កំណត់និពន្ធ៖ ក្នុងសប្តាហ៍នេះ លោក ស្កត់ ម៉ាស៊ែល (Scot Marciel) ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃទស្សនកិច្ចក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលរួមមានក្នុងប្រទេសថៃនិងវៀតណាមផងដែរ។ លោកឧបការីរងរដ្ឋមន្ត្រីការបរទេសបានផ្តល់បទសម្ភាសន៍ជាមួយលោក គង់ សុឋានរិទ្ធ នៃវីអូអេក្នុងអំឡុងទស្សនកិច្ចរបស់លោកនៅរាជធានីភ្នំពេញកាលពីពុធថ្ងៃទី២៧ខែសីហាឆ្នាំ២០១៤ អំពីគោលនយោបាយចុងក្រោយរបស់សហរដ្ឋអាមេរិកចំពោះបញ្ហានយោបាយ សេដ្ឋកិច្ច និងការទូតជាមួយកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ។
វីអូអេ៖ នេះជាដំណើរទស្សនកិច្ចលើទី៣របស់អ្នកហើយមកកាន់កម្ពុជាតើអ្វីទៅជាគោលនយោបាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកទាក់ទិននឹងនយោបាយ និងឱកាសនៃការវិនិយោគនៅកម្ពុជា?
ស្កត់ ម៉ាស៊ែល៖ ត្រឹមត្រូវហើយ នេះគឺជាដំណើរលើកទី៣របស់ខ្ញុំមកកាន់កម្ពុជាក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ហើយខ្ញុំគិតថាដំណើរចុងក្រោយរបស់ខ្ញុំមកកម្ពុជាក៏ដូចជាប្រទេសអាស៊ានដ៏ទៃទៀតដែរ គឺយើង(សហរដ្ឋអាមេរិក)ចង់រក្សាឲ្យមានទំនាក់ទំនងល្អជាមួយកម្ពុជា។ គោលដៅសំខាន់នៃការមករបស់ខ្ញុំនេះក៏ដើម្បីពិភាក្សារិះរករបៀបដែលយើងអាចធ្វើការជាមួយកម្ពុជា ហើយខ្ញុំក៏ចង់ស្ដាប់ពីរឿងរ៉ាវផ្សេងៗនៅកម្ពុជាដូចជាបញ្ហានយោបាយ សេដ្ឋកិច្ចជាដើម។
Your browser doesn’t support HTML5
វីអូអេ៖ កម្ពុជានិងសហរដ្ឋអាមេរិកទើបតែបានប្រារព្ធខួបគម្រប់៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ តើលោកគិតថានឹងធ្វើអ្វីទៀតដើម្បីពង្រឹងបន្ថែមទំនាក់ទំនងល្អរវាងប្រទេសទាំងពីរទៅថ្ងៃមុខ?
ស្កត់ ម៉ាស៊ែល៖ ជាការប្រសើរណាស់។ យើងចង់បង្កើត និងថែរក្សាទំនាក់ទំនងល្អរក្សាជិតស្និទ្ធនៅគ្រប់ផ្នែកទាំងអស់ជាមួយប្រជាពលរដ្ឋកម្ពុជា។ ដូចដែលអ្នកបានដឹងស្រាប់ហើយ យើងមិនបានពាក់ព័ន្ធជាមួយគណបក្សនយោបាយណាមួយឡើយ ក៏ប៉ុន្តែយើងបានផ្ដោតអារម្មណ៍ទៅលើរបៀបដែលយើងអាចកសាងទំនាក់ទំនងល្អជាមួយប្រជាជាតិនៃប្រទេសកម្ពុជា លើផ្នែកសំខាន់ៗដូចជាពាណិជ្ជកម្ម ការបោះទុនវិនិយោគ បង្កើនទំនាក់ទំនងរវាងពលរដ្ឋនិងពលរដ្ឋ។ ហើយយើងក៏កំពុងរកមើលពីវិស័យផ្សេងៗទៀតដែលយើងអាចធ្វើការជាមួយគ្នាជាបន្តទៀត ហើយធ្វើការដើម្បីដោះស្រាយបញ្ហាជាមួយគ្នា។
វីអូអេ៖ តើរហូតមកទល់បច្ចុប្បន្ននេះលោកមានគំនិតជាក់លាក់ហើយឬនៅ ពីរបៀបថានឹងត្រូវធ្វើយ៉ាងណាដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា ដោយហេតុថាកាលពីពេលថ្មីនេះតាមរយៈជំនួយពីលោក William Todd ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា គណៈប្រតិភូពីភាគីកម្ពុជាបានធ្វើដំណើរទស្សនកិច្ចទៅសហរដ្ឋអាមេរិកដើម្បីស្វែងរកឱកាសសម្រាប់ធ្វើពាណិជ្ជកម្ម?
ស្កត់ ម៉ាស៊ែល៖ ខ្ញុំមិនគិតថា យើងមានវិធីងាយស្រួលទេក្នុងការធ្វើរឿងដូច្នោះទេ។ ការបង្កើតទំនាក់ទំនងពាណិជ្ជកម្ម ឬអាជីវកម្ម វាពិតជាតម្រូវឲ្យមានការប្រមែប្រមូលក្រុមធុរកិច្ច (អ្នករកស៊ី)ទាំងអស់គ្នា ធ្វើការជាមួយគ្នា នឹងសហការគ្នាទើបពួកគេអាចស្វែងរកឱកាសធ្វើពាណិជ្ជកម្មបាន។ បើតាមខ្ញុំដឹងនឹងមានគណៈប្រតិភូពាណិជ្ជកម្មសហរដ្ឋអាមេរិកនឹងមកកម្ពុជាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។ ឥឡូវហ្នឹងតួនាទីរបស់រដ្ឋាភិបាលនានាគឺត្រូវធ្វើយ៉ាងណាបំបាត់ចោលឧបសគ្គដែលរារាំងដល់ការធ្វើជំនួញ ហើយគេក៏ត្រូវធ្វើយ៉ាងណាដើម្បីបង្កើតឱកាសឲ្យក្រុមធុរកិច្ចបានជួបគ្នា ដើម្បីឲ្យពួកគេអាចរកមើលឱកាសវិនិយោគនៅថ្ងៃមុខ។
វីអូអេ៖ តើលោកមានដឹងអំពីព័ត៌មានថ្មីទៀតអ្វីទេ នៅក្រោយដំណើររបស់គណៈប្រតិភូពាណិជ្ជកម្មកម្ពុជាទៅសហរដ្ឋអាមេរិកនោះ?
ស្កត់ ម៉ាស៊ែល៖ ខ្ញុំបានឮថា ពួកគេមានការប្រជុំដែលហុចផ្លែផ្កាល្អច្រើន។ ពួកគេបានជួបម្ចាស់ក្រុមហ៊ុនសហរដ្ឋអាមេរិកជាច្រើន ហើយអ្វីៗទាំងអស់អាស្រ័យលើក្រុមហ៊ុនទាំងនោះ តើគេចាប់អារម្មណ៍ដែរឬអត់។ យ៉ាងណាក៏ដោយយើងមានក្តីសង្ឃឹមថាក្រុមហ៊ុនខ្លះនឹងចាប់យកឱកាសទាំងនោះ។
វីអូអេ៖ តើលោកបានតាមដានលើការវិវឌ្ឍនៃស្ថានភាពនយោបាយ នៅកម្ពុជាដែរឬទេ?
ស្កត់ ម៉ាស៊ែល៖ បាទយើងបានតាមដានពីបញ្ហានោះដោយការយកចិត្តទុកដាក់។
វីអូអេ៖ កាលពីថ្ងៃអង្គារម្សិលមិញ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានបានជួបប្រជុំគ្នាក្នុងសភាដើម្បីធ្វើការរៀបចំកែប្រែរចនាសម្ព័ន្ធការដឹកនាំក្នុងសភា។ តើលោកយល់ឃើញដូចម្ដេចដែរចំពោះការប្រជុំលើកទីមួយរបស់គណបក្សទាំងពីរនេះ?
ស្កត់ ម៉ាស៊ែល៖ យើងពិតជាបានឃើញហើយថា បន្ទាប់ពីរយៈពេលជិតមួយឆ្នាំក្រោយការបោះឆ្នោតជាតិនៅកម្ពុជាមក គណបក្សប្រជាជនកម្ពុជា និងសង្គ្រោះជាតិបានឈានដល់កិច្ចព្រមព្រៀងជាមួយគ្នា ដែលនាំឲ្យគណបក្សសង្គ្រោះជាតិសុខចិត្តចូលប្រជុំសភា។ ខ្ញុំគិតថា យើងក៏ដូចជាពលរដ្ឋកម្ពុជាដែរ កំពុងរង់ចាំមើលការធ្វើកំណែទម្រង់ ដំណោះស្រាយខ្លះៗចំពោះបញ្ហានានាដែលកម្ពុជាកំពុងជួបប្រទះ។ យើងសង្ឃឹមថារដ្ឋាភិបាល និងសភាដែលចាប់ដំណើរការហើយនេះ នឹងធ្វើការរួមគ្នាដើម្បីធ្វើកំណែទម្រង់លើអ្វីដែលប្រជាពលរដ្ឋកំពុងចង់បាន។ យើងគិតថានោះជាជំហានដ៏វិជ្ជមានមួយ។
វីអូអេ៖ លោកនិយាយអំពីការកំណែទម្រង់នៅកម្ពុជា។ ចំពោះលោកតើកំណែទម្រង់ប្រភេទណាខ្លះដែលលោកគិតថាកម្ពុជាគួរតែធ្វើចាប់ពីពេលនេះ?
ស្កត់ ម៉ាស៊ែល៖ ខ្ញុំគិតថាអ្វីដែលសហរដ្ឋអាមេរិកគិតថាកម្ពុជាគួរតែធ្វើនោះមិនសំខាន់ទេ។ សំខាន់គឺអ្វីដែលប្រជាពលរដ្ឋកម្ពុជាបានបង្ហាញឲ្យសាធារណៈថាពួកគេចង់បាននោះ ហើយដែលទាក់ទងនឹងបញ្ហាជា។ ប្រាកដណាស់ដូចជាការធ្វើកំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត គឺជារឿងមួយដែលខ្ញុំបានដឹងថាគេកំពុងពិនិត្យលើរឿងនេះហើយ។ គឺធ្វើយ៉ាងណាដើម្បីឲ្យកម្ពុជាអាចមានស្ថាប័នបោះឆ្នោតមួយដែលពិតជាឯករាជ្យ និងប្រកបដោយវិជ្ជាជីវៈដែលអាចធានាគុណភាពនៃការបោះឆ្នោត។ ខ្ញុំគិតថា អ្វីដែលខ្ញុំបានដឹងពីប្រជាពលរដ្ឋគឺគេចាប់អារម្មណ៍នឹងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ហើយខ្ញុំទើបបានដឹងថាឥឡូវនេះគេទើបបានបង្កើតគណៈកម្មការជំនាញថ្មីមួយក្នុងសភាសម្រាប់ការប្រឆាំងអំពើពុករលួយ។ ហើយយើងយល់ថា ការងារនេះសំខាន់ណាស់ដើម្បីបង្កើនប្រសិទ្ធិភាពនៃអភិបាលកិច្ច ដើម្បីឲ្យរដ្ឋាភិបាលអាចបំពេញកាតព្វកិច្ចដល់ពលរដ្ឋកម្ពុជា ក្នុងគោលដៅធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធយុត្តិធម៌ និងបញ្ហាសិទ្ធិមនុស្សជាដើម។ ជាថ្មីម្តងទៀត ខ្ញុំសូមសង្កត់ធ្ងន់ថា ទាំងនោះគឺជាអ្វីដែលពលរដ្ឋខ្មែរចង់បានមិនមែនជាអ្វីដែលសហរដ្ឋអាមេរិកកំពុងទាមទារនោះទេ។
វីអូអេ៖ សហរដ្ឋអាមេរិកបានដើរតួសំខាន់ក្នុងការជួយដល់កម្ពុជាលើវិស័យជាច្រើន។ សម្រាប់កម្ពុជាដំណើរការកំណែទម្រង់ចង់មិនចង់ត្រូវការជួយពីសហគមន៍អន្តរជាតិ។ ដូច្នេះហើយ តើរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនអាចនឹងពិចារណាជួយដល់កម្ពុជាដែរឬយ៉ាងណា?
ស្កត់ ម៉ាស៊ែល៖ ប្រាកដណាស់ រហូតមកទល់បច្ចុប្បន្ន យើងមានកម្មវិធីផ្តល់ជំនួយជាច្រើន។ ជាការណ៍ពិត ឥឡូវនេះយើងកំពុងតែជជែកនៅក្នុងកន្លែងមួយ (Development Innovations Cambodia) ក្នុងចំណោមកន្លែងច្រើនទៀតដែលធ្វើការជិតស្និទ្ធលើការអភិវឌ្ឍន៍នៅកម្ពុជា។ យើងរំពឹងថានឹងបន្តសកម្មភាពជំនួយទាំងអស់នេះទៀត។ និយាយជារួមទៅ វាអាស្រ័យលើពលរដ្ឋកម្ពុជាដែលជាអ្នកត្រួសត្រាយផ្លូវអនាគតរបស់ពួកគេ ក៏ប៉ុន្តែយើងពេញចិត្តនឹងមានកម្មវិធីផ្សេងៗដើម្បីជួយជាផ្នែកដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។
វីអូអេ៖ ថ្មីៗនេះសហរដ្ឋអាមេរិកបានបង្កើតទំនាក់ទំនងជាទ្វេភាគីជាពិសេសលើផ្នែកយោធា និងសេវាសុខភាពជាមួយកម្ពុជា។ ចុះផ្នែកផ្សេងៗទៀតទាក់ទងនឹងសង្គម និងការវិនិយោគវិញ? អម្បាញ់មិញនេះយើងនិយាយពីការវិនិយោគ ចុះតើបញ្ហាសុខាភិបាលសាធារណៈវិញ តើវាជារឿងសំខាន់ទេក្នុងទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ?
ស្កត់ ម៉ាស៊ែល៖ ប្រាកដណាស់យើងចង់សម្រេចបាននូវកិច្ចការមួយចំនួន។ រឿងទីមួយគឺយើងចង់បានទំនាក់ទំនងល្អជាមួយប្រជាជាតិកម្ពុជា បង្កើតមិត្តភាពកាន់តែជិតស្និទ្ធជាមួយពលរដ្ឋកម្ពុជា។ យើងសង្ឃឹមថា យើងអាចធ្វើការជាមួយគ្នា មិនមែនតែនៅក្នុងប្រទេសកម្ពុជាទេ គឺនៅក្នុងតំបន់ដើម្បីអាចដោះស្រាយបញ្ហា។ ម៉្យាងទៀតក៏ដើម្បីធ្វើការនៅកម្ពុជាដើម្បីយើងបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញឲ្យមានការកែទម្រង់លើកកម្ពស់សេវាសុខភាព និងលើកទឹកចិត្តដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។ វាជាផលប្រយោជន៍សម្រាប់សហរដ្ឋអាមេរិក ដែលជួយឲ្យកម្ពុជាក្លាយជាប្រទេសមួយមានជោគជ័យ មានលទ្ធិប្រជាធិបតេយ្យ ពលរដ្ឋសុខភាពល្អ និងការអប់រំល្អ។ ខ្ញុំសូមនិយាយម្ដងទៀតថាអ្វីៗគឺស្ថិតនៅលើប្រជាពលរដ្ឋកម្ពុជា ក៏ប៉ុន្តែយើងសហរដ្ឋអាមេរិកនឹងនៅតែបន្តគាំទ្រ ដើម្បីឲ្យកម្ពុជាមានជោគជ័យ។
វីអូអេ៖ តើជំនួយរបស់សហរដ្ឋអាមេរិកក៏នឹងផ្ដោតសំខាន់លើការជួយស្វែងរកយុត្តិធម៌ដល់ប្រជាពលរដ្ឋកម្ពុជាដែលរងគ្រោះក្នុងសម័យខ្មែរក្រហមដែរឬយ៉ាងណា?
ស្កត់ ម៉ាស៊ែល៖ បាទ វាពិតមែន។ ប្រជាពលរដ្ឋរស់នៅគ្រប់ទីកន្លែង ពលរដ្ឋអាមេរិក ប្រជាពលរដ្ឋរស់នៅក្នុងប្រទេសកម្ពុជា អ្នករាល់គ្នាត្រូវការយុត្តិធម៌។ វាមានសារៈសំខាន់សម្រាប់អ្នករាល់គ្នា។ ឧក្រិដ្ឋកម្មសម័យខ្មែរក្រហមពិតជាឃោរឃៅណាស់ ដូច្នេះហើយការនាំយកនិងកាត់ក្ដីអតីតមេដឹកនាំខ្មែរក្រហម គឺជារឿងមួយដែលសំខាន់ ជាពិសេសសម្រាប់ពលរដ្ឋកម្ពុជា ហើយវាក៏ជាឧទាហរណ៍មួយសម្រាប់ពិភពលោកដែរ។ ដូច្នេះហើយសហរដ្ឋអាមេរិកពិតជាមានការរីករាយដែលបានចូលរួមវិភាគទានដល់ដំណើរការកាត់ក្ដីនេះ។ ដោយឡែកយើងក៏អបអរសាទរចំពោះសាលក្រមរបស់តុលាការកាលពីពេលថ្មីៗនេះដែរ។ ប្រាកដណាស់ការកាត់ក្ដីនៅមិនទាន់ចប់នៅឡើយ ប៉ុន្តែយើងបានឃើញលទ្ធផលខ្លះៗ ជាបណ្ដើរៗហើយ។
វីអូអេ៖ តើលោកមានយោបល់អ្វីផ្សេងទៀតទេចំពោះសាលក្រមរបស់សាលាក្ដីខ្មែរក្រហមដែលបានសម្រេចកាលពីពេលថ្មីៗនេះ?
ស្កត់ ម៉ាស៊ែល៖ ប្រាកដណាស់យើងពិតជាស្វាគមន៍ជាខ្លាំងចំពោះសាលក្រមនោះ ដូចអ្វីដែលលោករដ្ឋមន្ត្រីក្រសួងការបរទេស John Kerry បានសរសេរនៅក្នុងលិខិតរបស់លោកដែរ។ វាពិតជាមានសារៈសំខាន់ក្នុងការក្នុងការមានការទទួលខុសត្រូវ និងទទួលនូវយុត្តិធម៌ក្នុងចិត្ត។ អ្វីៗអាស្រ័យលើអង្គជំនុំជម្រះថាត្រូវសម្រេចចេញសាលក្រមបែបណា តែយើងស្វាគមន៍ចំពោះសាលក្រម។
វីអូអេ៖ ការកាត់ក្ដីបន្ទាប់ទៀតគឺសម្រាប់សំណុំរៀង០០២ ដំណាក់កាលទៅ២។ តើការកាត់ក្ដីអ្វីខ្លះដែលលោកអាចនឹងរំពឹងទុក?
ស្កត់ ម៉ាស៊ែល៖ យើងគិតថា ដំណើរកាត់ក្ដីមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដូច្នេះហើយសហរដ្ឋអាមេរិកនឹងបន្តឃ្លាំមើលដំណើរការបន្តទៀតរបស់អង្គជំនុំជម្រះក្ដីរហូតដល់សាលក្រមទាំងអស់ត្រូវបានប្រកាស។ មានន័យថាតុលាការបញ្ចប់កិច្ចកិច្ចការរបស់ខ្លួន។ យើងមិនធ្វើអត្ថាធិប្បាយអ្វីទេ មុនការប្រកាសសាលក្រម។ យើងគ្រាន់តែគិតថា ការនេះសំខាន់ ប៉ុន្តែអ្វីៗវាអាស្រ័យលើតុលាការ។
វីអូអេ៖ អញ្ចឹងការប្រកាសសាលក្រមលើកក្រោយមានសារៈសំខាន់សម្រាប់សហរដ្ឋអាមេរិកដែរឬយ៉ាងណា?
ស្កត់ ម៉ាស៊ែល៖ ដូចខ្ញុំបាននិយាយហើយ វាពិតជាមានសារៈសំខាន់។ ដំបូងវាសំខាន់សម្រាប់ពលរដ្ឋកម្ពុជាដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរក្នុងសម័យខ្មែរក្រហម។ ហើយសម្រាប់ពិភពលោកវាក៏សំខាន់ដែរ ដែលកំពុងរំពឹងចង់ឃើញរកយុត្តិធម៌ពិតប្រាកដមួយត្រូវបានផ្ដល់ឲ្យក្រុមអ្នករងគ្រោះ។ យើងគិតថាវាជាឧទាហរណ៍ល្អមួយសម្រាប់ក្នុងតំបន់និងគ្រប់ទីកន្លែង។
វីអូអេ៖ តើសហរដ្ឋអាមេរិកមានគម្រោងផ្ដល់ជំនួយថវិកាដល់សាលាក្ដីខ្មែរក្រហមដែរឬយ៉ាងណា?
ស្កត់ ម៉ាស៊ែល៖ ដូចអ្វីដែលអ្នកបានដឹងហើយ យើងបានបន្តគាំទ្រដល់សាលាក្ដីតែរៀងរហូតមកតាំងតែពីការចាប់បង្កើតសាលាក្ដីដំបូងឡើយ។ យើងពិតជាចង់ឃើញសាលាក្ដីដំណើរការរបស់វា ក៏ប៉ុន្តែជារៀងរាល់ឆ្នាំយើងក៏ត្រូវការស្នើសុំថវិកាពីសភារបស់យើងដែរ។ ខ្ញុំមិនអាចនិយាយ ឬផ្ដល់យោបល់អ្វីអំពីអនាគតថវិកានេះមុនការសម្រេចរបស់សភាបានទេ។
វីអូអេ៖ សាលក្រមសំណុំរឿង០០២ដំណាក់កាលពី២នឹងត្រូវបានប្រកាសនៅខែតុលាខាងមុខ។ តើរហូតមកទល់ពេលនេះលោកមានគម្រោងថានឹងដាក់សំណើសុំថវិកាសម្រាប់ជួយទ្រទ្រង់ដល់សាលាក្ដីដែរឬយ៉ាងណា?
ស្កត់ ម៉ាស៊ែល៖ អ្វីៗគឺស្ថិតនៅលើការសម្រេចរបស់សភា ហើយបច្ចុប្បន្ននេះសមាជិកសភាកំពុងតែធ្វើការលើការចាត់ចែងថវិកា។ យើងត្រូវរង់ចាំមើលតើសភានឹងយល់ឃើញយ៉ាងដូចម្ដេចដែរ។
វីអូអេ៖ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេស៣ដែលលោកបានធ្វើទស្សនកិច្ច? តើប្រទេស២ទៀតនោះគឺជាប្រទេសណាដែរ?
ស្កត់ ម៉ាស៊ែល៖ ខ្ញុំបានទៅប្រទេសថៃកាលពីដើមសប្ដាហ៍នេះ ហើយខ្ញុំនឹងបន្តដំណើរទៅប្រទេសវៀតណាមទៀតនៅថ្ងៃនេះ។ មានសន្និសីទថ្នាក់តំបន់មួយដែលខ្ញុំបានចូលរួមនៅក្នុងប្រទេសថៃ ហើយខ្ញុំក៏ត្រូវចូលរួមសន្និសីទមួយទៀតនៅក្នុងប្រទេសវៀតណាមដែរ។ និយាយជារួមទៅ តំបន់អាស៊ីអាគ្នេយ៍ តំបន់សហគមន៍អាស៊ានពិតជាមានសារៈសំខាន់ណាស់សម្រាប់យើង ក៏ដូចជាពិភពលោកដែរ។ អាស៊ានជាតំបន់ធំនិងកំពុងមានសក្ដានុពលមួយ ហើយយើងមានផលប្រយោជន៍ឲ្យតំបន់នេះមានជោគជ័យ។ ដូច្នេះហើយខ្ញុំ និងក្រុមការងាររបស់ខ្ញុំតែងតែធ្វើទស្សនកិច្ចជាប្រចាំ ហើយយើងជួបជាមួយថ្នាក់ដឹកនាំរបស់ប្រទេសដៃគូររបស់យើង។ យើងពិភាក្សាស្វែងយល់ពីរបៀបដែលយើងអាចធ្វើការងារជាមួយគ្នាបាន។
វីអូអេ៖ ដំណើរទស្សនកិច្ចរបស់លោកគឺចំពេលដែលអាស៊ានកំពុងតែជជែកពិភាក្សាអំពីបញ្ហាសមុទ្រចិនខាងត្បូង។ តើរដ្ឋាភិបាលអាមេរិកមានគោលជំហរបែបណាទៅលើបញ្ហាជម្លោះក្នុងសមុទ្រចិនខាងត្បូង?
ស្កុត ម៉ាស៊ែល៖ បញ្ហាជម្លោះសមុទ្រចិនខាងត្បូងពិតជារឿងដ៏សំខាន់។ ហើយគោលជំហររបស់យើងគឺនៅតែដដែល។ យើងមិនប្រកាន់គោលជំហរថា ប្រទេសណាមួយគួរតែមានអធិបតេយ្យភាពលើដែនកោះទាំងនោះទេ។ នោះវាមិនមែនជាការសម្រេចរបស់យើងទេ។ អ្វីដែលយើងនិយាយដដែលៗ គឺអ្វីដែលសំខាន់គឺរបៀបនៃការដោះស្រាយជម្លោះ គឺតាមសន្តិវិធី ដោយប្រើយន្តការការទូតនិងតាមយន្តការច្បាប់។ មិនមែនដោយការបង្ខិតបង្ខំគំរាមកំហែងខាងសេដ្ឋកិច្ចនោះទេ។ ដូចនេះ យើងប្រកាន់គោលជំហរជាប់លាប់ គឺដំបូង គឺគាំទ្រឲ្យមានការចរចាអំពីក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូង រវាងអាស៊ាន និងចិន ដែលនឹងកំណត់នូវ ច្បាប់ទម្លាប់នៃការប្រតិបត្តិមួយចំនួន។ ហើយយើងក៏អំពាវនាវឲ្យភាគីជម្លោះនិមួយៗចៀសវាងនូវសកម្មភាពដែលបង្កើនភាពតានតឹង ពីព្រោះវានឹងត្រូវប្រើប្រាស់ពេលវេលាមួយរយៈដើម្បីដោះស្រាយទំនាស់អធិបតេយ្យភាព ហើយវាពិតជាសំខាន់ណាស់ដែលជម្លោះត្រូវបានដោះស្រាយតាមសន្តិវិធីដោយភាគីម្ខាងៗចៀសវាងឲ្យបាននូវទង្វើដែលបង្កភាពតានតឹង។
វីអូអេ៖ វៀតណាមក៏ជាប្រទេសមួយនៅក្នុងជម្លោះនេះ។ តើលោកនឹងជជែកពិភាក្សាជាមួយភាគីប្រទេសវៀតណាមអំពីរឿងនេះដែរឬទេ?
ស្កុត ម៉ាស៊ែល៖ ខ្ញុំមិនប្រាកដទេ តែប្រហែលជាមាន។ បាទជារឿយៗខ្ញុំតែងតែនិយាយអំពីរឿងនេះពេលខ្ញុំនៅប្រទេសវៀតណាម។ យើងនឹងបញ្ជាក់ម្ដងទៀតនូវគោលជំហររបស់យើង និងអ្វីដែលយើងគិត។ ខ្ញុំច្បាស់ថាប្រទេសវៀតណាមនឹងមានយោបល់ថាតើត្រូវសម្រួលភាពតានតឹងតឹងដោយវិធីណា។ យើងពិតជារីករាយនឹងស្ដាប់នូវយោបល់ទាំងនោះផងដែរ។
វីអូអេ៖ តើលោកយល់ថា វត្តមានរបស់លោកនៅប្រទេសវៀតណាមនឹងអាចជួយគំនិតដល់រដ្ឋាភិបាលវៀតណាមដោះស្រាយជម្លោះនេះដែរឬទេ?
ស្កត់ ម៉ាស៊ែល៖ ខ្ញុំមិនចង់និយាយបំផ្លើសអំពីសារៈសំខាន់នៃទស្សនកិច្ចខ្ញុំនោះទេ។ ក៏ប៉ុន្តែយើងមានការសន្ទនាជាទៀតទាត់មួយជាមួយនឹងភាគីប្រទេសដែលពាក់ព័ន្ធនឹងជម្លោះ គឺ វៀតណាម ចិន ហ្វីលីពីន ម៉ាឡេស៊ី និងព្រុយណេ។ យើងមានការសន្ទនាទៀងទាត់ជាមួយភាគីទាំងអស់ហើយយើងបានផ្លាស់ប្ដូរយោបល់អំពីវិធីសាស្ត្រដែលប្រហែលជាអាចកាត់បន្ថយភាពតានតឹងបាន។ ប៉ុន្តែចំណាប់អារម្មណ៍សំខាន់របស់យើងគឺថា ពិភពលោកទាំងមូលមានផលប្រយោជន៍ចំពោះសន្តិភាពក្នុងដែនសមុទ្រចិនខាងត្បូង ហើយចង់ឃើញការដោះស្រាយបញ្ហាទាំងនេះធ្វើឡើងដោយសន្តិវិធី និងមានលក្ខណៈការទូត។ ដូចនេះយើងនឹងបន្តនាំសារនេះទៅគ្រប់រដ្ឋធានីនិងរាជធានីដែលពាក់ព័ន្ធ។
វីអូអេ៖ មុននឹងបញ្ចប់ការសន្ទនារបស់យើង តើលោកអាចសង្ខេបបានទេអំពីគោលនយោបាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះតំបន់អាស៊ីប៉ាស៊ីហ្វិកពិសេសនោះគឺអាស៊ាន?
ស្កត់ ម៉ាស៊ែល៖ ពិតណាស់ គឺដូចតាមសេចក្ដីប្រកាសរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា តាំងពីពីរបីឆ្នាំមុន គោយនយោបាយជាមូលដ្ឋានរបស់យើងនោះគឺយើងកំពុងតែអនុវត្តការធ្វើឲ្យមានតុល្យភាពសារជាថ្មី (Rebalance)។ វាគឺជាការប្ដេជ្ញាយ៉ាងមុតមាំរបស់លោកប្រធានាធិបតីនិងរដ្ឋាភិបាលរបស់យើង នៅក្នុងការចូលរួម និងចូលរួមយ៉ាងសកម្ម ជាដៃគូដ៏ល្អទាំងនៅក្នុងតំបន់ ដើម្បីកសាងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងប្រទេសក្នុងតំបន់ ហើយថែមទាំងធ្វើការជាមួយស្ថាប័ននានាដូចជាអាស៊ាន កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (East Asia Summit) ជាដើម។ ដូចខ្ញុំបាននិយាយហើយ គឺធ្វើជាដៃគូដ៏ល្អ ក្នុងការដោះស្រាយជម្លោះនានានៅក្នុងតំបន់ កសាងទំនាក់ទំនងជិតស្និទ្ធជាងមុនកសាងមិត្តភាពប្រសើរជាងមុនជាមួយប្រជាជាតិអាស៊ី។ ហេតុនេះហើយបានជាយើងនៅទីនេះ។
វីអូអេ៖ ខ្ញុំចង់ត្រឡប់មកសួរអំពីឱកាសពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកម្ពុជាវិញ។ វិនិយោគិនវៀតណាម និងជាពិសេសចិនជាដៃគូពាណិជ្ជកម្មចម្បងនៅកម្ពុជា។ តើលោកយល់ថា សហរដ្ឋអាមេរិកអាចនឹងមើលឃើញកម្ពុជាថាអាចជាទីផ្សារវិនិយោគទុនដ៏ល្អមួយដែរឬទេ?
ស្កត់ ម៉ាស៊ែល៖ តាមប្រព័ន្ធអាមេរិកាំងរបស់យើងដំណើរការនោះគឺ រដ្ឋាភិបាលមិនធ្វើវិនិយោគទុនទេ។ យើងមិនមានក្រុមហ៊ុនរបស់រដ្ឋទេ វាអាស្រ័យទៅលើវិស័យឯកជនទាំងស្រុង។ ឯវិស័យឯកជនគេនឹងទៅដល់គ្រប់ទីកន្លែងដែលគេមើលឃើញឱកាសដ៏ល្អបំផុត។ ដូចនេះ ប្រសិនណាបើកម្ពុជាមានស្ថានភាពពាណិជ្ជកម្មដ៏អំណោយផលនោះ វិនិយោគិននឹងមក។ តួនាទីរបស់យើងដែលជារដ្ឋាភិបាលគឺគ្រាន់តែសម្របសម្រួលនឹងជំរុញក្រុមពាណិជ្ជកម្មរបស់យើងឲ្យមកវិនិយោគ ហើយផ្សារភ្ជាប់ជាមួយនឹងពាណិជ្ជកម្មរបស់កម្ពុជា និងប្រទេសដទៃទៀត។ ប៉ុន្តែ វាពិតណាស់គឺមានតែក្រុមហ៊ុនឯកជនខ្លួនឯងនោះទេដែលជាអ្នកសម្រេចទៅលើការវិនិយោគ ហើយយើងរីករាយនឹងចង់ឃើញពួកគេមកកម្ពុជាកាន់តែច្រើនឡើង។
វីអូអេ៖ យើងបានមើលឃើញថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងនៅកម្ពុជាផងវត្តមានរបស់ប្រទេសចិនដែលយើងអាចនិយាយបានថា វត្តមាននៃអំណាចយោធាយ៉ាងខ្លាំង។ តើអ្វីជាគោលជំហររបស់សហរដ្ឋអាមេរិក ទាក់ទងទៅនឹងឥទ្ធិពលរបស់ចិននៅតំបន់អាស៊ីអាគ្នេយ៍ព្រមទាំងនៅកម្ពុជា?
ស្កត់ ម៉ាស៊ែល៖ យើងគិតថា ការងើបឡើងរបស់ប្រទេសចិន ដែលយើងនិយាយសំដៅទៅលើកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនគឺជារឿងដ៏ល្អមួយ។ វាគឺជារឿងល្អសម្រាប់ប្រជាជនចិន។ វាក៏ជារឿងល្អសម្រាប់ពិភពលោកទាំងមូល នៅពេលមានកំណើនសេដ្ឋកិច្ច និងឱកាសសេដ្ឋកិច្ចកាន់តែច្រើន។ យើងមិនគិតថា យើងជាគូប្រជែងជាមួយប្រទេសចិននោះទេ។ យើងចង់មានទំនាក់ទំនងល្អជាមួយប្រទេសទាំងអស់នៅក្នុងតំបន់ រួមទាំងប្រទេសចិនផងដែរ។ យើងក៏រំពឹងផងដែរថាប្រទេសនៅក្នុងតំបន់ទាំងអស់ ក៏ចង់មានទំនាក់ទំនងល្អជាមួយប្រទេសចិនដែរ។ ដូច្នេះយើងមិនគិតថា ប្រទេសទាំងនោះ គួរតែត្រូវជ្រើសរើសរវាងសហរដ្ឋអាមេរិក និងប្រទេសចិននោះទេ។ គឺគួរតែអាចមានទំនាក់ទំនងល្អជាមួយប្រទេសទាំងពីរ។ សហរដ្ឋអាមេរិកខ្លួនឯងក៏កំពុងតែធ្វើការដើម្បីឲ្យមានទំនាក់ទំនងល្អជាមួយប្រទេសចិនដែរ។ យើងមិនផ្ដោតអារម្មណ៍ ទៅលើអ្វីដែលប្រទេសចិនកំពុងតែធ្វើនោះទេ ប៉ុន្តែយើងផ្ដោតអារម្មណ៍ទៅលើកិច្ចការអ្វីដើម្បីក្លាយជាដៃគូដ៏ល្អនៅក្នុងតំបន់។
វីអូអេ៖ សូម្បីតែគោលនយោបាយនៅក្នុងប្រទេសកម្ពុជារវាងសហរដ្ឋអាមេរិក និងប្រទេសចិនផងដែរមែនទេ?
ស្កក់ ម៉ាស៊ែល៖ យើងមិនចាប់អារម្មណ៍អ្វីដែលប្រទេសចិនកំពុងតែធ្វើនៅទីនេះនោះទេ។ យើងចាប់អារម្មណ៍តែទៅលើអ្វីដែលយើងអាចធ្វើបាន និងរបៀបដែលយើងអាចបង្កើនទំនាក់ទំនងជាមួយនឹងប្រជាជននិងប្រទេសកម្ពុជាដើម្បីមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយគ្នា។ យើងមិនមានការព្រួយបារម្ភចំពោះ អ្វីដែលប្រទេសចិនកំពុងតែធ្វើនោះទេ។ វាគឺជារឿងរបស់ប្រទេសកម្ពុជានិងប្រទេសចិន។
វីអូអេ៖ សំណួរចុងក្រោយរបស់ខ្ញុំគឺទាក់ទងទៅនឹងបញ្ហាទន្លេមេគង្គ។ ដោយសារតែបញ្ហទន្លេមេគង្គគឺជាបញ្ហាដ៏ចម្រូងចម្រាសមួយជាពិសេសគឺទំនប់ទន្លេមេគង្គ។ តើគោលជំហរចុងក្រោយរបស់រដ្ឋាភិបាលអាមេរិកយ៉ាងណាដែរ?
ស្កត់ ម៉ាស៊ែល៖ ខ្ញុំរីករាយខ្លាំងណាស់ដែលលោកបានលើករឿងនេះឡើង។ វាគឺជារឿងដ៏សំខាន់មួយសម្រាប់តំបន់និងជាអ្វីដែលលោករដ្ឋមន្ត្រី Kerry ហើយនិងអ្នកដទៃៗទៀតមានចំណាប់អារម្មណ៍។ ខ្ញុំគិតថាអ្វីដែលយើងសង្ឃឹមគឺថា នឹងមានការពិភាក្សាបន្ថែមទៀតរវាងសហរដ្ឋអាមេរិកនិងប្រទេសនៅក្នុងតំបន់ និងប្រទេសដទៃទៀតអំពីរបៀបបង្កើនការអភិវឌ្ឍ ក្នុងរបៀបមួយដែលប្រកបដោយចីរភាព។ គឺដើម្បីឲ្យការអភិវឌ្ឍនោះមិនបង្កការប៉ះពាល់ធ្ងន់ធ្ងរទៅដល់ទន្លេមេគង្គ ពីព្រោះវាមិនមែនគ្រាន់តែជាបញ្ហាបរិស្ថាននោះទេ ប៉ុន្តែវាក៏អាចប៉ះពាល់ដល់ការផ្គត់ផ្គង់ស្បៀងអាហារហើយនិងរឿងជាច្រើនទៀត។ ដូច្នេះយើងគិតថា វាជាឱកាសដ៏ល្អមួយសម្រាប់ប្រទេសនៅក្នុងតំបន់ សហរដ្ឋអាមេរិកនិងប្រទេសដទៃទៀតដើម្បីពិភាក្សាគ្នាងនិងធ្វើការជាមួយគ្នាហើយនឹងរង់ចាំមើលនូវគំនិតល្អៗដែលយើងមាន ដើម្បីជំរុញឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាពដែលអាចអភិរក្សទន្លេមេគង្គដ៏មានសារៈសំខាន់មួយនេះ៕