ពលរដ្ឋ​ខេត្ត​សៀមរាប​ខ្លះ​ប្រឈម​នឹង​ការ​បាត់​បង់​អាជីព​ដោយសារ​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ

ភ្ញៀវទេសចរណ៍ចូលទស្សនាប្រាសាទអង្គរវត្ត ដោយដើរឆ្លងស្ពាននៅមុខប្រាសាទអង្គរវត្ត នៅក្នុងខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ធីតា វីន/VOA)

សៀមរាប — ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​សៀមរាប​ដែល​ប្រកប​របរ​ពឹង​ផ្អែក​លើ​វិស័យ​ទេសចរណ៍​កំពុង​ជួប​ការ​លំបាក​ជា​ខ្លាំង ​បន្ទាប់​ពី​ភ្ញៀវ​ទេសចរ​នៅ​ក្នុង​ខេត្ត​នេះ​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ឆ្នាំ​២០១៩ កន្លង​មក​នេះ។

អ្នក​រស់​នៅ​ក្នុង​ខេត្ត​សៀមរាប ​ដែល​មាន​មុខ​របរ​ដូច​ជា​មគ្គុទេសក៍​ទេសចរណ៍​ ភោជនីយដ្ឋាន​ ផ្ទះ​សំណាក់ ​សណ្ឋាគារ​ អ្នក​រត់​តាក់​ស៊ី​ ម៉ូតូ​កង់​បី អ្នក​លក់​វត្ថុ​អនុស្សាវរិ៍យ ​និយាយ​ថា​ ការ​ធ្លាក់​ចុះ​នេះ​ធ្វើ​ឲ្យ​ពួក​គេ​បាត់​បង់​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​ ដើម្បី​ផ្គត់​ផ្គង់​គ្រួសារ ​បង់​ធនាគារ​ និង​ការ​ចំណាយ​ចំបាច់​ផ្សេងៗ​ទៀត។

អ្នក​ស្រី​ ព្រាប ​យ៉ា​ អាយុ ​៣១ឆ្នាំ ​ជា​អាជី​វករ​នៅ​មុខ​ប្រាសាទ​អង្គរវត្ត។​ អ្នក​ស្រី​លក់​ខោអាវ ​កន្សែង ​បង់​ក ​មួក ​ស្បែក​ជើង​សម្រាប់ភ្ញៀវ​ជាតិ​និង​អន្តរ​ជាតិ​អស់​រយៈ​ពេល​១០​ឆ្នាំ​កន្លងមក​ហើយ។ អ្នក​ស្រី​ប្រាប់​វីអូអេ​ថា ​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរ​ជាតិ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ​ហើយ​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​របស់​អ្នក​ស្រី​បាន​មក​ពី​ការ​លក់​ក៏​បាន​ធ្លាក់​ចុះ​យ៉ាង​ច្រើន​ដែរ។

‍‍«ពី​មុន​ចំណេញ​បាន​១​ថ្ងៃ ​៤​ម៉ឺន​៥​ម៉ឺន​ ឆ្នាំ​មុនៗ ​តែ​ដល់​ចូល​ឆ្នាំ​នេះ​មក​ធ្លាក់​ភ្ញៀវ​មក​អត់​សូវ​ចំណេញ​ច្រើន​ទេ ​ចំណេញ​១​ថ្ងៃ​២​ម៉ឺន​ ២៥០០០​ ពេល​ខ្លះ​ធ្លាក់​នៅ​១៥០០០​ប៉ះ​ថ្ងៃ​ខ្លះ​អត់​បាន​កៅ​ឆាយ​ក៏​មាន»។

អ្នក​ស្រី​ ព្រាប ​យ៉ា​ ជា​ប្រជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ជា​ច្រើន​អ្នក​ទៀត ​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​បាត់​បង់​ប្រាក់​ចំណូល​យ៉ាង​ច្រើន​សម្រាប់​ផ្គត់​ផ្គង់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។

លោក ​ទៀ ​សីហា​ អភិបាល​ខេត្ត​សៀមរាប​ បាន​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​ឆ្នាំ​២០១៩ ​ភ្ញៀវ​ទេសចរ​ចូល​មក​លេង​ខេត្ត​សៀមរាប​មាន​ការ​ធ្លាក់​ចុះ​១៥​ភាគរយ​ ពោល​គឺ​ស្មើ​ប្រហែល​៣​សែន​នាក់​ បើ​ធៀប​ទៅ​ឆ្នាំ​២០១៨។

អ្នកស្រី ព្រាប យ៉ា ជាអាជីវករនៅមុខប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ធីតា វីន/VOA)

អ្នកស្រី គឹម ណារីន ជាអាជីវករនៅមុខប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ធីតា វីន/VOA)

នៅ​ម្ខាង​ទៀត​នៃ​ផ្លូវ​មុខ​ប្រាសាទ​អង្គរ​វត្ត​ តូប​ប្រក់​ស្បូវ​ប្រហែល​៥​ម៉ែត្រ​ បួន​ជ្រុង​ដែល​មាន​លក់​ខោអាវ​ គ្រឿ​ង​ចម្លាក់​ឈើ ​ថ្ម ​និង​វត្ថុ​អនុស្សាវរីយ៍​ជា​ច្រើន​ទៀត។ ក្នុង​រយៈពេល​ប្រហែល​ជិត​១​ម៉ោង​ មាន​ភ្ញៀវ​ទេសចរ​ខ្មែរ​តែ​ម្នាក់​ប៉ុណ្ណោះ​ចូល​ទិញ​អាវ​នៅ​ទី​នេះ។

អ្នក​ស្រី​ គឹម ​ណារីន​ អាយុ៤១ ​ឆ្នាំ ​ជា​ម្ចាស់​តូប​នេះ​អស់​រយៈពេល​ជិត​២០​ឆ្នាំ​មក​ហើយ។ អ្នក​ស្រី​ថា​ នៅ​ក្នុង​ឆ្នាំ​២០១៩​កន្លង​មក​នេះ​ ប្រាក់​ចំណេញ​របស់​អ្នក​ស្រី​បាន​ធ្លាក់​ចុះ​ប្រហែល​ជាង​៥០​ភាគរយ​ ហើយ​ពេល​នេះ​ការ​លក់​របស់​អ្នក​ស្រី​ពឹង​ផ្អែក​លើ​ភ្ញៀវ​ជាតិ​តែ​ប៉ុណ្ណោះ។

«ថ្ងៃ​ណា​ក៏​បាន​១០​ទៅ​២០​[ដុល្លារ] ​ឆ្នាំ​មុន​វា​អាច​បាន​លើស​នេះ ​៥០​ ៦០ ​៧០​ [ដុល្លារ] ​ អីចឹងទៅ ​ចំណូល​វា​បាន​លើស​ឆ្នាំ​នេះ​ ពួក​ខ្ញុំ​បាន​ខ្មែរ​ទេ ​ខ្ញុំ​អត់​មាន​សង្ឃឹម​បរទេស​ទេ​ ចាំ​បរទេស ទិញ​ដាច់​បាយ​ហើយ»។

អាជីវករ​លក់​របស់​របរ​វត្ថុ​អនុស្សាវរីយ៍​សម្រាប់​ភ្ញៀវ​ជាតិ​ និង​អន្តរ​ជាតិ​ នៅ​ផ្សារ​ចាស់​ និង​ផ្សារ​រាត្រី​នៅ​ក្នុង​ខេត្ត​សៀម​រាប​ ក៏​បាន​ត្អូញ​ត្អែរ​ពី​ការ​បាត់​បង់​ប្រាក់​ចំណូល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ​ស្រដៀងៗ​គ្នា​ទៅ​នឹង​អាជីវករ​លក់​នៅ​មុខ​ប្រាសាទ​អង្គរវត្ត​ដែរ។ អាជីវករ​មួយ​ចំនួន​បាន​សម្រេច​ចិត្ត​បោះ​បង់​មុខ​របរ​នេះ​ចោល​ បន្ទាប់​ពី​មិន​អាច​ទ្រាំទ្រ​នឹង​ការ​បាត់​បង់​ប្រាក់​ចំណូល​ក្រោយ​ពី​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​នេះ។

នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្សារ​ចាស់​ក្នុង​ខេត្ត​សៀមរាប​ លោក ​វ៉ន​ បូរាណ​ អាយុ​៣២​ឆ្នាំ​ កំពុង​អង្គុយ​លើ​ម៉ូតូ​កង់​បី​ភ្នែក​កំពង់​រំពៃ​រក​ភ្ញៀវ។ លោក​ប្រាប់​វីអូអេ​ថា ​លោក​រត់​ម៉ូតូ​កង់​បី​ដឹក​ភ្ញៀវ​ទេសចរ​ជាង​១០​ឆ្នាំ​មក​ហើយ​ ក៏​ប៉ុន្តែ​មិន​ដែល​មាន​ឆ្នាំ​ណា​ភ្ញៀវ​ទេសចរ​ធ្លាក់​ខ្លាំង​ដូច​ឆ្នាំ​២០១៩​នោះ​ទេ។

«ពីរ​ បី​ឆ្នាំ​មុន​ដែល​ភ្ញៀវ​សម្បូរ ​ពេល​នៅ​ក្នុង​រដូវ​សម្បូរ​ភ្ញៀវ​នេះ​ជា​មធ្យម​ ខ្ញុំ​អាច​រក​បាន​ ១៥​ដុល្លារ ក្នុង​មួយ​ថ្ងៃ ​តែ​ឆ្នាំ​នេះ​ក្នុង​ខែ​នេះ​ដូច​គ្នា ​មួយ​អាទិត្យ ​ខ្ញុំ​រក​អត់​បាន​២០​ដុល្លារ​ទេ។ ​ចឹង​វា​យ៉ាប់​មែនទែន​លើ​ការ​ចាយ​វាយ​ចំណាយ​ទៅ​លើ​ក្រុម​គ្រួសារ​ គឺ​រាល់​ខែ​ខ្ចី​លុយ​គេ​ចាយ​រហូត​ដំណាក់​កាល​ចុង​ក្រោយ ​ប្រហែល​ជា​ចំណាក​ស្រុក ​ពី​ព្រោះ​នៅ​ក្នុង​ស្រុក​អត់​មាន​ការ​ងារ​ធ្វើ​ទេ»។

លោក​បាន​ឲ្យ​ដឹង​បន្ត​ថា​៖ «មើល​ទៅ​រដ្ឋាភិបាល​ដូច​យក​ចិត្ត​ទុក​ដាក់ ​តែ​ដូច​បាន​តែ​មាត់ ​ពី​ព្រោះ​ការ​ដឹក​នាំ​ទាំង​អស់​ដូច​អត់​ដែរ​បាន​ទទួល​កំហុស​ផង»។

លោក វ៉ន បូរាណ អ្នករត់ម៉ូតូកង់បីដឹកភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ធីតា វីន/VOA)

តូបលក់វត្ថុអនុស្សាវរីយ៍នៅមុខប្រាសាទអង្គរវត្តមានសភាពស្ងប់ស្ងាត់ នៅក្នុងខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ធីតា វីន/VOA)

លោក ​ខៀវ ​ធី ​ជា​ប្រធាន​សមាគម​មគ្គុស​ទេសក៍​ទេសចរណ៍​អង្គរ ​និង​មគ្គុសទេសក៍​ទេសចរណ៍​ភាសា​អង់គ្លេស។ លោក​ធ្វើការ​នេះ​អស់​រយៈពេល​២៥​ឆ្នាំ​មក​ហើយ។ ​លោក​បាន​ឲ្យ​ដឹង​ថា​ កត្តា​នយោបាយ​ សេដ្ឋកិច្ច​ពិភព​លោក ​អាកាស​ធាតុ​ឡើង​កំដៅ ​អនាម័យ ​បរិស្ថាន ​សណ្តាប់ធ្នាប់ ​ចរាចរណ៍ ​និង​សេវា​កម្ម​ប៉ូលីស​អន្តោ​ប្រវេសន៍​នៅ​តាម​ច្រក​ព្រំដែន​ គឺ​សុទ្ធ​តែ​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ។

លោក​បាន​បន្ថែម​ថា ​រដ្ឋាភិបាល​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​វិស័យ​ទេសចរណ៍​នេះ ​បើ​មិន​ដូច្នោះ​ទេ​ ប្រជា​ពលរដ្ឋ​នៅ​សៀមរាប​ភាគ​ច្រើន​ដែល​ពឹង​អាស្រ័យ​លើ​វិស័យ​ទេសចរណ៍​នឹង​បន្ត​ជួប​បញ្ហា​លំបាក​ផ្នែក​ជីវភាព​កាន់​តែ​ខ្លាំង​ទៅៗ។

«ភ្ញៀវ​ឆ្នាំ​១៧ ​១៨ ​យើង​រក​លុយ​បាន​ច្រើន​ យើង​បាន​១៥​ថ្ងៃ​ក្នុង​មួយ​ខែ ​តែ​ឆ្នាំ​នេះ​ យើង​រក​បាន​តែ​បួន​ឬ​ប្រាំ​ថ្ងៃ​ ចឹង​អ្នក​ដែល​ជំពាក់​ធនាគារ ​ជួន​កាល​គាត់​ខ្ចី​លុយ​ធនាគារ​ដើម្បី​ទិញ​ឡាន​រត់​តាក់ស៊ី​ដឹក​ភ្ញៀវ​ គាត់​ខ្ចី​លុយ​ដើម្បី​ទិញ​ផាស់​អាប់​(PassApp) ​ខ្ចី​លុយ​ដើម្បី​ទិញ​តុក ​តុក ​ចឹង​គាត់​រំពឹង​ថា ​នឹង​បាន​លុយ​គាត់​រក​បាន​សង​បណ្តោះ​ទៅ​គេ​វិញ។ តែ​បើ​អត់​ភ្ញៀវ​ទេសចរ​តែ​ដូច​របៀប​ឆ្នាំ​២០​១៩នេះ យើង​បារម្ភ​ថា​ វា​អាច​មាន​បញ្ហា​ភាព​ក្រីក្រ​កើត​មាន​ឡើង​ ហើយ​អាច​មាន​បញ្ហា​ជាមួយ​នឹង​ធនាគារ​ដែល​គេ​រឹប​អូស​យក​ដី​ធ្លី​ទ្រព្យ​សម្បត្តិ​គាត់»។

ជាមួយ​គ្នា​នេះ​ដែរ​ លោក ​គឹម ​ហាក់ ​ជា​មគ្គុសទេសក៍​ទេសចរណ៍​ភាសា​ចិន​ជាង​២០​ឆ្នាំ បាន​ឲ្យ​ដឹង​ថា ​លោក​បាន​ដូរ​អាជីព​ទៅ​ជា​អ្នក​បក​ប្រែ​ជា​បណ្តោះ​អាសន្ន​សិន​ បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៃ​ភ្ញៀវ​ទេសចរ។

លោក​បាន​បន្ត​ថា ​នៅ​ក្នុង​រយៈពេល​ខាង​មុខ​នេះ​ លោក​ហាក់​ដូច​ជា​មិន​មាន​សង្ឃឹម​ចំពោះ​កំណើន​ភ្ញៀវ​ទេសចរ​នោះ​ទេ​ ស្រប​ពេល​ដែល​ស្ថានភាព​នយោបាយ​កម្ពុជា​កំពុង​ច្របូក​ច្របល់​ថែម​ទៀត​នោះ។

«ខែ​នេះ​ម៉ោង​នេះ​ពេល​នេះ​ ពួក​ខ្ញុំ​មគ្គុសទេសក៏​ខ្លះ​គឺ​ដេក​ស៊ី​ម៉ង ​អត់​មាន​ភ្ញៀវ​ទេ​ ចឹង​យើង​សុខចិត្ត​លក់​ម៉ូតូ​ លក់​ឡាន​ ចង​ការ ​ដេញ​តុង​ទីន ​យក​លុយ​មក​ដើម្បី​បង្វិល​ក្នុង​ជីវភាព។ គ្រាន់​តែ​មិត្តភ័ក្តិ​ខ្ញុំ​ វា​ដេក​អត់​មាន​ភ្ញៀវ​ឡើង​មួយ​ខែ​ ខ្លះ​ពី​មុន​វា​ដើរ​ប្រាំ​ក្រុម ​២៥ថ្ងៃ។ ឥឡូវ​គាត់​អត់​មាន​ផង​ ជួន​កាលដើរ​បាន​មួយ​ក្រុម ​គាត់​ជា​អ្នក​នាំ​ភ្ញៀវ​ដែល​ល្អ ​ឆ្លាត ​យ៉ាង​ណា​ក៏​ដើរ​បាន​តែ​មួយ​ក្រុម»។

ខណៈចំនួនភ្ញៀវទេសចរណ៍ធ្លាក់ចុះ សណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់វត្ថុអនុស្សាវរីយ៍ ត្រូវបានដាក់ជួល ឬលក់ នៅក្នុងខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ធីតា វីន/VOA)

សារមន្ទីរ​អង្គរ​ដែល​បាន​បើក​សម្ពោធ​ជា​ផ្លូវការ​កាល​ពី​ឆ្នាំ​២០១៥ ​ដែល​វិនិយោគ​ដោយ​ក្រុម​ហ៊ុន​របស់​កូរ៉េ​ខាង​ជើង​មាន​តម្លៃ​ជាង ​២០​លាន​ដុល្លារ​អាមេរិក​ និង​សណ្ឋាគារ​អប្សរា​អង្គរ​លំដាប់​ផ្កាយ​៤​ ដែល​បាន​បើក​ដំណើរ​ការ​អស់​រយៈពេល​ជិត​២០​ឆ្នាំ ​ក៏​បាន​ប្រកាស​ផ្អាក​ដំណើរការ​កាល​ពី​ថ្មីៗ​នេះ​ដែរ ដោយ​សារ​វិបត្តិ​ផ្នែក​សេដ្ឋកិច្ច។

ក្រៅ​ពី​នេះ​សណ្ឋាគារ ​ផ្ទះ​សំណាក់ ​ភោជនីយដ្ឋាន​ ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​ មួយ​ចំនួន​ទៀត​ក៏​បាន​ផ្អាក​ដំណើរ​ការ​អាជីវកម្ម​របស់​ខ្លួន​ផង​ដែរ។

លោក ​កៅ ​ហ្វីលីព ​( PHILIP KAO) ​ប្រធាន​សមាគម​ក្លឹប​ទេសចរណ៍​សៀមរាប​មាន​ប្រសាសន៍​ថា​ ទាំង​វិស័យ​រដ្ឋ​និង​ឯកជន​គួរ​តែ​ប្រឹង​ប្រែង​រួម​គ្នា​ដើម្បី​ធ្វើ​យ៉ាង​ណា​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មាន​ការ​កើន​ឡើង​វិញ។

លោក​បញ្ជាក់​ថា ​បើ​ទេសចរណ៍​នៅ​បន្ត​ធ្លាក់​ចុះ​បែប​នេះ​ទៀត ​មុខ​របរ​ដែល​ទាក់​ទង​នឹង​ទេសចរណ៍​មួយ​ចំនួន​ប្រឈម​មុខ​នឹង​ការ​បិទ​ទ្វារ។

«ការ​ប្រកប​អាជីវកម្ម​មួយ​តែ​ម្តង ​ប្រសិន​ជា​ប្រឈម​មុខ​នឹង​ការ​ខាត​រាប់​ខែ​រាប់​ឆ្នាំ ​ខ្ញុំ​គិត​ថា​ វា​មិនអាច​ទ្រាំ​ទ្រ​ទៅ​មុខ​ទៀត​បាន ​ក្រៅ​ពី​បិទ​អាជីវកម្ម​ទេ។ ​ដូច​មិត្តភក្តិ​ខ្ញុំ​ខ្លះ​គាត់​ធ្លាប់​លើក​ថា​ ឥឡូវនេះ​ប្រកប​វិស័យ​សណ្ឋាគារ​និង​វិស័យ​ទេស​ចរណ៍​នៅ​ខេត្ត​សៀមរាប​ ដើម្បី​ឲ្យ​មាន​ដំណើរ​ការ​នៃ​អាជីវកម្ម​របស់​ខ្លួន​បាន ​ទាល់​តែ​អាច​ប្រឹង​ទៅ​លក់​ទ្រព្យ​សម្បត្តិ​ខ្លួន​ឯង​ ដូច​ជា​ដី ​ដូច​ជា​ស្អី​ចឹង​ទៅ ​ដើម្បី​យក​មក​ទប់​ចឹង»។

ភ្ញៀវទេសចរណ៍ដើរទស្សនាផ្សាររាត្រីមួយកន្លែងនៅខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ធីតា វីន/VOA)

VOA ​សំឡេង​សហរដ្ឋ​អាមេរិក​ព្យាយាម​ទាក់​ទង​លោក ​ងូវ ​សេងកាក់​ ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​សៀមរាប​ជា​ច្រើន​ដង ​តែ​លោក​តែង​តែ​ឆ្លើយ​ថា​ជាប់​រវល់​ប្រជុំ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ​លោក​ ទៀ ​សីហា​ អភិបាល​ខេត្ត​សៀមរាប​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ មន្ទីរ​ទេសចរណ៍​ និង​ក្រុម​មន្ត្រី​ថ្នាក់​ខេត្ត​ដែល​ពាក់​ព័ន្ធ​ទាំង​អស់​កំពុង​ព្យាយាម​រៀប​ចំ​តំបន់​ទេសចរណ៍​ធម្មជាតិ​បន្ថែម​ទៀត​ និង​រៀប​ចំ​ហេដ្ឋារចនា​សម្ពន្ធ័​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ​ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ។ លោក​សង្ឈឹម​ថា​ ភ្ញៀវ​ទេសចរ​នឹង​មាន​ការ​កើន​ឡើង​វិញ​ក្នុង​ឆ្នាំ​២០២០​នេះ។

«ជំរុញ​ឲ្យ​មាន​ភ្ញៀវ​ទេសចរ​ត្រឡប់​មក​ខេត្ត​សៀម​រាប​យើង​វិញ​ តែ​យើង​ត្រូវ​មាន​កត្តា​មួយ​ចំនួន​ គឺ​ឥឡូវ​នេះ​បញ្ហា​ចម្បង​ធំ​គឺ​រឿង​ផ្លូវ ​មួយ​ទៀ​ត​គឺ​យើង​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​រៀប​ចំ​នៅ​តំបន់​ទេសចរណ៍​ផ្សេងៗ​ឲ្យ​បាន​ច្រើន ​គឺ​យើង​ព្យាយាម​រៀប​ចំ​នូវ​តំបន់​អេកូ​ទេសចរណ៍។ ចឹង​យើង​មាន​ដូច​ជា​បឹង​ទន្លេ​សាប​ ភ្នំ​គូលេន ​ហើយ​និង​ប្រហែល​ជា​មាន​តំបន់​ផ្សេងៗ​ដែល​យើង​អាច​ទាក់ទាញ​បាន​ជា​វាល​ស្រែ​ជា​ដើម ​នៅ​តាម​ជន​បទ»។

ខេត្ត​សៀមរាប​គឺជា​ខេត្ត​មួយ​ដែល​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ច្រើន​ជាង​គេ​ នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ជា​រៀង​រាល់​ឆ្នាំ​ភ្ញៀវ​ទេសចរ​ប្រហែល​ជាង​២​លាន​នាក់ លេង​ខេត្ត​នេះ​ ដែល​អាច​ផ្តល់​ចំណូល​ប្រហែល​ជា​១០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕