ស្របពេលដែលរដ្ឋមួយចំនួនក្នុងសហរដ្ឋអាមេរិកនៅបន្តរាប់សន្លឹកឆ្នោតនៃការបោះឆ្នោតជាតិកាលពីថ្ងៃអង្គារទី ៣ ខែវិច្ឆិកាកន្លងទៅនេះ រដ្ឋ Georgia បានប្រកាសកាលពីថ្ងៃសុក្រទី ៦ ខែវិច្ឆិកាថា ខ្លួននឹងរាប់សន្លឹកឆ្នោតឡើងវិញ ដោយសារចំនួនសន្លឹកឆ្នោតមានគម្លាតពីគ្នាបន្តិចបន្តួចរវាងលោកប្រធានាធិបតី Donald Trump ខាងគណបក្សសាធារណរដ្ឋ និងលោក Joe Biden ខាងគណបក្សប្រជាធិបតេយ្យ។
រយៈពេលនៃការរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងរដ្ឋនីមួយៗអាស្រ័យលើកត្តាមួយចំនួនដូចជា ការប្ដឹងផ្ដល់និងវិវាទផ្សេងៗទៀត។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏មានកាលបរិច្ឆេទកំណត់ពីរនៅក្នុងខែធ្នូដែលត្រូវចងចាំ។ ថ្ងៃទី ៨ ខែធ្នូ ឬ «safe harbor deadline» គឺជាថ្ងៃដែលរដ្ឋទាំងឡាយត្រូវដោះស្រាយឲ្យបានរួចរាល់នូវរឿងចម្រូងចម្រាសនានានៃការបោះឆ្នោត បើមិនដូច្នេះទេសភានឹងចូលពាក់ព័ន្ធ។ ថ្ងៃទី ១៤ ខែធ្នូ គឺជាថ្ងៃបោះឆ្នោតរបស់អង្គបោះឆ្នោតដើម្បីជ្រើសរើសប្រធានាធិបតី។
ប្រសិនបើរដ្ឋណាមួយមានជម្លោះមិនទាន់ដោះស្រាយរួចនៅក្រោយថ្ងៃទី ១៤ ខែធ្នូ អង្គនីតិបញ្ញត្តិនៃរដ្ឋនោះ នឹងជ្រើសរើសសមាជិកនៃអង្គបោះឆ្នោតរបស់ខ្លួន ដើម្បីសម្រេចអំពីអ្នកឈ្នះនៅក្នុងរដ្ឋនោះ។
បើតាមវិសោធនកម្មទី ១៤ នៃច្បាប់រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ប្រសិនបើគ្មានបេក្ខជនណាម្នាក់ទទួលបានសំឡេងភាគច្រើននៃសំឡេងឆ្នោតសរុបរបស់សមាជិកអង្គបោះឆ្នោត សភានឹងជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃទី ៦ ខែមករា។
ខាងក្រោមនេះគឺជានីតិវិធីនៃការរាប់សន្លឹកឆ្នោតឡើងវិញនៅតាមរដ្ឋមួយចំនួន ដែលទំនងជានឹងធ្វើនៅពេលប៉ុន្មានថ្ងៃខាងមុខ។
រដ្ឋ Arizona
ការរាប់សន្លឹកឆ្នោតឡើងវិញនឹងធ្វើឡើងដោយស្វ័យប្រវត្តិ ប្រសិនបើសន្លឹកឆ្នោតដែលបេក្ខជនណាម្នាក់ទទួលបានមានចំនួនតិចជាងបេក្ខជនម្នាក់ទៀតចំនួន ០,១% ឬក៏ស្មើនឹងចំនួននេះ នៃសន្លឹកឆ្នោតសរុបដែលបានបោះ។
អ្នកបោះឆ្នោតឬបេក្ខជនមិនអាចសុំដោយផ្ទាល់ឱ្យមានការបោះឆ្នោតឡើងវិញទេ។ អ្នកបោះឆ្នោតអាចជំទាស់នឹងលទ្ធផលនៃការបោះឆ្នោតតាមរយៈប្រព័ន្ធតុលាការប្រចាំរដ្ឋ Arizona ប្រសិនបើពួកគេយល់ថា ការបោះឆ្នោតបានប្រព្រឹត្តឡើងដោយមិនត្រឹមត្រូវ។ មិនមានកាលបរិច្ឆេទកំណត់ដើម្បីបញ្ចប់ការរាប់សន្លឹកឆ្នោតឡើងវិញនោះទេនៅរដ្ឋ Arizona។
យុត្តាធិការនៃរដ្ឋ Arizona ជាអ្នកចំណាយលើការរាប់សន្លឹកឆ្នោតឡើងវិញ។
រដ្ឋ Georgia
បេក្ខជនអាចស្នើឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ ប្រសិនបើចំនួនខុសគ្នានៃសន្លឹកឆ្នោតគាំទ្របេក្ខជនមានតិចជាង ០,៥% នៃចំនួនសន្លឹកឆ្នោតដែលបានបោះសរុប។ ការរាប់សន្លឹកឆ្នោតឡើងវិញតម្រូវឱ្យធ្វើក្នុងអំឡុងពេល ២ ថ្ងៃនៃថ្ងៃធ្វើការ ក្រោយពីលទ្ធផលនៃការបោះឆ្នោតត្រូវបានប្រកាសជាផ្លូវការមក។
ទាក់ទិននឹងការចំណាយលើការរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងរដ្ឋ Georgia នេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយថាភាគីណាដែលរ៉ាប់រងលើការចំណាយនេះ។
រដ្ឋ Michigan
ការរាប់សន្លឹកឆ្នោតឡើងវិញនឹងធ្វើឡើងដោយស្វ័យប្រវត្តិ ប្រសិនបើសន្លឹកឆ្នោតគាំទ្របេក្ខជនមានគម្លាតខុសគ្នាចំនួន ២.០០០ សំឡេង ឬតិចជាងនេះ។ បេក្ខជនក៏អាចស្នើឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញផងដែរ ប្រសិនបើបេក្ខជននោះមានឱកាសសមហេតុសមផលថាអាចនឹងឈ្នះការបោះឆ្នោត។
សំណើសុំឱ្យរាប់សន្លឹកឆ្នោតឡើងវិញ ត្រូវធ្វើក្នុងពេល ៤៨ ម៉ោង បន្ទាប់ពីលទ្ធផលឆ្នោតត្រូវបានប្រកាសផ្លូវការ។
បេក្ខជនដែលសុំឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញគឺជាអ្នកដែលរ៉ាប់រងលើការចំណាយ។
រដ្ឋ Nevada
គ្មានការរាប់សន្លឹកឆ្នោតឡើងវិញដែលធ្វើឡើងដោយស្វ័យប្រវត្តិនៅក្នុងរដ្ឋនេះទេ ក៏ប៉ុន្តែ បេក្ខជន ឬអ្នកបោះឆ្នោតអាចស្នើឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញបាន ទោះបីជាគម្លាតសន្លឹកឆ្នោតរវាងបេក្ខជននីមួយៗខុសគ្នាប៉ុណ្ណាក៏ដោយ។
ការស្នើរាប់សន្លឹកឆ្នោតឡើងវិញ ត្រូវធ្វើឡើងក្នុងអំឡុងពេល ៣ ថ្ងៃ ក្រោយពីលទ្ធផលផ្លូវការត្រូវបានប្រកាស។
បេក្ខជនដែលស្នើឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញគឺជាអ្នកដែលរ៉ាប់រងលើការចំណាយ។
រដ្ឋ North Carolina
រដ្ឋ North Carolina មិនមានការរាប់សន្លឹកឆ្នោតដោយស្វ័យប្រវត្តិទេ។ ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់បេក្ខជននីមួយៗអាចស្នើសុំឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ ប្រសិនបើគម្លាតចំនួនសន្លឹកឆ្នោតស្ថិតក្នុងរង្វង់ ០,៥% នៃសន្លឹកឆ្នោតសរុបដែលបានបោះ។
ការស្នើរាប់សន្លឹកឆ្នោតឡើងវិញត្រូវធ្វើក្នុងអំឡុងពេល ២ ថ្ងៃ ក្រោយពីការប្រកាសលទ្ធផលផ្លូវការ។
ច្បាប់រដ្ឋ North Carolina មិនបានចែងថានរណាដែលជាអ្នករ៉ាប់រងសម្រាប់ការចំណាយលើការរាប់សន្លឹកឆ្នោតឡើងវិញទេ។
រដ្ឋ Pennsylvania
ប្រសិនបើគម្លាតសន្លឹកឆ្នោតស្ថិតក្នុងរង្វង់ ០,៥% ការរាប់សន្លឹកឆ្នោតឡើងវិញនឹងចាប់ផ្តើមធ្វើជាស្វ័យប្រវត្តិ។
ប្រសិនបើអ្នកបោះឆ្នោត ៣ នាក់ អះអាងថាមានបញ្ហា ឬមានការបន្លំសន្លឹកឆ្នោត ពួកគេអាចដាក់ពាក្យបណ្តឹងទៅតុលាការប្រចាំរដ្ឋនេះឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញបាន។
ប្រសិនបើការរាប់សន្លឹកឆ្នោតឡើងវិញនេះស្នើឡើងដោយបេក្ខជនណាម្នាក់ នោះបេក្ខជននោះគឺជាអ្នករ៉ាប់រងលើការចំណាយនៃការរាប់សន្លឹកឆ្នោតនេះឡើងវិញ។
រដ្ឋ Wisconsin
ប្រសិនបើចំនួនសន្លឹកឆ្នោតខុសគ្នាមានតិចជាង ឬស្មើនឹង ១% បេក្ខជនចាញ់ឆ្នោតអាចទាមទារឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញបាន។ ប្រសិនបើចំនួនសន្លឹកឆ្នោតខុសគ្នាច្រើនជាង ១% នោះគ្មានការរាប់សន្លឹកឆ្នោតឡើងវិញទេ។
សំណើសុំរាប់សន្លឹកឆ្នោតឡើងវិញចាំបាច់ត្រូវធ្វើនៅថ្ងៃទីមួយ បន្ទាប់ពីលទ្ធផលផ្លូវការត្រូវបានប្រកាស។
ប្រសិនបើចំនួនសន្លឹកឆ្នោតខុសគ្នាមានច្រើនជាង ០,២៥% បេក្ខជនដែលស្នើឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញគឺជាអ្នករ៉ាប់រងលើការចំណាយ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ