អ្នកភូមិ​បង្ហាញ​ក្តីសង្ឃឹម​រឿង​ជម្លោះ​ដីធ្លី ក្រោយ​ឧកញ៉ា​និង​អភិបាលរង​ខេត្តបាត់ដំបង​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ

ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីនៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ប្រមូលផ្តុំគ្នា ដើម្បីផ្តល់ព័ត៌មានដល់អ្នកយកព័ត៌មានVOA។ (ស៊ុន ណារិន/វីអូអេ)

ស្រុក​គាស់​ក្រឡ ​ជា​អតីត​តំបន់​ផ្តាច់​ខ្លួន​ខ្មែរក្រហម ​ដែល​នៅ​ជាប់​នឹង​ស្រុក​សំឡូត។ ​ ក្រោយ​ការ​ផ្តាច់​ខ្លួន ​ ដី​តំបន់​នេះ​ត្រូវ​បាន​ចែក​ដល់​យោធា ​ដើម្បី​ពួកគេ​អាច​រស់​នៅ​បាន។​

អ្នក​ភូមិ​នៅ​តំបន់​មាន​ទំនាស់​ដីធ្លី​នៅ​ស្រុក​គាស់​ក្រឡ ​ខេត្ត​បាត់​ដំបង​និយាយ​ថា ​ពួក​គេ​បាន​មក​កាប់​ឆ្ការ​ព្រៃ​នៅ​ក្នុង​ស្រុក​គាស់​ក្រឡ​ ខេត្ត​បាត់ដំបង​ តាំង​ពី​ជិត​១០​ឆ្នាំ​មុន​ ដើម្បី​រស់​នៅ ​ហើយ​ពួកគេ​យល់​ថា​ នេះ​ជា​គម្រប​ព្រៃ​ឈើ​របស់​រដ្ឋ ​មិន​មែន​ជា​កម្ម​សិទ្ធិ​ឯក​ជន​ណា​នោះ​ទេ។ ​ ប៉ុន្តែ​ក្រោយ​មក​ ក្នុង​ឆ្នាំ​២០១៥​ ជម្លោះ​ដី​ធ្លី​ក៏​កើត​ឡើង​ ហើយ​ពួកគេ​ត្រូវ​បាន​ឧកញ៉ា​ម្នាក់​ឈ្មោះ ​សង ថន​ ដែល​មាន​ទី​លំនៅ​ក្នុង​ខេត្ត​បាត់ដំបង​ ចោទ​ថា​ កាន់​កាប់​ដី​របស់​លោក​ ដែល​មាន​នៅ​ក្នុង​តំបន់​នោះ​ជាង​៥​ពាន់​ហិកតា។

ឧកញ៉ា​ដែល​មាន​បុរី​ផ្ទះ​ល្វែង ​សង ថន​ ក្នុង​ក្រុង​បាត់​ដំបង ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ឃាត់​ខ្លួន​ហើយ​កសាង​សំណុំ​រឿង​ទៅ​តុលាការ។ តុលាការ​រាជធានី​ភ្នំពេញ​បាន​សាកសួរ​រូប​លោក​ ព្រម​ទាំង​អភិបាល​រង​ខេត្ត​បាត់ដំបង​ម្នាក់​ទៀត។​

រស់​នៅ​ក្បែរ​ភ្នំវែង​ ក្នុង​ភូមិ​តានួត​ ឃុំ​ព្រះ​ផុស ​ស្រុក​គាស់​ក្រឡ ​លោក ​ស៊ឹប គូ​ អ្នក​ភូមិ​ម្នាក់​ អាយុ​៤៩​ឆ្នាំ​ថ្លែង​ប្រាប់ ​VOA​ ថា​ លោក​ជា​អ្នក​ស្រុក​ក្នុង​ខេត្ត​កំពត ​ហើយ​បាន​មក​រក​ស៊ី​នៅ​ស្រុក​គាស់​ក្រឡ ​រហូត​ដល់​បាន​កាប់​ឆ្ការ​ដី​ព្រៃ​ប្រមាណ​១០​ហិកតា ​តាំង​ពី​ឆ្នាំ​២០០៩​មក។​ លោក​ថា​ លោក​ពុំ​មាន​ដី​រស់​នៅ ​ហើយ​មាន​បំណង​ចាប់​ដី​នៅ​ទីនេះ​ដើម្បី​រស់​នៅ។ លោក​បន្ត​ថា​ លោក​កាប់​ឆ្ការ​ព្រៃ​នោះ​ ហើយ​លោក​មិន​បាន​ដឹង​ថា​ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ឧកញ៉ា​សង ថន ​នោះ​ទេ។​រហូត​មក​ដល់​ពេល​នេះ ​ លោក​បាន​ដាំ​ដំឡូង ​ខ្នុរ ​ស្វាយ​និង​ទៀប​នៅ​លើ​ដី​នោះ។​

លោក​ថ្លែង​ប្រាប់ ​VOA​ កាល​ពី​ថ្ងៃ​សៅរ៍​ថា៖​ «នៅ​នេះ​ ខ្ញុំ​មក​រក​ស៊ី​នៅ​ហ្នឹង។​ មក​ដល់ ​ឃើញ​ដី​នៅ​ទំនេរ​ ក៏​ខ្ញុំ​អត់​មាន​ដី ​មាន​ធ្លី​នៅ ​ក៏​ខ្ញុំ​ចាប់​អាស្រ័យ​ផល​ទៅ»។​

លោក​ ស៊ឹប គូ​ ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​ជាង​២០០ ​គ្រួសារ​ទៀត ​ដែល​អះអាង​ថាពួក​គេ​បាន​កាន់​កាប់​ដី​នោះ​យូរ​មក​ហើយ​អះអាង​ថា វា​មិន​មែន​ជា​ដី​របស់​ឧកញ៉ា ​សង ថន​ នោះ​ទេ។ ​ប៉ុន្តែ​ពួក​គេ​ឆ្ងល់​ថា​ ហេតុ​អ្វី​បាន​ជា​ឧកញ៉ា​រូប​នេះ​ថា​ជា​ដី​របស់​លោក​ ដែល​មាន​ទៅ​ដល់​ជាង​៥​ពាន់​ហិកតា។ ជម្លោះ​មាន​តាំង​ពី​ឆ្នាំ​២០១៥​ រហូត​ដល់​មាន​ការ​ប្តឹង​ផ្តល់​ ហើយ​អ្នក​ភូមិ​៧​នាក់​ត្រូវ​បាន​តុលាការ​ខេត្ត​បាត់ដំបង​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​២០​លាន​រៀល​ក្នុង​មួយ​នាក់។​

ក្រោយ​ការ​ឃាត់​ខ្លួន​លោក ​សង ថន ​ក្នុង​ជម្លោះ​ដី​ធ្លី​នេះ ​ លោក​ ស៊ឹប គូ ​ស្នើ​ឲ្យ​រដ្ឋាភិបាល​វែក​មុខ​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ដែល​លោក​ថា​ បាន​ចូល​ដៃ​ជាមួយ​លោក​សង ថន​ក្នុង​ការ​គ្រប់គ្រង​ដី​នៅ​ទីនេះ ​ ហើយ​មិន​បាន​ដោះ​ស្រាយ​ជម្លោះ​នេះ​ជូន​ដល់​ប្រជា​ពលរដ្ឋ។​

លោក ស៊ឹប គូ ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយលោក សង ថន ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ (ស៊ុន ណារិន/វីអូអេ)

លោក​មាន​ប្រសាសន៍​ថា៖ ​«សំណូម​ពរ​ឲ្យ​រាជ​រដ្ឋាភិបាល​ជួយ​ចាត់​វិធានការ​អំពើ​ពុក​រលួយ​របស់​លោក សង ថន។​ មួយ​ទៀត​ពាក់​ព័ន្ធ​នឹង​អាជ្ញាធរ​ផ្សេងៗ​ដើម្បី​វែក​មុខ​រក​ជន​ដែល​លោភ​លន់​នេះ​រក​ឲ្យ​ឃើញ»។​

ស្រុក​គាស់​ក្រឡ ​ជា​អតីត​តំបន់​ផ្តាច់​ខ្លួន​ខ្មែរក្រហម ​ដែល​នៅ​ជាប់​នឹង​ស្រុក​សំឡូត។ ​ ក្រោយ​ការ​ផ្តាច់​ខ្លួន ​ ដី​តំបន់​នេះ​ត្រូវ​បាន​ចែក​ដល់​យោធា ​ដើម្បី​ពួកគេ​អាច​រស់​នៅ​បាន។​

មន្រ្តី​សម្រប​សម្រួល​របស់​អង្គការ​លីកាដូ ​លោក​ ហេង សាយហុង ​ដែល​ធ្លាប់​ចេញ​ចូល​តំបន់​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​មាន​ប្រសាសន៍​ថា​ គាស់​ក្រឡ​ជា​តំបន់​យោធា ​ក្រោយ​សមាហរណ​កម្ម​ឆ្នាំ​១៩៩៨ ​ ហើយ​រដ្ឋ​មាន​គោល​ការណ៍​ក្នុង​ការ​ចែក​ដី​ទៅ​យោធិន​ប៉ុន្តែ​ការ​ចែក​នោះ​មិន​មាន​ការ​វាស់​វែង​និង​ឯកសារ​ត្រឹមត្រូវ​ទើប​នាំ​ឲ្យ​មាន​ជម្លោះ​រហូត​មក​ដល់​បច្ចុប្បន្ន។​

លោក សង ថន ដែលជាឧកញ៉ាមួយរូប ត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ តាំងពីលា្ងចថ្ងៃទី២៧ ខែមិថុនា ក្រោមហេតុផលថាលោកបានប្រព្រឹត្តអំពើពុករលួយក្នុងទំនាស់ដីធ្លីមួយក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ (រូបថតពីបណ្តាញសង្គមហ្វេសប៊ុក)

លោក​បន្ត​ថា​ជម្លោះ​ដី​ធ្លី​ជាមួយ​លោក​ សង ថន​ ទើប​ផ្ទុះ​ឡើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ​ហើយ​កាល​ពី​ដើម​ឡើយ​ប្រជា​ពលរដ្ឋ​ដឹង​ថា​ លោក​សង ថន​ គ្រប់គ្រង​ដី​រាប់​ពាន់​ហិកតា ​ហើយ​អាជ្ញាធរ​ក៏​មិន​មាន​វិធាន​ការ​អ្វី​ដែរ។​

លោក​មាន​ប្រសាសន៍​ថា៖​ «អ្នក​ណា​ក៏​គេ​ឆ្ងល់​ដែរ​ ម៉ា​គាស់​ក្រឡ​ម៉ា​ខេត្ត​បាត់​ដំបង​ហ្នឹង។ ​ខ្ញុំ​ចុះ​អស់​ហើយ ​ម៉ា​ស្រុក​គាស់​ក្រឡ​ហ្នឹង ​គឺ​ខ្ញុំ​ឃើញ​ម៉ា​ប៉ែក​ដី​សង ថន ​ ម៉ា​វាល​ដ៏​ធំ​ល្វឹង​ល្វើយ​រហូត​ដល់​ជើង​ភ្នំ ​រាប់​សិប​ពាន់​ហិកតា។ ​ខ្ញុំ​ចេះ​តែ​ឆ្ងល់​ដែរ​គេ​ចេះ​តែ​មាន​សេចក្តី​សុខ។​គេ​មាន​របង​ហ៊ុម​ទៅ ​អត់​មាន​អ្នកណា​ទៅ​រក​រឿង។​ ខ្ញុំ​ចេះ​តែ​ឆ្ងល់​ដែរ។​ គេ​មាន​សេចក្តី​សុខ​ជា​មួយ​អាជ្ញាធរ​អី»។​

ប្រជា​ពលរដ្ឋ​ឲ្យ​ដឹង​ថា​ ករណី​ដី​ធ្លី​នៅ​ទី​នេះ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ប្តឹង​ទៅ​មេធាវី​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​រហូត​ដល់​មាន​ការ​ចុះ​ត្រួត​ពិនិត្យ​ផង​ដែរ។​

ពលរដ្ឋ​ម្នាក់​ទៀត​ដែល​មាន​ជម្លោះ​ដីធ្លី​ដែរ ​គឺ​លោក ​យួម យឿប​ អាយុ​៤៩​ឆ្នាំ​ មាន​ប្រសាសន៍​ថា​ កន្លង​ទៅ​លោក ​សង ថន​ ធ្លាប់​ប្រាប់​ប្រជាជន​ថា​លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​ណា​យក​ដី​របស់​លោក​នោះ​ទេ។​ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​ថា ​ពួកគេ​កាប់​ឆ្ការ​ដី​នោះ ​ហើយ​ពួក​គេ​យល់​ថា​ មិន​មាន​ម្ចាស់​នោះ​ទេ។​

លោក យួម យឿប (អង្គុយលើអង្រឹង) អាយុ៤៩ឆ្នាំ ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយលោក សង ថន ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ (ស៊ុន ណារិន/វីអូអេ)

លោក ​យឿប ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ ​ តែ​មិន​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​នោះ​ទេ ។​ លោក​មាន​ប្រសាសន៍​ថា៖​ «គាត់​អត់​គោរព​តាម​គោល​ការណ៍​ច្បាប់​ទេ។​គាត់​នៅ​តែ​បំពាន។​បើ​និយាយ​ទៅ ​ គោល​គំនិត​របស់​គាត់​គាត់​ចង់​យក​ពួក​ខ្ញុំ​ដាក់​គុក​បណ្តោយ។ ​គាត់​និយាយ​ថា​ មួយ​ចង្អាម គាត់​អត់​ឲ្យ​ផង»។​

ពលរដ្ឋ​ម្នាក់​ទៀត​គឺ​លោក​ ម៉ម កាក់​ អាយុ​៥០​ឆ្នាំ ​មាន​ប្រសាសន៍​ថា​ ពលរដ្ឋ​នៅ​ទីនេះ​ជា​ច្រើន​គ្រួសារ​រង​គ្រោះ​ក្នុង​ជម្លោះ​ដី​ធ្លី​ជាមួយ​លោក​សង ថន។​

លោក​បញ្ជាក់​ថា៖ ​«ពលរដ្ឋ​នៅ​ទីនេះ ​អ្នក​ណា​ក៏​គ្រោះ​ថ្នាក់​ពី​សង ថន​ ដែរ។​មិន​មែន​តែ​គ្រួសារ​ពួក​ខ្ញុំ​នេះ​ទេ»។ លោក​បន្ត​ថា​កន្លង​ទៅ​ មាន​ការ​ជជែក​ពី​សំណង ​ តែ​លោក​ថា​ ប្រជា​ពលរដ្ឋ​ក៏​ដូច​ជា​រូប​លោក​មិន​អាច​ទទួល​សំណង​តិច​តួច​ដែល​ផ្តល់​ឲ្យ​នោះ​ទេ។​

លោក ម៉ម កាក់ ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយលោក សង ថន ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ (ស៊ុន ណារិន/វីអូអេ)

លោក​មាន​ប្រសាសន៍​ថា៖ ​«យក​ទៅ!​ចង់​ឲ្យ​សំណង ។​ចង់​ឲ្យ​កាត់​ឆ្វៀល​គេ​យក​ខ្លះ​វិញ។​ ខ្ញុំ​អត់​ព្រម​ទេ។​ សំណង​ថា​៥០០​(ដុល្លារ) ​៨០០​(ដុល្លារ)។​ ខ្ញុំ​ថា​ខ្ញុំ​សួរ​ទៅ​វិញ​ថា​ខ្ញុំ​យក​លុយ​ហ្នឹង​ទៅ​ធ្វើ​អី។ ​លុយ​៥០០(ដុល្លារ) ​៨០០​ ខ្ញុំ​យក​ចេញ​ពី​នេះ​ទៅ ចេញ​ទៅ ទាល់​តែ​ជួល​ផ្ទះ​សំណាក់​គេ»។

បើ​តាម​ប្រជា​ពលរដ្ឋ​លោក​សង​ ថន​មាន​គ្រឿង​ចក្រ​នៅ​ទី​នេះ ​ហើយ​កំពុង​កាយ​ថ្ម​ភ្នំ​តារ៉ែន​នៅ​ក្នុង​ស្រុក​គាស់​ក្រឡ​ផង​ដែរ។​

ពលរដ្ឋ​ម្នាក់​ទៀត​លោក ​គៀត តុងខេង​ អាយុ​៥៣​ឆ្នាំ​ មាន​ប្រសាសន៍​ថា​ លោក​ធ្លាប់​ជាប់​ពន្ធនាគារ​១​ខែ​ក្នុង​រឿង​ដី ធ្លី​នេះ ​ ហើយ​ត្រូវ​បាន​ដោះ​លែង​វិញ។ ​លោក​បន្ត​ថា​ លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ កាន់​កាប់​ដី​ឯកជន​របស់​លោក​សង ថន។​

លោក គៀត តុងខេង អាយុ៥៣ឆ្នាំ ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយលោក សង ថន ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។(ស៊ុន ណារិន/វីអូអេ)

លោក​មាន​ប្រសាសន៍​ថា៖​ «ដល់​ពេល​សួរ​ហេតុ​ផល​វា​អត់​មាន​ការងារ​ជាក់​ស្តែង​ផង។​ខ្ញុំ​មក​កាត់​ព្រៃ ​អត់​មាន​មក​រំលោភ​លើ​ដី​របស់​គេ​ផង!។​មុន​ដំបូង​ចោទ​ខ្ញុំ​ថា​ ខ្ញុំ​មិន​គោរព​ដីកា​ពី​អធិការ​ទៅ។​ដល់​ពេល​ដល់​តុលាការ​ថា​ខ្ញុំ​មិន​គោរព​កម្ម​សិទ្ធិ​ឯកជន»។​

យោង​តាម​សេចក្តី​សម្រេច​របស់​តុលាការ​ខេត្ត​បាត់ដំបង​ចុះ​ថ្ងៃ​ទី​២៤ ​ខែ​មេសា​ឆ្នាំ​២០១៩ ​ចៅ​ក្រុម​ជំនុំ​ជម្រះ​របស់​តុលាការ​ខេត្ត​បាត់ដំបង​ លោក​ឡូយ ចាន់ត្រា ​និង​តំណាង​អយ្យការ​លោក​ផាន រតនា ​ជា​ព្រះ​រាជ​អាជ្ញារង​ខេត្ត​បាត់ដំបង​បាន​សម្រេច​ផ្តន្ទាទោស​ពលរដ្ឋ​៧​នាក់ ​ដែល​មាន​លោក ​គៀត តុងខេង ​លោក ម៉ម កាត់ ​លោក​យួម យឿប ​លោក​ ម៉ែត អន ​លោក​ ឆាយ ឈឿត ​លោក ​ឆុន ឈើន ​និង​លោក ​ហ៊ុល ខឿន ​ដាក់​ពន្ធនាគារ​១​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​២០​លាន​រៀល​ម្នាក់ ​ពី​បទ​ប៉ះពាល់​កម្ម​សិទ្ធិ​ឯកជន​តាម​បញ្ញត្តិ​មាត្រា​២៤៨​ និង​មាត្រា​២៥៣ ​នៃ​ច្បាប់​ភូមិបាល​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ភូមិ​តានួត​ ឃុំ​ព្រះ​ផុស ​កាល​ពី​អំឡុង​ខែ​ធ្នូ ​ឆ្នាំ​២០១៥។​

ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្រ្តី​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ បញ្ជា​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ និង​រដ្ឋបាល​ខេត្ត​បាត់ដំបង​ដក​ហូត​ដី​ពី​លោក​ សង ថន​ ត្រឡប់​មក​វិញ​ ដោយ​បាន​ចោទ​ឧកញ៉ា​រូប​នោះ​ថា​ «បាន​ទន្ទ្រាន​រំលោភ​យក​ដោយ​ខុស​ច្បាប់»។ ​លោក ​ហ៊ុន សែន​ ក៏​បាន​បញ្ជា​ឲ្យ​រដ្ឋបាល​ខេត្ត​បាត់ដំបង​គ្រប់​គ្រង​ និង​រក្សា​ទុក​សម្រាប់​ធ្វើ​ប្រទាន​កម្ម​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​គោល​ដៅ​សម្បទាន​សង្គម​កិច្ច។​

លោក​ ហ៊ុន សែន​ បន្ត​ថា ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​ធ្វើ​ការងារ​នេះ​បន្ត​ទៅ​ទៀត។ ​លោក​បញ្ជាក់​ថា​ ដំណាក់​កាល​នេះ ​ជា​ពេល​ដែល​ត្រូវ​ចាត់​វិធានការ​លើ​រាល់​ជន​ខិល​ខូច​ទាំង​ឡាយ​ណា ​ដែល​ឃុប​ឃិត​គ្នា​យក​ដី​រដ្ឋ​ និង​ដី​របស់​ប្រជា​ពលរដ្ឋ​ ហើយ​ប្រើ​កលល្បិច​ផ្សេងៗ។​ លោក​ថា ​បុគ្គល​បែប​នេះ​ត្រូវ​ផ្តន្ទា​ទោស ​ហើយ​ឈាន​ទៅ​ដល់​ការ​ដក​ហូត​មុខ​តំណែង ​និង​ត្រូវ​បណ្តេញ​ចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ម្តង។​

នៅ​ក្នុង​ឯកសារ​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​៦​ ខែ​កញ្ញា ​ឆ្នាំ​២០១៦ ​ដែល​ពលរដ្ឋ​មាន​ជម្លោះ​បាន​ដឹង​ឮ ​ លោក​ សង ថន ​បាន​សរសេរ​ទៅ​កាន់​លោក​ ស ខេង ​ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ថា ​លោក​បាន​ទិញ​ដី​ចំនួន​៥១៤៤​ហិកតា ​ដែល​ស្ថិត​ក្នុង​ឃុំ​ព្រះ​ផុស​ ឃុំ​ឆ្នាល់​មាន់​ និង​ឃុំ​ដូនបា​ តាំង​ពី​ឆ្នាំ​២០០០​ ដែលជា​ដី​គោល​នយោបាយ​របប​យោធា​អភិវឌ្ឍន៍​យោធា​ភូមិភាគ​ទី​៥។ ​ លោក​សរសេរ​បន្ត​ថា​ លោក​បាន​កាន់​កាប់​ និង​អាស្រ័យ​ផល​តាំង​ពី​ឆ្នាំ​២០០០ ​តែ​មិន​ទាន់​មាន​បណ្ណ​សម្គាល់​សិទ្ធិ​កាន់​កាប់​នោះ​ទេ ហើយ​ប្រជា​ពលរដ្ឋ​នាំ​គ្នា​មក​កាប់​ទន្រ្ទាន​លើ​ដី​របស់​លោក។​

លោក​ សង ថន​ បន្ត​ថា​ ត្រង់​ចំណុច​ភ្នំ​ស្នរ ​ភូមិ​តានួត ​ឃុំ​ព្រះ​ផុស​ មាន​ប្រជា​ពលរដ្ឋ​១៣៣​ នាក់ ​ទៅ​ទន្ទ្រាន​យក​ដី​អស់​ចំនួន​៣០០ ​ហិកតា។ ​ ហើយ​ត្រង់​ចំណុច​ភ្នំ​សំរោង ​ភូមិ​សំរោង​ ឃុំ​ឆ្នាល់​មាន់​ មាន​ប្រជា​ពលរដ្ឋ ​និង​យោធិន​ចំនួន​៦៦ ​គ្រួសារ​ទៅ​ទន្រ្ទាន​និង​បាន​ដំាំដុះ​អស់​ចំនួន​១៦៣​ហិកតា។​

ទោះ​ជា​យ៉ាង​ណា ​ លោក​ថា​ លោក​សម្រេច​ប្រគល់​ដី​របស់​លោក​ចំនួន​៧០០ ​ហិកតា​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​នេះ ​ដែល​ក្នុង​នោះ២០០ ​ហិកតា ​សម្រាប់​ធ្វើ​សួន​ធម្មជាតិ​សម្តេច​ក្រឡា​ហោម​ ស ខេង​ នៅ​ស្រុក​គាស់​ក្រឡ​នេះ ​៥០០​ហិកតា ​សម្រាប់​ដោះស្រាយ​ទំនាស់​ជាមួយ​ប្រជា​ពលរដ្ឋ តែ​លោក​សុំ​ដូរ​ទីតាំង​មក​យក​នៅ​ចំណុច​ភ្នំ​សំរោង ​ភូមិ​សំរោង​ ឃុំ​ឆ្នាល់​មាន់​វិញ។ ​ ឧកញ៉ា​រូប​នេះ​បន្ត​ថា​ ចំណែក​ដី​៣៧​ ហិកតា​ទៀត​ ទុក​ឲ្យ​លោក​ ស ខេង ​ប្រើប្រាស់​តាម​តម្រូវ​ការ​ចាំបាច់។​

ឧកញ៉ា​រូប​នោះ​បញ្ជាក់​ថា​ ចំណែក​ដី​ដែល​នៅ​សល់​៤៤៤៤ ​ហិកតា ​លោក​ស្នើ​សុំ​រដ្ឋមន្រ្តី​មហា​ផ្ទៃ ​ចេញ​ជា​គោល​ការណ៍​ដោយ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់ ​ដើម្បី​ធ្វើ​បណ្ណ​សម្គាល់​កាន់​កាប់។​

ប៉ុន្តែ​ប្រជា​ពលរដ្ឋ​ប្រាប់​ VOA ​ថា​ មិន​មាន​ដំណោះ​ស្រាយ​ដូច​ការ​ស្នើ​សុំ​នេះ​ទេ។​

ប៉ុន្តែ​ក្រោយ​មក​ទៀត មាន​លិខិត​មួយ​ច្បាប់​ទៀត​ដែល​ចេញ​ដោយ​អតីត​អភិបាល​ខេត្ត​បាត់ដំបង​ គឺ​លោក​ ច័ន្ទ សុផល ​ចុះ​ថ្ងៃ​ទី​៨​ ខែ​ឧសភា ​ឆ្នាំ​២០១៧​ ដែល​ក្នុង​នោះ ​អតីត​អភិបាល​ខេត្ត​រូប​នោះ​ លើក​ឡើង​ទៅ​លោក ​ស ខេង​ថា​ ស្នើ​សុំ​គោល​ការណ៍​កាត់​ដី​ពី​លោក ​សង ថន​ ចំនួន​២៥០០​ ហិកតា ​ចែក​ជូន​ប្រជា​ពលរដ្ឋ​៤៦៣​ ហិកតា ​និង​២០០ ​ហិកតា​ធ្វើ​ឧទ្យាន​ធម្មជាតិ ​ ២៥​ ហិកតា​សម្រាប់​បុណ្យ​រុក្ខ​ដាំ​កូន​ឈើ ​និង​នៅ​សល់​១៨១២ ​ហិកតា ​ស្នើ​លោក ​ស ខេង ​រក្សា​ទុក​ជា​ដី ត្រៀម​បម្រុង​របស់​រដ្ឋបាល​ខេត្ត​សម្រាប់​ប្រើ​ប្រាស់​ជា​ប្រយោជន៍​របស់​ខេត្ត។​

បន្ទាប់​មក​ លោក ​ស ខេង ​បាន​ចេញ​លិខិត​មួយ​ចុះ​ថ្ងៃទី​២៥​ ខែ​កក្កដា​ ឆ្នាំ​២០១៧ ​ឆ្លើយ​តប​ថា​ លោក​យល់​ព្រម​តាម​សំណើ​នេះ។ ​ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​លើក​ឡើង​ថា ​ មិន​ទាន់​មាន​ការ​ដោះ​ស្រាយ​ណា​មួយ​នោះ​ទេ ​រហូត​ដល់​ថ្ងៃ​លោក ​សង ថន ​ត្រូវ​បាន​ចាប់​ខ្លួន។​

សារ​ព័ត៌មាន​កោះ​សន្តិភាព​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ បាន​ចុះ​ផ្សាយ​ថា​ លោក​ សង ថន​ បាន​ប្តឹង​លោក ​ស៊ូ អារ៉ា​ហ្វាត់ ​អភិបាល​រង​ខេត្ត​បាត់ដំបង​ ដែល​ទទួល​បន្ទុក​ដោះ​ស្រាយ​ទំនាស់​ដី​ធ្លី ​ដោយ​ចោទ​អភិបាល​រង​ខេត្ត​រូប​នោះ​ថា​ បាន​ក្លែង​ឯកសារ​ដាក់​ទៅ​លោក​ ស ខេង​ ក្នុង​ការ​សុំ​កាត់​ដី​រហូត​ដល់​២៥០០ ​ហិកតា ​មិន​មែន​៧០០​ហិកតា ​ដូច​ការ​ស្នើ​សុំ​នោះ​ទេ។ ​សារ​ព័ត៌មាន​នេះ ​បាន​ដក​ស្រង់​សម្តី​របស់​លោក​ សង ថន​ថា​ អភិបាល​រង​ខេត្ត​បាត់ដំបង​នោះ​ បាន​យក​ប្រាក់​របស់​លោក​ចំនួន​២៥០០០​ដុល្លារ​ទៀត ​ដោយ​សន្យា​ថា​ យក​ទៅ​រត់​ការ​ធ្វើ​ប្លង់​ដី​ឲ្យ​លោក។​

VOA ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​ឱម យ៉ិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​និង​លោក ​ងួន រតនៈ​ អភិបាល​ខេត្ត​បាត់ដំបង​បាន​នៅ​ឡើយ​ទេ។​

លោក​ ស៊ឹប គូ​ ដែល​តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ​ជាង​២០០​ គ្រួសារ​ ដែល​មាន​ជម្លោះ ស្នើ​ឲ្យ​រដ្ឋាភិបាល​កាត់​ឆ្វៀល​ដូច​នេះ​ឲ្យ​ប្រជា​ពលរដ្ឋ ​ដើម្បី​ឲ្យ​ពួកគេ​អាច​រស់​នៅ​បាន​ដោយ​ស្រប​ច្បាប់ ​និង​បញ្ចប់​ជម្លោះ​ត្រឹម​ប៉ុណ្ណេះ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ប្រជា​ពលរដ្ឋ​ដូច​ជា​រូប​ខ្ញុំ​សូម​ឲ្យ​រាជ​រដ្ឋាភិបាល​ជួយ​ធ្វើ​ជាប្លង់​រឹង ​ក៏​ដូច​ជា​បណ្ណ​កាន់​កាប់​ហ្នឹង ​ឲ្យ​បាន​ឆាប់​រហ័ស ​ព្រោះ​ការ​បារម្ភ​របស់​ប្រជា​ពលរដ្ឋ​គឺ​បារម្ភ​ខ្លាច​មាន​រឿង​រ៉ាវ​ថ្ងៃ​ក្រោយ​ទៅ»៕