កាលពីថ្ងៃទី ១៦ ខែកក្កដាកន្លងទៅនេះ ប្រធាននាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងព័ត៌មាននិងទូរគមនាគមន៍ បានបិទគេហទំព័រព័ត៌មានមួយដែលមានឈ្មោះថា Tuoi Tre សម្រាប់រយៈពេល ៣ ខែ។ គេហទំព័រព័ត៌មាននេះត្រូវបានគេស្គាល់ថាបានរាយការណ៍បញ្ហាជាច្រើនដូចជាបញ្ហាអំពើពុករលួយជាដើម។
គេហទំព័រ Tuoi Tre ក៏ជាសារព័ត៌មានមួយផងដែរ ដែលគ្រប់គ្រងដោយសហជីពយុវជនកុម្មុយនិស្តហូជីមិញ និងត្រូវបានគេចោទប្រកាន់ថាបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ គេហទំព័រនេះត្រូវបានគេស្នើឲ្យ «កែតម្រូវព័ត៌មានមិនពិត» និងផាកពិន័យជាប្រាក់ចំនួន ៩ ពាន់ ៥ រយដុល្លារអាមេរិក។នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ Viet Nam News។
ការផ្អាកគេហទំព័រនេះបានធ្វើឡើង បន្ទាប់ពីរដ្ឋសភាវៀតណាមបានអនុម័តច្បាប់សន្តិសុខតាមអ៊ីនធឺណិតដែលជាច្បាប់មួយគ្រប់គ្រងលើការប្រើប្រាស់អ៊ីនធឺណិត កាលពីខែមិថុនាកន្លងទៅនេះ និងបន្ទាប់ពីមានការចាប់ខ្លួនកាលពីពេលថ្មីៗនេះចំពោះអ្នកសរសេរប្លុកដែលសរសេរចោទសួរទៅលើរដ្ឋាភិបាលវៀតណាម។
លោក Murray Hiebert នាយករងកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្តនិងកិច្ចការអន្ដរជាតិ CSIS នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានមានប្រសាសន៍ថាប្រព័ន្ធផ្សព្វផ្សាយទាំងអស់គួរតែកត់សម្គាល់ទុកចំពោះបញ្ហានេះ។
លោក Hiebert បាននិយាយថា៖ «ខ្ញុំគិតថា ការបិទគេហទំព័រ Tuoi Tre នេះគឺជាការព្រមានមួយដែលសំដៅឆ្ពោះសារព័ត៌មាននេះ និងសារព័ត៌មានផ្សេងៗទៀតឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀត។ រដ្ឋាភិបាលវៀតណាមមានការវិលវល់ដោយសារតែប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសរសេរប្លុកនានាអស់រយៈពេលប៉ុន្មានឆ្នាំមកហើយ»។
ភាពប្រយ័ត្នប្រយែងចំពោះសេរីភាពបញ្ចេញមតិ
លោក Hiebert បាននិយាយថា ចាប់តាំងពីប្រព័ន្ធផ្សព្វផ្សាយវៀតណាម និងបណ្ដាញសង្គមបានរាយការណ៍អំពីការងាប់របស់ត្រីសមុទ្រជាច្រើនដែលដែលបណ្ដាលមកពីការបំពុលដែលមានទំនាក់ទំនងទៅនឹងរោងចក្រដែកថែបមួយដែលគ្រប់គ្រងដោយជនជាតិតៃវ៉ាន់កាលពី ២ ឆ្នាំមុនមក រដ្ឋាភិបាលវៀតណាមបានបង្កើនការគ្រប់គ្រងលើអត្ថបទព័ត៌មាននានា។
លោក Hiebert បានបន្ថែមថា ក្រុមមន្ត្រីសន្តិសុខវៀតណាមបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីឆ្នាំមុន «ដើម្បីពិភាក្សារកវិធីគ្រប់គ្រងអ៊ីនធឺណិតឲ្យកាន់តែប្រសើរជាងមុន»។
ប្រទេសចិនត្រូវបានគេស្គាល់ថាជាប្រទេសមួយដែលមានត្រួតពិនិត្យដ៏តឹងតែងលើអត្ថបទនានានៅលើអ៊ីនធឺណិត។ ខុសពីប្រទេសចិន ប្រទេសវៀតណាមមិនសូវទប់ស្កាត់គេហទំព័រផ្សេងៗប៉ុន្មានទេ។
អ្នកជំនាញនានាបាននិយាយថា ការចាប់ខ្លួនអ្នកសរសេរប្លុកជាបន្តបន្ទាប់ក្នុងឆ្នាំ ២០១៦ និងឆ្នាំ ២០១៧ បានបង្ហាញឲ្យឃើញពីការមិនសប្បាយចិត្តរបស់រដ្ឋាភិបាលវៀតណាមចំពោះការបញ្ចេញមតិរបស់សាធារណជនអំពីអំពើពុករលួយ និងឆ្លុះបញ្ចាំងឲ្យឃើញពីការបរាជ័យក្នុងការសម្រេចកិច្ចការក្នុងចំណោមមន្ត្រីរដ្ឋាភិបាលនានា។ អ្នកសរសេរប្លុកម្នាក់ដែលបានបញ្ជាក់ថា បញ្ហាត្រីសមុទ្រងាប់ទាំងនោះគឺបណ្ដាលមកពីរដ្ឋាភិបាលដ៏ទន់ខ្សោយនោះ ត្រូវបានតុលាការផ្ដន្ទាទោសអោយជាប់ពន្ធនាគារ ១០ ឆ្នាំ កាលពីឆ្នាំមុន។
ក្រសួងសន្តិសុខសាធារណៈវៀតណាមបានស្នើឲ្យមានការបង្កើត «ច្បាប់គ្រប់គ្រងសន្តិសុខតាមអ៊ីនធឺណិត» កាលពីមួយឆ្នាំមុន ដើម្បីឲ្យខ្លួនអាចមានអំណាចបន្ថែមទៀតដើម្បីហាមឃាត់រាល់អត្ថបទ និងសកម្មភាពទាំងឡាយណាដែលប្រឆាំងរដ្ឋាភិបាល។ នៅទីបំផុត បណ្ដាញផ្សព្វផ្សាយសង្គមរបស់បរទេសនានាប្រហែលជាតម្រូវឲ្យផ្ទុកទិន្នន័យរបស់អ្នកប្រើប្រាស់ជនជាតិវៀតណាមនៅក្នុងប្រទេសវៀតណាម និងលុបចោលអត្ថបទដែលហាមឃាត់ទាំងនោះ «ភ្លាមៗ» ប្រសិនបើមានការស្នើឡើង។ នេះបើតាមការបញ្ជាក់របស់លោក Hiebert។
អ្នកខ្លះខ្លាចថា បន្ទាប់ពីច្បាប់នេះត្រូវបានអនុម័តនៅប្រហែលជាកន្លះឆ្នាំខាងមុខនេះមក ច្បាប់នេះអាចនឹងអនុញ្ញាតឲ្យរដ្ឋាភិបាលវៀតណាមស្នើក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតនានាឲ្យចែករំលែកព័ត៌មានអំពីអ្វីដែលអ្នកប្រើធម្មតាបញ្ចេញមតិតាមអ៊ីនធឺណិត។ ច្បាប់នេះបានជំរុញឲ្យមានការធ្វើបាតុកម្មតាមដងផ្លូវមួយចំនួននៅទូទាំងប្រទេសវៀតណាមកាលពីខែមិថុនាកន្លងទៅនេះ។
លោក Frederick Burke ដែលជាដៃគូភាគហ៊ុនជាមួយក្រុមហ៊ុនច្បាប់ Baker McKenzie នៅក្នុងទីក្រុងហូជីមិញ បានថ្លែងថា៖ «ច្បាប់សន្តិសុខតាមអ៊ីនធឺណិតនេះពិតជាបង្កើននូវហានិភ័យបន្ថែមទៀតសម្រាប់អ្នកដែលបង្ហោះសារនៅលើអ៊ីនធឺណិត។ អ្នកទាំងនោះនឹងត្រូវប្រុងប្រយ័ត្នបន្ថែមទៀត»។
លោក Burke បាននិយាយថា ការផ្អាកគេហទំព័រ Tuoi Tre នេះ គឺជាលើកដំបូងហើយសម្រាប់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយធំៗនៅក្នុងប្រទេសវៀតណាម។
ស្វែងរកការឯកភាពជាតិ
អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) បានបញ្ជាក់កាលពីទី ១៩ ខែកក្កដាកន្លងទៅនេះដើម្បីជាការឆ្លើយតបទៅនឹងការផ្អាកគេហទំព័រព័ត៌មាននេះថា ខ្លួនមានការ «ភ្ញាក់ផ្អើលដែលឃើញដូច្នេះ។ បន្ទាប់ពីធ្វើទុក្ខបុកម្នេញប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមក អាជ្ញាធរពេលនេះកំពុងសំដៅទៅលើអ្នកដែលធ្វើតាមគោលការណ៍របស់គណបក្ស។
លោក Carl Thayer សាស្ត្រាចារ្យឯកទេសខាងកិច្ចការអាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យ New South Wales ក្នុងប្រទេសអូស្ត្រាលី បានថ្លែងថា គេហទំព័រ Tuoi Treត្រូវបានផ្អាកគឺដោយសារតែសេចក្ដីរាយការណ៍មួយរបស់គេហទំព័រនេះ ដែលបានដកស្រង់សម្ដីប្រធានាធិបតីវៀតណាមលោក Tran Dai Quang ។
លោក Carl Thayer បាននិយាយថា របាយការណ៍នោះបានសរសេរថា លោកប្រធានាធិបតី Tran Dai Quang មាន «ការអាណិតអាសូរ» ចំពោះការធ្វើបាតុកម្មប្រឆាំងប្រទេសចិននៅក្នុងប្រទេសវៀតណាមកាលពីខែមិថុនាកន្លងទៅនេះ។
លោក Carl Thayer បានបន្ថែមថា អ្នកដែលរាយការណ៍ព័ត៌មាននេះត្រូវបានចោទប្រកាន់ថាបានធ្វើឱ្យ «ប៉ះពាល់ដល់ឯកភាពជាតិ»។
រដ្ឋាភិបាលវៀតណាមមានមោទនភាពនៅក្នុងការបង្រួបបង្រួមវៀតណាមខាងជើង និងវៀតណាមខាងត្បូង ដែលវៀតណាមទាំងពីរបានបែកជាពីរដូចនេះរហូតទាល់តែពេលដែលពួកកុម្មុយនិស្តបានឡើងកាន់អំណាចកាលពីទសវត្សរ៍ ១៩៧០។
លោក Trung Nguyen ព្រឹទ្ធបុរសដេប៉ាតឺម៉ង់ទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ នៅក្នុងទីក្រុងហូជីមិញ បាននិយាយថា មន្ត្រីរដ្ឋាភិបាលវៀតណាមប្រហែលជាខឹងសម្បារចំពោះការរាយការណ៍ម្ដងហើយម្ដងទៀតអំពីអំពើពុករលួយ។
រដ្ឋាភិបាលវៀតណាមបានចាប់ខ្លួនមនុស្សជាច្រើននាក់ពីក្រុមហ៊ុនប្រេងរបស់រដ្ឋដែលមានឈ្មោះថា Petro Vietnam ពាក់ព័ន្ធនឹងអំពើពុករលួយ ដែលករណីនេះជាអ្វីដែលក្រុមអ្នកវិភាគហៅថាជាវិធានការដើម្បីបង្ហាញសាធារណជនឲ្យបានឃើញថា ខ្លួនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបោសសម្អាតអំពើពុករលួយនៅក្នុងជួររដ្ឋាភិបាល។
ប្រជាពលរដ្ឋវៀតណាមទូទៅបានអំពាវនាវចង់បានរដ្ឋាភិបាលស្អាតស្អំជាងមុនមួយ ដោយសារតែពួកគេបានបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ មានអំពើសូកប៉ាន់ឲ្យប៉ូលិស និងភាពមិនប្រក្រតីផ្សេងៗកើតឡើងនៅក្នុងដំណើរការអនុញ្ញាតឲ្យមានការធ្វើអាជីវកម្ម។
សារព័ត៌មានវៀតណាមបានរាយការណ៍កាលពីពេលនោះថា នៅឯសន្និបាតមួយកាលពីខែឧសភា គណៈកម្មាធិការកណ្ដាលរបស់គណបក្សកុម្មុយនិស្តវៀតណាម បានអនុម័តសេចក្ដីសម្រេចមួយដើម្បីតាមដានពិនិត្យមើលសមាជិករបស់ខ្លួនដោយតឹងរ៉ឹងបំផុតមិនឲ្យប្រព្រឹត្តិអំពើពុករលួយណាមួយឡើយ។
លោក Nguyen បានបញ្ជាក់ថា មន្ត្រីរដ្ឋាភិបាលវៀតណាមចង់ឲ្យប្រព័ន្ធផ្សព្វផ្សាយឆ្លុះបញ្ចាំងឲ្យឃើញពីនិន្នាការនៅក្នុងសង្គម «ដោយមិនលម្អៀង» ប៉ុន្តែត្រូវរាយការណ៍តំណាងឲ្យរដ្ឋាភិបាល ក្នុង «សំឡេងបង្រួបបង្រួម» តែមួយ។
លោក Nguyen បាននិយាយថា៖ «ខ្ញុំគិតថារដ្ឋាភិបាលវៀតណាមនឹងចាត់វិធានការគ្រប់គ្រងទាំងស្រុងលើអត្ថបទនានារបស់ប្រព័ន្ធផ្សព្វផ្សាយ ដោយសារតែស្របទៅតាមយុទ្ធនាការប្រឆាំងអំពើពុករលួយ កាសែតខ្លះត្រូវបានគេចោទប្រកាន់ថាបានផ្សព្វផ្សាយជ្រុលហួសហេតុពេក»៕
ប្រែសម្រួលដោយ ហេង រស្មី