ពលរដ្ឋ​ចាក​ចោល​ផ្ទះ​គេច​ពី​ជំនន់​ស្ទឹង​ព្រែកត្នោត​ដែល​លិច​ជាយ​ខាង​ត្បូង​ក្រុង​ភ្នំពេញ​

ពលរដ្ឋកំពុងជម្លៀសខ្លួនពីតំបន់ទឹកជន់លិចខ្លាំងនៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោរ ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

តំបន់ដីសណ្ដស្ទឹងព្រែកត្នោត — ទំនប់​ដី​ឥដ្ឋ​នៅ​ក្នុង​ភូមិ​ម៉ឺន្ត្រា​សង្កាត់​ស្ពាន​ថ្ម​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​ដែល​នៅ​ចន្លោះ​ស្ទឹង​ព្រែកត្នោត ​និង​ផ្លូវ​ជាតិ​លេខ​ ១០៤​ បាន​បាក់​ធ្លាយ​កាល​ពី​ព្រឹក​ព្រហាម​ស្រាងៗ​ថ្ងៃពុធ​ បន្ទាប់​ពី​ទប់​ទល់​លែង​បាន​ពី​សម្ពាធ​ទឹក​ដែល​ជន់​ជោរ​ខ្លាំង​ពី​ស្ទឹង​ព្រែកត្នោត​ ដែល​នៅ​ក្បែរ​ខាង។​

ទឹក​ដែល​ធ្លាយ​ពី​ទំនប់​បាន​ហូរ​កាត់​តាម​ផ្លូវ​បេតុង​បុក​យ៉ាង​ខ្មួល​ខ្មាញ់​ ចូល​មក​ក្នុង​ស្រែ​មួយ​ឡូតិ៍​ដែល​ខណ្ឌ​ចែក​ទីស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា ​ក្នុង​សង្កាត់​ស្ពាន​ថ្ម​ និង​ផ្ទះ​អ្នក​ស្រី​ ធូ ចាន់​ណារី​ ដែល​បង្ខំ​ឱ្យ​ស្រ្តីវ័យ​ ៥២ ​ឆ្នាំ​រូប​នេះ ​ត្រូវ​បង្ខំ​ចិត្ត​ចាក​ចោល​លំនៅដ្ឋាន​ នៅ​មុន​ពេល​ថ្ងៃ​ត្រង់​នា​ថ្ងៃ​ពុធ។​

អ្នកស្រី ​ធូ ចាន់​ណារី​ ប្រាប់​ VOA ​នៅ​ខាង​មុខ​ផ្ទះ​គាត់​ថា៖ ​«ទើប​លិច​យប់​មិញ។​ ជិត​ភ្លឺ​ម៉ោង​៤។​ ខ្ញុំ​ងើប​មើល​រហូត​យប់​មិញ​ដល់​ស្រាប់​តែ​ម៉ោង​ ៥​ ព្រឹក​ អុញ!​ ហូរ​វ៉រ​បណ្ដោយ​…​ ហូរ​…​មក​ដាស់​កូន​ ដាស់​អី។កូន​ទៅ​ធ្វើ​ការ​បាត់ នៅ​តែ​ឯង​ង៉េម​ង៉ាម​មួយ​ព្រឹក​ហើយ!»​

នៅ​ខាង​មុខ​ផ្ទះ​ដែល​មាន​ទឹក​ត្រឹម​ជង្គង់​ ហូរ​កាត់​ហើយ​ដី​និង​ផ្ទះ​ស្រក​ស្រុក​បន្តិច​ម្ដងៗ​ អ្នកស្រី​ ចាន់ណារី​ បញ្ជាក់​ថា​ អ្នក​ស្រី​បាន​លើក​អីវ៉ាន់​និង​របស់​របរ​ឲ្យ​ខ្ពស់​ពី​ទឹក ហើយ​ចាក​ចេញ​ពី​ផ្ទះ។​

ក្រុម​គ្រួសារ​អ្នកស្រី​ ធូ​ ចាន់ណារី ​ក៏ដូច​ពលរដ្ឋ​រាប់​រយ​គ្រួសារ​ផ្សេង​ទៀត​នៅ​តំបន់​ដី​សណ្ដ​ស្ទឹង​ព្រែកត្នោត​ នៅ​ចន្លោះ​ខណ្ឌ​ដង្កោ​រាជធានី​ភ្នំពេញ ​និង​ស្រុក​កណ្ដាល​ស្ទឹង​ខេត្ត​កណ្ដាល​ដែរ ត្រូវ​ជម្លៀស​ចេញ​ពី​គេហដ្ឋាន​ជា​បន្ទាន់​រយៈពេល​ពីរ​ថ្ងៃ​ចុង​ក្រោយ​នេះ ​ចៀស​ចេញ​ពី​ជំនន់​ទឹក​ស្ទឹង​ដែល​បន្ត​ឡើង​រហូត​ទប់​ទល់​លែង​បាន។​

អ្នកស្រី ធូ ចាន់ណារី (អាវពណ៌ក្រហម) និងក្រុមគ្រួសារ ត្រៀមជន្លៀសខ្លួនពីផ្ទះរបស់ពួកគេដែលត្រូវបានទឹកជន់លិចខ្លាំង ទៅតំបន់ដីទួល នៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោរ ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

ពលរដ្ឋលីបាវខ្សាច់ដើម្បីទប់ទឹកជន់លិចនៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោរ ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

អាជ្ញាធរ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​ ទឹក​ភ្លៀង​ដែល​ធ្លាក់​មក​ជា​បន្ត​បន្ទាប់​ ក្រោម​ឥទ្ធិពល​នៃ​ព្យុះ​ត្រូពិក​បាន​បង្ក​ការ​ជន់​លិច​នៅ​ផ្នែក​ផ្សេងៗ​នៃ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ចំនួន​ ១៨ ​ផ្សេង​ទៀត​ ហើយ​ថា ខេត្ត​បន្ទាយ​មានជ័យ ​និង​តំបន់​ដែល​ស្ទឹង​ព្រែក​ត្នោត​ ហូរ​កាត់​រួម​មាន​ខេត្ត​កំពង់ស្ពឺ​ ខេត្ត​តាកែវ​ ខេត្ត​កណ្ដាល ​និង​រាជធានី​ភ្នំពេញ​ អាច​នឹង​រង​ការ​ជន់​លិច​ខ្លាំង។​

«ដូច​ថា​ឡើង​លឿន​ហ្មងណ៎ា។​ យើង​ពិបាក​ថា។​ ខ្ញុំ​មិន​នឹក​ស្មាន​ដល់​ ហើយ​ខ្ញុំ​ក៏​អត់​បាន​ត្រៀុម​អី​វ៉ាន់ ​អីរើ​ចេញ​ដែរ។ ​រាល់​ឆ្នាំ ​វា​មិន​ដែល​លិច​អ៊ីចឹង​ទេ»

រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​បាន​រាយ​ការណ៍​ពី​ការ​បាក់​ទំនប់​ចម្ការ​តែ​នៅ​ក្នុង​ឧទ្យាន​ជាតិ​គិរីរម្យ​ កាល​ពីល្ងាច​ថ្ងៃ​អង្គារ​ ហើយ​ទឹក​នឹង​ជន់ជោរ​លិច​ក្រុង​ច្បារមន​ ដែល​ជា​ទីរួម​ខេត្ត។​ រដ្ឋបាល​ខេត្ត​កណ្ដាល​ក៏​បាន​ព្រមាន​ពី​លទ្ធភាព​នៃ​ការ​ជន់​លិច​បន្ថែម​នៅ​ស្រុក​អង្គ​ស្នួល ​ស្រុក​កណ្ដាល​ស្ទឹង​ និង​ក្រុង​តាខ្មៅ​ នា​ម៉ោង​ព្រលប់​ថ្ងៃ​ពុធ​នេះ​ បណ្ដាល​ពី​ជំនន់​ស្ទឹង​ព្រែក​ត្នោត​នេះ​តែ​ម្ដង។​

អ្នកស្រី​ ស្រី ​វណ្ណៈ​ ដែល​រស់​នៅ​ស្រប​ផ្លូវ​បេតុង​ដែល​ភ្ជាប់​ពី​ទំនប់​ភូមិ​ម៉ឺន្ត្រា​ មក​សាលា​សង្កាត់​រលួស​ នៅ​ឯ​នាយ​ផ្លូវ​ជាតិ​លេខ​ ១០៤​ ឯ​នេះ​វិញ​ ក៏​សម្រាន្ត​មិន​លក់​អស់​ពេញ​មួយ​យប់​មក​ហើយ​ ខណៈ​ទឹក​ចាប់​ផ្ដើម​ជន់​ជោរ​លិច​ផ្លូវ​និង​ជុំវិញ​គេហដ្ឋាន​ ដែល​ខ្លួន​ស្នាក់​នៅ​ជាមួយ​ស្វាមី ​និង​កូន​ពីរ​នាក់​កាល​ពី​ព្រឹក​ថ្ងៃពុធ។​

កម្មការិនី​រោងចក្រ​វ័យ ​៤១ ​ឆ្នាំ​រូប​នេះ​ បង្ហាញ​ថា​ ខ្លួន​មិន​ដែល​ជួប​ប្រទះ​ឡើយ​នូវ​ជំនន់​ទឹក​ស្ទឹង​ធំ​របៀប​នេះ។​

«ឡើង​ម្តង​នេះ​ខ្ញុំ​បារម្ភ​ព្រោះ​អី​គេ​ថា​ឡើង​ដល់​លើ​គ្រែ​…​ត្រឹម​គ្រែ​នេះ​ ព្រោះ​អី​គេ​មក​ប្រាប់​ថា ​ទឹក​មក​ឡើង​ខ្ពស់​ដល់​ត្រឹម​គ្រែ។ ​អ៊ីចឹង​ខ្ញុំ​ប្រហែល​ទៅ​លើ​ថ្នល់»។​

លោក​ ថង ហន ​អាយុ​ ៦៧ ​ឆ្នាំ​ ជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​អូរ​អណ្តូង​ ឃុំ​បាគូ​ ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល។​ លោក ​ថង ហន ដែល​មិន​មាន​ធ្វើ​ការ​អ្វី​ ហើយ​ដែល​ពឹង​ផ្អែក​លើ​ការ​ផ្គត់​ផ្គង់​ពី​កូន​របស់​លោក​ មាន​ប្រសាសន៍​ថា​ ទឹក​ឡើង​លឿន​ ហើយ​លិច​មក​ដល់​ដី​របស់​លោក ​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​នេះ។​

លោក ថន ហន អាយុ ៦៧ឆ្នាំ ពិនិត្យមើលស្ថានភាពទឹកជន់លិចផ្ទះរបស់លោក នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

កុមារមួយក្រុមអង្គុយលើជណ្តើរផ្ទះដែលត្រូវបានទឹកជន់លិច នៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោរ ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

លោក​មាន​ប្រសាសន៍​នៅ​ផ្ទះ​របស់​លោក​ថា ​ទឹក​បច្ចុប្បន្ន​នេះ​ឡើង​ដល់​ក្បាល​ជង្គង់​ហើយ​នៅ​ក្នុង​ផ្ទះ​បាយ​របស់​លោក​ ដែល​នៅ​ខាង​ក្រោម​ផ្ទះ។​

លោក​ថ្លែង​ថា៖​ «ដូច​ថា​ឡើង​លឿន​ហ្មងណ៎ា។​ យើង​ពិបាក​ថា។​ ខ្ញុំ​មិន​នឹក​ស្មាន​ដល់​ ហើយ​ខ្ញុំ​ក៏​អត់​បាន​ត្រៀុម​អី​វ៉ាន់ ​អីរើ​ចេញ​ដែរ។ ​រាល់​ឆ្នាំ ​វា​មិន​ដែល​លិច​អ៊ីចឹង​ទេ»។​

«បើ​ដាច់​ផ្លូវ​មាន​យ៉ាង​ម៉េច​ មាន​តែ​ហែល​ទេ។​ ឥឡូវ​រក​អី​ទិញ​អី​លែង​បាន​ហូប​ហើយ​នៀក!​ មិន​ដឹង​អ្នកណា​លក់​អី! ​អ្នក​ណា​យក​អី !​រញ៉េ​រញ៉ៃ​ពេញ​ហ្នឹង!​ លិច​ផ្លូវ​សង​ខាង​ហើយ​ខាងត្បូង​ក៏​លិច ​ខាង​ជើង​ក៏​លិច​នៅ​កណ្ដាល។​ ហើយ​ឥឡូវ​នេះ​វ៉ល់​ហើយ​ចប់​ហើយ»

គិត​ត្រឹម​ថ្ងៃ​ទី​ ១៤ ​ខែ​តុលា​នេះ​ ទឹក​ជំនន់​សម្លាប់​មនុស្ស​ ១២ ​នាក់​នៅ​រាជធានី​ខេត្ត​ចំនួន​ ១៩ ​និង​ប៉ះពាល់​ប្រជាជន​ប្រមាណ ​៤ ​ម៉ឺន​គ្រួសារ​ ស្មើ​នឹង​ប្រមាណ​ ១៦ ​ម៉ឺន​នាក់។​ នេះ​បើ​យោង​តាម​របាយ​ការណ៍​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ។​

ប្រភព​ដដែល​បាន​បន្ថែម​ថា​ ជំនន់​នេះ​បាន​ប៉ះពាល់​ផ្ទះ​ប្រមាណ ​៤ ​ម៉ឺន​ខ្នង​និង​សាលារៀន​ចំនួន​ ៤០២ ​កន្លែង​លិច​ទឹក​ ហើយ​ជន់​លិច​ផ្ទៃ​ដី​ដាំដុះ​ប្រមាណ​ ១៧ ​ម៉ឺន​ហិកតា។​

ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ ឱ្យ​ដឹង​ថា​ នឹង​មាន​ព្យុះ​ត្រូពិក​ពីរ​ផ្សេង​ទៀត​បោក​បក់​ចេញ​ពី​សមុទ្រ​ចិន​ខាងត្បូង​ មក​លើ​ប្រទេស​វៀតណាម ​និង​បន្ត​មាន​ឥទ្ធិពល​មក​កម្ពុជា​ក្នុង​សប្ដាហ៍​នេះ​ ដែល​នឹង​អាច​បង្កើន​ជំនន់​ទឹក​ភ្លៀង​នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​ ១៨ ​ដល់​ថ្ងៃ​ទី ២០ ​ខែ​តុលា​ខាង​មុខ​នេះ។​

លោក​ ចាន់ យុត្ថា​ រដ្ឋ​លេខាធិការ​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ បាន​ហៅ​ជំនន់​ឆ្នាំ​នេះ​ថា ​ធំ​បំផុត​មិន​ធ្លាប់​មាន ​រាប់​ចាប់​តាំង​ពី​ជំនន់​ឆ្នាំ​ ២០១៣ ​និង​ជំនន់​ឆ្នាំ​ ២០១១​ មក ​ដែល​ជំនន់​ធំ​ទាំង​ពីរ​នោះ​មួយ​លើកៗ​សម្លាប់​ជីវិត​មនុស្ស​រាប់​រយ​នាក់ ​និង​បង្ក​ការ​ខូចខាត​សេដ្ឋកិច្ច​រាប់​លាន​ដុល្លារ។​

ខណៈ​ដែល​អ្នកស្រី​ ធូ ចាន់ណារី​ ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​ ក្នុង​ខណ្ឌ​ដង្កោ ​កំពុង​ធ្វើ​ដំណើរ​ចេញ​ពីផ្ទះ​ក្នុង​សង្កាត់​ស្ពានថ្ម​ តម្រង់​មក​រក​ផ្លូវជាតិ​លេខ​ ១០៤​ ​អ្នកស្រី​ធ្វើ​ដំណើរ​កាត់​តាម​មុខ​ផ្ទះ​លោក​ ផុន ផល ​អាយុ​ ៤៨ ​ឆ្នាំ។​

ដី​ផ្ទះ​លោក​ ផុន ផល​ ខ្ពស់​ផុត​ពី​ទឹក​ដែល​ជន់​លិច​ផ្លូវ​មុខ​ផ្ទះ​ និង​មាន​រៀប​បាវ​ខ្សាច់​ផង​ដែរ។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ បុរស​មាឌ​ធំ​ក្រអាញ​រូប​នេះ ​មិន​សូវ​សង្ឃឹម​ល្អ​ពី​ទឹក​ដែល​ហូរ​ត្របាក់​ខ្លាំង​នេះ​ឡើយ។​

លោក​មាន​ប្រសាសន៍​ថា៖​ «បើ​ដាច់​ផ្លូវ​មាន​យ៉ាង​ម៉េច​ មាន​តែ​ហែល​ទេ។​ ឥឡូវ​រក​អី​ទិញ​អី​លែង​បាន​ហូប​ហើយ​នៀក!​ មិន​ដឹង​អ្នកណា​លក់​អី! ​អ្នក​ណា​យក​អី !​រញ៉េ​រញ៉ៃ​ពេញ​ហ្នឹង!​ លិច​ផ្លូវ​សង​ខាង​ហើយ​ខាងត្បូង​ក៏​លិច ​ខាង​ជើង​ក៏​លិច​នៅ​កណ្ដាល។​ ហើយ​ឥឡូវ​នេះ​វ៉ល់​ហើយ​ចប់​ហើយ»។​

លោក​ ផុន ផល ​និយាយ​នៅ​ពេល​ភ្នែក​របស់​លោក​កំពុង​ក្រឡេក​រំពៃ​មើល​ទឹក​ដែល​ហូរ​ត្របាញ់​តម្រង់​ចូល​មក​ក្នុង​ភូមិ​កាន់​តែ​ខ្លាំង​ឡើង។​ លោក​លើក​ឡើង​ថា ​លោក​មាន​គម្រោង​ជញ្ជូន​អីវ៉ាន់​ចេញ​ដែរ​ ក្នុង​ពេល​ល្ងាច​ថ្ងៃ​ពុធ​នេះ៕