គ្រូ​បង្រៀន​តាម​ជន​បទ​នៅ​ខេត្ត​បាត់​ដំបង​ព្យាយាម​ឲ្យ​សិស្ស​បាន​រៀន ក្នុង​កាលៈ​ទេសៈ​លំបាក​នៃ​ជំងឺ​កូវីដ​១៩

អ្នកនាង សឿន ស្រីនិត អាយុ២៥ឆ្នាំ ជាគ្រូបង្រៀន ថ្នាក់ទី២ កំពុងបង្រៀនថ្នាក់ជាបណ្តុំដល់សិស្សថ្នាក់ទី២ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/វីអូអេ)

ស្រុក​សំឡូត ខេត្ត​បាត់​ដំបង—នៅ​វេលា​ម៉ោងមួយ​រសៀល ក្រោយ​បាយ​ថ្ងៃ​ត្រង់​រួច​កុមារ​តូចៗ​មួយ​ចំនួន​ នៅ​ភូមិ​បឹង​រុន ក្នុង​ឃុំ​សំឡូត ស្រុក​សំឡូត ខេត្ត​បាត់ដំបង នៅ​បន្ត​ទៅ​រៀន។ ខ្លះ​ជិះ​កង់​ឌុបគ្នា​ហើយ​ខ្លះ​ទៀត ត្រូវ​ម្តាយ​ឪពុក​ដឹក​តាម​ម៉ូតូទៅ​រៀន​។ ក៏​ប៉ុន្តែ​ ម៉ោង​សិក្សា​របស់​ពួក​គេ​មិន​ដូច​មុន​ទេ។​

​ពី​មុន ពួក​គេ​ធ្លាប់​រៀន​មួយ​ថ្ងៃ ​៤ ម៉ោង​ ប៉ុន្តែ​ឥឡូវ​នេះ ពួក​គេ​រៀនមួយ​ថ្ងៃ​ត្រឹមមួយ​ម៉ោង​ប៉ុណ្ណោះ។ ពួកគេ​មិន​ទៅ​រៀន​នៅ​ក្រោម​ដំបូល​អគារ​សាលាទៀតទេ​ ហើយ​ក៏​មិន​ស្លៀក​ពាក់​ឯកសណ្ឋាន​អាវ​ស​សំពត់​ ឬ​ខោ​ខៀវ​ដូច​មុន​ដែរ​។ សិស្ស​ស្លៀកពាក់​ខោ​អាវ​នៅ​ផ្ទះ​ចម្រុះ​ពណ៌ ​ខ្លះ​ចេញ​ដំណើរ​ទៅ​រៀននៅផ្ទះ​របស់​គ្រូ​បង្រៀន​ ខ្លះ​រៀន​នៅក្រោម​ដំបូល​អគារសាលា​ឃុំ​ ហើយ​ខ្លះ​រៀន​នៅ​ក្រោម​តូប​លក់​នំនែក​មួយ​ដែល​ទំនេរ​ក្បែរ​ផ្សារ។

នេះ​ជា​ទិដ្ឋភាព​រៀន​របស់​សិស្ស​ថ្នាក់​បឋម​សិក្សា​មួយ​ចំនួន ​នៅ​តាម​ទី​ជនបទ​ នៅ​ក្នុង​អំឡុង​ពេល​ដែល​សាលា​រដ្ឋ​ និង​ឯកជន​បិទ​ទ្វា​រ​ ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា តាម​ការ​ណែនាំ​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា។ នេះ​ជា​ការធ្វើ​យ៉ាងម៉េច​ឲ្យ​សិស្ស​រៀនបាន​ខ្លះ កុំ​ឲ្យ​ភ្លេច​មេរៀន ក្នុង​កាលៈ​ទេសៈដ៏​លំបាក​នៃ​ជំងឺ​កូវីដ​១៩។

កុមារីថ្នាក់ទី២មួយរូប កំពុងរៀននៅផ្ទះអ្នកគ្រូ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។ ការរៀនជាបណ្តុំនេះ ធ្វើឡើង ក្រោយរដ្ឋាភិបាលប្រកាសបិទសាលារៀនជាបណ្តោះអាសន្ន ក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ១៩។ (ហ៊ាន សុជាតា/វីអូអេ)

ដើម្បី​កុំ​ឲ្យ​មាន​ការ​អាក់ខាន​ក្នុង​ការ​សិក្សា ​ក្នុង​អំឡុង​ពេល​នេះ​នៅ​សាលា​បឋម​សិក្សា​ស្រែ​អណ្តូង​ពីរ​ក្នុង​ស្រុក​សំឡូត ដែល​មាន​ចម្ងាយ​ជាង​ ៨០ ​គីឡូម៉ែត្រ គ្រូ​បង្រៀន​បានរៀប​ចំ​ឲ្យ​មាន​ការ​រៀន​ជា​បណ្តុំ​ក្រុម​តូច ​ដោយ​កំណត់​ចំនួន​សិស្ស​ក្រោម ​១០ ​នាក់។ ការ​សិក្សា​ជា​បណ្តុំ​នេះ​រួម​ចំណែក​ឲ្យ​កុមារ​តូចៗ​អាច​ទទួល​បាន​ចំណេះ​ដឹង​បឋម ​និង​ត្រៀម​ពួកគេ​សម្រាប់​ការចូលរៀន​ជា​ផ្លូវ​ការ ​នាពេល​ខាង​មុខ​។ សិស្ស​ត្រូវ​ដាក់​ឲ្យ​រៀន​ជា​បណ្តុំៗ​ ក្រោយ​ការ​សិក្សា​តាម​ប្រព័ន្ធ​អ៊ិន​ធឺណែត ​និង​ទូរទស្សន៍នៅ​តាម​តំបន់​ជនបទ​នេះ មិន​មាន​ប្រសិទ្ធភាព។

គ្រូ​បង្រៀន​តាម​ទី​ជនបទ ដូចជា​អ្នកគ្រូ​ សឿន​ ស្រីនីត ​ប្រើប្រាស់​រយៈពេល​ជាង ​៣ ​ខែ​ ដើម្បី​រិះរក​វិធី​បង្រៀន​សិស្ស​ឲ្យ​ខាង​តែ​បាន។ ថ្នាក់​រៀនរបស់​អ្នកគ្រូ​នៅ​ក្រោម​ផ្ទះ​ឈើ​មួយ​ ដែល​មាន​ទីធ្លា​ល្មមសម្រាប់​រៀបចំ​ឲ្យ​មាន​កៅអី​ ១០​ តុ​វែង​មួយ និង​ក្តារ​ខៀន​មួយ។​

អ្នក​នាង ស្រីនីត អាយុ​២៥​ឆ្នាំ និង​បង្រៀន​សិស្ស​ថ្នាក់​ទី​២​ ជិត​ ៥០​ នាក់ ​បង្ហាញ​ក្តីបារម្ភ​ថា​ កូន​សិស្ស​របស់​ខ្លួន មិនចេះ​សរសេរ​ និង​អាន​អក្សរ ដោយសារ​ឈប់​សម្រាក​យូរ​ពេក តាំង​ពី​ខែ​មីនា​មក។

អ្នកគ្រូ​ស្រី​នីត​ ប្រាប់​ VOA ​កាល​ពី​ចុង​ខែ​មិថុនា​ថា៖ «ព្រោះ​អី​ដូច​ថា​ឈប់​តាំង​ពី​ចុង​ខែ​បី​អី​មក ឈប់​តាំង​ពី​ហ្នឹង​មក​ ទោះ​បី​សរសេរ​អក្សរ​ក៏​រាង​យឺត​ដែរ។ ព្រោះ​អី​យើង​សម្រាក​តាំង​ពី​ហ្នុង​មក​ ទោះ​បី​យើង​សរសេរ​អក្សរ​វិញ​ ក៏​ពិបាក​ដែរដៃ​អី​ ការ​ហ្វឹកហាត់​អី ​ក៏​ពិបាក​ដែរ​រាង​យឺត»។​

ភ្លាម​ៗក្រោយ​ការ​ប្រកាស​បិទ​សាលា ក្រសួងអប់រំ​តម្រូវ​ឲ្យតាម​ដាន​ និង​លើក​ទឹក​ចិត្ត​កូន​សិស្ស​ឲ្យប្តូរ​ទម្លាប់​មក​សិក្សា​តាម​ប្រព័ន្ធ​អ៊ិន​ធឺណែត​ និង​តាម​ទូរទស្សន៍។ អ្នកគ្រូ ស្រី​នីត ដែលមាន​ម៉ូតូ​១​ គ្រឿង​ទូរស័ព្ទ​ស្មាត​ហ្វូន​១​ និងសម្ពាយ​ដាក់​សន្លឹក​កិច្ចការ ជិះ​ម៉ូតូ​ចែក​កិច្ច​ការ​សិស្ស​តាម​ផ្ទះ និង​ណែនាំ​ម្តាយ​ឪពុក​សិស្ស​អំពី​កាលវិភាគ​សិក្សា​តាម​ទូរទស្សន៍​ផង​ និង​បង្កើត​ក្រុម​រៀន​តាម​ថ្នាក់​នៅ​ក្នុង​ហ្វេស​ប៊ុក​ផង។

អ្នកគ្រូ​ប្រាប់ VOA ថា៖ «​[...] កាល​ពី​ខែ​៥ ​ដល់​ខែ​៦ ​ហ្នឹង​ យើង​ឲ្យ​គាត់​មើល​តាម​ទូរទស្សន៍​ផង​យើង​ដើរ​ចែក​សន្លឹក​កិច្ចការ​ឲ្យ​សិស្ស​ផង។ តែ​ពេល​ដើរ​ចែក​អញ្ចឹង​ទៅ​វា​ដូច​ជា... ដូច​ថា​សិស្ស​ខ្លះ​ឪពុក​ម្តាយ​ គាត់​អត់​នៅ​អត់​អី​អញ្ចឹង​ទៅ គាត់​អត់​បាន​ធ្វើ​អត់​បាន​[រៀន]​ទៅ។ អញ្ចឹង​ក្រោយ​មក​យើង​ប្រមូល​ផ្តុំ​គាត់​រៀន​ជា​បណ្តុំ​វិញ ដើម្បី​ឲ្យ​គាត់​ធ្វើ​បាន​កិច្ចការ​ផង​ស្តាប់​យើង​ពន្យល់​ផង»។​

អ្នកនាង សឿន ស្រីនិត អាយុ២៥ឆ្នាំ ជាគ្រូបង្រៀន ថ្នាក់ទី២ កំពុងបង្រៀនថ្នាក់ជាបណ្តុំដល់សិស្សថ្នាក់ទី២ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ាន សុជាតា/វីអូអេ)

ការសិក្សាជាបណ្តុំរបស់សិស្សថ្នាក់ទី២ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។ ការសិក្សាជាបណ្តុំនេះ ធ្វើឡើង ក្រោយរដ្ឋាភិបាលប្រកាសបិទសាលារៀនជាបណ្តោះអាសន្ន ក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ១៩។ (ហ៊ាន សុជាតា/វីអូអេ)

អ្នកគ្រូ​ សឿន​ ស្រីនីត​ ត្រៀម​ខ្លួន​រួច​ជា​ស្រេច។ អ្នកគ្រូ​បាន​រើ​រកក្តារ​ខៀនសសេរដីស ផ្ទៃ​ពណ៌​បៃតងមួយ​ផ្ទាំង​មក​វាយ​ដែក​គោល​ព្យួរជាប់​សសរ​ផ្ទះ​របស់​ខ្លួន។ ​ក្តារ​ខៀន​នោះ​ជា​ក្តារ​ដែលជីតា​របស់​អ្នកគ្រូ​ ធ្វើ​ដោយ​ខ្លួន​ឯង​ ទុក​បង្រៀន​សិស្សតាំង​ពី ​១០ ​ឆ្នាំ​មុន​ និង​បន្សល់​ទុក​ក្រោយ​ចូល​និវត្តន៍។

ក្រោយ​ពី​កំណត់​ទីតាំង​ផ្ទះ​របស់​សិស្ស​ហើយអ្នកគ្រូ ស្រី​នីត ​បែង​ចែក​សិស្ស​ជា ​៤ ក្រុម។ សិស្ស​របស់​អ្នកគ្រូប្រមាណ ១០​ នាក់ ពុំ​មាន​លទ្ធភាព​រៀន​តាម​ទូរទស្សន៍​ ឬ​អ៊ិនធឺណែត​។ ក្នុង​ចំណោម​នោះ​ មាន ​៥ ​នាក់​បាន​ប្តូរ​ទៅ​រស់​នៅ​តំបន់ដាច់​ស្រយាល ដែល​ធ្វើឲ្យពួក​គេមិន​អាច​ចូល​រៀន​ជា​បណ្តុំ​បាន។

អ្នកគ្រូ​ប្រាប់ VOA ​នៅ​ផ្ទះ​របស់​អ្នកគ្រូ​ក្រោយ​បង្រៀន​សិស្ស​រួច​ថា៖

«យើង​នៅ​នេះ​យើង​ដឹង​ស្រាប់​ហើយ ជីវ​ភាព។ ជួន​កាល​ខ្លះ​ គឺ​គាត់​អត់​មាន​ទេ។ ទូរទស្សន៍​និង​ទូរស័ព្ទ​សឹង​តែ​អត់​មាន​បណ្តោយ។ [...] ជួន​កាល​សិស្ស​ខ្លះ ម៉ែ​ឪ​ទៅ​ថៃ​ កូន​នៅ​ជាមួយ​យាយ ហើយ​យាយ​គាត់​អត់​ចេះ​អាហ្នឹង​ហើយ​អញ្ចឹង​អត់​មាន​ទូរស័ព្ទ​មើល​អត់​មាន​អី​ទេ។ ដូច​មាន​ភូមិ​មួយ​នោះ​ទូរស័ព្ទ​ ក៏​អត់​ ទូរទស្សន៍​ក៏​អត់។ អញ្ចឹង​កូន​សិស្ស​ខ្ញុំ​ដូចជា​១០​គ្រួសារ អត់​មាន​អាហ្នឹង​ទេ»។

អ្នកគ្រូ​បន្ត​ថា៖ «យើង​រៀន​នៅ​ថ្នាក់​សិស្ស​រត់​រក​យើង។ ដល់​ពេល​តាម​ផ្ទះ​អញ្ចឹង​យើង​រត់​រក​សិស្ស»។

លោក​ តាក់​ សារួម​ វ័យ​ ២៥ ឆ្នាំ ​ជា​ស្វាមី​របស់​អ្នកគ្រូ​ សឿន​ ស្រី​នីត និង​ជា​គ្រូ​បង្រៀន​ថ្នាក់​ទី ​៥។ ដូច​គ្នា​នឹង​អ្នកគ្រូ​ ស្រីនីត ដែរ​ លោក​ តាក់​ សារួម​ ​កំពុង​បង្រៀន​សិស្ស​របស់​ខ្លួន​ដែលសរុប​ប្រមាណ ​៥០ ​នាក់​ដោយ​ចែក​ជា ​៣ ​ក្រុម​ ទៅ​តាម​ទី​តាំង​ផ្ទះ​របស់​សិស្ស។ លោក​គ្រូ​ដែល «​ស្រលាញ់​ការបង្រៀន» ​បាន​ព្យាយាម​បង្រៀន​សិស្សតាម​ប្រព័ន្ធ​ទំនាក់​ទំនងតេលេ​ក្រាម​ ដែល​លោក​គ្រូ​ទើប​បង្កើត​ឆ្នាំ​មុន។

លោកគ្រូ​ និយាយថា៖ «តែ​តេលេក្រាម ​អត់​មាន​អ្នកប្រើ​ផង។ អ្នក​ភូមិ​អត់​មាន​អ្នក​ប្រើ​ទេ។ ហ្វេស​ប៊ុក​មាន​ខ្លះ​ មាន​តែ​ពេល​ខ្លះ​ អត់​មាន​សេវា​ផង»។

សិស្ស​ម្នាក់​របស់​អ្នកគ្រូ​គឺ​កុមារី​ សុគី នីតា ​អាយុ​៨ឆ្នាំ។ ម្តាយរបស់ ​នីតា អ្នកស្រី​ ទី​ លីនដា​ វ័យ ​២៧ ឆ្នាំ មាន​ទូរស័ព្ទ​ស្មាត​ហ្វូន​មួយ ដែល​អាច​ឲ្យ​កូន​ប្រើ​ប្រាស់​បាន។​ ក៏ប៉ុន្តែ​ អ្នកស្រី​និង​ស្វាមី​ក្រៅ​តែពី​មិន​ចេះ​អក្សរ ​ដែល​ពិបាក​ក្នុង​ការ​ជួយ​បង្រៀន​កូន​បន្ថែម​ ហើយ​នោះ​ពួកគេ​ត្រូវ​ធ្វើ​ចម្ការ ចិញ្ចឹម​ជ្រូក​និង​បិទ​ស្រា​ ដែល​ធ្វើ​ឲ្យ​ពួកគេ​រវល់​ស្ទើរគ្មាន​ពេល​ជួយ​ឲ្យ​កូន​រៀន។

អ្នកស្រី​ ទី​ លីនដា ដឹង​ថា​កូនស្រី​ចង់​ធ្វើ​ជា​គ្រូបង្រៀន​ ក៏​ប៉ុន្តែ​លទ្ធភាព​ដែល​ពួកគេ​អាច​ផ្តល់​ឲ្យ​កូន​មាន​តិច​តួច​។ ពួក​គេ​ពឹង​ពាក់​ខ្លាំង​លើ​រដ្ឋបាល​អប់រំ​របស់​ក្រសួង​ និង​ក្រុម​គ្រូ​បង្រៀន។

អ្នកស្រី​និយាយ​ថា៖ «បារម្ភ​ណាស់ ខ្លាច​កូន​អត់​ចេះ។ ដូច​ថា ​ខ្ញុំ​អត់​ដែល​បាន​នៅ ​ឬ​បាន​ពន្យល់​នៅ​ស្តាប់​ជាមួយ​វា​ទេ។ ដូច​ថា​ដាក់​ឲ្យ​មើល​អញ្ចឹងទៅ ក៏​ទៅ​ធ្វើ​នេះ​ ទៅ​ធ្វើ​នោះ​អញ្ចឹង​ទៅ។ អញ្ចឹង ​វា​ថា​ម៉ែ​អើយ​ខ្ញុំ​រៀន​អញ្ចឹង​អត់​ចេះ​ទេ។ បើ​នៅ​ដាំ​បាយ​ដាំ​អី​ជិតហ្នឹង ចេះ​តែ​បន្ត​តាម​មើល។ តែ​បើ​ទុក​ឲ្យ​វា​នៅ​តែ​ឯងភ្លេច​ហ្នឹង​មើល​តុក្កតា​អី​ទៅ។ ចា... អត់​មាន​ពេល​អង្គុយ​ជិត​នៅ​មើល»។

អ្នកស្រី ទី លីនដា អាយុ ២៧ឆ្នាំ និងកូនស្រី ដែលរៀនជាបណ្តុំ នៅផ្ទះគ្រូរបស់គេ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ាន សុជាតា/វីអូអេ)

លោក តាក់ សារួម អាយុ ២៥ ឆ្នាំ គ្រូបង្រៀនថ្នាក់ទី៥ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ាន សុជាតា/វីអូអេ)

ការ​លំបាក​របស់​អ្នកស្រី ទី​ លីនដា ជា​បទ​ពិសោធន៍​មួយ​សម្រាប់​ឪពុក​ម្តាយ​ផ្សេង​ៗ​ទៀត ​នៅ​ទីក្រុង​និង​ជនបទ ដែល​ពួកគេ​ត្រូវ​ទៅ​ធ្វើការ មិន​មាន​ពេល​មើល​ថែ​កូន។ សាលា​រៀន​ជា​កន្លែង​ដែល​ពួកគេ​អាច​ទុក​កូន​បាន​យ៉ាង​តិច ​៤ ​ម៉ោង ហើយ​ពួក​គេ​អា​ចទៅ​ធ្វើ​ការ​បាន ​និង​អាច​សម្រាល​ការ​មើល​ថែ​ទាំ​ពួកគេ​រៀងរាល់​ម៉ោង។

អ្នកគ្រូ​បង្រៀន អ្នក​នាង ស្រី​នីត យល់​ថា​ សាលា​រៀន​នៅ​ទី​ជន​បទ​ដាច់​ស្រយាលទំនង​ជា​មិន​អាច​បើក​ឡើង​វិញ​នា​ពេល​ឆាប់ៗ​ ហើយ​បើ​សិស្ស​រៀន​មិនទាន់ ពួក​គេ​អាច​ប្រឈមនឹង​ការ​បោះ​បង់​ចោល​ការ​សិក្សា​ពេលសាលារៀន​ចាប់​ផ្តើម​បើក​ឡើង​វិញ។

អ្នកគ្រូ​ដែល​បង្រៀន​នៅ​សាលា​បឋម​សិក្សា​ស្រែ​អណ្តូង​ពីរ​ អស់រយៈ​ពេល​ ៤ ឆ្នាំ និយាយ​ថា​៖​ «ឆ្នាំ​នេះ​ មាន​ជំងឺ​អញ្ចឹង​ទៅ យើង​ក៏ដើរ​តាម​ភូមិ​តាម​អី ដើម្បី​ឲ្យ​សិស្ស​យើង​គ្រាន់​បើ​បាន​ចេះ ​បាន​អីអញ្ចឹង​ទៅ ក្រែង​លោ​ចូល​រៀន​វិញ​ ក្រសួង​អាច​អនុញ្ញាត​ឲ្យ​ក្មេង​បាន​ឡើង​ថ្នាក់​នោះ ​វា​ក៏​ស្រួល​ដែរ​អាច​ជួយ​រុញ​ឲ្យ​បាន​ឡើង​ថ្នាក់»។

នាយក​សាលា​បឋម​សិក្សា​ស្រែ​អណ្តូង​ពីរ លោក​ ភិន​ ច័ន្ទណា ​យល់​ថា ​ការ​រៀន​ជា​បណ្តុំ​នៅ​ក្នុង​សហគមន៍​លោក​ គឺ​ជា​លទ្ធភាព​តែ​មួយ​គត់​ដែល​សាលា​អាច​ផ្តល់​ឲ្យ​កូន​សិស្ស​ ខណៈ​ការ​សិក្សាតាម​ប្រព័ន្ធ​អ៊ិនធឺណែត ​និង​តាម​ទូរទស្សន៍​មិន​អាច​ទៅ​រួច។​

លោក​សង្កេត​ឃើញ​ថា​ មាន​សិស្ស​តិច​តួច​ប៉ុណ្ណោះ​ដែល​មិន​បាន​ចូល​រៀន។​ លោក​សង្ឃឹម​ថា​មធ្យោបាយ​នេះ យ៉ាង​ហោច​ណាស់​ជួយ​ឃ្លាំមើល​វត្តមាន​សិស្ស ​និង​ជួយ​បំប៉ន​សមត្ថ​ភាព​ពួក​គេ។

«ខ្ញុំ​ចេះតែ​ចង់​ឃើញ​សិស្ស​ចូល​រៀន​ហើយ​អ្នកគ្រូ​ លោក​គ្រូ​ខ្ញុំ​គាត់​រត់​លិច​រត់​កើត ចង​បណ្តុំ​សិស្ស​ហ្នឹង​មក​បង្រៀន​អា​នេះ​មួយ​ម៉ោង​មក​បង្រៀន​នៅ​នោះ​មួយ​ម៉ោង​អញ្ចឹង​ណា បាន​ជា​ចេះ​តែ​ចង់​បាន​ឲ្យ​វា​ចូល​រៀន​វិញ។ បារម្ភ​នោះ ​បារម្ភ​ហើយ ​ដោយ​ឃើញ​កូវីដ​ហ្នឹង​ ដូច​មិន​ទាន់​ស្ងប់​នៅ​ឡើយ។

របាយ​ការណ៍​បោះ​ពុម្ព​ផ្សាយ​ឆ្នាំ ២០២០ ​របស់ធនាគារ​ពិភពលោក​ (World Bank) ស្តីអំពី​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា ​ក្នុង​ពេល​នៃ​ការ​ឆ្លង​រីករាល​ដាលនៃ​ជំងឺ​កូវីដ​១៩ ឲ្យដឹង​ថា​ ជំងឺរាតត្បាត​នេះ​ជះ​ឥទ្ធិពល​អវិជ្ជ​មាន​ដល់​គុណភាពអប់រំ​នៅ​កម្ពុជា។ របាយ​ការណ៍​ដែល​ផ្តោត​លើ​ករណី​សិក្សា​គណនេយ្យភាព​គ្រូ​បង្រៀន ​និង​លទ្ធភាព​នៃ​ការ​សិក្សា​របស់​សិស្ស​នេះ ​ចង្អុល​បង្ហាញ​ថា​ កម្ពុជា​គួរ​គិត​ឲ្យ​មាន​ការផ្តួចផ្តើម​ណាមួយ ​ដែល​អាច​ទប់ស្កាត់​អត្រា​បោះបង់​ចោល​ការសិក្សា​ ដោយ​ធ្វើ​យ៉ាងណាបំប៉ន​ដល់​សិស្សដែល​រៀន​ខ្សោយ ​ឬ​រៀន​មិន​ទាន់គេ ​ជា​ពិសេស​ក្នុង​ពេល​បិទ​សាលា​រៀន​រយៈ​ពេល​វែង​ ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត​នៃជំងឺ​កូវីដ​១៩។

សម្រាប់​សិស្ស​តាម​ទី​ជនបទ​អត្រា​បោះ​បង់​ចោល​ការ​សិក្សា​ចោល​នៅ​ជា​បញ្ហា​ប្រឈម​ក្នុង​វិស័យ​អប់រំ។ ស្ថិតិ​និង​សូចនាករ​អប់រំ​របស់​ក្រសួង​អប់រំ​បង្ហាញ​ថា ​អត្រា​បោះ​បង់​ការ​សិក្សា​នៅ​កម្ពុជា​នៅ​មាន​កម្រិត​គួរ​ឲ្យ​កត់​សម្គាល់។ ក្នុង​នោះក្នុង​ឆ្នាំ​ កម្រិត​បឋម​សិក្សា​មាន ​៤,៦% ​និង​កម្រិត​មធ្យម​សិក្សា​មាន​ ១៧%។ នេះ​បើតាម​របាយ​ការណ៍​សិក្សា​ឆ្នាំ ​២០១៥~២០១៦។

កុមារមួយចំនួន ក្នុងភូមិប្រមូលផ្តុំគ្នា ក្រៅម៉ោងសិក្សា ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។ ពួកគេខ្លះ កំពុងត្រៀមខ្លួនទៅរៀនជាបណ្តុំ នៅផ្ទះគ្រូរបស់គេ។ ការសិក្សាជាបណ្តុំនេះ ធ្វើឡើង ក្រោយរដ្ឋាភិបាលប្រកាសបិទសាលារៀនជាបណ្តោះអាសន្ន។ (ហ៊ាន សុជាតា/វីអូអេ)

បដាផ្សព្វផ្សាយអំពីការការពារការឆ្លងជំងឺកូវីដ ១៩ នៅតាមផ្ទះប្រជាជន ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ាន សុជាតា/វីអូអេ)

លោក​ ហុង​ រស្មី​ នាយកប្រចាំ​ប្រទេស​នៃ​អង្គការ ​ActionAid​ កម្ពុជា ប្រាប់​វីអូអេ​ថា​ ការបន្ត​ឲ្យ​មាន​ការ​អប់រំ​តាម​តែ​អាច​ធ្វើ​បាន​ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​ពី​ជំងឺ​រាត​ត្បាត​នេះ ​អាច​ជួយ​កាត់​បន្ថយ​ទំនោរ​នៃ​ការ​បោះ​បង់​ការ​សិក្សា​របស់​កុមារ។

លោក​បន្ត​ថា៖ «​នៅតាម​ជនបទ​វា​ស៊ី​សង​លើ​ថា​សាលាមួយ​ណា គ្រូ​មួយ​ណា​ ហើយ​អត់​បាន​ទាំង​អស់​ទេ​ព្រោះ​គ្រូ​ខ្លះ​ គាត់​ស្វះ​ស្វែង​អញ្ចឹង​ទៅ​ គាត់​អាច​ទៅ​ជួប​សិស្ស​ញឹក ​ឬ​ទៅ​ណាត់​សិស្ស​ទៅ​សាលា​ញឹក​ញាប់​អញ្ចឹង​ទៅ ​គ្រូ​ខ្លះ​ឬ​សាលា​ខ្លះ​ គាត់​អត់​សូវ​បាន​ធ្វើទេ​ ទោះ​ជា​ក្រសួង​មាន​ការ​ណែនាំ​ឲ្យ​ចុះ​ទៅ​ដល់​តាម​ផ្ទះ​ ចែក​ឯក​សារ​បង្រៀន​ខ្លះ​មួយ​អាទិត្យ​ម្តង​អញ្ចឹង ​ក៏​អត់​មាន​ការ​អនុវត្ត​ពេញ​លេញ​ដែរ»។​

លោក​បន្តទៀត​ថា​ ក្រៅ​ពី​ការ​ចាត់​វិធានការ​សុខភាព​អនាម័យ​តឹងរ៉ឹង​ ក្រសួងអប់រំ​គួរ​មាន​ការ​បង្កើត​កម្មវិធី​បង្រៀន​បំប៉ន​បន្ថែម​ដល់​សិស្សា​នុសិស្ស​ ដើម្បី​ឲ្យ​សិស្ស​រៀន​ទាន់​ដែល​អាច​បន្ថយ​ទំនោរ​នៃ​ការ​បោះ​បង់ចោល​ការ​សិក្សា។

លោក​និយាយ​ថា៖ «ប្រសិន​ជា​ការ​គិត​គូរ​ហ្នឹង​ត្រូវ​ប្រហែល​ជា​អត្រា​បោះ​បង់ ​[ចោល​ការសិក្សា] នឹង​តិច​តែ​ បើ​ការ​គិត​គូរ​ហ្នឹង​មិន​ត្រូវ ​មិន​តម្រូវ​តាម ​[ស្ថាន​ភាព​ជាក់​ស្តែង​របស់] ​សាលា​ការ​បោះ​បង់​ចោល​អាច​ហ្នឹង​ច្រើន»។

ថ្មីនេះ​ៗ​ រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​សាលា​រៀន​ស្តង់​ដារ​សុវត្ថិ​ភាព​ខ្ពស់​មួយ​ចំនួន​តូច ​ដំណើរ​ការ​សាក​ល្បង​ឡើង​វិញ​ នៅ​ខែ​សីហា​ខាង​មុខ។ នេះ​បើ​តាម​លោក​ រស់ សុវាចា ​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ។

ចាប់​តាំង​ពី​ការ​រាតត្បាត​ជំងឺ​កូវីដ គ្រឹះស្ថាន​អប់រំ​នៅ​កម្ពុជា​រាប់​តាំងពី​ថ្នាក់​មត្តេយ្យ​ដល់​ថ្នាក់​ឧត្តម​សិក្សា​ជាង​ ១៥.០០០ បាន​ផ្អាក​ដំណើរ​ការ​បណ្តោះ​អាសន្ន។ ការណ៍​នេះ​ធ្វើ​ឲ្យ​សិស្ស​និស្សិត​ប្រមាណ​ជា ​៣​ លាន ​៥ ​សែន ​នាក់​ផ្អាក​ការ​សិក្សា​នៅ​បន្ទប់​រៀន ដោយប្តូរ​មក​រៀន​តាម​អន​ឡាញ​ឬ​ពី​ចម្ងាយ​វិញ៕