ក្រុមកីឡាករ និងកីឡាការីនីអុំទូកបានស្រែកយ៉ាងកងរំពងនៅលើទឹកទន្លេពីមុខព្រះបរមរាជវាំង។ សំឡេងស្រែកនេះគឺជាការហាត់សមមុនពេលនៃពិធីបុណ្យអុំទូកគ្រោងនឹងចាប់ផ្តើមឡើងនៅថ្ងៃពុធស្អែកនេះ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃសុក្រខាងមុខនេះ។
កីឡាករអុំទូកស្រែកថា៖ «យក្សអរៗៗ លេងមិនលេងៗៗ ឈ្នះឬអត់ ឈ្នះៗៗ ឈ្នះហោមួយមក!»
ក្រោយពីបានហាត់សមមួយជុំ ទូកឈ្មោះ 'ថេងសជ័យបារមីក្រពើហា' បានរំកិលខ្លួនចូលចតច្រាំងទន្លេនៅពីមុខវត្តឧណ្ណាលោម។
ទូកនេះជាប្រភេទទូកអុំខ្នាតធំដែលមានប្រវែងបណ្តោយ៣៤ម៉ែត្រ២តឹកនិងមានកីឡាករចំនួន៧៤នាក់មកពីខេត្តកណ្តាល។
គ្រងសម្លៀកបំពាក់ពណ៌ក្រហមចាស់ 'ទូកថេងជ័យបារមីក្រពើហា'រំពឹងថា នឹងទទួលបានជ័យជំនះសម្រាប់ឆ្នាំនេះ។ នេះបើតាមការបញ្ជាក់របស់លោកផា សុផល អ្នកគ្រប់គ្រងទូក។
លោកនិយាយថា៖«ឆ្នាំនេះប្រហែលជាបានលេខមួយទៀត បាទ! សំខាន់គឺនៅលើកីឡាករទាំងអស់ហ្នឹងវាហ្វឹកហ្វឺនបានយូរ ហើយបច្ចេកទេសអុំក៏បានត្រឹមត្រូវ ហើយការដឹកនាំក៏វាល្អប្រសើរ។ កីឡាករចេះសាមគ្គីគ្នា ដូច្នេះទូកវាអាចលឿន»។
នៅលើផ្ទៃទឹកទន្លេពីមុខព្រះបរមរាជវាំងតាំងពីព្រឹកព្រលឹមស្រាងៗ កីឡាករនិងកីឡាការិនីចាប់ផ្តើមហ្វឹកហ្វាត់មុនការប្រកួតចាប់ផ្តើម។ ចំណែកនៅតាមសួនច្បារវិញមានចងខ្សែព័ទ្ធជុំវិញមិនឲ្យមនុស្សដើរឆ្លងកាត់ទេ។
លោកឡុង នី អ្នកដឹកនាំក្រុមទូកចែវផ្នែកបុរស និងស្រ្តីឈ្មោះ'សំហេងសែនដែកជះបារមីសារាវ័ន្តដែកជោ' និង 'ដូនពេញសែនជ័យសារាវ័ន្តតេជោ'មានចំណុះ២២នាក់មានប្រសាសន៍ថា ទូករបស់លោកទើបនឹងហ្វឹកហ្វាត់រយៈពេល២ថ្ងៃតែប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា ទូករបស់លោកទាំងផ្នែកនារី និងបុរសតែងតែទទួលបានជ័យជំនះលេខមួយជារៀងរាល់ការប្រកួត។
លោកនិយាយថា៖ «ត្រៀមលក្ខណៈហ្វឹកហ្វាត់ដើម្បីឲ្យកម្លាំងមាំមួនហើយកម្លាំងអត់សូវហត់ដើម្បីយកជ័យជំនះលើដៃគូ»។
នៅមិនឆ្លាយប៉ុន្មានពីដៃគូរបស់ខ្លួន កីឡាការិនីមួយរូបផ្សេងទៀតមានជំនឿថា នឹងទទួលបានជ័យជំនះក្នុងការប្រកួតនាពេលខាងមុខនេះ។
អ្នកស្រីនិយាយថា៖ «មានយុទ្ធសាស្ត្រថា ប្រឹងពីកងព័ន្ធទីមួយរហូតដល់កងព័ន្ធទីបញ្ចប់តែម្តង។ ប្រឹងរហូតតែម្តង ទោះបីធ្លាក់ដៃយ៉ាងណាក៏ត្រូវតែមកដែរ។ ត្រូវតែមកដល់ទីបញ្ចប់តែម្តង»។
ពិធីបុណ្យអុំទូកបានអាក់ខានរយៈពេលបីឆ្នាំក្រោយពីព្រឹត្តិការណ៍រត់ជាន់គ្នានៅថ្ងៃពិធីបុណ្យអុំទូកកាលពីឆ្នាំ២០១០ដែលបានបណ្តាលឲ្យមនុស្សស្លាប់និងរងរបួសជិតមួយពាន់នាក់។
នៅឆ្នាំនេះរដ្ឋាភិបាលបានអនុញ្ញាតឲ្យមានពិធីបុណ្យអុំទូកឡើងវិញដែលគេរំពឹងថា នឹងមានមនុស្សច្រើនរាប់សែននាក់មកពីតាមបណ្តាខេត្តនានាមកទស្សនាពិធីបុណ្យអុំទូកក្នុងទីក្រុងភ្នំពេញ។
កំពុងតែត្រួតពិនិត្យតាមគោលដៅឈរជើងរបស់ក្រុមគ្រួពេទ្រប្រចាំការនៅពីមុខវត្តឧណ្ណាលោម លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលមានប្រសាសន៍ថា ក្រសួងបានបញ្ជូនបុគ្គលិកពេទ្រប្រមាណ៥០០នាក់ឈរជើង២៤គោលដៅ ព្រមទាំងមានបុគ្គលិកស្ម័គ្រចិត្តពីកាកបាទក្រហមកម្ពុជាដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋនៅថ្ងៃបុណ្យអុំទូក។
លោកនិយាយថា៖ «សំខាន់បំផុតគឺយើងរៀបស្ថានីយនេះ ទីមួយប្រសិនបើជាមនុស្សដែលអាចដឹងខ្លួនថា ឈឺ យើងអញ្ជើញគាត់មក។ ប៉ុន្តែបើសំខាន់បំផុតណែនាំឲ្យប្រជាពលរដ្ឋយើងពេលវិលមុខ ឬស្រវាំងភ្នែកត្រូវអង្គុយ ឲ្យគាត់អង្គុយ កុំដើរទៅណា ហើយប្រាប់បងប្អូន ឬមួយក៏អ្នកមកជាមួយដើម្បីទាក់ទងជាមួយនឹងសន្តិសុខយើង។ យើងធ្វើការជាមួយហ្នឹងក្រសួងមហាផ្ទៃ ជាមួយសន្តិសុខជាតិ»។
លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលាក្រុងភ្នំពេញ មានប្រសាសន៍ថា សាលាក្រុងភ្នំពេញបានត្រៀមទាំងកម្លាំងសន្តិសុខ ទាំងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងកងអង្គរក្សប្រមាណ១ម៉ឺននាក់ដើម្បីការពារសុវត្ថិភាពពេលបុណ្យអុំទូក។
លោកមានប្រសាសន៍ថា បង្គន់ចល័តសារធារណះមានដាក់ពង្រាយប្រមាណ២១០គ្រឿងនៅតាមទីប្រជុំជនសំខាន់ៗ៕