ប្រជាពលរដ្ឋ២៩នាក់ដែលបានប៉ះទង្គិចហិង្សាជាមួយអាជ្ញាធរក្នុងស្រុកគូលែន ខេត្តព្រះវិហារ កាលពីសប្តាហ៍មុន ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួនក្នុងពន្ធនាគារ ក្រោមបទចោទប្រកាន់«កាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ»តាមមាត្រា៩៧នៃច្បាប់ស្តីពីព្រៃឈើ។ នេះបើតាមអ្នកនាំពាក្យតុលាការខេត្តព្រះវិហារ និងក្រុមអង្គការសង្គមស៊ីវិលដែលតាមដានករណីនេះ។
លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង និងអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ពលរដ្ឋចំនួន២៩នាក់ ក្នុងចំណោម៣៦នាក់ដែលអាជ្ញាធរចាប់ខ្លួនជុំវិញវិវាទដីធ្លីក្នុងស្រុកគូលែន ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ«កាប់រាន់ព្រៃ ឈូសឆាយដីព្រៃ ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ» កាលពីថ្ងៃទី៨ ខែមីនា។ លោកបន្តថា ករណីនេះ ចៅក្រមស៊ើបបានសម្រេចឃុំខ្លួនពលរដ្ឋទាំងនោះក្នុងពន្ធនាគារ។
លោកប្រាប់វីអូអេថា៖ «[ពលរដ្ឋចំនួន២៩នាក់ ត្រូវបាន] ចោទពីបទ កាប់រាន់ព្រៃ ឈូសឆាយដីព្រៃ ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ តាមបញ្ញត្តិមាត្រា៩៧ កថាខណ្ឌ១ ចំណុច៦ នៃច្បាប់ព្រៃឈើ»។
ប្រសិនបើតុលាការរកឃើញកំហុស ទោសទណ្ឌជាប់ពន្ធនាគារអាចចន្លោះពី៥ទៅ១០ឆ្នាំ។
កាលពីថ្ងៃទី៦ ខែមីនា កងកម្លាំងចម្រុះជាច្រើននាក់ បានចុះមកឡោមព័ទ្ធផ្ទះរបស់ប្រជាពលរដ្ឋ និងស្រែកប្រាប់ពលរដ្ឋឱ្យចាកចេញពីលំនៅឋាន ក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ក្នុងប្រតិបត្តិការនោះ អាជ្ញាធរបានប្រើប្រាស់គ្រាប់បែកផ្សែងនិងបាញ់រះគ្រាប់កាំភ្លើង និងចាប់ខ្លួនពលរដ្ឋចំនួន៣៦នាក់ដែលចេញមុខតវ៉ារឿងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនោះ។
លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ និងជាអ្នកនាំពាក្យសាលាខេត្ត ប្រាប់វីអូអេកាលពីសប្តាហ៍មុនថា ប្រជាពលរដ្ឋទាំងនោះរស់នៅលើដីរដ្ឋខុសច្បាប់ ដែលរដ្ឋបានធ្វើសម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុនសីលាដាម៉ិច ខូ អិលធីឌី (Seladamex Co., Ltd)។
លោកបន្តថា សមត្ថកិច្ចចម្រុះបានប្រើគ្រាប់បែកផ្សែង និងគ្រាប់កាំភ្លើងចំនួន២គ្រាប់ កាលពីថ្ងៃទី៦ ខែមីនា ដើម្បីទប់ទល់នឹងការតវ៉ារបស់ពលរដ្ឋនាពេលនោះ។
លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ បានបដិសេធមិនអត្ថាធិប្បាយបន្ថែមនាថ្ងៃអង្គារនេះ ដោយលោកប្រាប់វីអូអេថា ករណីនេះផុតដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្តព្រះវិហារ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីក្រុមហ៊ុនសីលាដាម៉ិច ខូ អិលធីឌីបាននៅឡើយទេ។
ជុំវិញករណីនេះ ក្រុមអង្គការសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាល និងអាជ្ញាធរ ស្រាវជ្រាវ និងដោះស្រាយវិវាទដីធ្លីដោយសន្តិវិធី ជាជាងប្រើប្រាស់តុលាការ។
លោក ប៉ឹក សោភ័ណ នាយកប្រតិបត្តិនៃអង្គការពន្លកខ្មែរ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ពលរដ្ឋជិត៣០នាក់ក្នុងចំណោម៣៦នាក់ ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តព្រះវិហារ ចំណែកពលរដ្ឋផ្សេងទៀត ត្រូវបានដោះលែងវិញ ក្រោយអាជ្ញាធរសួរចម្លើយ។
លោកកត់សម្គាល់ថា កន្លងមក ការដោះស្រាយវិវាទដីធ្លី តែងតែឃើញមានការរូបភាពហិង្សា ដែលសកម្មភាពបែបនេះ ធ្វើឱ្យមានការរិះគន់ពីសំណាក់មហាជន និងអន្តរជាតិ។ ដូច្នេះលោកថា វិវាទដីធ្លីគួរតែដោះស្រាយដោយអហិង្សា ឬក្រៅប្រព័ន្ធតុលាការ ជាជាងចាប់ពលរដ្ឋដាក់ពន្ធនាគារ។
លោកថ្លែងថា៖ «រដ្ឋាភិបាលនៅក្នុងអាណត្តិថ្មីនេះ គួរតែលោកប្រកាន់យកដំណោះស្រាយរឿងជម្លោះដីធ្លីដោយអហិង្សា ឬដោយការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ វាប្រសើរជាជាងចាប់ទោសអូសដំណើរទៅដល់ពលរដ្ឋខ្លួនឯង ហើយប្តឹងប្រជាពលរដ្ឋខ្លួនឯង ទៅដោយអាជ្ញាធរ ទៅដោយមន្ត្រីទៅទៀត អានោះមានន័យថា ហាក់ដូចជាឪពុកម្តាយកំពុងតែផ្តន្ទាទោសដល់កូនចៅខ្លួនឯងទៅវិញទេ»។
លោកបន្ថែមថា ដំណើររឿងឈានដល់ការប្រើប្រាស់ហិង្សានិងចាប់ពលរដ្ឋដាក់ពន្ធនាគារនេះ ក៏ត្រូវសិក្សាស្រាវជ្រាវឱ្យច្បាស់ផងដែរ ថាតើវាជាកំហុសរបស់ប្រជាពលរដ្ឋ ឬពាក់ព័ន្ធអាជ្ញាធរមូលដ្ឋាន។
ព័ត៌មានទាក់ទង៖ ពលរដ្ឋខេត្តព្រះវិហារស្នើសុំអន្តរាគមន៍ ក្រោយផ្ទុះហិង្សាប៉ះទង្គិចជាមួយសមត្ថកិច្ចចម្រុះលោកក៏ស្នើទៅអាជ្ញាធរក្នុងខេត្តព្រះវិហារបញ្ឈប់សកម្មភាពតាមចាប់ពលរដ្ឋផ្សេងទៀត ដែលកំពុងភិតភ័យ និងរត់ភៀសខ្លួន ដើម្បីកុំឱ្យឃើញរូបភាពអាក្រក់បន្ថែមទៀត។
លោកបន្តថា៖ «មានពលរដ្ឋមួយចំនួនទៀត គាត់ភ័យខ្លាច បន្ទាប់ពីការបង្ក្រាបយ៉ាងចាស់ដៃរបស់សមត្ថកិច្ច អាជ្ញាធរ ខ្លះរត់ចោលផ្ទះសម្បែង ចោលប្រពន្ធ ចោលកូន ចោលប្តីអីអ៊ីចឹងទៅ ហើយរហូតមកដល់ពេលនេះ គាត់ក៏មិនទាន់បានជួបជុំក្រុមគ្រួសារគាត់នៅឡើយទេ ដោយសារអាជ្ញាធរ និងសមត្ថកិច្ចនៅបន្តចាប់ខ្លួនពួកគាត់ ដើម្បីយកមកសួរនាំ ហើយនិងដាក់ទោសពួកគាត់»។
ពលរដ្ឋមួយចំនួនដែលរស់នៅទីនោះធ្លាប់ប្រាប់វីអូអេថា ផ្ទះរបស់ពួកគេត្រូវបានអាជ្ញាធរដុតបំផ្លាញចោល ហើយពួកគេកំពុងគេចខ្លួន ដោយសារការភ័យខ្លាចពីការតាមចាប់របស់អាជ្ញាធរ។ ពលរដ្ឋទាំងនោះធ្លាប់អះអាងទៀតថា ពួកគេបានរស់នៅទីនោះតាំងពីឆ្នាំ២០១២មក ហើយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃដែលពាក់ព័ន្ធនឹងដីសម្បទានរបស់ក្រុមហ៊ុនសីលាដាម៉ិចនេះ ក៏កើតឡើងអំឡុងឆ្នាំ២០១២មកម្ល៉េះ ប៉ុន្តែមិនមានដំណោះស្រាយសម្រាប់ពលរដ្ឋឡើយ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ ថ្លែងថា ការដោះស្រាយវិវាទដីធ្លីដែលប្រឈមខ្លាំង គឺអាជ្ញាធរត្រូវតែរកវិធីសាស្ត្រ និងយុទ្ធសាស្ត្រដោះស្រាយដោយសន្តិវិធី ដើម្បីបញ្ចៀសនូវអំពើហិង្សា។
លោកប្រាប់វីអូអេថា៖ «ហើយយើងឃើញហើយអាជ្ញាធរមូលដ្ឋាន គាត់អនុវត្ត។ ប៉ុន្តែដល់ការរិះគន់វាប៉ះពាល់ដល់រដ្ឋាភិបាល។ ចំណុចហ្នឹង អាជ្ញាធរមូលដ្ឋានត្រូវគិតគូរឱ្យបានច្បាស់លាស់ ក្នុងការស្វែងរកដំណោះស្រាយ ធ្វើម៉េចដើម្បីបញ្ចៀសនូវហានិភ័យ នូវអំពើហិង្សា ឬការផ្ទុះអាវុធ ដែលកើតឡើង»។
បើតាមលោក អំ សំអាត ក្នុងករណីដូចពលរដ្ឋលើកឡើងថា ពួកគេភិតភ័យ និងបានរស់នៅក្នុងព្រៃមែននោះ គឺអាជ្ញាធរត្រូវអំពាវនាវ និងរកដំណោះស្រាយ ដើម្បីកុំឱ្យពលរដ្ឋជួបទុក្ខលំបាកបន្តទៀត។
អង្គការការពារសិទ្ធិមនុស្សលីកាដូបានចេញផ្សាយអត្ថបទមួយនៅលើគេហទំព័ររបស់ខ្លួនកាលពីសប្តាហ៍មុនថា កងកម្លាំងប្រដាប់អាវុធមួយក្រុម ដែលរួមមានកងរាជអាវុធហត្ថ និងមន្ត្រីនគរបាលជាច្រើននាក់ រួមជាមួយមន្ត្រីរដ្ឋបាលព្រៃឈើមួយចំនួនបានប្រមូលផ្តុំគ្នា កាលពីថ្ងៃទី៦ ខែមីនា ដើម្បីការពារដីធ្លីដែលកំពុងមានជម្លោះ ដោយមានការបាញ់គ្រាប់កាំភ្លើងពិត និងចាប់ខ្លួនពលរដ្ឋមួយចំនួន។
បើតាមអង្គការលីកាដូ ក្រុមហ៊ុនសីលាដាម៉ិច ខូអិលធីឌី ទទួលបានដីសម្បទានសេដ្ឋកិច្ច កាលពីខែមីនា ឆ្នាំ២០១១ នៅក្នុងឃុំស្រយង់ និងឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។ អង្គការលីកាដូបន្ថែមថា ការទទួលបានដីសម្បទាននេះធ្វើឱ្យកើតមាននូវជម្លោះដីធ្លីជាមួយពលរដ្ឋរាប់រយគ្រួសារដែលរស់នៅទីនោះ។
ក្រុមហ៊ុនសីលាដាម៉ិច ខូអ៊ិលធីឌី ទទួលបានដីសម្បទានសេដ្ឋកិច្ចទំហំជាង៦.៣០០ហិកតាសម្រាប់វិនិយោគដំណាំកសិ-ឧស្សាហកម្ម ដំណាំកៅស៊ូ ដែលស្ថិតក្នុងឃុំស្រយង់ អំឡុងឆ្នាំ២០១១។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកគូលែនចុះថ្ងៃទី១ខែធ្នូ ឆ្នាំ២០២៣។ ប៉ុន្តែពលរដ្ឋថាក្រុមហ៊ុនមួយនេះ មិនមានសកម្មភាពអ្វីតាំងពីអំឡុង២០១៧មកម្ល៉េះ និងទើបឮឈ្មោះសាជាថ្មី ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ៕