នៅត្រើយម្ខាងពីក្រុងហូជីមិញ ផ្ទៃដីមួយកន្លែងកំពុងត្រូវកែប្រែឱ្យទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុយ៉ាងអ៊ូអរមួយ។ ភាគច្រើននៃផ្ទៃដីនេះជាដីហុយនិងផ្ទាំងស៊ីម៉ង់។ ក៏ប៉ុន្តែកាលពីប៉ុន្មានឆ្នាំមុននេះកន្លែងនេះជាវាលភក់ដែលមានពពែនិងជ្រូកនៅក្នុងទីនោះ។
ពួកអ្នកបរិស្ថាននិយាយថា ការបង្កើននិងការពង្រីកទីក្រុងនៅក្នុងអាស៊ីអាគ្នេយ៍បានផ្លាស់ប្តូរការទាក់ទងរបស់មនុស្សជាមួយសត្វព្រៃ ហើយនៅពេលនេះជំងឺកូវីដ១៩ បង្ហាញថាតើទំនាក់ទំនងនេះអាចបង្កឱ្យមានហានិភ័យបែបណាដល់សុខភាពសាធារណៈ។ ពួកគេនិយាយបង្ហាញហេតុផលថា ទោះណាជាគេដឹងយូរមកហើយថា ការកាប់ព្រៃឈើដែលនាំមានផលមិនល្អដល់ធាតុអាកាសអាចជាបញ្ហាមួយដល់សត្វក៏ដោយ ក៏ការរាត្បាតជាសាកលនៃជំងឺកូវីដ១៩ គូសបញ្ជាក់ថា វាក៏អាចនាំឱ្យមានហានិភ័យដល់មនុស្សដែរ។
នៅពេលនេះ ពួកអ្នកវិទ្យាសាស្ត្រជឿថាមនុស្សបានឆ្លងវីរុសនេះពីសត្វដោយទំនងជាឆ្លងពីប្រចៀវទៅពង្រូលដែលបានត្រូវប៉ះពាល់ដោយមនុស្សនៅក្នុងប្រទេសចិន។ មានវិធីជាច្រើនដែលជំងឺកូវីដ១៩ មានផលប៉ះពាល់លើការជជែកដេញដោលគ្នាអំពីការប្រែប្រួលអាកាសធាតុ។ នៅក្នុងទ្វីបអាស៊ីអាគ្នេយ៍ ការណ៍នេះមានរួមបញ្ចូលការបំផ្លាញព្រៃឈើដោយសារមនុស្សអភិវឌ្ឍតំបន់ទាំងនោះសម្រាប់ធ្វើផ្ទះសំបែងដោយនាំមនុស្សទាំងនេះទៅកាន់កន្លែងដែលមានសត្វរស់នៅកាលពីពេលថ្មីៗនេះ។
លោកស្រី Sarah Elago ជាសមាជិកាសភាហ្វីលីពីន ដែលនៅទីនោះរដ្ឋដាក់ស្នើច្បាប់តឹងតែងប្រឆាំងនឹងការជួញដូរសត្វព្រៃនៅពេលមានការរាតត្បាតសាកលនៃជំងឺកូវីដ១៩។
លោកស្រីបាននិយាយថា៖ «មានភ័ស្តុតាងបង្ហាញថា ការបំផ្លាញព្រៃឈើនិងនគរូបនីយកម្មបង្កើនហានិភ័យក្នុងការមានជំងឺឆ្លងដូចជាការឆ្លងវីរុសកូរ៉ួណាជាដើម»។
លោកស្រីចង្អុលបង្ហាញថា ទ្វីបអាស៊ីអាគ្នេយ៍មានអត្រាខ្ពស់នៃការកាប់ព្រៃឈើដោយបានបាត់បង់ព្រៃឈើជាង៣២លានហិកតា ចាប់តាំងពីឆ្នាំ១៩៩០មក។
ការបំផ្លាញព្រៃឈើនៅក្នុងតំបន់នោះរួមផ្សំជាមួយការបង្កើតទីក្រុងដើម្បីបំពេញសេចក្តីត្រូវការនៃការលូតលាស់សេដ្ឋកិច្ចខ្លាំង។ ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានមនុស្សច្រើនទីបួនក្នុងពិភពលោក នៅពេលនេះកំពុងគ្រោងលើករដ្ឋធានីពីក្រុងហ្សាការតាទៅកាន់កោះ Borneo ដែលជាការចៀសមិនរួចតម្រូវឱ្យមានការរានដី។ បើតាមផ្នែកពិនិត្យមើលផែនដីនៃទីភ្នាក់ងារ NASA ថាប្រទេសកម្ពុជាបានបាត់បង់ព្រៃឈើ បើគិតតាមចំនួនហិកតាវិញ គឺច្រើនជាងប្រទេសឯទៀតៗនៅលើផែនដី។ ប្រទេសសិង្ហបុរីបានក្លាយទៅជាក្រុងទំនើបបំផុតនៅក្នុងតំបន់នោះក្រោយពីបានចាក់ដីលើតំបន់ភក់ដើម្បីពង្រីកប្រទេស។
បើតាម JLL Global Cities Research ដែលជាក្រុមហ៊ុនអចលនទ្រព្យ អះអាងថា មហាទីក្រុងនៅក្នុងតំបន់នោះក៏ប្រឈមនឹងកំណើនទឹកសមុទ្រនិងដីស្រុតដែរ។
លោក Jeremy Kelly ជានាយកក្រុមហ៊ុន JLL Global Cities Researchនិយាយថា៖ «អាស៊ីអាគ្នេយ៍មានទីក្រុងលូតលាស់លឿនបំផុតនិងមានថាមពលខ្លាំងបំផុត។ ជាមួយការចំណាកស្រុកដោយមនុស្សច្រើននាក់និងនគរូបនីយកម្មធំជាងមុន ទីក្រុងជាច្រើនខ្វះខាតធនធាន»។
ក្រៅពីការទន្ទ្រានរានយកដីព្រៃឈើ មនុស្សក៏មានការប៉ះពាល់ជាមួយសត្វព្រៃនៅក្នុងតំបន់នោះដែរ។ ផ្សារលក់សត្វព្រៃដូចជាផ្សារមួយក្នុងប្រទេសចិនដែលគេមានជំនឿថា ជំងឺកូវីដ១៩ បានលេចឡើងពីទីនោះ មានជាធម្មតានៅក្នុងអាស៊ីអាគ្នេយ៍។ ប្រទេសជាតិទាំងនេះក៏ជាកន្លែងឆ្លងកាត់ជាញឹកញាប់សម្រាប់ការជួញដូរផលិតផលសត្វព្រៃ។
លោក Ngo Thi Thanh Thao ជាអ្នកចាត់ចែងខាងបណ្តាញផ្សាយព័ត៌មាននៃអង្គការ CHANGE នៃប្រទេសវៀតណាមដែលជាអង្គការបរិស្ថានមួយ។លោកបាននិយាយថាការជួញដូរបែបនេះទំនងនាំឱ្យមានការរាតត្បាតជំងឺ។
ក្រៅពីការកាប់ព្រៃឈើ មានបញ្ហាឯទៀតៗភ្ជាប់ទាក់ទងជាមួយការប្រែប្រួលធាតុអាកាសដែលមានការយកចិត្តដាក់ជាថ្មីដោយសារមានការរាតត្បាតនៃជំងឺកូវីដ១៩។ ការលូតលាស់សេដ្ឋកិច្ចនៅក្នុងទ្វីបអាស៊ីបានបង្កើនខ្យល់កខ្វក់។
ការណ៍នេះជាបញ្ហាមួយដែលលោកបណ្ឌិត Diarmid Campbell-Lendrum នៃអង្គការសុខភាពពិភពលោកនិយាយថា បានធ្វើឱ្យសុខភាពមនុស្សខ្សោយជាទូទៅ។ មនុស្សដែលមានសុខភាពខ្សោយអាចធ្វើឱ្យពួកគេមានការពិបាកខ្លាំងនៅពេលពួកគេឆ្លងជំងឺកូវីដ១៩។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏មានសេចក្តីសង្ឃឹមខ្លះដែរ។ នៅពេលដែលមនុស្សនៅក្នុងផ្ទះ សត្វព្រៃក៏មានចេញមកច្រើនជាងមុនដូចជាអណ្តើកបានមានជាថ្មីនៅលើឆ្នេរខ្សាច់មាត់សមុទ្រនៃប្រទេសថៃ។ ហើយការសាយភាយឧស្ម័នកាបូនិកក៏បានចុះថយដោយសារមនុស្សតិចជាងមុនបើកយានយន្តនិងធ្វើការនៅក្នុងរោងចក្រ។
លោកស្រី Elago សមាជិកាសភាហ្វីលីពីនបានមានប្រសាសាន៍ថាដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុស ជាពិសេសពីសត្វ អាជ្ញាធរគួរធ្វើនិយតកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចដោយសារវាមានផលប៉ះពាល់លើធម្មជាតិនៅទូទាំងពិភពលោក។
លោកស្រីបាននិយាយថា៖ «រដ្ឋាភិបាលរបស់យើងត្រូវចាត់វិធានការជាបន្ទាន់ប្រឆាំងនឹងការបំផ្លាញព្រៃឈើដោយបង្កើនតំបន់ការពារនិងការថែរក្សាបរិស្ថានប្រឆាំងនឹងគម្រោងការវិនិយោគប្រសិនបើយើងចង់កាត់បន្ថយហានិភ័យដូចជាការរាតត្បាតនៃជំងឺកូវីដ១៩ជាដើម»។
រដ្ឋាភិបាលមួយក្នុងបណ្តារដ្ឋាភិបាលទាំងនោះគឺប្រទេសវៀតណាមដែលកាលពីខែមេសាបានដាក់ស្នើសេចក្តីព្រាងវិសោធនកម្មមួយអំពីច្បាប់ការពារបរិស្ថានរបស់ផងខ្លួនដោយមានរួមបញ្ចូលការបង្កើនការពិន័យសម្រាប់ឧក្រិដ្ឋកម្មបរិដ្ឋាន។
អ្នកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាបាននិយាយថា មិនគួរមានការដោះដូររវាងអត្ថប្រយោជន៍ខាងបរិដ្ឋាននិងខាងសេដ្ឋកិច្ចទេ។
អ្នកស្រីបានថ្លែងថា៖ «ការបង្កើនចំណាយថវិកាសម្រាប់ការការពារបរិដ្ឋានជាការចាំបាច់»។
ប្រែសម្រួលដោយ ឈឹម សុមេធ