បន្ទាប់ពីដំណើរការអស់រយៈពេល៥៥ឆ្នាំមក វិទ្យុសម្លេងសហរដ្ឋអាមេរិកផ្នែកខេមរភាសានៅតែជាប្រភពព័ត៌មាននាំមុខគេ និងគួរឲ្យទុកចិត្តបំផុតពីសំណាក់អ្នកស្តាប់កម្ពុជា ។
វីអូអេសម្លេងសហរដ្ឋអាមេរិក ផ្នែកខេមរភាសា បានចាប់ផ្តើមការផ្សាយរបស់ខ្លួននៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៥៥ ដែលរហូតមកដល់ពេលនេះ នៅតែដើរតួនាទីសំខាន់ក្នុងការផ្តល់ព័ត៌មានដល់អ្នកស្តាប់ទាំងក្នុង និងក្រៅប្រទេស។
អ្នកស្រីអាង ខេន ត្រូវបានជ្រើសឲ្យមកធ្វើការនៅវីអូអេសម្លេងសហរដ្ឋអាមេរិក នារដ្ឋធានីវ៉ាស៊ីងតោនក្នុងឆ្នាំ១៩៦២ ដោយឆ្លងកាត់ការប្រឡង ដែលត្រូវបានរៀបចំឡើងនៅស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញ។ អ្នកស្រីអាង ខេន បានក្លាយជាអ្នកផ្សាយព័ត៌មានវីអូអេសម្លេងសហរដ្ឋអាមេរិក នៅពេលលោកស្រីមានអាយុ២១ឆ្នាំ។ អ្នកស្រីអាង ខេន មានប្រសាសន៍ថា អ្នកស្រីមានមោទនភាពដែលមានឱកាសនាំយកព័ត៌មានថ្មីៗក្នុងពិភពលោក ក្នុងតំបន់ និងពីប្រទេសកម្ពុជា អស់រយៈពេល៤៥ឆ្នាំ ជូនប្រជាពលរដ្ឋកម្ពុជា។ អ្នកស្រីថ្លែងដូច្នេះថា៖
«ខ្ញុំដែលបានចូលមកធ្វើការនៅក្នុងវិទ្យុសម្លេងសហរដ្ឋអាមេរិកនេះ គឺខ្ញុំមានមោទនភាពណាស់ នៅក្នុងការនាំយកព័ត៌មានជូនប្រជាពលរដ្ឋខ្មែរឲ្យបានជ្រាប ជាពិសេសគឺនៅក្នុងពេលដែលមានសង្គ្រាមតែម្តងចា៎។ ប្រជាពលរដ្ឋខ្មែរយើងបានស្តាប់បានតាមដាន ដំណើររឿងសង្គ្រាម ហើយចង់ដឹងថា តើមានហេតុការណ៍អ្វីកើតឡើងនៅក្នុងនៅក្នុងពិភពលោកយើងនេះ។ ដូច្នេះ សូមអស់លោកជ្រាបថា ខ្ញុំមិនដែលដកចិត្តខ្ញុំពីការផ្សាយវីអូអេទេ។ ខ្ញុំចូលវិវត្តន៍សព្វថ្ងៃនេះពីព្រោះធ្វើការយូរហើយ តែចិត្តខ្ញុំនៅតែមានមោទនភាព និងនឹកគិតដល់ព័ត៌មាន ដែលខ្ញុំធ្លាប់បានផ្តល់ជូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាចា៎»។
លោក ទេស សារឿម ចាប់ផ្តើមធ្វើការនៅវិទ្យុសម្លេងសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៦៣ តាមរយៈកម្មវិធីប្តូរវប្បធម៌ ដោយមានការប្រឡងត្រូវបានរៀបចំឡើងនៅក្នុងស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញដែរ។ លោក ទេស សារឿម ដែលក្រោយមកក្លាយជាអ្នកកែសម្រួលនៃវីអូអេសម្លេងសហរដ្ឋអាមេរិកផ្នែកខេមរភាសា មុនពេលលោកចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ មានប្រសាសន៍ថា គោលបំណងធំរបស់វីអូអេគឺផ្តល់ព័ត៌មានដល់បណ្តាប្រទេសតតីយលោកអំពីគោលនយោបាយក្រៅប្រទេសសហរដ្ឋអាមេរិក សេរីភាព និងការអភិវឌ្ឍ។ លោកសារឿម មានប្រសាសន៍ថា៖
«គោលដៅនៃវិទ្យុសម្លេងសហរដ្ឋអាមេរិក គឺជាគោលដៅរបស់រដ្ឋាភិបាលនៃសហរដ្ឋអាមេរិកទាំងមូល ដើម្បីឲ្យប្រជាជនទូទៅនៅក្នុងពិភពលោកបានយល់ដឹងអំពីនយោបាយក្រៅប្រទេស និងក្នុងប្រទេសរបស់សហរដ្ឋអាមេរិក គឺថា នយោបាយសហរដ្ឋអាមេរិកគ្មានគោលបំណងចង់បានដែនដី ឬទឹកដី ឬដែនអំណាចណាមួយក្រៅពីជួយប្រទេសក្រីក្រឲ្យមានការអភិវឌ្ឍឡើងទេបាទ»។
លោក សារឿម បន្តថា រហូតមកទល់ពេលនេះ លោកសង្កេតឃើញថា វិទ្យុសម្លេងសហរដ្ឋអាមេរិកផ្សាយព័ត៌មានស្តីអំពីគោលនយោបាយរបស់សហរដ្ឋអាមេរិកដល់ប្រជាពលរដ្ឋខ្មែរឲ្យបានយល់ដឹង ថាតើសហរដ្ឋអាមេរិកមានគោលនយោបាយទាក់ទងនឹងប្រទេសកម្ពុជាយ៉ាងណា។ តាមរយៈវិទ្យុសម្លេងសហរដ្ឋអាមេរិកនេះផងដែរ ប្រជាពលរដ្ឋកម្ពុជាបានយល់ដឹងអំពីសិទ្ធិរបស់ខ្លួន អំពីរបៀបគ្រប់គ្រងនៃប្រទេសនិមួយៗ និងការអភិវឌ្ឍ។ ដូចលោកស្រី អាង ខេន ដែរ លោក ទេស សារឿម មានប្រសាសន៍ថា លោកមានមោទនភាពដែលបានបម្រើការនៅវីអូអេសម្លេងសហរដ្ឋអាមេរិក ដែលជាទីកន្លែងមួយមិនត្រឹមតែផ្តល់ឱកាសដល់លោកក្នុងការនាំអ្វីដែលបានកើតឡើងក្នុងពិភពខាងក្រៅ និងព័ត៌មានក្នុងប្រទេសដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមិនអាចផ្សាយបាន ដល់ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ តែថែមទាំងជាកន្លែងដែលផ្តល់ឱកាសដល់លោកបានសិក្សាបន្ថែម ដើម្បីអភិវឌ្ឍខ្លួនឯង និងជួយជាហិរញ្ញវត្ថុដល់គ្រួសាររបស់លោកទៀតផង។ លោក សារឿម ថ្លែងដូច្នេះថា៖
«ការដែលបានទទួលឱកាសមកធ្វើការនៅក្នុងវិទ្យុសម្លេងសហរដ្ឋអាមេរិកនេះ គឺជាឱកាសមួយដ៏ប្រសើរ ព្រោះថាអ្នកដែលបានមកធ្វើការនៅក្នុងទីនេះ គឺថាមិនមែនគ្រាន់តែធ្វើការដើម្បីជាប្រយោជន៍ខាងផ្នែកហិរញ្ញវត្ថុដើម្បីចិញ្ចឹមជីវិតប៉ុណ្ណោះទេ តែអាចទទួលបានការយល់ដឹងព្រោះមានកន្លែងដែលយើងត្រូវធ្វើការស្រាវជ្រាវជាច្រើនដូចជាក្នុងវិស័យសេដ្ឋកិច្ច នយោបាយ វិទ្យាសាស្ត្រ ឬអវកាសជាដើម។ល។ ដូច្នេះយើងមានឱកាសល្អណាស់បើយើងខំសង្វាតសំភី ដើម្បីចំណេះដឹង យើងអាចធ្វើការស្រាវជ្រាវតទៅទៀត និងរៀនបន្តទៅមុខទៀតឲ្យបានជ្រៅជ្រះ»។
វីអូអេសម្លេងសហរដ្ឋអាមេរិកផ្នែកខេមរភាសា ដែលបានបម្រើប្រជាពលរដ្ឋអស់រយៈពេល៥៥ឆ្នាំមកហើយនោះ ត្រូវបានប្រជាពលរដ្ឋកម្ពុជាភាគច្រើនចាត់ទុកថា ជាប្រភពព័ត៌មានដ៏សុក្រឹត្យ និងគួរឲ្យទុកចិត្តបំផុត។ ជាអាទិ៍ លោក អ៊ុន ប៊ុនហ៊ាង ដែលត្រូវបានស្គាល់ថាជាវិចិត្រករគំនូត្លុកឈ្មោះថាសកវាទិ៍ ដ៏ល្បី ដែលកំពុងរស់នៅក្នុងប្រទេសអូស្រ្តាលីមានប្រសាសន៍ថា លោកតាមដានស្តាប់វីអូអេ តាំងពីឆ្នាំ១៩៦៨មកម្លេះ ហើយនៅតែទទួលស្គាល់ថា វីអូអេ មានតួនាទីនាំមុខក្នុងការនាំព័ត៌មានដ៏សុក្រិត្យដល់ប្រជាពលរដ្ឋកម្ពុជា និងរូបលោក។ លោកប៊ុនហ៊ាងមានប្រសាសន៍ថា៖
«មកដល់ឥឡូវហ្នឹង ខ្ញុំនៅតែស្តាប់វិទ្យុសម្លេងសហរដ្ឋអាមេរិក ដោយខ្ញុំយល់ថា សម្លេងនេះនៅតែជាសម្លេងវិទ្យុមួយ ដែលសុក្រិត្យបំផុតហើយ និយាយមែនទែនទៅ គឺមិនលំអៀង ហើយព័ត៌មានល្អ ជាពិសេសពត៌មានអន្តរជាតិ ហើយពត៌មានស្រុកខ្មែរ ដែលមានអ្នកយកពត៌មានយើង ដែលខ្ញុំស្តាប់ទៅគឺធ្វើឲ្យខ្ញុំស្រឡាញ់ និងកោតសរសើរ គឺក្រុមអ្នកទាំងអស់ហ្នឹងបានផ្តល់ព័ត៌មានដ៏សុក្រិត្យបំផុតហើយបាទ។ វីអូអេ ធ្វើឲ្យខ្ញុំចាប់ចិត្តតាំងពីឆ្នាំ ១៩៦៨មក»។
លោក អ៊ុន ប៊ុនហ៊ាង បានរំលឹកថា សំខាន់បំផុតគឺកាលពីជំនាន់ខ្មែរក្រហម នៅពេលនោះលោកនៅស្រុកពារាំង ខេត្តព្រៃវែង ។ លោកមានប្រសាសន៍ថា ពេលនោះ លោកមានសង្ឃឹមក្នុងជីវិតដោយបានស្តាប់ព័ត៌មានដែលផ្សាយដោយវីអូអេសម្លេងសហរដ្ឋអាមេរិក។ លោកបន្តថា៖
«ខ្ញុំសប្បាយចិត្តណាស់រាល់យប់ ខ្ញុំស្តាប់វិទ្យុហ្នឹង ដោយគ្របភួយពីលើដើម្បីស្តាប់វិទ្យុហ្នឹងបាទ។ ពេលខ្ញុំស្តាប់វិទ្យុសម្លេងសហរដ្ឋអាមេរិក ខ្ញុំដូចជាមានសេចក្តីសង្ឃឹម ដក់ក្នុងទឹកចិត្តរបស់ខ្ញុំ គឺធ្វើឲ្យខ្ញុំមានការតស៊ូក្នុងឆាកជីវិត ។ ពេលនោះយើងពិបាកណាស់ ប៉ុន្តែដំណឹងដែលយើងដឹងពីខាងក្រៅមក គឺធ្វើឲ្យខ្ញុំមានការសប្បាយចិត្តច្រើន។ ដំណឹងហ្នឹងដូចជាកាលពីខ្មែរក្រហមចាប់ កប៉ាល់ធំអាមេរិកាំង ឈ្មោះនាវា ម៉ាយ៉ាហ្គេហ្ស (Mayaquez) និងដំណឹងដូចជាមានយន្តហោះអាថ៌កំបាំងមួយទម្លាក់គ្រាប់បែកនៅសៀមរាប ពេលដែលខ្មែរក្រហមទើបតែឈ្នះថ្មីៗ។ ពេលមួយទៀតដែលធ្វើឲ្យខ្ញុំសប្បាយចិត្តគឺពេលយើងត្រឡប់មកពីធ្វើកិច្ចការដែលលំបាកក្នុងរបបខ្មែរក្រហម គឺពេលយប់នោះ ខ្ញុំស្តាប់វិទ្យុ គឺគេនិយាយអំពីកីឡាអូឡាំពិកនៅម៉ុងត្រេអាល់ នៅប្រទេសកាណាដា ឆ្នាំ ១៩៧៦។ ពេលឮខ្ញុំសប្បាយណាស់យប់នោះ គេងរហូតដល់យល់សប្តិ។ ស្តាប់ទៅដូចសប្បាយណាស់នូវការជូបជុំរបស់កីឡាករទាំងអស់ពីជុំវិញពិភពលោក។ តែអកុសលរាស្រ្តខ្មែរពេលនោះធ្លាក់ក្នុងរណ្តៅនរក ប៉ុន្តែពេលដែលបានស្តាប់វិទ្យុសម្លេងសហរដ្ឋអាមេរិក ធ្វើឲ្យទឹកចិត្តខ្ញុំសប្បាយណាស់ រហូតដល់យល់សប្តិ តែពេលភ្ញាក់ឡើងទើបដឹងថា យើងមិនមែនស្ថិតនៅក្នុងស្រុកសេរីទេ គឺស្ថិតក្នុងស្រុកកុម្មុយនីស្ត»។
ដូចគ្នានេះដែរ អ្នកស្រី សង បុប្ផា ប្រជាពលរដ្ឋនៅខេត្តបាត់ដំបង មានប្រសាសន៍ថា អ្នកស្រីស្តាប់វីអូអេសម្លេងសហរដ្ឋអាមេរិកតាំងពីអ្នកស្រីនៅតូច ដោយសារតែវិទ្យុនេះជាប្រភពព័ត៌មានពិត។ អ្នកស្រីមានប្រសាសន៍ថា៖
«ឥឡូវនេះគេហៅភាសាវីអូអេ តែពីមុនគេហៅប៉ុស្តិ៍អាមេរិកាំង។ ខ្ញុំចូលចិត្តស្តាប់តាំងពីដើម ដោយសារវីអូអេសំខាន់ណាស់នៅក្នុងសង្គម។ ខ្ញុំស្តាប់ជាមួយលោកប៉ាខ្ញុំដែលជាទាហាន ហើយខ្ញុំដឹងថា វាផ្តល់ការពិតសម្រាប់គាត់។ ហើយវីអូអេផ្សាយទាំងពីក្នុងសង្គម និងពិភពលោកដល់អ្នកស្តាប់ដូចជារូបខ្ញុំនេះដែរ»។
លោក ឆិត សារុំ អាយុ ៥០ឆ្នាំ ប្រជាពលរដ្ឋខេត្តស្វាយរៀង គឺជាអ្នកតាមដានស្តាប់វីអូអេសម្លេងសហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩៧០ មានប្រសាសន៍ថា លោកទទួលបានព័ត៌មានភាគច្រើនពីវីអូអេសម្លេងសហរដ្ឋអាមេរិក ពីព្រោះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមិនមានសេរីភាពគ្រប់គ្រាន់ក្នុងការផ្សាយព័ត៌មានរសើប និងព័ត៌មានដែលមានលក្ខណៈរិះគន់ស្ថាបនាបានទេ ។ លោក សារំ មានប្រសាសន៍ថា៖
«ខ្ញុំស្តាប់តាំងពីឆ្នាំ ១៩៧០ តាំងពីរដ្ឋប្រហារសម្តេចសីហនុ តាំងពីខ្ញុំនៅតូចៗ អាយុ៧-៨ឆ្នាំម្ល៉េះ ហើយរហូតដល់ឥឡូវនេះនៅតែមានចំណូលចិត្តស្តាប់ដោយសារ វិទ្យុហ្នឹងនិយាយការពិត មិននិយាយលំអៀងទៅខាងនេះ ទៅខាងនោះ។ ខ្ញុំមិនអាចដឹងពីម្ខាងទៀតបានទេ ពីព្រោះគេនិយាយតែសសើរ គេមិនដែលនិយាយបង្អាប់។ អញ្ចឹងយើងមិនដឹងថាគេខុសអីទេ តែវីអូអេនិយាយទាំងអស់ គេធ្វើល្អក៏និយាយ គេធ្វើអាក្រក់ក៏និយាយ។ សម្រាប់ខ្ញុំៗមិនអាចទៅធ្វើអីបានក្នុងសង្គមទេ គ្រាន់តែជាការយល់ដឹងរបស់ខ្ញុំតាមព័ត៌មានហ្នឹង ហើយអាចថ្លឹងថ្លែងបានអ្នកនេះល្អ អ្នកនេះអាក្រក់តាមហ្នឹង»។
លោកបន្តថា លើសនេះ វីអូអេគឺជាប្រភពនៃអប់រំក្រៅប្រព័ន្ធមួយដល់អ្នកស្តាប់ ដែលចំណេះដឹងរបស់គាត់នៅមានកំណត់។ លោក សារុំ ថ្លែងដូច្នេះថា៖
«វាជាការល្អដែលវីអូអេបានព័ត៌មានផ្តល់ឲ្យ ដូចជាព័ត៌មានជាតិ និងអន្តរជាតិដែលទាក់ទងគ្នាក៏ជារឿងមួយ ហើយកម្មវិធីអប់រំសុខភាពក៏ជារឿងមួយល្អ សម្រាប់ប្រជាជនកម្ពុជាដែរ ដែលគ្នាមិនសូវមានការយល់ដឹងជ្រៅជ្រះ ដោយសារតែមានសង្គ្រាមច្រើនឆ្នាំពេកទៅ គ្នាមិនបានរៀនសូត្រ។ ដូច្នេះព័ត៌មានរបស់វីអូអេ ដូចជាជំងឺថ្លើម ជំងឺអេដស៍ ឆ្លងតាមរបៀបណានៅក្នុងនាទីសុខភាព ហើយនាទីយល់ដឹងអំពីច្បាប់ អាចជ្រាបចូលបន្តិចម្តងៗក្នុងខួរក្បាល ប្រជាជនកម្ពុជាដែលចូលចិត្តស្តាប់វីអូអេ។
ឆ្លើយតបទៅនឹងការថ្លែងខាងលើ លោក ជាម យាប តំណាងរាស្រ្តនៃគណបក្សប្រជាជនកម្ពុជាទទួលស្គាល់អំពីតួនាដ៏សំខាន់របស់វីអូអេសម្លេងសហរដ្ឋអាមេរិកក្នុងការជួយផ្សព្វផ្សាយច្បាប់ និងការអនុវត្តច្បាប់ដល់ប្រជាពលរដ្ឋ។ លោក ជាម យាប ថ្លែងថា៖
«ខ្ញុំបានអរគុណច្រើនលើកច្រើនសារហើយ ចំពោះវីអូអេ ដែលជាWatchdog ដ៏មានសារសំខាន់មួយ ដែលបានផ្សព្វផ្សាយ នូវនីតិវិធី ដែលរដ្ឋសភាកម្ពុជាក៏ដូចជាព្រឹទ្ធសភាដែលបានអនុម័តរាល់ច្បាប់ទាំងឡាយ ហើយច្បាប់ទាំងនោះ ជួនកាលប្រជាជនលោកអត់បានជ្រាប ប៉ុន្តែពេលដែលលោក ចូលចិត្តស្តាប់វិទ្យុវីអូអេ វីអូអេបានផ្សព្វផ្សាយ ដែលនេះគឺជា ឧបករណ៍មួយយ៉ាងសំខាន់ផងដែរ ហើយខ្ញុំមានសង្ឃឹមយ៉ាងខ្លាំងថា វីអូអេនឹងបន្តផ្សព្វផ្សាយ សភាពការណ៍ទូទៅរបស់កម្ពុជា ដើម្បីជាជំនួយមួយយ៉ាងសំខាន់ ដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគោរពអនុវត្តច្បាប់ក៏ដូចជាផែនការ និងកម្មវិធីនយោបាយរបស់ខ្លួនបា៎»។
លោក ជាម យាប បន្តទៀតថា ទោះបីគណបក្សប្រឆាំងហាក់មានឱកាសច្រើនជាងគណបក្សប្រជាជនកម្ពុជាក្នុងការបញ្ចេញទស្សនៈតាមរយៈវីអូអេ ដែលលោកយល់ថា មានការថ្នាំងថ្នាក់ខ្លះពីសំណាក់អ្នកស្តាប់ខ្លះក៏ដោយ ក៏លោកយល់ថា វីអូអេដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានសម្រាប់ជាទុនដល់ប្រជាពលរដ្ឋ អ្នកតាក់តែងច្បាប់ មន្ត្រីរដ្ឋាភិបាល និងសង្គមស៊ីវិលយកមកត្រិះរិះពិចារណា។ លោកបន្តទៀតថា៖
«ក្នុងនាមខ្ញុំជាតំណាងរាស្រ្តមួយរូប ខ្ញុំសូមអរគុណ និងកោតសរសើរ ចំពោះលោកប្រធាន វិទ្យុវីអូអេ ក៏ដូចជាសហការីទាំងអស់ ដែលបានខិតខំបម្រើការងារ ផ្សព្វផ្សាយនូវព័ត៌មានផ្សេងៗ ជូនដល់ប្រជាជនលើសកលលោក ក៏ដូចជាប្រជាជនកម្ពុជា នៅក្នុង និងក្រៅប្រទេស ជាពិសេសលើកយកសភាពការណ៍របស់កម្ពុជាគ្រប់ពេលវេលាទាំងអស់ដើម្បីផ្សាយជាទូទៅជូនដល់សាធារណជនឲ្យបានជ្រាប»។
វីអូអេជូនកាលមានការពិបាកក្នុងការទាក់ទងសាកសួរពីសំណាក់មន្ត្រីរដ្ឋាភិបាលដែលគ្រប់គ្រងដោយគណបក្សប្រជាជនដោយមូលហេតុខ្លាចមានបញ្ហា និងធ្លាក់ពីដំណែង។ ប៉ុន្តែលោក ជាម យាម មានប្រសាសន៍ថា ការឆ្លើយសំណួររបស់អ្នកយកព័ត៌មានគឺជាឱកាសដ៏ប្រសើរមួយសម្រាប់បញ្ចេញទស្សនៈរបស់ខ្លួន និងបំភ្លឺការពិត។ លោកបានបញ្ជាក់ថា៖
«អញ្ចឹងខ្ញុំសូមអំពាវនាវ ដល់សមាជិករដ្ឋសភា ព្រឹទ្ធសភា ក៏ដូចជាមន្ត្រីរាជការទាំងអស់ ការសាកសួររបស់អ្នកព័ត៌មាន ឬវិទ្យុទូរទស្សន៍គឺមានសារសំខាន់ណាស់»។
ចំណែកលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានមានប្រសាសន៍ថា វីអូអេសម្លេងសហរដ្ឋអាមេរិកបានផ្តល់តុល្យភាពនៃព័ត៌មាន សម្រាប់ប្រជាពលរដ្ឋខ្មែរ ពីព្រោះប្រព័ន្ធព័ត៌មាននៅស្រុកខ្មែរភាគច្រើន ជាពិសេសវិទ្យុ និងទូរទស្សន៍ លំអៀងទៅខាងរដ្ឋាភិបាល។ លោក សុខា មានប្រសាសន៍ថា៖
«ខាងសម្លេងសហរដ្ឋអាមេរិក គឺទី១ អាចផ្តល់ឱកាសដល់ខាងលទ្ធិប្រជាធិបតេយ្យបានបញ្ចេញព័ត៌មានខ្លួនខ្លះ ទី២ ប្រជាពលរដ្ឋអាចទទួលព័ត៌មានពិភពលោក អំពីស្ថានភាពនយោបាយក្នុងពិភពលោក ដើម្បីឲ្យយើងដឹងការពិតនៅក្នុងពិភពលោកផង និងទី៣ ផ្តល់ឱកាសឲ្យប្រជាពលរដ្ឋខ្មែរយើងនេះ បានជួប ដូចជាកម្មវិធីហេឡូវីអូអេ ជួបផ្ទាល់ជាមួយនឹងអ្នកនយោបាយ និងអង្គការសង្គមស៊ីវិលផ្ទាល់ ដែលនេះជាចំណុចសំខាន់ដែលយើងឃើញបីហ្នឹង»។
លោក ម៉ម សម្បតិ្ត ដែលប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធភាពកម្ពុជាដើម្បីតម្លាភាពចំណូលធនធាន ដែលហៅកាត់ថា (CRRT) មានប្រសាសន៍ថា វីអូអេសម្លេងសហរដ្ឋអាមេរិកឆ្លុះបញ្ចាំងតថភាពជាក់ស្តែង នូវអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជា ដែលជាប្រយោជន៍ដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងត្រូវការព័ត៌មានទាំងនេះ។ លោក សម្បតិ្ត បន្តថា៖
«សម្លេងសហរដ្ឋអាមេរិកបានឆ្លុះបញ្ចាំងគ្រប់ប្រធានបទទាំងអស់ គឺមិនមែនសម្រាប់តែរឿងអវិជ្ជមានទេ តែមានការរីកចម្រើនរបស់ប្រទេសកម្ពុជារួមទាំងកង្វល់នានាដែលសហគមន៍កំពុងជួបប្រទះផងដែរ ហើយអ្វីដែលសំខាន់នោះគឺ វីអូអេបានឆ្លុះបញ្ចាំង អំពីកង្វល់ទាក់ទងទៅនឹងប្រធានបទសំខាន់ៗ ឧទាហរណ៍ដូចជាធនធានធម្មជាតិ អំពីអភិបាលកិច្ចល្អ អំពីការវិវត្តនយោបាយទាក់ទិនទៅនឹងប្រទេសកម្ពុជាផងដែរ ដែលអាចឲ្យប្រជាជនខ្មែររៀនសូត្រ ហើយស្តាប់ធ្វើជាពុទ្ធិ សម្រាប់កែលំអរសុខភាពផង ជីវភាពរស់នៅផង ហើយសំខាន់បំផុត ធ្វើឲ្យសិទ្ធិ សេរីភាពដែលយើងកំពុងត្រូវការនេះ អាចមានការរីកចម្រើននៅក្នុងប្រទេសជាតិយើងផងដែរប៎ា»។
វីអូអេសម្លេងផ្នែកខេមរភាសា គឺជាសេវាផ្សាយមួយក្នុងចំណោមសេវាផ្សាយរបស់វីអូអេចំនួន៤៥ភាសា ដែលត្រូវបានចាប់ផ្តើមផ្សាយតាំងពីឆ្នាំ ១៩៤២ ហើយមានអ្នកស្តាប់ប្រហែល១២៥លាននាក់នៅក្នុងពិភពលោក។ យោងតាមលទ្ធផលនៃការស្រាវជ្រាវរបស់ InterMedia នៃសហរដ្ឋអាមេរិកចេញផ្សាយខែមករា ឆ្នាំ២០១០ វីអូអេផ្នែកខេមរភាសា មានអ្នកស្តាប់ក្នុងមួយឆ្នាំចំនួន៣៦ភាគរយនៃប្រជាពលរដ្ឋកម្ពុជាសរុប។ វីអូអេផ្នែកខេមរភាសាមានកម្មវិធីផ្សាយចំនួន៩០នាទីក្នុងមួយថ្ងៃ ដោយចែកជាពីពេល ពេលព្រឹកម៉ោងពី៥ដល់៥កន្លះ និងពេលយប់ពីម៉ោង៨កន្លះដល់ម៉ោង៩កន្លះ ហើយកម្មវិធីនេះក៏ត្រូវបានផ្សាយតាមវិទ្យុជាដៃគូដែលក្នុងនោះរួមមាន វិទ្យុសំបុកឃ្មុំ FM105 វិទ្យុព័ត៌មានស្រ្តីកម្ពុជា FM102 និងវិទ្យុអង្គររដ្ឋាសៀមរាប FM 95.5។ វីអូអេផ្នែកខេមរភាសាក៏មានកម្មវិធីទូរទស្សន៍ដែលត្រូវបានផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា និងស៊ីធីអិនផងដែរ។ វីអូអេព្យាយាមផ្តល់ពត៌មានដល់អ្នកស្តាប់តាមគ្រប់មធ្យោបាយ ដូចជាតាមរយៈគេហទំព័រ voacambodia.com តាមរយៈYoutube VOA Khmer Service, Facebook VOA Khmer, Twitter VOAKhmerEn និងបណ្តាញសង្គមខ្មែរ Angkorone ៕