ពលរដ្ឋ​និង​មន្រ្តី​បក្ស​ប្រជាជន​កម្ពុជា​តវ៉ា​រឿង​ដក​ឈ្មោះ​ចៅ​សង្កាត់​រង​ម្នាក់​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឃុំ​សង្កាត់

រូបឯកសារ៖ ការសម្តែងរបាំប្រពៃណីនៅក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ុល រស្មី/វីអូអេ)

ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ដក​មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់ ​ដែល​ជា​ចៅ​សង្កាត់​រង ​ក្នុង​សង្កាត់​ជ្រាវ ​ក្រុង​សៀមរាប​ ខេត្ត​សៀមរាប​ បាន​ផ្ទុះ​ឡើង ​កាល​ពី​សប្តាហ៍​មុន ​ដោយ​ពួក​គេ​អះអាង​ថា​ មន្រ្តី​រូប​នោះ​មិន​គួរ​ត្រូវ​បាន​ដក​ឈ្មោះ​ចេញ​ពី​បញ្ជី​បេក្ខជន​សម្រាប់​ប្រកួត​ប្រជែង​បោះ​ឆ្នោត​ឃុំ​សង្កាត់ ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥ ​ខែ​មិថុនា​ ឆ្នាំ​២០២២​ឡើយ។​

លោក ​គង់ ប៊ឹប ​ជា​ចៅ​សង្កាត់​រង​ទីមួយ​នៅ​ក្នុង​សង្កាត់​ជ្រាវ ​ក្រុង​សៀមរាប​ ខេត្ត​សៀមរាប។ ការ​តវ៉ា​របស់​មន្រ្តី ​និង​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ ប្រឆាំង​នឹង​ការ​ដក​ចៅ​សង្កាត់​រង​រូប​នេះ​ចេញ​ពី​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​ពេល​ខាង​មុខ​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២១ ​ខែ​មករា​ ឆ្នាំ​២០២២​ នៅ​ក្នុង​សន្និបាត​គណៈកម្មាធិការ​គណ​បក្ស​សង្កាត់​ជ្រាវ។​

នៅ​ក្នុង​វីដេអូ​រយៈ​ពេល​ប្រមាណ​២៣​នាទី​ដែល​វីអូអេ​ទទួល​បាន​មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់​បាន​អះអាង​ថា៖​«ដក​ចេញ​ហើយ​ចង់​លាប​ពណ៌​ទៀត​ហើយ​ពួក​ខ្ញុំ​ជា​កូន​ខ្ញុំ​មាន​ការ​ឈឺ​ចាប់​ណាស់​....​សុទ្ធ​តែ​ក្បាល​ពីរ ​មក​ពី​គណ​បក្ស​ក្រៅ។ គណបក្ស​ក្រៅ​យ៉ាង​ម៉េច?​.... ​គឺ​គណ​បក្ស​ប្រជាជន​តាំង​ពី​ដើម​រហូត​មក»។​

បើ​តាម​វីដេអូមន្ត្រី​បក្ស​កាន់​អំណាច​រូប​នោះ​បាន​ស្នើ​ទៅ​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​ឲ្យ​ត្រួត​ពិនិត្យ​ ជួយ​រក​យុត្តិ​ធម៌​ និងដោះ​ស្រាយ​បញ្ហា​មួយ​នេះ ​ដោយ​បាន​លើក​ឡើង​ថា៖ «សំណូម​ពរ​ដល់​សម្តេច​ ឲ្យ​សម្តេច​ជួយ​មើល​កូន​ចៅ ​ មើល​កូន​ចៅ​ខាង​ក្រោម​នេះ​ផង។ ​ បើ​ថ្នាក់​ដឹក​នាំ​ធ្វើ​បែប​នេះ​ ងាប់​ហើយ​ គ្មាន​អ្នក​ណា​ មាន​កម្លាំង​ធ្វើ​ការ​ត​ទៅ​ទៀត​ទេ។​បើ​ប្រឹង​ប្រែង​ហើយ​មាន​តែ​ការ​ឈឺ​ចាប់​បែប​នេះ​នោះ»។​

ចំណែក​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ ពួក​គេ​មិន​សុខ​ចិត្ត​នឹង​ការ​លុប​ឈ្មោះ​ លោក ​គង់ ប៊ឹប ​ចេញ​ពី​បញ្ជី​បេក្ខ​ជន​ឈរ​ឈ្មោះ​សម្រាប់​គណបក្ស​កាន់​អំណាច​ទេ​ដោយ​ទាម​ទារ​ឲ្យ​ដាក់​បញ្ចូល​ជា​ធម្មតា​វិញ។​ ហើយ​ពួកគេចាត់​ទុក​ថាការ​បោះ​ឆ្នោត​តែង​តាំង​សមាជិក​ឃុំ​សង្កាត់​សម្រាប់​អាណត្តិ​ទី​៥​ មិន​មាន​តម្លា​ភាព ​និង​សុក្រឹត​ភាព​ឡើយ។​

ពលរដ្ឋ​ទាំង​នោះ​ក៏​បាន​សរសើរ​ស្នាដៃ​របស់​លោក ​គង់​ ប៊ឹប​ ថា​ លោក​ជា​បុគ្គល​ដែល​ឆ្នើម ​ដែល​សកម្ម​រាល់​កិច្ច​ការ​ទាំង​ឡាយ​នៅ​ក្នុង​សង្កាត់​ជ្រាវ។​

ស្រប​ពេល​គ្នា​នោះ ​កូន​ប្រុស​របស់​លោក ​គង់ ប៊ឹប​ គឺ​ លោក ​គង់ តារា៉​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មករា​ ដោយ​រៀប​រាប់​ថា​ ឪពុក​របស់​លោក​ត្រូវ​បាន​លាប​ពណ៌​ថា​«ជា​ពស់​ក្បាល​ពីរ​ទៀត​ផង។​ ទង្វើ​បែប​នេះ ​យើង​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ»។​

លោក ​គង់ តារ៉ា​បាន​ស្នើ​សុំ​ឱ្យ​លោក ​ទៀ បាញ់ ​ដែល​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​ជាតិ​ចុះ​ពង្រឹង​ខេត្ត​សៀមរាប ​និង​ជា​ឪពុក​របស់​លោក ​ទៀ សីហា ​អភិបាល​ខេត្ត​សៀមរាប ​ពិចារណា ​និង​បើក​ការ​ស្រាវ​ជ្រាវត្រួត​ពិនិត្យ​ឡើង​វិញ​ដើម្បី​រក​ភាព​យុត្តិ​ធម៌​ឲ្យ​ក្រុម​គ្រួសារ​របស់​លោក។​

ប៉ុន្តែ​សារ​របស់​លោក​នៅ​លើ​ហ្វេសប៊ុក​នេះ​ត្រូវ​បាន​លុប​ចោល​កាល​ពី​ថ្ងៃ​ទី​២៥ ​ខែ​មករា​ ឆ្នាំ​២០២២ ​ក្រោយ​វីអូអេ​ទាក់​ទង​ទៅ​មន្រ្តី​ជាន់​ខ្ពស់​ជា​អភិបាល​ខេត្ត ​និង​អភិបាល​ក្រុង​សៀមរាប។​

វីអូអេ​បាន​ទាក់​ទង​លោក ​គង់ ប៊ឹប​ ចៅ​សង្កាត់​រង​នៃ​សង្កាត់​ជ្រាវ ​ ប៉ុន្តែ​លោក​ហាក់​ស្ទាក់​ស្ទើរ​មិន​ចង់​និយាយ​ជាមួយ​អ្នក​សារ​ព័ត៌មាន​ ដោយ​លើក​ហេតុ​ផល​ថា​ជាប់​រវល់។​

ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២៥ ​ខែ​មករា​ ឆ្នាំ​២០២២​នេះ​ ​លោក ​គង់ ប៊ឹប ​បាន​បង្ហោះ​លិខិត​មួយ​សុំ​ទោស​នូវ​កំហុស​ឆ្គង​របស់​កូន​ប្រុស​របស់​លោក។ ​ហើយ​លោក​ក៏​បាន​បញ្ជាក់​ថា​លោក​និង​ក្រុម​គ្រួសារ​ គឺ​ជា​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក ​នួន ពុទ្ធារ៉ា ​ប្រធាន​គណៈ​កម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ក្រុង​សៀមរាប ​និង​ជា​អភិបាល​ក្រុង​សៀមរាប ​អះអាង​ថា​ គណបក្ស​បាន​ផ្លាស់​ប្តូរ​តួនាទី​ថ្មី​របស់​លោក ​គង់​ ប៊ឹប​ពិត​មែន​ ដែល​លោក​បញ្ជាក់​ថា​ នេះ​ជា​ការ​រៀប​ចំ​ផ្ទៃ​ក្នុង​បក្ស​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​តែ​ប៉ុណ្ណោះ។​លោក​បន្ថែម​ថា​ មិន​មាន​ការ​លុប​ឈ្មោះ​រូប​លោក​ចេញ​ពី​គណបក្ស​នោះ​ទេ ។​ ប៉ុន្តែ​អភិបាល​ក្រុង​សៀមរាប​រូប​នោះ​នៅ​មិន​ទាន់​អាច​បញ្ជាក់​អំពី​តួនាទី​ថ្មី​របស់​លោក​គង់ ប៊ឹប ​បាន​នៅ​ឡើយ​ទេ។

លោក​ថ្លែង​ថា៖ ​«តួនាទី​អី ​ខ្ញុំ​មិន​ទាន់​អាច​និយាយ​បាន​ពេល​នេះ​ទេ។​ប៉ុន្តែ​គ្រាន់​ក្នុង​ន័យ​ថា ​មាន​ការ​គិត​គូរ​បាន​ហ្មត់ចត់​ មាន​ការ​រៀបចំ​យ៉ាង​ណា​ឱ្យ​ការងារ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ ឲ្យ​មាន​ភាព​ល្អ​ប្រសើរ»។​

ចំណែក​លោក​ ទៀ សីហា ​អភិបាល​ខេត្ត​សៀមរាប ​និង​ជា​ប្រធាន​គណៈ​កម្មាធិការ​គណបក្ស​កាន់​អំណាច​ប្រចាំ​ខេត្ត​សៀមរាប ​ចាត់​ទុក​ការ​តវ៉ា​របស់​ប្រជា​ពលរដ្ឋ​ថា​ ជា​រឿង​យល់​ច្រឡំ​តែ​ប៉ុណ្ណោះ។​លោក​អះអាង​ថា ​លោក​ គង់ ប៊ឹប​ ត្រូវ​ប្តូរ​តួនាទី​ថ្មី​ ដែល​ជា​ការ​សម្រេច​តាម​គោល​ការណ៍ ​និង​ការ​សម្រេច​ចិត្ត​របស់​សមាជិក​គណ​បក្ស ​ដើម្បី​ឲ្យ​គណបក្ស​មាន​ភាព​ល្អ​ប្រសើរ។​

លោក​បញ្ជាក់​ថា៖​«តាម​ពិត​ចំពោះ​បេក្ខ​ភាព​របស់​ចៅ​សង្កាត់​រង​ទី​១​នេះ ​ យើង​មាន​ផែន​ការ​ និង​រៀប​ចំ​គាត់​ទទួល​បន្ទុក​ផ្សេង​ទៀត​ក្នុង​ជួរ​គណបក្ស​របស់​យើង។ ​ អ៊ីចឹង​មិន​មាន​បញ្ហា​អ្វី​ទេ​ ទាំង​សាមី​ខ្លួន​ក៏​គាត់​បាន​ជ្រាប​ ហើយ​គាត់​បាន​ទទួល​យក​ចំណុច​នេះ​ហើយ​ពី​ការ​សម្រច​សម្រួល​ផ្ទៃ​ក្នុង​របស់​យើង»។​

លោក ​ទៀ សីហា ​ក៏​បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​មន្ត្រី​គណបក្ស ​និង​ប្រជា​ពល​រដ្ឋ​ដែល​ថា​ ការ​ផ្លាស់​ប្តូរ​នេះ ​គឺ​ដោយ​សារ​លោក ​គង់ ប៊ឹប​ជា​«ពស់​ក្បាល​ពីរ»​មិន​ស្មោះ​ត្រង់​នឹង​គណបក្ស​ប្រជាជន​កម្ពុជា៕