ប្រជាពលរដ្ឋនៅឃុំអមលាំងបានប្រមូលផ្តុំគ្នានៅក្នុងទីរួមខេត្តកំពង់ស្ពឺដើម្បីទាមទារកុំឱ្យតុលាការចាប់ឃុំអ្នកភូមិបីនាក់ ដែលត្រូវបានចោទប្រកាន់ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនស្ករសនៅក្នុងរឿងជម្លោះដីធ្លីដែលបានកើតឡើងតាំងពីដើមឆ្នាំ២០១០។ អំពើហិង្សា និងការចាប់ខ្លួនជាបន្តបន្ទាប់បានកើតមានឡើង បន្ទាប់ពីគ្មានដំណោះស្រាយ។
ប្រជាពលរដ្ឋជាង២០០នាក់ នៅឃុំអមលាំង បានធ្វើដំណើរមកកាន់ទីរួមខេត្តកំពង់ស្ពឺនៅថ្ងៃអង្គារនេះ ដើម្បីទាមទារឱ្យតុលាការបោះបង់ចោលបទចោទប្រកាន់ប្រឆាំងអ្នកភូមិបីនាក់បន្ថែមទៀត ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនស្ករស។
តុលាការខេត្តកំពង់ស្ពឺបានកោះហៅអ្នកភូមិបីនាក់បន្ថែមទៀត ដែលរួមមានអ្នកស្រីជិន សារុំ អាយុ៣៥ឆ្នាំ អ្នកស្រីឌុល លាង អាយុ៤១ឆ្នាំ និងលោកស ថាន អាយុ៣៦ឆ្នាំ ត្រូវចោទប្រកាន់ ឬមានតម្រុយពិរុទ្ធភាពពីបទញុះញ៉ង់ បង្កអគ្គីភ័យដោយចេតនា ធ្វើឱ្យខូចខាតដោយចេតនា និងផ្សំគំនិតប្រព្រឹត្តនៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែមិនាឆ្នាំ២០១០។
អ្នកស្រីជិន សារុំ អាយុ៣៥ឆ្នាំ នៅភូមិថ្នល់បំបែក ឃុំអមលាំង ខេត្តកំពង់ស្ពឺ ដែលត្រូវបានចោទប្រកាន់បាននិយាយថា អ្នកស្រីមិនអាចទទួលយកការចោទប្រកាន់នេះបានទេ ពីព្រោះអ្នកស្រីមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។
«ខ្ញុំមកតាមការកំណត់របស់តុលាការ។ ខ្ញុំមិនគេចខ្លួនទេ។ ខ្ញុំមិនបានញុះញ៉ង់បងប្អូនទេ។ ខ្ញុំអត់មានបានដុតបំផ្លាញទេ។ ការចោទប្រកាន់ប្រឆាំងនឹងខ្ញុំនេះមិនត្រឹមត្រូវ និងជាការមួលបង្កាច់ខ្ញុំទាំងស្រុងទេ»។
លោកផល វណ្ណៈ អាយុ២៤ឆ្នាំនៅភូមិគោក បាននិយាយថា ប្រជាពលរដ្ឋឃុំអមលាំងធ្វើដំណើរមកកាន់តុលាការខេត្តកំពង់ស្ពឺនេះ ដើម្បីទាមទារឱ្យតុលាការលើកលែងការចោទប្រកាន់ប្រឆាំងនឹងអ្នកភូមិបីនាក់បន្ថែមទៀតពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន។
លោកផល វណ្ណៈ បានបន្តថា ប្រជាពលរដ្ឋទាំងនេះស្នើសុំឱ្យតុលាការចុះស៊ើបអង្កេតលើករណីចោទប្រកាន់ប្រឆាំងនឹងប្រជាពលរដ្ឋណាម្នាក់ មុននឹងចេញដីកាបង្គាប់។
«យើងទៅជួយទាមទារឱ្យតុលាការលើកលែងការចោទប្រកាន់ប្រជាពលរដ្ឋទាំងអស់ ពីព្រោះតុលាការ កន្លងមក ចេះតែហៅប្រជាពលរដ្ឋអមលាំង១៦នាក់ ហើយឥឡូវថែមបីនាក់ទៀត ឡើងដល់១៩នាក់ហើយ។ ពួកខ្ញុំទៅនេះដើម្បីយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋនៅក្នុងឃុំអមលាំងទាំងមូល»។
លោកអ៊ុច ឡេង មន្ត្រីកម្មវិធីដីធ្លីនៃសមាគមសិទ្ធិមនុស្ស Adhoc បានថ្លែងថា ប្រជាពលរដ្ឋទាំងនេះមានការព្រួយបារម្ភពីការចាប់ខ្លួនប្រជាពលរដ្ឋបីនាក់បន្ថែមទៀត ដែលតុលាការបានកោះហៅក្នុងរឿងបំផ្លាញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន។
លោកអ៊ុច ឡេងបានបន្ថែមថា ប្រជាពលរដ្ឋបានប្រមូលកម្លាំងសាមគ្គីគ្នាដើម្បីដាក់សម្ពាធទៅលើតុលាការ កុំមានការឃុំខ្លួន ដូចជាលោកយូ ធរ និងលោកគឹម វុទ្ធី។
«គាត់អត់មានខុសច្បាប់ក្នុងការសម្តែងនូវការទាមទារដើម្បីសុំឱ្យតុលាការខេត្តកំពង់ស្ពឺជួយផ្តល់យុត្តិធម៌ដល់ពួកគាត់ ពីព្រោះរឿងដីធ្លីមិនទាន់បានដោះស្រាយ បែរជាតុលាការធ្វើការចោទប្រកាន់ពួកគាត់ម្តងមួយៗ»។
លោកស្រីហាប់ ដាំ មេឃុំអមលាំង បានបញ្ជាក់ថា លោកស្រីគាំទ្រការសាមគ្គី និងការបញ្ចេញមតិរបស់អ្នកភូមិស្របតាមច្បាប់ ដើម្បីស្វែងរកការណ៍ពិត។
ជម្លោះដីធ្លីនេះបានកើតមានតាំងពីខែកុម្ភៈ ឆ្នាំ២០១០ ហើយរហូតមកដល់ពេលនេះមិនទាន់មានដំណោះស្រាយជាផ្លូវការសម្រាប់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់នេះទេ៕