋាភិបាល​គឺជា​មូលហេតុ​ចម្បង​មួយសម្រាប់​គ្រោះ​រាំងស្ងួត​ទាំង​នេះ។ លោក Nik Kowsar ដែល​ជា​ភូគព្ភវិទូ និង​អ្នក​វិភាគ​ទឹក​សញ្ជាតិ​កាណាដា​ដើម​កំណើត​អ៊ីរ៉ង់​បាន​ប្រតិកម្ម​ដោយ​ខឹងសម្បា​ចំពោះ​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​លោក​ខាង​លិច​ថា បាន​ផ្តោត​ស្ទើរ​តែ​ទាំង​ស្រុង​លើ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ។

លោក Nik Kowsar បាន​បង្ហោះ​សារ​ក្នុង​បណ្តាញ Twitterថា៖ «ការ​កាត់បន្ថយ​ការ​រួមចំណែក​ខ្លាំង​របស់​រដ្ឋាភិបាល​ក្នុង​ការ​បំផ្លាញ​ធនធាន​ទឹក​ដោយ​លើក​ឡើង​ពី​បម្រែបម្រួល​អាកាសធាតុ ឬ​គ្រោះ​រាំងស្ងួត​មុន​គេ​គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​សោះ។ របប​ដឹកនាំ​នេះ​បាន​បង្កើត​ឱ្យ​មាន​គ្រោះ​រាំងស្ងួត​ដែល​បង្ក​ដោយ​មនុស្ស​នេះ»។ លោកKowsar បាន​រិះគន់​ដល់​ការ​គ្រប់គ្រង​ធនធាន​ទឹក​របស់​អ៊ីរ៉ង់​ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ១៩៩០ ជាពិសេស​គឺ​ការ​ផ្តោត​ខ្លាំង​របស់​រដ្ឋាភិបាល​លើ​ការ​សាងសង់​ទំនប់​ទឹក ដែល​លោក​ថា នេះ​ជា​ដំណោះស្រាយ​រយៈពេល​ខ្លី​ចំពោះ​បញ្ហា​រយៈពេល​វែង។ លោក Kowsar ថា ទំនប់​ទឹក​ធំៗ​នៅ​ក្នុង​ប្រទេស​ក្តៅ​ស្ងួត​នេះ​គឺ​ជា​ខាតបង់​ពេលវេលា​ ដោយសារ​តែ​ទឹក​ជាច្រើន​នឹង​ហួត​ចេញ​ពី​អាង​ស្តុក​ទឹក​ទាំង​នោះ។

អ្នក​រិះគន់​និយាយ​ថា ប្រទេស​អ៊ីរ៉ាក់​ជិត​ខាង​ក៏​កំពុង​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ទឹក​រ៉ាំរ៉ៃ​ និង​ធ្ងន់ធ្ងរ ហើយ​ការ​សាងសង់​ទំនប់​ទឹក​របស់​ខ្លួន​ក៏​បាន​បង្ហាញ​ថា មិន​មាន​ប្រសិទ្ធភាព​ផង​ដែរ។ អង្គការ Chatham House របស់​ចក្រភព​អង់គ្លេស​បាន​រាយការណ៍​នៅ​ក្នុង​ការ​សិក្សា​មួយ​កាលពី​ដើម​ឆ្នាំ​នេះ​ថា «ការ​ហួត​ចេញ​ពី​ទំនប់​ទឹក និង​អាង​ស្តុក​ទឹក​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ​បាត់បង់​ទឹក​រហូត​ដល់ ៨ ពាន់​លាន​ម៉ែត្រគូប​ជា​រៀងរាល់​ឆ្នាំ»។

រូបឯកសារ៖ ជនភៀសខ្លួន​ស៊ីរី​នាំ​គ្នា​ទៅ​ត្រង់​ទឹក​នៅ​ជំរំ Rukban ដែល​ស្ថិត​នៅ​ព្រំប្រទល់​រវាង​ប្រទេស​ហ្ស៊កដានី និង​ប្រទេស​ស៊ីរី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦។

ក្រុម​ការងារ​ស្រាវជ្រាវ​នៅ​មជ្ឈិមបូព៌ា​ក្នុង​របាយការណ៍​នោះ​បាន​និយាយ​ថា៖ «ជា​ប្រវិត្តសាស្ត្រ​ អ៊ីរ៉ាក់ ជា​ប្រទេស​មួយ​ដែល​មាន​ការ​ផ្គត់ផ្គង់​ទឹក​ច្រើន​បំផុត​នៅ​មជ្ឈិមបូព៌ា។ ប៉ុន្តែ​ការ​ហូរ​នៃ​ទន្លេ Tigris and Euphrates បាន​កាត់​បន្ថយ​រហូត​ដល់​ ៤០% ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ១៩៧០​មក មួយ​ផ្នែក​ដោយសារ​តែ​សកម្មភាព​របស់​ប្រទេស​ជិតខាង​ជាពិសេស​គឺ​ប្រទេស​តួកគី ដែល​ស្ថិត​នៅ​ខ្សែ​ទឹក​ខាង​លើ។ ការ​កើន​ឡើង​សីតុណ្ហភាព និង​ការ​កាត់បន្ថយ​ចំនួន​ទឹក​ភ្លៀង​ ដោយសារ​បម្រែបម្រួល​អាកាសធាតុ​ក៏​បាន​ជះ​ផលអវិជ្ជមាន​ដល់​ធនធាន​ទឹក​អ៊ីរ៉ាក់​ផង​ដែរ»។​

ក្រុម​អ្នក​ស្រាវជ្រាវ​ទាំង​នោះ​បាន​កត់សម្គាល់​ថា៖ «ការ​ខ្វះ​ទឹក​ក៏​អាច​ជា​មូលហេតុ​បង្ក​ឱ្យ​មាន​ជម្លោះ​ផង​ដែរ។ សហគមន៍​ដែល​ប្រឈម​មុខ​នឹង​គ្រោះ​រាំងស្ងួត​ជាប់ៗ​គ្នា​ និង​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​បាន​ក្លាយ​ជា​គោលដៅ​ដ៏​ស្រួល​សម្រាប់​អ្នក​ជ្រើសរើស​ឱ្យ​ចូលរួម​នឹង​ក្រុមរដ្ឋ​អ៊ីស្លាម​ជ្រុល​និយម ISIS។ ក្រុម​ជ្រុល​និយម​នេះ​ព្យាយាម​ទាក់ទាញ​កសិករ​ឱ្យ​ចូលរួម​ជាមួយ​ពួកគេ​តាមរយៈ​ការ​ឱ្យ​ប្រាក់ និង​ស្បៀងអាហារ​ដើម្បី​ចិញ្ចឹម​គ្រួសារ​របស់​ពួកគេ។ ភាព​លំបាក​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​អ្នក​ដែល​ជីវភាព​ត្រូវ​ពឹងផ្អែក​លើ​ទឹក​ទន្លេ​ក៏​បាន​បង្ខំ​ឱ្យ​អ្នក​នៅ​ជនបទ​ធ្វើ​ចំណាកស្រុក​ទៅ​ទីក្រុង។ ការណ៍​នេះ​ធ្វើ​ឱ្យ​ទីក្រុង​ និង​ទីប្រជុំជន​ដែល​មាន​មនុស្ស​កកកុញ​រួច​ទៅ​ហើយ​មាន​បញ្ហា​កាន់​តែ​ច្រើន ធ្វើ​ឱ្យ​កាន់​តែ​មាន​ការ​ខ្វះខាត​ថាមពល​អគ្គិសនី ការងារ និង​ផ្ទះសម្បែង​ស្នាក់នៅ និង​ធ្វើ​ឱ្យ​គម្លាត​រវាង​អ្នក​មាន និង​អ្នក​ក្រ​កាន់​តែ​ធំ​ទៅៗ»។​

ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​នេះ កសិករ និង​រដ្ឋាភិបាល​នៅ​ទូទាំង​តំបន់​កំពុង​បូម​ទឹក​ពី​ក្រោម​ដី​យ៉ាង​ច្រើន​ ដែល​ក្នុង​រយៈពេល​វែង​វា​មិន​មាន​ចិរភាព​ទេ​ និង​មាន​ហានិភ័យ​ធ្វើ​ឱ្យ​ដី​ដែល​មាន​ជីវជាតិ​ក្លាយ​ទៅ​ជា​វាលខ្សាច់។ នៅ​ក្នុង​ឆ្នាំ២០១៥ ផ្កាយរណប​របស់​ទីភ្នាក់ងារ​អវកាសណាសា​ (NASA) របស់​អាមេរិក បាន​បង្ហាញ​ពី​ការ​បាត់បង់​ទឹក​សាប​កាន់​តែ​ច្រើន​ឡើងៗ​នៅ​ក្នុង​តំបន់ ចាប់​តាំង​ពី​ឆ្នាំ២០០២​មក​ និង​រកឃើញ​ថា​ ទឹក​ក្រោម​ដី​កាន់​តែ​រាក់​ពី ១៥ សង់ទីម៉ែត្រ​ទៅ ២៥ សង់ទីម៉ែត្រ​នៅ​ក្នុង​ផ្នែក​មួយ​ចំនួន​ក្នុង​ប្រទេស​អ៊ីរ៉ង់ និង​អ៊ីរ៉ាក់​មួយ​ផ្នែក​ធំ​ដោយសារ​តែ​សកម្មភាព​របស់​មនុស្ស។

បេសកកម្ម Gravity Recovery and Climate Experiment របស់​ទីភ្នាក់ងារ​ណាសា​បាន​រាយការណ៍​ថា៖ «ការ​បាត់បង់​ទឹក​ក្រោម​ដី​នៅ​តួកគី ស៊ីរី អ៊ីរ៉ាក់ និង​អ៊ីរ៉ង់ និង​នៅ​តាម​ឧបទ្វីប​អារ៉ាប់​នឹង​នាំ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ខ្លាំង​ចំពោះ​ការ​ខ្វះខាត​ទឹក​សរុប​នៅ​ក្នុង​តំបន់។ ដូច​គ្នា​នេះ​ដែរ គ្រោះ​រាំងស្ងួត និង​ការ​បូម​ទឹក​ពី​ក្រោម​ដី​នឹង​រួម​ចំណែក​ធ្វើ​ឱ្យ​តំបន់​សមុទ្រ Caspian រីងស្ងួត។ ប្រព័ន្ធ​ផ្លូវ​ទឹកហូរ​នៅ​តំបន់​វាលខ្សាច់​សាហារ៉ា​ភាគ​ពាយព្យ ដែល​ស្ថិត​នៅ​ក្រោម​ដែនដីក្នុង​ប្រទេស​ទុយនីស៊ី និង​លីប៊ី​ក៏​កំពុង​ប្រឈម​នឹង​សម្ពាធ​ទឹក​កើន​ឡើង​ផង​ដែរ»។​

ខណៈ​វិបត្តិ​នេះ​កាន់​តែ​វិវត្ត​ទៅ​មុខ ក៏​មាន​ហានិភ័យ​នៃ​ជម្លោះ​រវាង​រដ្ឋ​ជិត​ខាង​ដែល​ប្រកួត​ដណ្តើម​គ្នា​យក​ធនធាន​ទឹក​ដែល​មាន​តិចតួច។ នៅ​ក្នុង​ខែមេសា​កន្លង​ទៅ លោក Abdel Fattah al-Sisi មេដឹកនាំ​អេហ្ស៊ីប​បាន​ព្រមាន​ពី​ហានិភ័យ​នៃ​ជម្លោះ​លើ​ទំនប់​ទឹក​ដ៏​ធំរបស់​អេត្យូពី​នៅ​ទន្លេ Blue Nile បន្ទាប់​ពី​កិច្ចចរចា​លើ​បញ្ហា​ទឹក​រវាង​ប្រទេស​ទាំង​ពីរ និង​ប្រទេស​ស៊ូដង់​បាន​បញ្ចប់​ទៅ​ដោយ​មិន​មាន​លទ្ធផល។ លោក ​Abdel Fattah al-Sisi បាន​ព្រមាន​ថា៖ «ខ្ញុំ​កំពុង​ប្រាប់​បងប្អូន​យើង​នៅ​អេត្យូពី​ថា មិន​គួរ​ឈាន​ដល់​ចំណុច​ដែល​អ្នក​ត្រូវ​ប៉ះពាល់​ដំណក់ទឹក​របស់​អេហ្ស៊ីប​នោះ​ទេ ដោយសារ​តែ​ជម្រើស​ទាំង​អស់​នៅ​តែ​បើក​ចំហ​នៅ​ឡើយ»៕