ពលរដ្ឋ​នៅ​ខេត្ត​ពោធិ៍​សាត់​រំឭក​ការ​សម្លាប់​អតីត​ទាហាន និង​រាជការ​របប ​លន់ នល់ នៅ​ទួល​ពោធិ៍​ជ្រៃ

លោក អ៊ឹង ហ៊ុយ អាយុ៧៤ឆ្នាំ ជាពលរដ្ឋនៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១។ (ស៊ុន ណារិន/វីអូអេ)

សាលា​បុណ្យ​ទួល​ពោធិ៍​ជ្រៃ​ក្នុង​ស្រុក​កណ្តៀង ខេត្ត​ពោធិ៍សាត់ ត្រូវ​បាន​សាង​សង់​កាល​ពី​២​ឆ្នាំ​មុន ដើម្បី​ឧទ្ទិស​ជូន​វិញ្ញាណក្ខន្ធ​អ្នក​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ទីនោះ​ក្នុង​របប​ខ្មែរ​ក្រហម។

អតីត​ទាហាន​និង​រាជការ​ដែល​បម្រើការ​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ ឬ​លន់ នល់ ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ដែល​រស់​រាន​មាន​ជីវិត អះអាង​ថា​ត្រូវ​បាន​សម្លាប់​នៅ​ទីនោះ អំឡុង​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៧​។

លោក អ៊ឹង ហ៊ុយ អាយុ​៧៤​ឆ្នាំ បាន​មក​កាត់​ស្មៅ​ក្នុង​វាល​ស្រែ​មួយ​នៅ​ទួល​ពោធិ៍​ជ្រៃ។ លោក​ជិះ​ឆ្លង​កាត់​ទីតាំង​នោះ​ជា​រៀងរាល់​ថ្ងៃ ដែល​នាំ​ឲ្យ​លោក​នឹក​រឭក​ការ​យក​បង​ថ្លៃ​របស់​លោក ដែល​ជា​មន្រ្តី​កសិកម្ម​ក្នុង​សម័យ​លន់ នល់ ឈ្មោះ​លោក ជា ខេង មក​សម្លាប់​នៅ​ទីតាំង​នោះ ដែល​ជា​អតីត​បន្ទាយ​ទាហាន​ក្នុង​របប​លន់ នល់។

លោក​ប្រាប់​វីអូអេ​ថា៖ «អត់​ដឹង​ថា​យក​មក​ធ្វើ​អី ប៉ុន​ដឹង​ថា​យក​មក​សម្លាប់នៅ​ហ្នឹង​បណ្តោយ​ ព្រោះ គាត់​អនុប្រធាន​កសិកម្ម​ខេត្ត…គេថា​យក​មក​រៀន​សូត្រ»។

ការ​យក​មក​រៀន​សូត្រ​ក្នុង​សម័យ​ខ្មែរ​ក្រហម​មាន​ន័យ​ថា​យក​ទៅ​សម្លាប់។ នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម លោក អ៊ឹង ហ៊ុយ ក៏​បាត់​បង់​ប្អូន​បង្កើត​ម្នាក់ដែរ ដែល​ត្រូវ​បាន​យក​ទៅ​សម្លាប់​ក្នុង​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។

លោក សៀម សឿម អាយុ៦៣ឆ្នាំ ជាពលរដ្ឋនៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១។ (ស៊ុន ណារិន/វីអូអេ)

ចំណែក​លោក សៀម សឿម អាយុ​៦៣​ឆ្នាំ អតីត​សន្តិសុខ​ភូមិ​ក្នុង​សម័យ​លន់ នល់ ក៏​បាន​រៀប​រាប់​ថា​លោក​បាន​ឃើញ​សាក​សព​ដោយ​ផ្ទាល់ ដោយ​សារ​លោក​មាន​ផ្ទះ​នៅ​ក្បែរ​នោះ​។ លោក​រំឭក​ថា​លោក​បាន​ឃើញ​រថយន្ត​បើក​ចូល​ទីតាំង​ដែល​ជា​បន្ទាយ​ទាហាន​លន់ នល់ ថា​យក​ទៅ​រៀន​សូត្រ​នៅ​ខេត្ត​សៀមរាប ប៉ុន្តែ​បាន​ឮ​សំឡេង​កាំ​ភ្លើង ក្រោយរថយន្ត​បើក​ចូល។

លោក​ថ្លែង​ថា៖ «យើង​ស្មាន​ថា​គេ​ឲ្យ​ទៅ​រៀន​មែន​…ស្មាន​ថា​គេ​ឲ្យ​យក​គ្នា​ទៅ​រៀន​មែន​ បាន​គេ​ចង់។ មក​ចប់​ត្រឹម​ហ្នឹង​។ ហើយ​គេ​ថា​ឲ្យ​បើកអា​ផ្លូវ​កាត់​នេះ រហ័ស​ដល់​អង្គរ​វត្ត»។

នៅ​ក្នុង​សវនាការ​បណ្តឹង​សាទុក្ខ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​សីហា ប្រឆាំង​នឹង​ការ​កាត់​ទោស​ដាក់​ពន្ធនាគារ​មួយ​ជីវិត លោក ខៀវ សំផន អាយុ​៩០​ឆ្នាំ អតីត​ប្រមុខ​រដ្ឋ​របប​ខ្មែរ​ក្រហម បាន​អះអាង​ថា​លោក​មិន​ដែល សូម្បី​តែ​នឹក​ឃើញ​ការ​សម្លាប់​ប្រជា​ជន​ខ្មែរ​គ្នា​ឯង និង​សម្លាប់​ទា​ហាន​លន់ នល់​នោះ​ទេ។ ចំពោះ​ការ​ចោទ​ប្រកាន់​ប្រឆាំង​លើ​រូប​លោក​ថា​មាន​ការ​សម្លាប់​ទាហាន​លន់ នល់ នៅ​ទួល​ពោធិ៍ជ្រៃ​ក្នុង​ស្រុក​កណ្តៀង ខេត្ត​ពោធិ៍សាត់ លោក ខៀវ សំផន បញ្ជាក់​ថា​លោក​មិន​ដែល​ស្គាល់​ទីតាំង​នោះ​ទេ។

លោក​ថ្លែង​ថា​៖ «ការ​កាត់​ទោស​ខ្ញុំអំពី​ថា​ខ្ញុំ​បាន​ចូល​រួម​ក្នុង​ការ​សម្លាប់​រង្គាលទាហាន​ នាយទាហាន​ អតីត​អ្នក​រដ្ឋការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​នៅ​ទួល​ពោធិ៍ជ្រៃ ដែល​ជា​កន្លែង​ខ្ញុំ​មិន​ដែល​ដឹង​ផង​ទេ ថា​នៅ​ឯណា​នោះរហូត​មក​ដល់​ពេល​នេះ»។

ប៉ុន្តែ​ជន​រង​គ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម ​លោក ​សៀម សឿម​ អះអាង​ថា​លោក​មិន​ជឿ​ការ​ថ្លែង​របស់​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​នោះ​ទេ ព្រោះ​លោក​បាន​ឃើញ​សាក​សព​នៅ​ទីនោះ​ដោយ​ផ្ទាល់។

លោក​ថ្លែង​ថា៖ «បើ​គាត់ អត់​ដឹង​ ទាហាន​ហ្នឹង​បាន​ឈ្មោះ​ពីណា[មក]។ អ្នក​ណា អ្នក​បញ្ជា? បើ​គាត់​ថា​អត់​ដឹង បើគាត់​អ្នក​កាន់​ខាង​ហ្នឹង​ហើយ។ ម៉េច​យើង​ជឿ​ថា​គាត់​ថា​មិន​ដឹង។ ខ្ញុំ​ថា​អត់​ជឿ​បណ្តោយ​»។

សាលា​បុណ្យ​នៅ​ទួល​ពោធិ៍​ជ្រៃ ស្រុក​កណ្តៀង ខេត្ត​ពោធិ៍សាត់ ដើម្បី​រំឭក​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​របប​ខ្មែរ​ក្រហម។ (ស៊ុន ណារិន/វីអូអេ)

លោក អ៊ឹង ហ៊ុយ ដែល​មាន​បង​ថ្លៃ​ត្រូវ​បាន​សម្លាប់​នៅ​ទួល​ពោធិ៍​ជ្រៃ​នេះ ថ្លែង​ថា​៖ «អ្ហេ មិន​ឲ្យ​ដោះ​លែង​ទេ ឲ្យ​កាត់​ទោសអី​ទៅ ដោះ​លែង​ម៉េច​ត្រូវ មិន​កើត​ទេ»។

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​លោក ​ឆាំង​ យុ ធ្លាប់​ប្រាប់​វីអូអេ​ថា​ប្រជាជន​កម្ពុជា​នៅ​តែ​ចង​ចាំ​ការ​កាប់​សម្លាប់​រាប់​លាន​នាក់ ហើយ​លោក​ខៀវ សំផន ជា​អ្នក​ទទួល​ខុសត្រូវ​ជាន់​ខ្ពស់​ម្នាក់។ លោក​បន្ត​ថា​ខ្មែរ​ក្រហម​«មិន​កែ​ចរិត» ហើយ​មក​ដល់​ពេល​នេះ​ហើយ«​នៅ​តែ​ប្រកែក»។

អតីត​ទីតាំង​សម្លាប់​ទួល​ពោធិ៍ជ្រៃ​ក្នុង​ឃុំ​ស្រែ​ស្តុក ស្រុក​កណ្តៀង ខេត្ត​ពោធិ៍សាត់ បាន​ដំណើរ​ការ​ពី​ខែ​មេសា ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៧ ដែល​មាន​ការ​សម្លាប់​ក្នុង​អំឡុង​ពេល​នោះ។

ឯកសារ​របស់​តុលាការ​ខ្មែរ​ក្រហម​បាន​បង្ហាញ​ថា​មនុស្ស​ប្រមាណ​២​ពាន់​ទៅ​៣ពាន់​នាក់​ ដែល​ជា​អតីត​ទាហាន និង​អ្នក​ធ្វើ​ការ​ក្នុង​របប​លន់ នល់ ត្រូវ​បាន​សម្លាប់​នៅ​ទីនោះ។ ពួក​គេ​ត្រូវ​បាន​ដឹក​តាម​រថ​យន្ត ហើយ​ក្នុង​មួយ​រថយន្ត​មាន​ប្រមាណ​ពី​៣០​ទៅ​៤០​នាក់។ ការ​សម្លាប់​នោះ ដោយ​ការ​បាញ់​នឹង​កាំភ្លើង​ត្រង់​ក្បាល និង​លើ​ដើម​ទ្រូង។ នេះ​បើ​តាម​ជន​រង​គ្រោះ ដែល​តុលាការ​ខ្មែរ​ក្រហម​បាន​ចង​ក្រង។

សេចក្តី​រាយការណ៍​ផ្សេង​ទៀត​ឲ្យ​ដឹង​ថា​ឧក្រិដ្ឋ​កម្ម​នៅ​ទួល​ពោធិ៍​ជ្រៃ ​ខេត្ត​ពោធិ៍​សាត់ មាន​ជន​រងគ្រោះ​ជាង​១​ម៉ឺន​នាក់​ជា​អតីត​ទាហាន និង​អ្នក​រាជការ​នៃ​របប​សារធារណរដ្ឋ​ខ្មែរ ត្រូវ​សម្លាប់នៅ​ទីនោះ៕