វៀតណាម​ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ស្វែងរក​ជំនួយ​យោធា​ពី​រុស្ស៊ី និង​សហរដ្ឋអាមេរិក

រូបឯកសារ៖ យន្តហោះចម្បាំង F-16 របស់សហរដ្ឋអាមេរិក ត្រូវបានដាក់បង្ហាញក្នុងពិព័រណ៍ Paris Air Show នៅតំបន់ទីប្រជុំជន Le Bourget ភាគខាងជើងប្រទេសបារាំង កាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣។

សារព័ត៌មាន Reuters បាន​រាយការណ៍​កាលពី​ថ្ងៃទី ២៣ ខែកញ្ញា​ថា រដ្ឋបាល​លោក Biden កំពុង​ពិភាក្សា​ជាមួយ​ប្រទេស​វៀតណាម​លើ​កិច្ចព្រមព្រៀង​សម្រាប់​ការ​ផ្ទេរ​អាវុធ​ដ៏​ធំ​បំផុត​រវាង​ប្រទេស​ទាំងពីរ​ ដែល​រួម​មាន​យន្តហោះ​ចម្បាំង F-16 ផង​ដែរ។

របាយការណ៍​នោះ​លើក​ឡើង​ថា ​កិច្ចព្រមព្រៀង​នេះ​នៅ​តែ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ដំបូង​នៅ​ឡើយ ហើយ​ប្រហែល​ជា​មិន​អាច​សម្រេច​បាន​ដូច​គ្រោង​ទុក​នោះ​ទេ។ ប៉ុន្តែ​វា​ជា​ប្រធានបទ​ដ៏​សំខាន់​មួយ​នៅក្នុង​កិច្ចពិភាក្សា​រវាង​សហរដ្ឋអាមេរិក និង​វៀតណាម​នា​ពេល​ថ្មីៗ​នេះ ទាំង​នៅ​ទីក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម ទីក្រុង​ញូវយ៉ក​និង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​ កាលពី​ខែសីហា​កន្លង​ទៅ។ ​នេះ​បើ​យោង​តាម​សារព័ត៌មាន Reuters។

សេតវិមាន​បាន​បដិសេធ​មិនអត្ថាធិប្បាយ​លើ​បញ្ហា​នេះ។

កាលពី​ប៉ុន្មាន​សប្តាហ៍​មុន នៅ​មុន​ពេល​លោក​ប្រធានាធិបតី Joe Biden ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​របស់​ប្រទេស​ទាំង​ពីរ​ ឱ្យ​ទៅ​ជា​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ សារព័ត៌មាន New York Times បាន​រាយការណ៍​ថា យោធា​វៀតណាម​កំពុង​ចរចា​លើ​កិច្ចព្រមព្រៀង​អាវុធ​សម្ងាត់​ជាមួយ​រុស្ស៊ី ​ដែល​នឹង​បំពាន​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​លើ​រដ្ឋាភិបាល​ក្រុង​មូស្គូ។

ចាប់​តាំង​ពី​ការ​ចេញ​ផ្សាយ​របាយការណ៍​នេះ មន្ត្រី​អាមេរិក និង​វៀតណាម​បាន​បដិសេធ​មិន​ពិភាក្សា​អំពី​បញ្ហា​នេះ។

កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ឯកសារ​របស់​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម​កាលពី​ខែមីនា ឆ្នាំ២០២៣ ​ហើយ​ត្រូវ​បាន​បញ្ជាក់​ដោយ​អតីត​មន្ត្រី​វៀតណាម​ និង​មន្ត្រី​វៀតណាម​បច្ចុប្បន្ន។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​សារព័ត៌មាន New York Times

របាយការណ៍​របស់​សារព័ត៌មាន New York Times អះ​អាង​ថា រដ្ឋាភិបាល​ក្រុង​ហាណូយ​មាន​គម្រោង​ផ្តល់​មូលនិធិ​ដល់​ការ​ទិញ​សព្វាវុធ​ការពារ​ជាតិ​ជា​ទឹក​ប្រាក់​ចំនួន ៨ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ២០ ឆ្នាំ​ ទៅ​ឱ្យ​ក្រុមហ៊ុន Vietsovpetro ដែល​ជា​ក្រុមហ៊ុន​ប្រេង​បណ្តាក់​ទុន​រួម​គ្នា​នៅ​ខេត្ត Siberia ប្រទេស​រុស្ស៊ី។

ទោះ​បី​ជា​អ្នក​ជំនាញ​ថា របាយការណ៍​របស់​សារព័ត៌មាន New York Times ត្រូវ​បាន​សរសេរ​ដោយ​មាន​ភស្តុតាង​ល្អ​ក៏​ដោយ ក៏​គេ​មិន​ច្បាស់​ទេ​ថា​ តើ​វា​នឹង​ផ្លាស់ប្តូរ ហើយ​ថា​តើ​វា​មាន​ឥទ្ធិពល​ដល់​គោលជំហរ​របស់​រដ្ឋាភិបាល​ក្រុង​ហាណូយ​ជាមួយ​ប្រទេស​លោក​ខាង​លិច​ដែល​ជា​ដៃគូ​ ជា​ពិសេស​សហរដ្ឋអាមេរិក​ឬ​យ៉ាង​ណា​នោះ​ទេ។

សហការី​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន ISEAS-Yusof Ishak លោក Ian Storey បាន​សរសេរ​តាម​អ៊ីមែល​ថា៖ «ខ្ញុំ​ជឿ​ថា របាយការណ៍​របស់​សារព័ត៌មាន NYT មាន​ទំនុក​ចិត្ត។ ប្រសិន​បើ​ជា​ការ​ពិត របាយការណ៍​នេះ​បង្ហាញ​ថា វៀតណាម​នៅ​តែ​ចាត់​ទុក​រុស្ស៊ី​ជា​ដៃគូ​សហប្រតិបត្តិការ​ការពារ​ជាតិ​ដ៏​សំខាន់»។

លោក​បាន​បន្ថែមថា៖ «យើង​មិន​ទាន់​ដឹង​ថា​ តើ​រដ្ឋាភិបាល​វៀតណាម​បាន​សម្រេច​បន្ត​កិច្ចព្រមព្រៀង​នេះ​ឬ​យ៉ាង​ណា​នោះ​ទេ»។

លោក Nguyen The Phuong បេក្ខជន​បណ្ឌិត​នៅ​សាកលវិទ្យាល័យ New South Wales ដែល​មាន​ជំនាញ​ខាង​ការពារ​ជាតិ និង​សន្តិសុខ​ដែន​សមុទ្រ​វៀតណាម ​បាន​ប្រាប់ VOA ថា លោក​បាន​ឮ​ជា​លើក​ដំបូង​អំពី​កិច្ចព្រមព្រៀង​អាវុធ​ដ៏​មាន​សក្តានុពល​ជាមួយ​រុស្ស៊ី​នេះ កាលពី​ខែមិថុនា។

ទោះ​បី​ជា​លោក​បាន​ថ្លែង​ថា លោក​មិន​បាន​ឃើញ​ឯកសារ​របស់​ក្រសួង​ហិរញ្ញវត្ថុ​ដែល​បាន​លេចធ្លាយ​ក៏​ដោយ ​ក៏​លោកថា លោក​បាន​ឃើញ​លិខិត​បង្ហាញ​ឆន្ទៈ​របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម​ លោក Pham Minh Chinh ទៅ​កាន់​សមភាគី​រុស្ស៊ី​ ដើម្បី​បន្ត​ការ​ទិញ​សព្វាអាវុធ។

លោក Phuong បាន​ថ្លែង​អំពី​កិច្ច​ព្រម​ព្រៀង​សព្វាវុធ​នោះ​ថា៖ «មាន​លិខិត​បង្ហាញ​ឆន្ទៈ​ពី​នាយក​រដ្ឋមន្ត្រី​វៀតណាម​ ដើម្បី​ជំរុញ​ផែនការ​នោះ។ វា​បង្ហាញ​កាន់​តែ​ច្បាស់​អំពី​ចេតនា​របស់​វៀតណាម​នៅ​ក្នុង​ការ​ឆ្ពោះ​ទៅ​មុខ​ជាមួយ​នឹង​ផែនការ​នោះ»។

រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងរដ្ឋមន្ត្រីផែនការនិងបណ្តាក់ទុនវៀតណាមលោក Nguyen Chi Dung ជួបពិភាក្សាគ្នានៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣។

ចំណង​ទាក់ទង​ជា​ប្រវត្តិសាស្ត្រ

អ្នក​ជំនាញ​បាន​ថ្លែង​ថា ទោះ​បី​ជា​ការ​ទិញ​សព្វាវុធ​ការពារ​ជាតិ​ពី​រុស្ស៊ី​កាន់​តែ​ប្រថុយ​ប្រថាន​ក៏​ដោយ ក៏​កិច្ចព្រមព្រៀង​អាវុធ​សម្ងាត់​នេះ​នឹង​ធ្វើ​ឱ្យ​សម្រេច​គោលដៅ​ជាក់លាក់​មួយ​សម្រាប់​រដ្ឋាភិបាល​ក្រុង​ហាណូយ។

លោក Alexander Vuving សាស្ត្រាចារ្យ​នៅ​មជ្ឈមណ្ឌល​អាស៊ី​ប៉ាស៊ីហ្វិក​សម្រាប់​ការ​សិក្សា​សន្តិសុខ​នៅ​ទីក្រុង Honolulu រដ្ឋ​ហាវ៉ៃ បាន​ថ្លែង​ថា៖ «យោធា​ភាគច្រើន​គាំទ្រ​រុស្ស៊ី​ និង​ប្រឆាំង​ប្រទេស​លោក​ខាង​លិច​ក្នុង​ចំណោម​ស្ថាប័ន​ជាតិ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​វៀតណាម»។

លោក​បាន​ថ្លែងបន្ថែម​ថា៖ «មេដឹកនាំ​ក្នុង​ក្រសួង​ការពារ​ជាតិ​នៅ​តែ​គាំទ្រ​រុស្ស៊ី»។

ទោះ​ជា​យ៉ាង​នេះ​ក្តី ក៏​ចំណង​ដ៏​រឹងមាំ​នេះ​គឺ​គ្រាន់​តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ។ លោក Zachary Abuza សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ National War College ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​ថ្លែង​ថា យន្តហោះ​ចម្បាំង​ជាច្រើន​របស់​វៀតណាម​កាន់​តែ​ចាស់​ហួស​អាយុ ហើយ​រុស្ស៊ី​អាច​ធ្វើ​បច្ចុប្បន្នភាព​លើ​យន្តហោះ​ទាំង​នោះ​ក្នុង​តម្លៃ​សមរម្យ ដោយ​មិន​ចាំបាច់​ហ្វឹកហ្វឺន​អ្នក​បើក​យន្តហោះ កង​ទ័ព​ជើង​គោក និង​យន្តការី​នៅ​ក្នុង​ប្រព័ន្ធ​អាវុធ​ និង​ភាសា​ថ្មី​ឡើយ។

លោក Abuza បាន​ថ្លែងថា៖ «វៀតណាម​ត្រូវ​ការ​យ៉ាង​ខ្លាំង​នូវ​យន្តហោះ​ចម្បាំង​ជំនាន់​ថ្មី​ ហើយ​ថវិកា​របស់​ពួកគេ​នៅមាន​កម្រិត។ ពួកគេ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ទាក់ទង​ជាមួយ​រុស្ស៊ី ហើយ​រុស្ស៊ី​មាន​ឆន្ទៈ​ពិចារណា​លើ​យន្តការ​ផ្តល់​មូលនិធិ​បន្ទាប់​បន្សំ​។ ដូច្នេះ​វា​ជា​ការ​ ​ឈ្នះ-ឈ្នះ»។

កិច្ចព្រមព្រៀង​នេះ​អាច​បំពេញ​តម្រូវការ​ដ៏​សំខាន់​មួយ​ទៀត​សម្រាប់​វៀតណាម​តាមរយៈ​ការ​បណ្តាក់​ទុនលើ​ប្រេង​រួម​គ្នា​ នោះ​គឺ​ថាមពល។ បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​នៃ​ផលិតកម្ម​ក្នុង​អំឡុង​ពេល​ជំងឺ​រាតត្បាត​កូវីដ១៩ វៀតណាម​កំពុង​ស្វែងរក​ថាមពល​គ្រប់គ្រាន់​ដើម្បី​ផ្គត់ផ្គង់​ដល់​សេដ្ឋកិច្ច​ដែល​កំពុង​រីកចម្រើន​របស់​ខ្លួន។

លោក Abuza បាន​ថ្លែង​ថា៖ «វៀតណាម​អាច​ចុះ​កិច្ចសន្យា​ផ្គត់ផ្គង់​រយៈពេលវែង​សម្រាប់​ថាមពល​ដែល​ខ្លួន​ត្រូវ​ការ​យ៉ាង​ខ្លាំង​ ដោយសារ​តែ​កំណើន​សេដ្ឋកិច្ច​របស់ខ្លួន។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ ពួកគេ​អាច​ធ្វើ​ឱ្យ​ប្រាកដ​ថា ថវិកា​មួយ​ចំនួន​ត្រូវ​បាន​បញ្ជូន​ទៅ​ក្នុង​វេទិកា​លទ្ធកម្ម​អាវុធ»។

រូបឯកសារ៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ក្នុងជំនួបទ្វេភាគីមួយ នៅរមណីយដ្ឋានទន្លេខ្មៅក្នុងក្រុង Sochi ប្រទេសរុស្ស៊ី កាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០១៨។ (Mikhail Klimentyev, Sputnik, Kremlin Pool Photo via AP)

កិច្ចព្រមព្រៀង​ប្រថុយប្រថាន

ទោះ​បី​ជា​មាន​ផលប្រយោជន៍​ក៏​ដោយ ក៏​កិច្ចព្រមព្រៀង​សព្វាវុធ​ជាមួយ​រុស្ស៊ី​ដែល​បាន​ស្នើ​ឡើង​ នាំ​មក​នូវហានិភ័យ ហើយ​ការ​លេច​ធ្លាយ​ឯកសារ​បង្ហាញ​ពី​ការ​ខ្វែង​គំនិត​គ្នា​ដែល​អាច​កើត​មាន​ក្នុង​ចំណោម​មន្ត្រី​វៀតណាម។

លោក Vuving បាន​ថ្លែង​ថា៖ «ឯកសារ​លេចធ្លាយ​នេះ​នឹង​បង្ក​បញ្ហា​ជាច្រើន​ដល់​វៀតណាម» ដោយ​លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​ក្រុង​ហាណូយ​កំពុង​ស្វែងរក​ការ​គាំទ្រ​ដើម្បី​បង្កើត​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​បន្ទះ​ឈីប (semiconductor) ហើយ​លោក​នាយក​រដ្ឋមន្ត្រី Pham Minh Chinh ថ្មីៗ​នេះ​ បាន​តស៊ូ​មតិ​ឱ្យ​វៀតណាម​ទទួល​បាន​ឋានៈ​សេដ្ឋកិច្ច​ទីផ្សារ​ ក្នុង​អំឡុងពេល​ទស្សនកិច្ច​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ក្នុង​ខែកញ្ញា​កន្លង​ទៅ ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ក្រុមហ៊ុន​នាំ​ចេញ​របស់​វៀតណាម​ក្នុង​វិវាទ​ប្រឆាំង​ការ​លក់​បង្ខូច​ថ្លៃ។

លោក Vuving បាន​ថ្លែង​បន្ថែម​ថា៖ «ការណ៍​នេះ​បង្ហាញ​ថា ពួកគេ​មិន​គួរ​ឱ្យ​ទុក​ចិត្ត​ចំពោះ​សហរដ្ឋអាមេរិក។ នោះ​ហើយ​ជា​មូលហេតុ​ដែល​ពួកគេ​ចង់​រក្សា [កិច្ចព្រមព្រៀង​អាវុធ] ជា​ការ​សម្ងាត់»។

ភាព​ជា​ដៃគូ​លើ​វិស័យ​ការពារ​ជាតិ​ជាមួយ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ក៏​កាន់​តែ​មាន​សក្តានុពល​ផង​ដែរ នៅ​ពេល​ដែល​រុស្ស៊ី​កាន់​តែ​ឯកោ ហើយ​ខិត​ទៅ​ជិត​នឹង​ប្រទេស​ចិន។ ការ​រំពឹង​ទុកថារុស្ស៊ី​ខ្វះ​ការ​គាំទ្រ​ក្នុង​ជម្លោះ​រវាង​ចិន​និង​វៀតណាម​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ប្រហែល​ជា​កត្តារួម​ចំណែក​ដល់​ការ​លេចធ្លាយ​នោះ​ផង​ដែរ។

លោក Vuving បាន​ថ្លែងថា៖ «មាន​ហេតុផល​តិចតួច​សម្រាប់​វៀតណាម​ក្នុង​ការ​ទុក​ចិត្ត​រុស្ស៊ី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ជាង​មុន។ នោះ​ហើយ​ជា​មូលហេតុ​ដែល​ខ្ញុំ​គិត​ថា មន្ត្រី​វៀតណាម​មួយ​ចំនួន​មិន​សប្បាយ​ចិត្ត​នឹង​កិច្ចព្រមព្រៀង​នេះ ហើយ​ពួកគេ​ធ្វើ​ឱ្យ​ឯកសារ​នោះ​បែកធ្លាយ»។

ទោះ​បី​ជា​មាន​ភាព​មិន​ច្បាស់​លាស់​ក៏​ដោយ ក៏​មតិ​ភាគច្រើន​នៅ​តែ​គាំទ្រ​កិច្ចព្រមព្រៀង​អាវុធ​ជាមួយ​រុស្ស៊ី។

លោក Phuong បាន​ថ្លែងថា៖ «នៅ​ពេល​នេះ វៀតណាម​មើល​ឃើញ​ថា ផល​ប្រយោជន៍​មាន​ច្រើន​ជាង​ហានិភ័យ​ នៅ​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ក្នុង​រយៈពេល​ខ្លី»៕