អ្នកភូមិ​អំពាវនាវ​រក​ថវិកា​ដើម្បី​បន្ត​រឿងក្តី​រំលោភ​ដីធ្លី

ប្រជាពលរដ្ឋ​តវ៉ា​ក្នុង​ទំនាស់​ដីធ្លី​ក្នុង​ពេល​កន្លង​មក។

អ្នកភូមិ​ក្រីក្រ​ប្រមាណ​១០០​នាក់​មក​ពី​ខេត្ត​កំពង់ឆ្នាំង​បាន​អំពាវនាវ​សុំ​មូលនិធិ​ពី​សប្បុរសជន​នានា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ដើម្បី​យក​មក​បង់ពន្ធ​លើ​កម្មវត្ថុ​បណ្តឹង​ក្នុង​រឿង​ជម្លោះ​ដីធ្លី​មួយ​ប្រឆាំង​នឹង​ក្រុមហ៊ុន​ឯកជន​ដែល​បាន​រំលោភ​យក​ដី​ស្រែចម្ការ​របស់​ពួក​គាត់។

តំណាង​ប្រជា​ពលរដ្ឋ​ចំនួន​៦៤​គ្រួសារ​មានជម្លោះ​ដីធ្លី​ចំនួន​១៤៥​ហិកតា​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ភូមិ​ឡពាង​ ឃុំ​តាជេស​ ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង។

តុលាការ​បាន​ចេញ​ដីកា​សម្រេច​ឲ្យ​អ្នក​ភូមិ​បង់ពន្ធ​លើ​កម្មវត្ថុ​បណ្តឹង​លើក​ទីមួយ​ចាប់​ពី​១៦០.០០០​រៀល​ ឡើង​ដល់​៦២២.០០០​រៀល​ នៅ​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០១១​ ប៉ុន្តែ​លើក​ទីពីរ​នៅ​ថ្ងៃ​ទី​៣១​ ខែ​កក្កដា​ ឆ្នាំ​២០១១​ តុលាការ​បាន​ចេញ​ដីកា​សម្រេច​ថ្មី​មួយ​បង្កើន​ការបង់​ពន្ធ​ចាប់​ពី​៤៩១.០០០​រៀល​ឡើង​ដល់​១.៥០៦.០០០​រៀល។

លោក​ ទៀង​ សុថា​ ប្រធាន​តុលាការ​ខេត្ត​កំពង់ឆ្នាំង​ បាន​បញ្ជាក់​ក្នុង​ដីកា​សម្រេច​បង្គាប់​ឲ្យ​បង់​ពន្ធ​លើ​កម្មវត្ថុ​បណ្តឹង​ថា​តាម​បញ្ញត្តិ​មាត្រា​ ៦១​នៃ​ក្រមនីតិវិធី​រដ្ឋប្បវេណី​ បាន​កំណត់​ឲ្យ​បង់​ពន្ធ​លើ​កម្មវត្ថុ​បណ្តឹង​ នៅ​ពេល​ភាគី​ដាក់​ពាក្យ​បណ្តឹង​ ដើម្បី​ជា​ប្រយោជន៍​ថវិកា​ជាតិ​នៅ​តុលាការ​ខេត្ត​កំពង់​ឆ្នាំង​នៅ​ថ្ងៃ​ទី​៣១​ ខែ​សីហា​ ឆ្នាំ​២០១១។

លោក​ ទៀង​ សុថា​ បាន​បន្ត​ថា​បើ​អ្នក​ភូមិ​មិន​បាន​មក​បង់​ប្រាក់​ពន្ធ​តាម​ការ​កំណត់​នេះ​ទេ​ តុលាការ​ខេត្ត​នឹង​លើក​ពាក្យ​បណ្តឹង​ចោល​ ដោយ​ចាត់​ទុក​បណ្តឹង​នេះ​មិន​ស្រប​ច្បាប់។

អ្នកស្រី​ ស៊ុំ​ ថុន​ អាយុ​៦០​ឆ្នាំ​ នៅ​ភូមិ​ឡពាង​ ឃុំ​តាជេស​ ស្រុក​កំពង់​ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​ បាន​ថ្លែង​ប្រាប់​ក្រុមអ្នក​រាយការណ៍​ព័ត៌មាន​ថា​អ្នក​ស្រី​មាន​ដី​ទំហំ​បី​ហិកតា​ដែល​ត្រូវ​បង់​ពន្ធ​លើ​កម្មវត្ថុ​បណ្តឹង​ឡើង​ដល់​ចំនួន​៨៣០.០០០​រៀល​ ស្មើ​នឹង​២០៥​ដុល្លារ​អាមេរិក​ ពី​ចំនួន​២៥៩.០០០​រៀល​ ស្មើ​នឹង​៦០​ដុល្លារ​អាមេរិក​កាល​ដីកា​សម្រេច​លើក​ទី​មួយ។

«ការ​បង់ពន្ធ​លើ​កម្មវត្ថុ​បណ្តឹង​រឿង​ជម្លោះ​ដី​ធ្លី​នេះ​មាន​តម្លៃ​ខ្ពស់​ពេក​ ហើយ​សព្វថ្ងៃ​ ខ្ញុំ​មាន​ជីវភាព​ខ្សត់​ខ្សោយ។​ ខ្ញុំ​មក​នេះ​សុំ​ជំនួយ​ពី​ អង្គការ​ ព្រះ​មហាក្សត្រ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ និង​អង្គការ​អន្តរ​ជាតិ។ ខ្ញុំ​សុំ​អំពាវនាវ​ឲ្យ​ជួយ​ប្រជា​ពលរដ្ឋ​ខ្ញុំ​នៅ​ភូមិ​ឡពាង​ ពី​ព្រោះ​ ប្រជា​ពលរដ្ឋ​ឡពាង​មាន​ទុក្ខ​សោក​លំបាក​ ដោយ​សារ​ជីវភាព​ក្រីក្រ»។

លោក​ ផេង​ រ៉ុម​ អាយុ​៤៦​ឆ្នាំ​ បាន​បញ្ជាក់​ថា​លោក​មាន​ដី​ទំហំ​ពីរ​ហិកតា​ដែល​ត្រូវ​បង់​ពន្ធ​លើ​កម្មវត្ថុ​បណ្តឹង​ឡើង​ដល់​ចំនួន​៦៣៤.០០០​រៀល​ ស្មើ​នឹង​១៥៧​ដុល្លារ​អាមេរិក​ ពី​ចំនួន​១៩៣.០០០​រៀល​ ស្មើ​នឹង​៤៧​ដុល្លារ​អាមេរិក​កាល​ដីកា​សម្រេច​លើក​ទី​មួយ។

«ប្រជា​ពលរដ្ឋ​គ្មាន​លទ្ធភាព​រក​ប្រាក់​បង់ពន្ធ​លើ​កម្មវត្ថុ​បណ្តឹង​រឿង​ជម្លោះ​ដី​ធ្លី​នេះ​ទេ។​ ប្រជា​ពលរដ្ឋ​មាន​តែ​អំពាវ​នាវ​ដល់​សប្បុរស​ជន​ អង្គការ​ជាតិ-អន្តរជាតិ​ ស្ថានទូត​បរទេស​ ឬ​ ម្ចាស់​ជំនួយ​ដែល​ស្រឡាញ់​ភាពយុត្តិធម៌​ ដើម្បី​សុំ​ឲ្យ​ជួយ​ពួក​គាត់​ដើម្បី​បង់ពន្ធ​ពាក្យ​បណ្តឹង​ ដើម្បី​ឲ្យ​តុលាការ​ចាត់ការ​តាម​នីតិ​វិធី​ ដើម្បី​រកយុត្តិធម៌​ជូន​ពួក​គាត់​ចុង​ក្រោយ»។

អ្នក​ស្រី​ អ៊ុន​ ទុំ​ អាយុ​៦៦​ឆ្នាំ​ បាន​ថ្លែង​ថា​អ្នកស្រី​មាន​ការព្រួយ​បារម្ភ​អំពី​ការបាត់​បង់​ដី​ស្រែ​ចម្ការ​ចំនួន​ពីរ​ហិកតា​របស់​អ្នកស្រី​ ដោយ​សារ​តែ​គ្មាន​ប្រាក់​បង់​ពន្ធ​លើ​កម្មវត្ថុ​បណ្តឹង​ ក្នុង​រឿង​ជម្លោះ​ដី​ធ្លី​ ដែល​ករណី​នេះ​បាន​ធ្វើ​ឲ្យ​អ្នកស្រី​បាន​ធ្លាក់​ខ្លួន​ឈឺ។

«ខ្ញុំ​អស់​មាន​លទ្ធភាព​បង់ពន្ធ​លើ​កម្មវត្ថុ​បណ្តឹង​រឿង​ជម្លោះ​ដី​ធ្លី​នេះ​ទេ។ ខ្ញុំ​មាន​ជីវភាព​ក្រីក្រ​ណាស់​ ខ្ញុំ​រក​តែ​ក្តួច​ និង​ដឺស​ហូប​មិន​បាន​ផង​ ខ្ញុំ​មាន​ប្រាក់​ណា​ទៅ​បង់ពន្ធ​លើ​កម្មវត្ថុ​បណ្តឹង​ និង​ជួយ​ឧបត្ថម្ភ​ខ្ញុំ​ ដើម្បី​ឲ្យ​បាន​ដី​មក​វិញ។ ខ្ញុំ​ចង់​បាន​ដី​មក​វិញ​ ដើម្បី​ធ្វើ​ស្រែ​ចម្ការ​ចិញ្ចឹម​ ជីវិត​គ្រួសារ​របស់​ខ្ញុំ​ ឲ្យ​បាន​ដូច​ពី​មុន»។

អ្នកស្រី​ ឈិត​ សុខន​ អាយុ​៥៤​ឆ្នាំ​បាន​និយាយ​ថា​អ្នក​ស្រី​មិន​អាច​ទទួល​យក​នូវ​ការ​បង់ពន្ធ​លើ​ប្រដាប់​ក្តី។ អ្នកស្រី​មាន​ជីវភាព​ក្រីក្រ​ និង​គ្មាន​លទ្ធភាព​បង់ពន្ធ​ ដូច​ពាក្យ​ដែល​តុលាការ​ ដាក់​ពន្ធ​ឲ្យ​អ្នក​ស្រី​បង់។

«ជីវភាព​របស់​ខ្ញុំ​មិន​អាច​បង់​ពន្ធ​បាន​ ពីព្រោះ​ការបង់​ពន្ធ​ថ្លៃ​ខ្លាំង​ពេក។​ ការបង់​ពន្ធ​នេះ​គឺ​ជា​ការគាប​សង្កត់​មក​លើ​ ប្រជា​ពលរដ្ឋ​ក្រីក្រ​របស់​ខ្ញុំ។​ បើ​យើង​អត់​មាន​លទ្ធភាព​បង់​ពន្ធ​ យើង​អត់​បាន​ដី​របស់​យើង​មក​វិញ​ទេ»។

លោក​ ចាន់​ សាវ៉េត​ ប្រធាន​ឃ្លាំ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ បាន​ថ្លែង​ថា​ការបង់​ពន្ធ​លើ​កម្មវត្ថុ​បណ្តឹង​របស់​តុលាការ​នេះ​មិន​ជួយ​ដល់​អ្នក​ក្រីក្រ​ទេ។

«យើង​ឃើញ​ថា​ខាង​តុលាការ​ហាក់​បីដូច​ជា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ជាមួយ​ក្រុម​អ្នក​ក្រីក្រ​ទេ។​ តុលាការ​ទុក​ឱកាស​ឲ្យ​អ្នក​មាន​នៅ​តែ​ មាន​បន្ត​ទៀត។​ រី​ឯ​អ្នកក្រ​កាន់តែ​ក្រ​ថែម​ទៀត»។

លោក​ លឹម​ បូផា​ ប្រធាន​ការិយាល័យ​សុរិយោដី​ស្រុក​កំពង់ត្រឡាច​ បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៦​ ខែ​កក្កដា​ ឆ្នាំ​២០១១​ ជូន​ តុលាការ​ខេត្ត​កំពង់ឆ្នាំង​ថា​ដី​ជម្លោះ​នេះ​មាន​តម្លៃ​២.៣០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ហិកតា​នៅ​ឆ្នាំ​២០០៩​ ប៉ុន្តែ​នៅ​ឆ្នាំ​២០១១​ ដី​ជម្លោះ​ នេះ​មាន​តម្លៃ​ប្រមាណ​១០.០០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ហិកតា៕