ពលរដ្ឋ​រង​គ្រោះ​ដោយសារ​ទំនប់​វារី​អគ្គិសនី​​សេសាន​បន្ត​រស់​នៅ​ទាំង​លំបាក​​ក្បែរ​តំបន់​លិច​ទឹក

ដំបូល​វត្តអារាម ដែល​ត្រូវបាន​លិចលង់ ដោយសារ​ទឹកទំនប់​វារីអគ្គិសនី​សេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)

​តំបន់​មួយ​ចំនួន​របស់​ជនជាតិ​ដើម​ភាគ​តិច​​បាន​លិច​លង់​ដោយ​សារ​ទឹកទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២​នៅ​ខេត្ត​ស្ទឹង​ត្រែង។​​ ប្រជា​ពលរដ្ឋ​រាប់​សិប​គ្រួសារ​ដែល​បដិសេធ​មិន​ទទួល​សំណង​អះអាង​ថា ​​ពួក​គេ​រស់​​ទាំង​លំបាក​ដោយ​សារ​មិន​មាន​ហេដ្ឋា​រចនា​សម័្ពន្ធ​ជា​ភូមិ​ត្រឹមត្រូវ។

ឃុំ​ស្រែគរ​ ខេត្ត​ស្ទឹង​ត្រែង — លោក​ហ្វុត ឃឿន​ ជា​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​តំបន់​ស្រែគរ ​ស្រុក​សេសាន ​ខេត្ត​ស្ទឹងត្រែង​ ​កំពុង​បើក​ទូក​ម៉ាស៊ីន​របស់​លោក​មើល​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​នៅ​តំបន់​ស្រែ​គរ​១ ​និង​២​ដែល​បានលិច​ទឹក ​ដោយសារ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២។ ​ផ្ទះ​ វត្ត​អារាម​ សាលារៀន ​ទី​សក្ការៈ​ដូន​តា​ ដើម​ឈើ ​និង​រុក្ខ​ជាតិ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិចត្រូវ​បាន​លិច​លង់​នៅ​សល់​តែ​ដំបូល ​និង​ចុង​ឈើ​តិចៗ​តែ​ប៉ុណ្ណោះ។​

លោក​ហ្វុត ឃឿន ​អាយុ​៣៩​ឆ្នាំ ​ជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​រាប់​សិប​គ្រួសារ​ទៀត​ ដែល​បាន​បដិសេធ​មិន​ទទួល​សំណង​ពី​រដ្ឋាភិបាល ​និង​ក្រុមហ៊ុន។​ បច្ចុប្បន្ន​នេះ​ លោក​បន្ត​រស់​ទីទួល​សុវត្ថិភាព​នៅ​ក្បែរ​តំបន់​លិច​ទឹក​នោះ។​

កំពុង​បើក​ទូក​ម៉ាស៊ីន ​លោក​ហ្វុត ឃឿន​ ជា​ជន​ជាតិ​ដើម​ភាគ​តិច​គ្រឹង ​បាន​ចង្អុល​បង្ហាញ​សាលា​រៀន​មួយ​ដែល​កូន​របស់​លោក​និង​ក្មេង​ផ្សេង​ទៀត​ធ្លាប់​បាន​រៀន​សូត្រ។ ​លោក​បាន​ថ្លែង​ប្រាប់ ​VOA ​ថា ​ប្រជាជន​កំពុង​បារម្ភ​ពី​ការ​សិក្សា​របស់​ក្មេងៗ​នៅ​ទីនោះ​ ខណៈពួក​គេ​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​រៀបចំ​ទីទួល​ ដែល​ពួក​គេ​កំពុង​រស់​នៅឲ្យ​មាន​ហេដ្ឋរចនា​សម័ន្ធ​ជា​ភូមិ​ត្រឹមត្រូវ។​

លោក ហ្វុត ឃឿន អាយុ៣៩ឆ្នាំ ដែល​ជា​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទំនប់​វារីអគ្គិសនី​សេសានក្រោម២ ខេត្តស្ទឹងត្រែង បើកបរ​ទូក​មើល​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិស្រែគរ ដែល​ត្រូវបាន​លិចលង់។ (ស៊ុន ណារិន/VOA)

លោក​មាន​ប្រសាសន៍​ថា៖​

«សោក​ស្តាយ​ណាស់​ដែល​កូន​មិន​បាន​រៀន ​ហើយ​គាត់​ទៅ​នៅ​លើ​ទីទួល​សុវត្ថិភាព ​ហើយ​សាលា​ហ្នឹង​ក៏​លិច​ទឹក​ទៀត ​ហើយ​គាត់​មិន​បាន​រៀន​តាំង​ពី​ឆ្នាំ​២០១៤​ម៉្លេះ។ ហើយ​មួយ​ទៀត ​គេ​មិន​ឲ្យ​បង្រៀន ​ដោយសារ​តែ​ជា​អ្នក​រឹង​ទទឹង​ជាមួយ​គម្រោង​រាជ​រដ្ឋាភិបាល»។​

ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២​នៅ​ខេត្ត​ស្ទឹង​ត្រែង​ មាន​ទំហំ​ថាមពល​៤០០​មេហ្គាវ៉ាត់ ​និង​ត្រូវ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន។ ​ទំនប់​នេះ​មាន​ភាគ​ហ៊ុន​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​ចំនួន​៣​ ក្នុង​នោះ​មាន​ភាគ​ហ៊ុន​ពី​ក្រុមហ៊ុន​ចិន ​ខ្មែរ​ និង​វៀតណាម។​

ក្នុង​ចំណោម​ប្រជាជន​រងគ្រោះ​សរុប​ចំនួន​៨៤៦​គ្រួសារ​ ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ទំនប់​នេះ​ ភាគ​ច្រើន​ពួក​គេ​បាន​សម្រេច​ទទួល​សំណង​រួច​ហើយ​ គឺ​ការ​តាំង​ទីលំនៅ​ថ្មី​នៅ​កន្លែង​ដែល​រៀប​ចំ​ដោយ​ក្រុមហ៊ុន ​ការ​ផ្តល់​ជា​ផ្ទះ​ ដី​ភូមិ​ និង​ថវិកា​មួយ​ចំនួន។​

​តំបន់​ស្រែ​គរ​១​និង​២ ​ដែល​កំពុង​លិច​ទឹក​នេះ​ជា​កន្លែង​រស់នៅ​របស់សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ដែល​ពួកគេ​បាន​រស់​នៅ​យូរ​មក​ហើយ។ ​ជន​ជាតិ​ដើម​ភាគតិច​មាន​ជំនឿ​លើផ្នូរ​ដូនតា​របស់​ពួកគេ ​ដែល​ពួក​គេ​ថា ​បាន​លិច​លង់​នៅ​បាត​ទឹក​ទៅ​ហើយ។​

លោក​ឃឿន​ អះអាង​ថា ប្រជា​ពលរដ្ឋ​ជាង​៦០​គ្រួសារ​ទៀត​នៅ​តំបន់​ស្រែគរនៅ​បន្ត​ទាមទារ​សំណង​ឲ្យ​បាន​ប្រសើរ​ជាង​នេះ ​គឺ​ការ​ផ្តល់​ជា​ថវិកា​សម្រាប់​ផ្ទះ​ ដី​ភូមិ​ ដី​ចម្ការ ​ស្រែ​និង​ផល​ដំណាំ​ដែល​លិចលង់។

ប្រជា​ពលរដ្ឋ​ម្នាក់​ទៀត​គឺ​អ្នកស្រី​ណាត់ ស៊ូតា ​អាយុ​៦៥​ឆ្នាំ ​ក៏​បាន​បដិសេធ​មិន​ទទួល​សំណង​ផង​ដែរ។ ​រហូត​មក​ដល់​ពេល​នេះ ​អ្នកស្រី​កំពុង​រស់​នៅ​ទីទួល​ក្បែរ​នោះ ហើយ​ប្រកប​ការ​រស់​នៅ​ថ្មី​នៅ​ទីនោះ ​ដោយ​រង់​ចាំ​ដំណោះ​ស្រាយ។ ​អ្វី​ដែល​អ្នកស្រី​បារម្ភ​ជាង​គេ​គឺតំបន់​ទីទួល​នោះមិន​ទាន់​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​ភូមិ​ត្រឹម​ត្រូវ ​និង​ជាពិសេស​ក្មេងៗ​មិន​បាន​ចូល​រៀន។​ អ្នកស្រី​បញ្ជាក់​បន្ថែម​ថា​ ទីលំនៅ​ថ្មី​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន​មានស្ថាន​ភាព​លំបាករស់​នៅ។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​

«ខ្លាច​បាត់បង់​ដូន​តា ​ខ្លាច​បាត់បង់​អត្ត​សញ្ញាណ​ តាំង​ពី​ជី​ដូន​ជីតា​ខ្ញុំ​មក​ ហើយ​ម្យ៉ាង​កន្លែង​សក្ការៈ​បូជា​ដូន​តា​ពួក​ខ្ញុំ​ គឺ​នៅ​ទី​នេះ​ទាំង​អស់។ ​ធ្លាប់​នៅ​មាត់​ទន្លេ​តាំង​ពី​ជី​ដូន​ជី​តា ​ធ្លាប់​នៅ​មាត់​ទន្លេ​ស្រួល ​ពី​ព្រោះ​ពួក​ខ្ញុំ​ជា​ស្រ្តី​ក៏​ត្រូវ​ដាក់​សន្ទូចបាន​ ប្រុស​ក៏​ត្រូវ​ដាក់​សន្ទូច​បាន ​ពី​ព្រោះ​នៅ​ក្បែរ​ទឹក​ វា​ស្រួល​រក​ម្ហូប​អាហារ ​ថែម​ទាំង​ដំណាំ​ដាំ​ដុះ​ យើង​ដាំ​ហូប​ខ្លួន​ឯង​ក៏​បាន។​ ចុះ​ទៅ​នៅ​ភូមិ​ថ្មី ​វា​ឆ្ងាយ​ពី​ទន្លេ​ ហើយ​ទឹក​ក៏​ទិញ ​បាន​អី​មក​ស្រោច​បន្លែ​គឺ​អត់​មាន»។

អ្នកស្រី ណាត់ សូតា (កណ្តាល) ជា​ជន​រងគ្រោះ​ដោយសារ​ទំនប់​វារីអគ្គិសនី​សេសានក្រោម២ ខេត្ត​ស្ទឹងត្រែង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)

អ្នកស្រី​ណាត់ សូតា​ មាន​ប្រសាសន៍​ថា ​អ្នក​ស្រី​មិន​មាន​បំណង​ប្រឆាំង​នឹង​គម្រោង​របស់​រដ្ឋាភិបាល​នោះ​ទេ ​តែ​អ្នកស្រី​ចង់​បាន​សំណង​សមរម្យ​ជាង​នេះ។​

អ្នកស្រី​បាន​ប្រាប់​ VOA ​ថា៖​

«អត់​មាន​អី​ថ្នាំង​ថ្នាក់​ជាមួយ​រដ្ឋាភិបាល ​ឬ​ខាង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ទេ។​ ខ្ញុំ​អត់ថ្នាំង​ថ្នាក់​ទេ។ ​ខ្ញុំ​ពេញ​ចិត្ត​ដែរ។​ គាត់​ធ្វើ​អ៊ីចឹង​ ព្រោះ​អភិវឌ្ឍ​ប្រទេស​ជាតិ​របស់​យើង។ ​ខ្ញុំ​អត់​ជំទាស់​ជាមួយ​គាត់​ទេ ​តែ​ពួក​ខ្ញុំ​នៅ​នេះ​ សុំ​តែ​ដី​ធ្វើ​ស្រែ ​និង​ធ្វើ​ចម្ការ​ ហើយ​និង​ផ្ទះ ​បើ​បាន​ប៉ុណ្ណឹង​អរ​ហើយ»។

អ្នក​នាំ​ពាក្យ​ក្រសួងរ៉ែ​និង​ថាមពល​ និង​ជា​អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​ថាមពល​ លោក​វិចទ័រ ហ្សូនា​ ​មាន​ប្រសាសន៍​ថា ​រហូត​មក​ដល់​ពេល​នេះ ​ប្រជា​ពលរដ្ឋ​ជាង​៤០​គ្រួសារ​បាន​បដិសេធ​មិន​ទទួល​យក​សំណង​ តែ​រដ្ឋាភិបាល​នៅ​តែ​បន្ត​អំពាវនាវ​ឲ្យ​ពួក​គេ​ទទួល​យក​សំណង​ទាំង​នោះ។​

លោក​មាន​ប្រសាសន៍​ថា៖​

«សម​(រម្យ) ​មិន​ដឹង​និយម​ន័យ​យ៉ាង​ម៉េច? ​ទាល់​តែ​ Lexus ​ម្នាក់​មួយ​បាន​សម​ហើយឬ​អី? ​យើង​អត់​ដឹង​ទេ។​ ក៏​ប៉ុន្តែ​សំខាន់​តើ​គាត់​ភាគ​តិច ​ឬ​ភាគ​ច្រើនក្នុង​ចំណោម​៨០០​ជាង​ និង​៤០​ជាង​ហ្នឹង»។​

លោក​បន្ត​ថា ​រដ្ឋាភិបាល​ក៏បាន​រៀបចំ​ហេដ្ឋារចនា​សម្ព័ន្ធ​នៅ​ទីតាំង​ថ្មី​ឲ្យ​បាន​ល្អ​សម្រាប់​ពួកគេ​ តែ​លោក​ទទួល​ស្គាល់​ថា​ ការ​ចាប់​ផ្តើម​ដំបូងគឺ​មាន​ការ​លំបាក​បន្តិច​ហើយ។​

កូន​សិស្ស​ចេញពី​សាលារៀន​បឋមសិក្សា​ស្រែស្រណុក ដែល​ជា​តំបន់​នៃ​ការ​តាំង​ទីលំនៅថ្មី​របស់​ជនជាតិ​ដើម​ភាគតិច ដែល​រង​ផល​ប៉ះពាល់​ដោយសារ​តែ​ទំនប់​វារីអគ្គិសនី​សេសានក្រោម២ ខេត្ត​ស្ទឹងត្រែង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)

លោក​វ៉ាន់ ហុង ​អតីត​ប្រជា​ពលរដ្ឋ​នៅ​តំបន់​ស្រែគរ​១ ​បាន​សម្រេច​ទទួល​សំណង​ពី​ក្រុមហ៊ុន ​ដោយ​ទៅ​រស់នៅ​ភូមិ​ថ្មី។ ​សំណង​ទាំង​នោះ​រួម​មានផ្ទះ​ឈើ​មួយ​ខ្នង​នៅ​លើ​ដី​ទំហំ​២០​ម៉ែត្រ ​គុណ​នឹង​៥០​ម៉ែត្រ ​ដី​ចម្ការ​៥ហិកតា ​និង​តម្លៃ​ដំណាំ​របស់​លោក​ជាង​៤២០០​ដុល្លារ។​ លោក​បញ្ជាក់​ថា ​សំណង​នេះ​មិន​សមរម្យ​នោះ​ទេ​ តែ​លោក​ថា ​ត្រូវ​តែ​ទទួល​យក ​ដោយសារ​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​បាន​សម្រេច​ទទួល​សំណង​រួច​ទៅ​ហើយ។​

លោក​មាន​ប្រសាសន៍​ថា៖​

«បើ​ថា​មិន​សម​រម្យ ​យើង​តវ៉ា​គេ​ក៏​មិន​បាន​ដែរ ​មិន​ដឹង​តវ៉ា​របៀប​ណា​ផង»។​ លោក​ក៏​បារម្ភ​អំពី​កង្វះ​ខាត​ទឹក​ស្អាត​ប្រើប្រាស់​នៅ​ទី​នោះ ​ភ្លើង​នៅ​មាន​តម្លៃ​ថ្លៃ​ ​និង​ខ្វះ​គ្រូ​បង្រៀន​ផង​ដែរ។ ​លោក​វ៉ាន់ ហុង​ បញ្ជាក់​ថា​ បើ​មាន​ជម្រើស ​លោក​នឹង​ត្រឡប់​ទៅ​ភូមិ​ចាស់​វិញ ​ដោយសារ​អាច​រស់​នៅ​ក្បែរ​ទឹក ​និង​ជា​ទី​កំណើត​រស់​នៅ​យូរ​មក​ហើយ។​

អង្គុយ​នៅ​ផ្ទះ​កន្លែង​ទីទួល​សុវត្ថិភាព​ លោក​ណយ ហ្វុត ​ឪពុក​របស់​លោក​ហ្វុត ឃឿន​ក៏​បាន​បាត់​បង់​ផ្ទះ​សម្បែង​របស់​លោក​ផង​ដែរ។ ​លោក​ហ្វុត ​អាយុ​៨៥​ឆ្នាំ​មាន​ប្រសាសន៍​ថា ​ដូន​តា​របស់​លោក​មិន​សប្បាយ​ចិត្ត ​ហើយ​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ឆាប់​ឈឺ​នៅ​តំបន់​ថ្មី។ ​លោក​ក៏​ចង់​បាន​សំណង​ពី​ក្រុមហ៊ុន​ជា​លុយ​កាក់​ ប្រសិន​បើ​មាន​ការ​ផ្តល់​ឲ្យ។​

លោក​មាន​ប្រសាសន៍​ថា៖​

«យើង​យក​លុយ​ហ្នឹង​ហើយ យក​ដុល្លារ​ហ្នឹង​ហើយ បើ​គេ​សង។ ​បើ​គេ​មិន​សង​ មិន​ដឹង​ម៉េច​ទេ»។​

ទោះ​ជាយ៉ាងណា ​លោក​ឃឿន ​ដែល​ជា​តំណាង​ប្រជា​ពលរដ្ឋ​មិន​ទទួល​សំណង​ មាន​ប្រសាសន៍​ថា​ ​លោក​នៅ​តែ​បន្ត​រស់​នៅ​ទីទួល​ក្បែរ​ទឹក​នោះ​ ហើយ​បន្ត​ទាមទារ​សំណង​ពី​ក្រុម​ហ៊ុន​ដោយសង្ឃឹម​ថា មិន​មាន​ការ​បណ្តេញ​ចេញ​ប្រជា​ពលរដ្ឋ​ពី​តំបន់​នេះ​នោះ​ទេ៕