អាជ្ញាធរ​វៀតណាម​ដក​លិខិត​ឆ្លង​ដែន​និង​សួរ​ចម្លើយ​ព្រះសង្ឃ​ខ្មែរ​រឿង​បទ​ល្មើស​លើ​អ៊ីនធឺណិត

ព្រះសង្ឃ សឺន ទី ត្រូវបានអាជ្ញាធរវៀតណាមសួរនាំ ហើយបានចោទព្រះអង្គថា បានរំលោភច្បាប់ប្រព័ន្ធអ៊ីនធឺណិតរបស់វៀតណាម។

វ៉ាស៊ីនតោន — ព្រះសង្ឃ​ខ្មែរ​មួយ​អង្គ​ព្រះនាម​ សឺន ទី ​ព្រះជន្ម ​៣៦ ​ព្រះវស្សា​ត្រូវ​អាជ្ញាធរ​វៀតណាម នៅ​ក្នុង​ខេត្ត ​សុក ត្រាង ​(Sóc Trăng) ​សួរ​ចម្លើយ​និង​ដកហូត​លិខិត​ឆ្លង​ដែន (Passport) ​ទុក​អស់​១២​ថ្ងៃ​ មុន​ពេល​ប្រគល់​ប្រគេន​ជូន​វិញ។​ រឿងនេះ​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ ​បន្ទាប់​ពីព្រះសង្ឃ​ខ្មែរ​និមន្ត​ទៅដល់​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​ដែល​ជា​តំបន់​មាន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​រស់​នៅ​ជា​ជនជាតិ​ដើម​ភាគ​តិច​នៅ​ទីនោះ​ តាំង​ពី​ដើម​កំណើត។​ ការសួរ​ចម្លើយ​និង​ដកហូត​លិខិត​ឆ្លងដែន​នេះ​ បណ្តាល​មក​ពី​ការ​មើល​និង​ការ​បង្ហោះ​ឬ ​ចែក​ចាយ​ព័ត៌មាន​តាម​ហ្វេសប៊ុក ​ដែល​វៀតណាម​ចាត់ទុក​ថា​ជា​ការ​រំលោភ​ច្បាប់​សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ហៅថា​ The Law​ on ​Cybersecurity និង​ការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​វៀតណាម។

ព្រះ​តេជគុណ ​សឺន​ ទី ​ដែល​គង់​នៅក្នុង​វត្តអង្គតាមិញ​ (គោកចំបក់)​ រាជធានី​ភ្នំពេញ បាន​និមន្ត​ទៅ​ដល់​ដែនដី​កម្ពុជា​ក្រោម​ ដើម្បី​ទៅលេង​ស្រុក​កំណើត ​សាច់ញាតិ​ និង​ចូលរួម​មង្គលការ​ប្អូនស្រី ​នៅក្នុង​ឃុំ ​សាឡុងភូ​ ( Sa Long Phu)​ ស្រុកឡុងភូ​ (Long Phu) ​កាលពី​ថ្ងៃទី​២៤​ ខែមករា​កន្លង​ទៅ។​ ហើយ​ដល់​ថ្ងៃ​ទី២ ​ខែកុម្ភៈ ​អាជ្ញាធរ​វៀតណាម​បាន​កោះ​ហៅ​ទៅ​សាក​សួរ ​មិនដូច​ក្នុង​លិខិត​កោះហៅ​ដែល​មិន​បាន​ដាក់​ថា​មានការ​រំលោភ​ច្បាប់​នោះ​ឡើយ។​ ព្រះតេជគុណ​ សឺន ទី ​មាន​សង្ឃដីកា​បញ្ជាក់​ប្រាប់ ​VOA យ៉ាង​ដូច្នេះ​តាម​ទូរសព្ទ​ពី​ប្រទេស​វៀតណាម។

«កាលពី​ថ្ងៃទី២​ ខែ​ ២ (កុម្ភៈ)​ ២០២០​ ហ្នឹង​ អាជ្ញាធរ​ក៏ហៅ​អាត្មា​ទៅហ្នឹង​ ដើម្បី​និយាយ​ពិភាក្សា​រឿង​មួយ​ចំនួន​ទេ​ ក៏​ប៉ុន្តែ​អាជ្ញាធរ​វៀតណាម​ហ្នឹង​បាន​សួរចម្លើយ​អាត្មា​វិញ ហើយ​នៅក្នុង​ហ្នឹង​គេ​ចោទ​ប្រកាន់​អាត្មា​ ថា​បាន​ធ្វើខុស​ច្បាប់​ប្រទេស​វៀតណាម ​ដូចជា​ច្បាប់​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ហ្នឹង‍»។

លិខិតកោះហៅព្រះសង្ឃ សឺន ទី ដើម្បីសួរនាំដោយអាជ្ញាធរវៀតណាម​ ពីបទរំលោភច្បាប់ប្រព័ន្ធអ៊ីនធឺណិតរបស់វៀតណាម។

ព្រះ​តេជគុណ​ថា​ នេះ​ជាលើក​ទីពីរ​ហើយ​ដែល​វៀតណាម​ដក​លិខិត​ឆ្លងដែន​របស់​ព្រះអង្គ។ ​លើកទី១ បានធ្វើ​ឡើង​កាល​ពីឆ្នាំ​២០០៩។​ ព្រះ​តេជគុណ​បាន​បន្ថែម​ថា​អាជ្ញាធរ​វៀតណាម​បង្ខំ​ឲ្យ​ព្រះតេជ​គុណ​និយាយ​ភាសា​វៀតណាម ​នៅពេល​សួរ​ចម្លើយ​ដើម្បី​រៀបរាប់​អំពី​ការ​ចែក​រំលែក​ព័ត៌មាន​ ការ​ស្តាប់​និង​អាន​ព័ត៌មាន​លើ​គេហទំព័រ​ហ្វេសប៊ុក​នោះ។ បន្ថែម​លើ​នេះ អាជ្ញាធរ​វៀតណាម​ក៏​បាន​បង្ខំ​ឲ្យ​ព្រះ​តេជគុណ​ចុះ​ហត្ថលេខា​លើ​ឯកសារ​ តែ​ព្រះ​តេជគុណ​បាន​បដិសេធ ​ដោយ​សារ​តែ​ព្រះតេជ​គុណ​ជាអ្នក​ទេសចរ ​ដែល​ច្បាប់​មិន​តម្រូវ​ឲ្យធ្វើ​ដូច្នោះ។

«ហើយ​លើកនេះ ​គេយក​ច្បាប់​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ហ្នឹង​ គេយក​មក​ហើយ​ឲ្យ​អាត្មា​ចុះ​ហត្ថលេខា​ដើម្បី​ឲ្យ​យើង​បាន​ទទួល​ស្គាល់​ថា ​យើង​បាន​ចែក​រំលែក​ព័ត៌មាន share ​បាន​នេះហ្នឹង​ គេសួរ​ចម្លើយ​អាត្មា​នៅក្នុង​ហ្នឹង​ អីចឹង​អាត្មា​មិនចុះ ​គេ​ដក​ម្តង​ហ្នឹង​ទៀត‍»។

ព្រះ​តេជគុណ​និង​ក្រុម​អ្នក​តស៊ូ​មតិ ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ​អ្វី​ដែល​អាជ្ញាធរ​វៀតណាម​មិន​សប្បាយ​ចិត្ត ​ទំនង​ជា​ការ​បង្ហោះ​លិខិត​កោះ​ហៅ​ទៅ​សាក​សួរ ​ការ​ផ្សព្វផ្សាយ​លើ​ហ្វេសប៊ុក​ព្រះអង្គ ​ហើយ​និង​ការ​អាន ​ស្តាប់​នូវ​ព័ត៌មាន​របស់​បណ្តាញ​ព័ត៌មាន​សេរី​មួយ ចំនួន​ រួមទាំង​សម្លេង​សហរដ្ឋ​អាមេរិក​ (VOA) ​វិទ្យុ​អាស៊ីសេរី ​ដែល​និយាយ​ទាក់ទង​នឹង បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​ នៅលើ​ទឹកដី​កំណើត​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​វៀតណាម​ជាប់​នឹង​ព្រំដែន​នៃ​ខេត្ត​ស្វាយរៀង ​ភាគ​អាគ្នេយ៍​របស់​កម្ពុជា។ ដែនដី​កម្ពុជា​ក្រោម​នេះ​ត្រូវ​បារាំង​កាត់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម​ ចាប់​តាំង​ពីឆ្នាំ​១៩៤៩​ មក។

មាន​ប្រតិកម្ម​ជាច្រើន​បាន​កើត​ឡើង​ ក្រោយ​ពេល​មានការ​ដកហូត​លិខិត​ឆ្លងដែន​និង​ការ​សួរ​ដេញ​ដោល​រាប់​ចាប់​តាំងពី​ការ​មក​ដល់​ពេល​ណា ​ស្នាក់​នៅ​ទីណា​ ជួប​អ្នកណា ឆ័ន​ទីណា​ អ្នក​នោះ​ធ្វើអ្វី ​មាន​ចេតនា​យ៉ាងណា​ដែល​បាន​បង្ហោះសារ​និង​ព័ត៌មាន​លើ​ហ្វេសប៊ុក​ជាដើម​នោះ។

លោក​ ប្រាក់ សេរីវុធ ​ប្រធាន​សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ​បាន​បញ្ជាក់​ថា​ លោក​បាន​ជម្រាប​ខាង​ក្រសួង​ការ​បរទេស​ អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​នានា​ និង​អង្គការ​សហ​ប្រជាជាតិ​ដើម្បី​ជួយ​អន្តរាគមន៍​អំពី​បញ្ហា​ខ្មែរ​ក្រោម​នេះ។

«បើ​យើង​មិន​ធ្វើការ​តវ៉ា​អីទេ ​រឿង​អស់​ហ្នឹង​មាន​បញ្ហា​រហូត​ ចេះ​តែ​យក​លេស​ចាប់ ហើយ​ការ​មើល​ហ្នឹង​វាគ្មាន​ប៉ះពាល់​អីទេ​ ការ​ផ្សាយវិទ្យុ​ អាស៊ីសេរី ​វិទ្យុផ្សាយ​សំឡេង​សហរដ្ឋ​អាមេរិក​ VOA​ ឬមួយ​វិទ្យុខ្មែរ​កម្ពុជា​ក្រោម​ ផ្សាយ​តែ​ពី​រឿង​ត្រឹមត្រូវ ​ច្បាប់​ទម្លាប់​អន្តរជាតិ​ដែល​គេផ្តល់​សិទ្ធិ​ឲ្យ​ខ្មែរក្រោម​យើង​ ជនជាតិ​ទូទៅ​ យើង​មើល។​ តែ​អស់​ហ្នឹង​តើ​ មាន​ទៅ​ធ្វើស្អី​ជា​រឿង​ភេរវកម្ម ​តែ​វៀតណាម​យក​មធ្យោបាយ​ហ្នឹង​ទៅ​ធ្វើ​អីចឹង‍»។

លោក​ សេរីវុធ​ បាន​អះអាង​បន្ថែម​ថា​ ការ​ប្រើ​ច្បាប់​សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ដើម្បី​បិទ​សិទ្ធិ​សេរីភាព​នេះ ​មិនមែន​ជារឿង​ត្រឹមត្រូវ​ទេ ​ហើយ​ថា ​នៅ​ប្រទេស​ជាច្រើន​គេ​ប្រើ​ច្បាប់​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីធឺណិត​នេះ​ ​ដើម្បី​តាម​ដាន​ក្រុម​ភេរវជន​តែ​ប៉ុណ្ណោះ​ តែ​លោក​ថា ការ​បង្ហោះសារ​ឬ​ព័ត៌មាន​នេះ​មិនមែន​ជា​អំពើ​ភេរវកម្ម​ដែល​វៀតណាម​ត្រូវ​បារម្ភ​ឬ​តាមដាន​នោះ​ទេ។

ច្បាប់​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីធឺណិត​របស់​វៀតណាម​ ដែល​សភា​បាន​អនុម័ត​កាលពី​ថ្ងៃទី​១២ ​ខែមិថុនា ​ឆ្នាំ ​២០១៨ ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ ដូចជា​ Google និង​ Facebook ​លុប​ចោល​ខ្លឹមសារ​ណា​ដែល​អាជ្ញាធរ​វៀតណាម​ចាត់ទុក​ថា​ជា​ការ​វាយ​ប្រហារ​វៀតណាម​ក្នុងរយៈ​ពេល​២៤ម៉ោង ​ហើយ​រក្សា​ទុក​ទិន្នន័យ​របស់​អតិថិជន​ខ្លួន​ក្នុង​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​ក្នុង​ប្រទេស​វៀតណាម​ ហើយនិង​រក្សា​ទុក​នៅ​កន្លែង​តែ​មួយ ក្រៅពី​ការ​រឹតត្បិត​ដល់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ដែល​ចែក​រំលែក​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

មាត្រា​មួយ​នៃ​ច្បាប់នេះ​បាន​បញ្ជាក់​ថា៖ «ច្បាប់​នេះ​មាន​គោល​បំណង​ ធ្វើ​ឲ្យ​ត្រឹមត្រូវ​រាល់​សកម្មភាព​ទាំងឡាយ​ទាក់​ទង​នឹង​កិច្ច​ការពារ​សន្តិសុខ​ជាតិ​ ធានា​សណ្តាប់​ធ្នាប់​សង្គម​ សុវត្ថិភាព​នៃ​ប្រព័ន្ធ​អ៊ីនធឺណិត ការ​ទទួល​ខុស​ត្រូវ​របស់​ក្រសួង​នានា​ អង្គការ​នានា​ និង​រូប​វន្តបុគ្គល​ទាំងឡាយ​ដែល​ពាក់​ព័ន្ធ‍»។

លោក ​ហ្វ៊ីល រ៉បប៊ឺសុន ​(Phil Robertson) ​នាយក​រង​នៃ​អង្គការ​សិទ្ធិមនុស្ស Human Rights Watch ​ប្រចាំ​តំបន់​អាស៊ី​ បាន​ចាត់ទុក​ថា​ ការ​ដក​ហូត​លិខិត​ឆ្លង​ដែន​និង​ការ​សួរ​ចម្លើយ​នេះ​ជា​ការ​រំលោភ​សិទ្ធិ​សេរីភាព ​និង​សិទ្ធិមនុស្ស​របស់​អាជ្ញាធរ​វៀតណាម​ចុង​ក្រោយ​មួយ​ទៀត ​ដោយ​យោង​ថា​វៀតណាម​មិនគួរ​ដកហូត​លិខិត​ឆ្លងដែន ​និង​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ​និង​សិទ្ធិ​បញ្ចេញ​មតិ​ ដោយ​ប្រើច្បាប់​សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ ដែល​លោក​អះអាង​ថា​ ជា​ច្បាប់​ធូរ​លុង​ សម្រាប់​ប្រើ​ជា​លេស​ចោទ​ប្រកាន់​និង​ដាក់​ទោស​ទណ្ឌ​លើ​អ្នកណា​ដែល​វៀតណាម​ចាត់ទុក​ថា​ប្រឆាំង​នឹង​ខ្លួន​តែ​ប៉ុណ្ណោះ។

«រឿង​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ណាស់​ថា ​វៀតណាម​គឺជា​ប្រទេស​ដែល​មាន​កំណត់​ត្រា​អាក្រក់​បំផុត​ខាង​ការ​រំលោភ​សិទ្ធិមនុស្ស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។​ រឿង​នេះ​គ្មាន​នរណា​ម្នាក់​ត្រូវគិត​ថា ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​វៀតណាម​បាន​ល្អ​ប្រសើរ​នោះ​ទេ​ តែ​ជា​ការ​ពិត​វា​កាន់​តែ​អាក្រក់​ឡើងៗ។​ យើង​ឃើញ​ការ​បង្ក្រាប​ជាច្រើន ​យើង​ឃើញ​មនុស្ស​ជាច្រើន​ត្រូវ​កាត់​ទោស​ដាក់​គុក ​ដោយ​សារ​តែ​ការ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន និង​សិទ្ធិ​នយោបាយ។​ ហើយ​បន្ថែម​ពី​លើ​នេះ​ទៀត​ ​យើង​ឃើញ​ការ​យាយី​ដោយ​រដ្ឋាភិបាល​ទៅលើ​ក្រុម​សកម្មជន​ដែល​ទាមទារ​យុត្តិធម៌​និង​ទាមទារ​ការ​គោរព​សិទ្ធិ​មនុស្ស‍»។

លោក​ រ៉បប៊ឺសុន​ បាន​ទទូច​ដល់​សហគមន៍​អន្តរជាតិ​ថ្កោល​ទោស​វៀតណាម​ចំពោះ​ការ រំលោភ​សិទ្ធិ​មនុស្ស​តាម​ទ្រង់​ទ្រាយ​ធំ។

«ប្រទេស​វៀតណាម​បារម្ភ​អំពី​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​លើ​ឆាក​អន្តរជាតិ​ គឺ​បារម្ភ​នៅ​ពេល​មាន​ការ​លើក​ឡើង​នៅ​ឯ​អង្គការ​សហ​ប្រជាជាតិ ​ឬ ​នៅ​ឯក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស។ ដូច្នេះ​វាពិត​ជា​ច្បាស់​លាស់‍​ណាស់​ថា​ មាន​វិធី​ដែល​ដាក់​សម្ពាធ​លើ​វៀតណាម​ដើម្បី​ឲ្យ​ធ្វើឲ្យ​ប្រសើរ​ឡើង។​ តែ​រឿងនេះ​ត្រូវតែ​ជា​ការ​ដាក់​សម្ពាធ​រួមគ្នា ​ដោយ​មិន​គ្រាន់​តែ​ជា​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ទីនេះ ​ឬ ​ទីនោះ​ទេ។ ​វា​ត្រូវ​តែ​មាន​យុទ្ធនាការ​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​ខ្មែរក្រោម​ និង​ពលរដ្ឋ​ទាំងអស់​នៅ​ក្នុង​ប្រទេស​វៀតណាម»។

នៅមុន​ពេល​អាជ្ញាធរ​វៀតណាម​ប្រគល់​លិខិត​ឆ្លងដែន​ប្រគេន​ជូន​ព្រះតេជ​គុណ​ សឺន ទី ​លោក ​ហ្វ៊ីល រ៉បប៊ឺតសុន ​បាន​ជំរុញ​ដល់​វៀតណាម​ឲ្យ​ប្រគល់​ជូន​លិខិត​ឆ្លង​ដែន ប្រគេន​ដល់​ព្រះសង្ឃ​ខ្មែរ​វិញ​ ដោយ​បញ្ជាក់​ថា​ វៀតណាម​គួរត្រូវ​បញ្ជូន​ព្រះតេជ​គុណ​ចេញ​ពី​វៀតណាម​ បើរក​ឃើញ​ថា​មាន​កំហុស ​តែ​គ្មាន​សិទ្ធិ​រឹបអូស​លិខិត​ឆ្លងដែន​ដែល​ជា​កម្មសិទ្ធ​របស់​កម្ពុជា​ តាម​ដាន​ រឹតត្បិត​សេរីភាព​ពលរដ្ឋ​ទេ។

លោក​ កុយ គង់​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ថ្លែង​ប្រាប់ ​VOA ​កាល​ពីថ្ងៃ ទី១៤ ​ខែកុម្ភៈ​ ចំថ្ងៃ​វៀតណាម​ប្រគល់​លិខិត​ឆ្លងដែន​ប្រគេន​ព្រះសង្ឃ​ខ្មែរ​វិញ​នោះ​ថា​បញ្ហា​នេះ​បាន​ដោះ​ស្រាយ​ចប់​ហើយ។

«តាម​យើង​ទទួល​ព័ត៌មាន​ពី​ថ្ងៃ​ហ្នឹង​ គឺ​ស្ថានទូត​កម្ពុជា​យើង​បាន​ធ្វើការ​ជាមួយ​អាជ្ញាធរ​វៀតណាម ​ហើយ​បាន​ប្រគល់​លិខិត​ឆ្លង​ដែន​ហ្នឹង​ប្រគេន​ទៅ​ព្រះអង្គ​វិញ​ហើយ‍»។

លោក​ កុយ គង់ ​នៅ​ពេល​សួរ​ពីមូល​ហេតុ​ដែល​ព្រះសង្ឃ​ខ្មែរ​ត្រូវ​អាជ្ញាធរ​វៀតណាម​ដក​ហូត​លិខិត​ឆ្លង​ដែន ​លោក​បាន​បញ្ជាក់​ថា៖ «ទទួល​ព័ត៌មាន​កន្លង​មក​ថា​ គេ​ចោទ​ថា​ព្រះអង្គ​បាន​ធ្វើ​អំពើ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​គេ​ហ្នឹង​ ដោយ​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឆាំង​នឹង​រដ្ឋាភិបាល​គេ‍»។

ព្រះសង្ឃ សឺន ទី បង្ហាញលិខិតឆ្លងដែនរបស់ព្រះអង្គ បន្ទាប់ពីអាជ្ញាធរវៀតណាមបានប្រគល់មកឲ្យព្រះអង្គវិញ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។

ព្រះ​តេជគុណ ​សឺន ទី​ ដែល​បាន​បដិសេធ​ថា​គ្មាន​ធ្វើអ្វី​ខុស​នឹង​ច្បាប់​វៀតណាម​នោះ បាន​បញ្ជាក់​ប្រាប់​ VOA ​ផ្នែក​ខេមរភាសា​ អំពី​ការ​ប្រគេន​លិខិត​ឆ្លង​ដែន​វិញ​ដែរ ​កាល​ពី​ថ្ងៃ​ទី​១៤​ កុម្ភៈ​ ឆ្នាំ​២០២០។

«ស្ថានទូត​ខ្មែរ​នៅ​ទីក្រុង​ហាណូយ ​គេ​អន្តរាគមន៍ ​ហើយ​ទើប​តែ​បានពី​ល្ងាច​មិញ​ម៉ោង​ជាង​៤‍ ​(ថ្ងៃទី​១៤ ​ខែ​កុម្ភៈ)»។

ក្រុម​អាជ្ញាធរ​វៀតណាម​ប៉ូលិស​ ព្រះសង្ឃ​វៀតណាម​ផង​បន្ត​គំរាម​ជា​ពាក្យ​សម្តី​ និង​សកម្មភាព​នានា​ មុន​ពេល​បួន​ថ្ងៃ​នៃ​ការ​ផ្តល់​លិខិត​ឆ្លង​ដែន​ប្រគេន​ជូន​ដល់​ព្រះតេជ​គុណ​វិញ ។

«ថ្ងៃ​ទី​១០​ ខែ​កុម្ភៈ ខាង​មន្ត្រី​សង្ឃ​និង​អាជ្ញាធរ​ហ្នឹង​ គេ​បាន​មក​វត្ត ​ហើយ​គេ​យក​ឡាន​មក​ដឹក​អាត្មា​ទៅ​ តែ​ខាង​មន្ត្រី​សង្ឃ​ហ្នឹង​ គេ​បាន​គំរាម​កំហែង​ដល់​អាត្មា​ប្រាប់​ញោម​អាត្មា​ហ្នឹង​ថា​ បើ​សិន​ជា​លោក​គ្មាន​កំហុស​អីចឹង​អត់​អីទេ​ តែ​បើ​ទៅ​ជាមួយ​គេ​មាន​កំហុស​ទេ ​អីចឹង​កន្លែង​លោក​មិន​ខ្វះ​ទេ​អាវ ​ខោ ​អីចឹង​គេ​ត្រៀម​ទុក​ឲ្យ​ហើយ‍​ គេ​គំរាម​កំហែង។ ​តើ​គេ​ចង់ផ្សឹក?​ យើង​មិន​បាន​ទៅ​ថ្ងៃហ្នុង​ បើ​សិន​ជា​ទៅ ​មិន​ដឹងថា​ហេតុ​ការណ៍​ហ្នឹង​វា​ធ្លាក់​ទៅយ៉ាង​ម៉េច​ទៀត»។

ព្រះតេជ​គុណ​បាន​ពន្យល់​ថា​ ព្រះអង្គ​បដិសេធ​មិន​និមន្ត​ទៅ​ជាមួយ​ឡាន​អាជ្ញាធរ​វៀតណាម​ ដោយសារ​ថា​ព្រះតេជ​គុណ​ប្រាប់​គេ​ថា​ កំពុង​ជាប់​រវល់​ធ្វើការ​តាម​ទូរសព្ទ​ជាមួយ​មន្ត្រី​ទូត​ខ្មែរ។ ​ហើយ​ជា​ចុង​ក្រោយ​ នៅ​ថ្ងៃ​ប្រគល់​លិខិត​ឆ្លងដែន​នោះ​ទៀត​សោត ​ក៏​មាន​ការ​គំរាម​និង​ព្រមាន​មួយ​លើក​ទៀត​ដែល​ព្រះតេជ​គុណ​បញ្ជាក់​ដោយ​សង្ឃ​ដីកា​ថា​ អាជ្ញាធរ​វៀតណាម​លើក​ឡើង​ថា​ ព្រះ​តេជ​គុណ​«បាន​ធ្វើ​ហួស​ហេតុ​ចំពោះ​ការ​បង្ហោះសារ​និង​ចែក​រំលែក​ព័ត៌មាន​តាម​ប្រព័ន្ធ​ហ្វេសប៊ុក‍»។

​ក្រុម​មន្ត្រី​វៀតណាម​នៅក្នុង​ឃុំ ​សាឡុងភូ​ ស្រុកឡុងភូ​ ខេត្ត ​សុក​ត្រាង ​បដិសេធ​ធ្វើ​សេចក្តី​អាត្ថា​ធិប្បាយ​ឆ្លើយតបនឹង​សំណួរ​ VOA​ ដោយ​អះអាង​ថា ​មិន​បាន​ដឹង​អំពី​រឿង​នេះ​ទេ។

ទាំង​ព្រះតេជ​គុណ ​សឺន ទី​ និង​សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម ​សម្តែង​ចេញ​នូវភាព​រីករាយ និង​អរគុណ​ដល់​ស្ថានទូត​ខ្មែរ​នៅក្នុង​ទីក្រុង​ហាយណូយ​ ក្នុង​ប្រទេស​វៀតណាម។​ ព្រះ​តេជ​គុណ ​បាន​អះអាង​ដោយ​មាន​សង្ឃ​ដីកា​ថា ​មិនទាន់​និមន្ត​ត្រឡប់​មក​កម្ពុជា​វិញ​ទេ​ ដោយ​សារ​ញោម​ស្រី​ជាម្តាយ​ និង​សាច់​ញាតិ​នៅ​មាន​ការ​ភិតភ័យ​ ក្រោយ​ពី​កើតហេតុ​ការណ៍​នេះ​ ដោយ​សម្រេច​បន្ត​គង់​នៅ​ស្រុក​សាឡុងភូ​មួយ​រយៈពេល​សិន។

ព្រះ​តេជគុណ​បាន​អះអាង​បន្ថែម​ថា​ គម្រោង​ដំបូង​ត្រូវ​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ​ ឆ្នាំ​ ២០២០ ​ដើម្បី​បន្តការ​សិក្សា​និង​ជួយ​ដល់​កិច្ចការ​អន្តោ​ប្រវេសន៍​មួយ​ចំនួន​ដល់​ញាតិ​ញោម​នៅ​កម្ពុជា។ ​តែ​គម្រោង​នោះ​ត្រូវ​អាក់​ខាន​ដោយ​សារ​តែ​ការ​ដក​លិខិត​ឆ្លងដែន​ពី​អាជ្ញាធរ​វៀតណាម។

ព្រះសង្ឃ​ខ្មែរក្រោម​និង​ពលរដ្ឋ​នៅលើ​ទឹកដី​កម្ពុជា​ក្រោម ​រងការ​ធ្វើទុក្ខ​បុក​ម្នេញ ​ការ​គំរាម​កំហែង​ បំភិត​បំភ័យ​លើ​សេរីភាព​សាសនា ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដោយ​សារ​តែ​អ្វី​មួយ​ដែល​ក្រុម​អ្នក​តស៊ូ​មតិ​និង​ពលរដ្ឋ​អះអាង​ថា​ វៀតណាម​បារម្ភ​ជ្រុល​ពេក​ចំពោះ​ការ​ងើប​ប្រឆាំង​នឹង​រដ្ឋាភិបាល​វៀតណាម៕