នាយក​វីអូអេ​ប្តូរ​ការងារ​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ប្រចាំ​សេតវិមាន​របស់​វីអូអេ

រូបឯកសារ៖ អគារទីស្នាការកណ្តាលរបស់វីអូអេសំឡេងសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។

វ៉ាស៊ីនតោន — តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក លោក Gregory Meeks នៃ​រដ្ឋ​ New York និង​លោក Michael McCaul នៃ​រដ្ឋ​ Texas បាន​រិះគន់​យ៉ាង​ខ្លាំង ចំពោះប្រធាន​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាកល ហៅ​កាត់​ថា USAGM និង​ប្រធាន​នៃវីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​អង្គារ​ ចំពោះ​ការ​ប្តូរ​ការងារ​របស់អ្នក​ឆ្លើយឆ្លងព័ត៌មាន​ម្នាក់​របស់​វីអូអេ​ប្រចាំ​សេតវិមាន។

អ្នកស្រី Patsy Widakuswara ត្រូវគេ​ជូន​ដំណឹង​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​ថា ​អ្នកស្រី​ត្រូវ​បាន​គេ​ប្តូរ​ការងារ គឺ​តែ​ប៉ុន្មាន​ម៉ោងប៉ុណ្ណោះ​ ក្រោយ​ពី​អ្នក​យក​ព័ត៌មាន​ជើងចាស់​រូប​នេះ បាន​ព្យាយាម​សួរ​សំណួរ​ទៅ​កាន់រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo ក្រោយ​ពី​លោក​បាន​ថ្លែង​សុន្ទរកថា​នៅ​ទី​ស្នាក់ការ​របស់​វីអូអេ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

អ្នក​តំណាងរាស្ត្រ​ Meeks ពី​គណបក្ស​ប្រជាធិបតេយ្យ ដែល​ជា​ប្រធាន​ថ្មី​នៃ​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​សហរដ្ឋ​អាមេរិក និង​អ្នក​តំណាងរាស្ត្រ McCaul មេដឹកនាំ​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ថា៖

«នេះ​គឺ​ជា​សហរដ្ឋ​អាមេរិក។ ទី​នេះ​ យើង​មិន​ដាក់​ទណ្ឌកម្ម​ចំពោះ​អ្នក​យក​ព័ត៌មាន​ដែល​ស្វះស្វែង​រក​ចម្លើយ​ចំពោះ​សំណួរ​របស់​ពួក​គេ​ទេ។ ស្ថាប័ន​សារព័ត៌មាន​ដែល​សេរី​និង​យុត្តិធម៌ ជា​ស្នូល​នៃ​រដ្ឋធម្មនុញ្ញ​និង​លទ្ធិប្រជាធិបតេយ្យ​របស់​យើង»។

អ្នកស្រី Widakuswara ត្រូវ​បាន​គេ​ជូន​ដំណឹង​នៅ​វេលាម៉ោង​ប្រមាណ​ ១០:៣០​ នាទី​យប់​ថ្ងៃ​ច័ន្ទ​ ថា​អ្នកស្រី​ត្រូវ​បាន​គេ​ប្តូរ​ឱ្យ​ទៅ​យក​ព័ត៌មាន​ទូទៅ​វិញ គឺ​លែង​ធ្វើ​ការងារដ៏​លេច​មុខ​ជា​អ្នក​ឆ្លើយឆ្លង​ព័ត៌មាននៅ​សេតវិមាន​ទៀត​ហើយ។ គេ​មិន​បាន​ប្រាប់​អ្នកស្រី​អំពី​មូលហេតុ​ ដែល​ត្រូវ​បាន​គេ​ផ្តល់​ឱ្យ​ចំពោះ​ការ​ផ្លាស់ប្តូរ​នេះ​ទេ។​

អ្នក​នាំ​ពាក្យ​វីអូអេ​ម្នាក់​បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​អំពី​ការ​ប្តូរ​ការងារ​របស់​អ្នក​ស្រី​ Widakuswara ដោយ​និយាយ​ថា ស្ថាប័ន​ព័ត៌មាន​នេះ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​រឿង​បុគ្គលិក​ទេ។ ទី​ភ្នាក់ងារ ​USAGM មិន​បាន​ឆ្លើយ​តប​ទេ។

រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo សន្ទនាជាមួយលោក Robert R. Reilly នាយកសំឡេងសហរដ្ឋអាមេរិក VOA នៅទីស្នាក់ការ VOA ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

នាយក​វីអូអេ​មាន​សិទ្ធិ​អំណាច​ប្តូរ​ការងារ​របស់​បុគ្គលិក​តាមការ​វិនិច្ឆ័យ​របស់​ខ្លួន។ ប៉ុន្តែ​ក្រុម​ការពារ​អ្នក​សារព័ត៌មាន​និង​អង្គការមួយ​ដែល​ការពារ​ក្រុម​អ្នក​រាយការណ៍​អំពី​ការ​ប្រព្រឹត្ត​អំពើ​ខុសឆ្គង ហៅថា Whistleblowes នោះ បាន​រិះគន់​ចំណាត់ការ​នេះ​ថា​ជា​ការ​វាយប្រហារ​លើ​សេរីភាព​សារព័ត៌មាន។​

ថ្វី​បើ​វីអូអេជា​ស្ថាប័ន​រដ្ឋ​ដែល​ទ្រទ្រង់​ថវិកា​ដោយ​អ្នក​បង់ពន្ធ​អាមេរិកាំង​ក្តី ក៏​អ្នក​សារព័ត៌មាន​ដែល​បម្រើ​ការ​ឱ្យ​ស្ថាប័ន​នេះ​បំពេញ​កិច្ចការ​របស់​ខ្លួន​ក្រោម​ក្របខណ្ឌ​នៃ​អ្វី​ដែល​ហៅ​ថា «ជញ្ជាំង​ការពារ» ឬ firewall ដែល​ជា​វិធាន​ច្បាប់​ដែល​ត្រូវ​បង្កើត​ឡើង​ដើម្បី​ការពារ​ឯករាជ្យភាព​របស់​អ្នក​យក​ព័ត៌មាន​វីអូអេ​ពី​ការ​ជ្រៀតជ្រែក​ខាង​នយោបាយ។

ក៏​ប៉ុន្តែ​ប្រពៃណីរបស់​ស្ថាប័ននេះ​ត្រូវ​បាន​ប្រឆាំង​ជំទាស់​ដោយ​លោក Michael Pack នាយក​ប្រតិបត្តិ​នៃ​ទី​ភ្នាក់ងារ​U SAGM ដែល​ត្រូវ​តែង​តាំង​ដោយ​លោក​ប្រធានាធិបតី​ Donald Trump ហើយ​ដែល​បាន​ឡើងកាន់​តួនាទី​ជា​ប្រធាន​ស្ថាប័ន​មេ​របស់​វីអូអេ​នេះ​ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២០។

លោក Zeke Miller ប្រធាន​ក្លឹប​អ្នកកាសែត​នៅ​សេតវិមាន​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ចំណាត់ការ​ប្រឆាំង​នឹង​អ្នកស្រី Widakuswara ជា «ការ​វាយប្រហារ​ទៅ​លើ​វិសោធនកម្ម​ទី​១​នៃ​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក» ដែល​ចែង​ការពារ​សេរីភាព​សារព័ត៌មាន។

លោក​ Miller ថ្លែងថា៖ «ការណ៍​ដែល​វីអូអេ​ប្តូរ​ការងាររបស់​អ្នកស្រី Patsy Widakuswara ដោយ​សារ​តែ​អ្នក​ស្រី​គ្រាន់​តែ​បាន​បំពេញ​តាម​ការងារ​របស់​អ្នកស្រី​គឺ​ការ​ចោទ​សំណួរនេះ ​គឺ​ជាការ​មើលងាយ​ដល់​ឧត្តមគតិ​ទាំងឡាយ​ដែល​លោក​រដ្ឋមន្ត្រីការបរទេស​ Pompeo បានលើកយក​មក​ពិភាក្សា​នៅ​ក្នុង​សុន្ទរកថា​របស់​លោក»។

លោក​បន្ត​ថា​ ការ​ដក​អ្នកស្រី Widakuswara ពី​ការ​យក​ព័ត៌មាន​ខាង​ឯកទេស​របស់​អ្នកស្រី «ធ្វើ​ឱ្យ​ខូចខាត​ដល់​ផលប្រយោជន៍​របស់​គ្រប់ពលរដ្ឋ​អាមេរិកាំង​ ដែល​អាស្រ័យ​លើ​ស្ថាប័ន​សារព័ត៌មាន​សេរី ដើម្បី​បាន​ដឹង​អំពី​សកម្មភាព​របស់​រដ្ឋាភិបាល​ពួក​គេ ហើយ​[ចំណាត់ការ​នេះ] កាន់​តែ​ជួយ​ដល់​កិច្ចប្រឹងប្រែង​ដើម្បី​រឹតត្បិត​សេរីភាព​សារព័ត៌មាន​នៅ​ជុំវិញ​ពិភពលោក [ទៅ​វិញ]»។

អ្នក​ស្រី Widakuswara ដំបូង​ឡើយ​គ្រោង​នឹង​ធ្វើ​ដំណើរ​ជាមួយ​លោក​ប្រធានាធិបតី​ Donald Trump កាល​ពី​ថ្ងៃ​អង្គារ​ ដើម្បី​ទៅ​យក​ព័ត៌មាន​ឱ្យ​អ្នក​តាមដាន​ព័ត៌មាន​វីអូអេ​ដឹង​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ទៅ​កាន់​រដ្ឋ Texas។ ដំណើរ​ទស្សនកិច្ច​នេះ​ជា​ការ​បង្ហាញ​មុខ​ជាសាធារណៈ​ជា​លើក​ដំបូង​របស់លោក Trump ចាប់​តាំង​ពី​អ្នក​គាំទ្រ​របស់​លោក​បានវាយសម្រុក​ដោយ​ហិង្សាចូល​វិមាន​សភា​សហរដ្ឋ​អាមេរិក​ កាល​ពី​សប្តាហ៍​មុន ដែល​ព្រឹត្តិការណ៍​នេះ​បាន​នាំ​ឲ្យមនុស្ស​៥នាក់​ស្លាប់​ ក្នុង​នោះ​មាន​មន្ត្រី​ប៉ូលិសវិមាន​សភា​ម្នាក់​ផង​ដែរ។

សូម្បី​នៅ​មុនការ​ថ្លែង​សុន្ទរកថា​របស់​លោក Pompeo ក៏​គម្រោងត្រួតពិនិត្យ​ការទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល ឬ ​Government Accountability Project ដែលជា​អង្គការ​ការពារ​ក្រុម​អ្នក​រាយការណ៍​អំពី​ការ​ប្រព្រឹត្ត​អំពើ​ខុសឆ្គង បាន​សរសេរ​ទៅ​កាន់​ស្ថាប័ន​ USAGM ​ដើម្បី​ព្រមាន​ស្ថាប័ន​នេះ​ថា ​របៀបរៀបចំ​ផ្សព្វផ្សាយសុន្ទរកថា​របស់​លោក ​Pompeo មើល​ទៅ​ហាក់ដូច​ជា​បាន​រំលោភ​លើ​ធម្មនុញ្ញ​របស់​វីអូអេ (VOA Charter) ដែល​បាន​ចែង​អំពី​ឯករាជ្យភាព​ខាងការ​សរសេរ​ព័ត៌មាន ក៏​ដូច​ជា​វិជ្ជាជីវៈ​សារព័ត៌មាន។​

លោក David Seide មេធាវី​ជាន់​ខ្ពស់​នៃ​អង្គការ គម្រោងត្រួតពិនិត្យ​ការទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល ថ្លែង​ប្រាប់​វីអូអេ​ថា៖ «អ្នកស្រី Patsy បាន​បំពេញ​ការងារ​របស់​អ្នក​ស្រី។ ការ​«ផ្លាស់ប្តូរ​ការងារ»​របស់​អ្នកស្រី ជា​ការ​ជ្រៀតជ្រែក​ខាង​នយោបាយ​ដើម្បី​សងសឹក។ នេះ​ជា​ការ​រំលោភ​ខុសច្បាប់​ទៅ​លើច្បាប់​ការពារ​ឯករាជ្យភាព​វីអូអេ ឬ firewall»។

អង្គការ​របស់​លោក​កំពុង​តំណាង​ឱ្យអ្នក​សារព័ត៌មាន​កំពុង​បំពេញ​ការងារ​ ឬ​អតីត​អ្នក​សារព័ត៌មានសរុប​២០​រូប​ ដែល​បាន​ទាក់ទង​មក​អង្គការ​នេះទាក់ទង​នឹងក្តី​បារម្ភ​នានា​ ក្នុង​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​តំណាងរាស្ត្រ McCaul និង​តំណាងរាស្ត្រ Meeks ថ្លែង​ថា​ ពួក​គេ​ស្រងាក​ចិត្ត នៅ​ពេល​បាន​ដឹង​ថា​អ្នកស្រី Widakuswara ត្រូវ​បាន​ប្តូរ​ការងារ​ ក្រោយ​ពី​អ្នកស្រី​បាន​ព្យាយាម​សាក​សួរ​លោក​រដ្ឋមន្ត្រី​ការ​បរទេស Pompeo។

លោក​ទាំង​ពីរ​ថ្លែង​ថា៖ «ដោយ​មិន​មានមូលហេតុសមស្រប​ណា​មួយ​ ទាក់ទង​នឹង​ការ​ប្តូរ​ការងារ​នេះ ដោយ​មិន​មាន​ការ​បញ្ជាក់​មូលហេតុ​ទេ យើង​ជឿ​ថា អ្នកស្រី​គួរ​ត្រូវ​បានប្រគល់​ការងារ​វិញ។ នេះ​គឺ​ជា​សហរដ្ឋ​អាមេរិក។ នៅ​ទី​នេះ​យើង​មិន​ដាក់​ទណ្ឌកម្ម​ចំពោះ​អ្នក​យក​ព័ត៌មាន​ ដែល​ស្វះស្វែង​រក​ចម្លើយ​ចំពោះ​សំណួរ​របស់​ពួក​គេ​ទេ។ ស្ថាប័ន​សារព័ត៌មាន​ដែល​សេរី​និង​យុត្តិធម៌ ជា​ស្នូល​នៃ​រដ្ឋធម្មនុញ្ញ​និង​លទ្ធិប្រជាធិបតេយ្យ​របស់​យើង»។​

រូបឯកសារ៖ សមាជិករដ្ឋសភាតំណាងរដ្ឋ Texas លោក Michael McCaul ថ្លែងនៅក្នុងសវនាការមួយរបស់រដ្ឋសភា ក្នុងរដ្ឋធានិវ៉ាស៊ីនតោន កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២០។

កាល​ពី​ថ្ងៃ​ច័ន្ទ លោក Pompeo បាន​ថ្លែង​អំពី «លក្ខណៈ​ពិសេស​របស់​សហរដ្ឋ​អាមេរិក» នៅ​ក្នុង​សុន្ទរកថា​នៅ​ទី​ស្នាក់ការ​វីអូអេ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន និង​អំពី​អ្វី​ដែល​លោក​មើល​ឃើញ​ថា​ ជា​តួនាទី​ត្រឹមត្រូវ​របស់​វីអូអេ​ក្នុង​ការ​លើក​តម្កើង​គុណតម្លៃ​របស់​សហរដ្ឋ​អាមេរិក​នៅ​ជុំវិញ​ពិភពលោក។

បន្ទាប់​ពី​សុន្ទរកថា​នេះ លោក​រដ្ឋមន្ត្រី​បានចូល​រួម​កម្មវិធី​សំណួរ​និង​ចម្លើយខ្លី​មួយ​ជាមួយ​លោក Robert Reilly នាយក​វីអូអេ ដែល​មិន​បានលើក​យក​ទៅ​សួរ​លោក​រដ្ឋមន្ត្រី​នូវ​សំណួរ​នានា​ពី​ក្រុម​អ្នកព័ត៌មានរបស់​វីអូអេ អំពីការ​វាយ​សម្រុក​ចូលវិមាន​សភា​ កាលពី​ថ្ងៃ​ពុធសប្តាហ៍​មុន ឬចំណាត់ការ​របស់​លោក​ Pompeo ក្នុង​ការ​សម្រេច​នៅ​ព្រឹក​ថ្ងៃ​ពុធ​នោះ​ប្រកាស​ដាក់​ក្រុម Houthis នៅ​ប្រទេស​យេម៉ែនថា​ជា​អង្គការ​ភេរវកម្ម។

ខណៈ​ពេល​លោក​រដ្ឋមន្ត្រី​ការ​បរទេស​កំពុងចាកចេញ​ពីអគារ​វីអូអ​នោះ អ្នកស្រី Widakuswara បាន​តាម​ពី​ក្រោយ​លោក​និង​ព្យាយាម​សួរ​សំណួរទៅ​កាន់​លោក​ Pompeo។

នៅ​ក្នុង​វីដេអូ​ដែល​គេ​ថត​បាន​គេ​ឮ​អ្នកស្រី Widakuswara ស្រែក​សួរ​សំណួរ​ទៅ​លោក Pompeo ខណៈ​លោក​កំពុង​ចាកចេញ​ពី​អគារ​វីអូអេ ដោយ​រួម​មាន​សំណួរ​ថា​ តើ​លោក​រដ្ឋមន្ត្រី​ការបរទេស​មាន​ការ​សោកស្តាយទេ​ចំពោះ​ប្រសាសន៍​របស់​លោកដែល​ថា​នឹង​មាន​អន្តរកាល​ដ៏​រលូន​មួយ​ទៅ​កាន់​«អាណត្តិ​ទី​២​រ បស់​លោក​ប្រធានាធិបតី​Trump» ថ្វី​បើ​លោក​Trump បានចាញ់លោក Joe Biden នៅ​ក្នុង​ការ​បោះឆ្នោត​ក្តី។

នៅ​ក្នុង​វីដេអូ​ដដែល​នោះ គេ​ឮ​អ្នកស្រី Widakuswara​ បាន​ងាក​ទៅ​សួរ​នាយក​វីអូអេ​លោក​ Reilly ថា​ហេតុ​អ្វី​លោក​មិន​បាន​យក​សំណួរ​របស់​អ្នក​សារព័ត៌មានទៅ​សួរ​លោក Pompeo។

ជា​ការ​ឆ្លើយ​តប គេ​ឮ​លោក​នាយក​វីអូអេ​សួរ​ទៅ​អ្នកស្រី Widakuswara វិញ​ថា​តើ​អ្នក​ស្រី​ជា​អ្នកណា។ ក្រោយ​ពី​អ្នកស្រី​បាន​ណែនាំ​ខ្លួន​ថា​ជា​អ្នក​យក​ព័ត៌មាន​វីអូអេរួច​មក នាយក​វីអូអេលោក​Reilly ក៏​ប្រាប់​ទៅ​អ្នក​យក​ព័ត៌មាន​នោះ​ថា៖ «អ្នក​ពិត​ជា​មិន​ចេះ​ធ្វើ​ឲ្យ​ត្រឹមត្រូវ​មែន» ដោយ​លោក​បន្ថែម​ថា​អ្នកស្រី Widakuswara មិន​បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​សួរ​សំណួរ​ទេ។

អ្នកស្រី Widakuswara បាន​ឆ្លើយ​តប​វិញ​ថា ​អ្នកស្រី​ជា​អ្នក​សារព័ត៌មាន​ ហើយ​ថា​ ការងារ​របស់​អ្នកស្រី​តម្រូវ​ឱ្យ​អ្នកស្រី​សួរ​សំណួរ។

នៅ​មុន​ពេល​អ្នកស្រី​ត្រូវ​បាន​គេ​ផ្លាស់ប្តូរ​ការងារ អ្នកស្រី Widakuswara បាន​យក​ព័ត៌មាន​នៅ​សេតវិមាន​ឱ្យគេហទំព័រ ទូរទស្សន៍ និង​វិទ្យុ​របស់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក និង​ធ្វើ​ជា​អ្នក​សម្របសម្រួល​ឱ្យ​កម្មវិធី​សំឡេង​ផតខាស់ (podcast) មួយ​ឱ្យ​ក្រុម​ផ្សាយ​ជា​ភាសា​ឥណ្ឌូណេស៊ី​របស់​វីអូអេ​ផង​ដែរ។

នៅ​ក្នុង​សុន្ទរកថា​របស់​លោក លោក Pompeo បាន​អំពាវនាវ​យ៉ាង​ខ្លាំង​ឱ្យ​អ្នក​សារព័ត៌មាន​វីអូអេ​ធ្វើ​តាមបេសកកម្ម​របស់​ស្ថាប័ន​ខ្លួន និង​លើក​តម្កើង​សេរីភាព​សារព័ត៌មាន។​

រដ្ឋមន្ត្រី​ការបរទេស​ដែល​នឹង​ត្រូវ​ចប់​អាណត្តិ​រូប​នេះ​ ក៏​បាន​រិះគន់​អ្នក​សារព័ត៌មាន​វីអូអេ​មួយ​ចំនួន​ក្រោយ​ពី​អង្គការ​គម្រោងត្រួត​ពិនិត្យ​ការទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល បាន​ផ្ញើ​លិខិតក្នុង​នាម​ពួក​គេ​ទៅ​កាន់​លោក Pack នាយក​ប្រតិបត្តិ​ទីភ្នាក់ងារ USAGM និង​លោក​ Reilly នាយក​វីអូអេ ដោយ​លើក​ឡើង​ពី​ការ​បារម្ភ​ថា ការ​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​នូវ​សុន្ទរកថា​របស់​មន្ត្រី​រដ្ឋាភិបាល​មួយ​រូប​អាច​ខុស​ទៅ​នឹង​ច្បាប់​និង​បទបញ្ញត្តិ​នានា​របស់​ស្ថាប័ន​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក។​

លោក Michael Pack នាយក​ប្រតិបត្តិ​នៃ​ទី​ភ្នាក់ងារ​ USAGM ដែល​ត្រូវ​តែង​តាំង​ដោយ​លោក​ប្រធានាធិបតី​ Donald Trump។

ការ​សម្រេច​របស់​ថ្នាក់​ដឹកនាំ​វីអូអេក្នុង​ការ​ផ្សាយដោយ​ផ្ទាល់​នូវសុន្ទរកថា​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស Mike Pompeo នេះ​ ត្រូវ​បាន​រិះ​គន់​ថា​អាច​ធ្វើ​ឲ្យ​ខូច​ខាត​ដល់ភាព​ជឿទុក​ចិត្ត​បាន​របស់​ស្ថាប័ន​ព័ត៌មាន​មួយ​នេះ។

លោក Nick Cull សាស្ត្រាចារ្យ​ផ្នែក​ការទូត​សាធារណៈ​នៅ​សាលា​គមនាគមន៍​និង​សារព័ត៌មាន​Annenberg​ នៅសាកលវិទ្យាល័យ Southern California បាន​ថ្លែង​ប្រាប់​វីអូអេ​ថា ការ​អនុញ្ញាត​ឲ្យ​សុន្ទរកថា​របស់មន្ត្រី​ជាន់​ខ្ពស់សហរដ្ឋ​អាមេរិក​ម្នាក់អាច​ត្រូវផ្សាយ​ផ្ទាល់​តាម​វីអូអេ ជា​ការ​ប៉ុនប៉ង​ដើម្បី​បន្ថយ​ស្ថាប័ន​វីអូអេ​ឱ្យ​មក​ត្រឹម​ជា​បណ្តាញ​ផ្សាយរបស់​រដ្ឋ​ប៉ុណ្ណោះ។

លោក Cull ថ្លែង​ថា៖ «នៅ​ពេល​មន្ត្រី​រដ្ឋាភិបាល​មួយ​រូបទៅ​ទីស្នាក់ការ​បណ្តាញ​ផ្សាយ​ព័ត៌មាន​មួយ​ដែល​ផ្តល់​ថវិកា​ដោយ​រដ្ឋ ហើយ​ទទូច​ឲ្យ​ខ្លឹមសារ​ឃោសនាជាក់លាក់​មួយ​ចំនួន​ត្រូវ​តែ​ផ្សព្វផ្សាយ នេះ​ជា​ការធ្វើ​ឱ្យបរាជ័យ​ខ្លួន​ឯង និង​ធ្វើ​ឱ្យ​ខូចខាត​ដល់​រាល់​ការ​អះអាង​ទាំង​ឡាយរបស់​ស្ថាប័ន​ផ្សព្វផ្សាយ​នោះ​ដែល​ថា​ខ្លួនជា​ស្ថាប័ន​មិន​លម្អៀង។

លោក​បន្ថែម​ថា៖ «ការណ៍​នេះ​បន្ទាប​ស្ថាប័ន​សំឡេង​សហរដ្ឋ​អាមេរិក (វីអូអេ)​មក​ត្រឹម​កម្រិត​មួយ​មិន​ត្រឹម​តែ​ជា​ស្ថាប័ន​ផ្សព្វផ្សាយ​ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ស្ថាប័ន​ផ្សព្វផ្សាយ​របស់​រដ្ឋ»។

ការ​រិះគន់​ចំពោះ​ការ​ដក​អ្នកស្រី Widakuswara ពី​ការងារ​ជា​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​នៅ​សេតវិមាន ជា​ចំណាត់ការ​ចុងក្រោយ​បំផុត​របស់​ស្ថាប័ន​ព័ត៌មាន​នេះ ដែល​បាន​នាំ​ឱ្យ​មាន​ការរិះគន់​ពី​អ្នក​តាក់តែង​ច្បាប់​អាមេរិក​និង​អង្គការ​ការពារ​អ្នក​រាយការណ៍​អំពី​ការ​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​ ឬ​ whistleblower ចំពោះ​របៀប​ដែល​លោក Michael Pack នាយក​ប្រតិបត្តិ​ទីភ្នាក់ងារ USAGM​ ចាត់ចែង​ស្ថាប័ន​ព័ត៌មាន​មួយ​នេះ និង​ការ​ចោទ​ប្រកាន់​ដែល​ថា​លោក​ប៉ុនប៉ង​ជ្រៀតជ្រែក​ឯករាជ្យភាព​ខាង​ព័ត៌មាន​របស់​វីអូអេ។

កាល​ពី​ខែ​វិច្ឆិកា តុលាការ​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ហាម​ឃាត់​លោក Pack និង​ជំនួយការ​របស់​លោក​មិន​ឱ្យ​ជ្រៀតជ្រែក​ដោយ​ផ្ទាល់​ទៅ​លើ​កិច្ចការ​របស់​វីអូអេ រហូត​ដល់​ពេល​រឿង​ក្តី​មួយ​ដែល​ចោទ​ប្រកាន់​អំពី​ការ​រំលោភលើ​ «ជញ្ជាំង​ការពារ» ​ឯករាជ្យភាព​វីអូអេ​ ឬ firewall ត្រូវ​បាន​ជំនុំ​ជម្រះ។

ការិយាល័យ​អគ្គ​អធិការកិច្ចរបស់​ USAGM បាន​ផ្ញើ​លិខិតទៅ​លោក Pack​ ដើម្បី​រំឭកនាយក​ប្រតិបត្តិ​រូប​នេះ​អំពី​ច្បាប់​ការពារ​អ្នក​រាយការណ៍​អំពី​ការ​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​ពី​ការសងសឹក។ ហើយ​ការិយាល័យ​រដ្ឋ​អាជ្ញា​ពិសេស បាន​បញ្ជាឱ្យ​នាយក​ប្រតិបត្តិ​រូប​នេះ​ស៊ើប​អង្កេត​អំពី​កំហុស​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​មន្ត្រី​ផ្ទាល់​ខ្លួន​របស់​លោក៕

ប្រែ​សម្រួល​ដោយលោក​សឹង សុផាត