វៀតណាម​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​បណ្តាញ​សង្គម​ឱ្យ​​រឹតត្បិត​ខ្លឹមសារ

រូបឯកសារ៖ អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតកំពុងបើកមើលគណនីហ្វេសប៊ុករបស់រដ្ឋាភិបាលវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥។

នៅ​ពេល​កងកម្លាំង​សន្តិសុខ​ចុះ​ឆែក​ឆេរ​ភូមិ Dong Tam កាល​ពី​ដើម​ឆ្នាំ​មុន​អ្នកសរសេរ​ប្លុក​ជនជាតិ​វៀតណាម​ឈ្មោះ Bui Thi Minh Hang បាន​ផ្សាយ​ផ្ទាល់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នូវ​បទ​សម្ភាសន៍​មួយ​ជាមួយ​នឹង​ស្ត្រី​ម្នាក់ ដែល​កូន​អាយុ​៣​ឆ្នាំ​របស់​គាត់ បាន​ត្រូវផ្សែង​បង្ហូរ​ទឹកភ្នែក។

អ្នក​ស្រី​ Hang​ បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​រាយការណ៍​ពី​ការ​ចុះ​ឆែក​ឆេរ​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​ជម្លោះ​ដី​ធ្លី​ដ៏​យូរ​មក​ហើយ។ ប៉ុន្តែ​ការ​បង្ហោះ​របស់​អ្នក​សរសេរ​ប្លុក​រូប​នេះ​ត្រូវ​បាន​លុប​ចេញ​យ៉ាង​លឿន​ពី​បណ្តាញ​សង្គម​ Facebook និង​Y ouTube ហើយ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក អ្នក​ស្រី​ត្រូវ​បាន​ចាប់​ខ្លួន។ អ្នក​ស្រី​ Hang ត្រូវ​បាន​ឃុំ​ខ្លួន​រយៈពេល​៨​ម៉ោង និង​ត្រូវ​បាន​ចោទ​សួរ​ពី​សារ​បង្ហោះ​របស់​អ្នក​ស្រី។

នេះ​មិនមែន​ជា​ការ​ចាប់​ខ្លួន​លើក​ដំបូង​សម្រាប់​អ្នក​ស្រី​ Hang នោះ​ទេ។ អ្នកស្រី​ធ្លាប់​បាន​ជាប់​ពន្ធនាគារ​រយៈពេល​បី​ឆ្នាំ​ពី​បទ «បង្ក​ការ​រំខាន​ដល់​សណ្តាប់ធ្នាប់​សាធារណៈ»។ ប៉ុន្តែ​ជាមួយ​នឹង​ការ​ចាប់​ខ្លួន​នេះ អ្នកស្រី​ Hang ក៏​បាន​បាត់បង់​គណនី​បណ្តាញ​សង្គម​របស់​អ្នក​ស្រី​ផងដែរ។

អ្នក​ស្រី​ Hang បាន​ប្រាប់​ VOA​ ថា៖ «ខ្ញុំ​ត្រូវ​បាន​ផ្តាច់​ចេញ​ [ពី​Facebook] អស់​រយៈពេល​៩​ខែ​មក​ហើយ។ រាល់​គណនី​ផ្សេងៗ​ដែល​ខ្ញុំ​បាន​បង្កើត​ឡើង ​គឺ​ត្រូវ​បាន​បិទ​ទាំង​អស់»។

អ្នក​សរសេរ​ប្លុក​រូប​នេះ​បាន​និយាយ​ថា សារ​បង្ហោះ​របស់​អ្នក​ស្រី​ដែល​ត្រូវ​បាន​លុបចោល​នៅ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​មក​នេះ​ គឺ​បាន​រិះគន់​រដ្ឋាភិបាល ឬ​ការ​ចាប់ខ្លួន។

សេចក្តីប្រកាស​ពី​បណ្តាញ​សង្គម​ Facebook ​ដែល​ត្រូវ​បាន​បញ្ជូន​មក​អ្នក​ស្រី Hang និង​ដែល ​VOA បាន​ឃើញ​លើក​ឡើង​ថា ​អ្នក​ស្រី «បាន​រំលោភ​បំពាន​បទដ្ឋានសហគមន៍​ក្នុង​បណ្តាញ​សង្គម»។

អ្នក​សរសេរ​ប្លុករូប​នេះ​បាន​ដាក់​ពាក្យ​បណ្តឹង​តវ៉ា​ទៅ​វិញ ប៉ុន្តែ​និយាយ​ថា នាង​មិន​ទាន់​បាន​ឮ​ពីក្រុមហ៊ុន​Facebook វិញ​នោះ​ទេ។

រូបឯកសារ៖ សកម្មជនសិទ្ធិមនុស្សអ្នកស្រី Bui Thi Minh Hang នៅពេលត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ក្នុងខេត្ត Gia Lai ប្រទេសវៀតណាម កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។

អ្នក​ស្រី​ Hang គឺ​ជា​មនុស្ស​ម្នាក់​នៅ​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​ នៅ​វៀតណាមរួម​មាន​ អ្នក​សារព័ត៌មាន សកម្មជន និង​អ្នក​សរសេរ​ប្លុក​ដែល​បាន​ប្រាប់​ VOA ​ថា សារ​បង្ហោះ​របស់​ពួកគេ​ត្រូវ​បាន​លុបចោល ឬ​គណនី​ត្រូវ​បាន​បង្កក ខណៈ​មានការ​កើនឡើង​នូវ​ការ​រឹតត្បិត​ខ្លឹមសារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​វៀតណាម។

អង្គការ​លើកលែង​ទោស​អន្តរជាតិ​បាន​ពណ៌នា​បណ្តាញ​សង្គម Facebook និង​ YouTube ជា​«កន្លែង​ប្រមាញ់​សម្រាប់​ការ​រឹតត្បិត កងកម្លាំង​លុកលុយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​គណនី​ក្លែងបន្លំ​ដែល​ទទួល​ការ​ឧបត្ថម្ភ​ពី​រដ្ឋ»។

នៅ​ក្នុង​របាយការណ៍​មួយ​កាល​ពី​ខែ​មុន អង្គការ​គាំពារ​សិទ្ធិ​មួយ​នេះ​និយាយ​ថា បណ្តាញ​សង្គម​ទាំង​នេះ «កាន់​តែ​ឃុបឃិត» ជាមួយ​នឹង​រដ្ឋាភិបាល​ដើម្បី​រឹតត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

ក្រសួង​ការ​បរទេស​វៀតណាម​ច្រានចោល​របាយការណ៍​នេះ និង​បាន​និយាយ​ថា អាជីវកម្ម​បរទេស​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស «ដោយ​ផ្អែក​លើ​មូលដ្ឋាន​ស្រប​តាម​ច្បាប់​វៀតណាម»។

ក្រសួង​ព័ត៌មាន និង​សារគមនាគមន៍វៀតណាម​បាន​លើកឡើង​កាល​ពី​ខែ​មុន​ថា អាជ្ញាធរ​បាន​លុប​ចោល​សារ​បង្ហោះ​ដែល​ខុស​ច្បាប់ ឬ​ចែករំលែក​ព័ត៌មាន​ឃោសនា។

ក្រុមហ៊ុនបណ្តាញ​សង្គម​ខាង​លើ​និយាយ​ថា ពួកគេ​ត្រូវ​បាន​ចង​ដោយ​ច្បាប់និង​គោលនយោបាយ​របស់​ប្រទេស​នីមួយៗ​នៅ​ក្នុង​ការ​លុបចេញ ឬ​ស៊ើបអង្កេត​សារ​បង្ហោះ​ដែល​ត្រូវបាន​ចាត់​ទុក​ថា ខុស​ច្បាប់។

ការ​រឹតត្បិត​សេរីភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

វៀតណាម​មាន​កំណត់ត្រា​សេរីភាព​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន់​ខ្សោយ​ដោយ​មាន​ចំណាត់ថ្នាក់​ ១៧៥ ក្នុង​ចំណោម ១៨០​ប្រទេស ដែល​ចំណាត់​ថ្នាក់​ទី​១ គឺ​មាន​សេរីភាព​ជាង​គេ។ នេះ​បើ​យោង​ទៅ​តាម​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ចងក្រង​ដោយ​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន

នៅ​ក្នុង​បរិយាកាស​ដែល​ការ​ទទួល​ព័ត៌មាន​ឯករាជ្យ​មាន​កម្រិត សេរីភាព​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​បានរីកចម្រើន​នៅ​តាម​បណ្តាញ​សង្គម​ Facebook និង​ YouTube។

រូបឯកសារ៖ ផ្លាកសម្គាល់បណ្តាញសង្គម Twitter, YouTube និង Facebook ថតក្នុងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩។

Facebook គឺ​ជា​បណ្តាញ​សង្គម​ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង​ជាង​គេ​នៅ​វៀតណាម​ ដោយ​មានអ្នក​ប្រើប្រាស់​ចំនួន​៦៥​លាន​នាក់ ដែល​នេះ​ជា​ចំនួន​អ្នកប្រើប្រាស់​ធំជាង​គេ​ទី​ប្រាំ​ពីរ​នៅ​លើ​ពិភពលោក និង​ជា​ទីផ្សារ​ដ៏​ធំ​ជាង​គេ​បង្អស់​មួយ​របស់​ក្រុមហ៊ុន​ Facebook នៅ​អាស៊ី។ នេះ​បើ​យោងតាម​តួ​លេខ​ពី​ក្រុមហ៊ុន​ទិន្នន័យ​ទីផ្សារ​ Statista។

អ្នក​សរសេរ​ប្លុក​លោក Doan Bao Chau បាន​និយាយ​ថា វត្តមាន​នៃ​បណ្តាញ​សង្គម ជាពិសេស​ បណ្តាញ​សង្គម Facebook ដើរ​តួ​យ៉ាង​សំខាន់​នៅ​ក្នុង​ប្រទេស​ដែល​មិន​មាន​សេរីភាព​សារព័ត៌មាន។​

លោក Truong Chau Huu Danh គឺ​ជា​អ្នក​សារព័ត៌មាន​ដែល​បម្រើការ​ឲ្យ​សារព័ត៌មាន​គ្រប់គ្រង​ដោយ​រដ្ឋ រួម​មាន​សារព័ត៌មាន Lao Dong មាន​អ្នក​តាមដាន​លើ​បណ្តាញ​សង្គម​ចំនួន ១៦៨.០០០​នាក់។​ លោក​បាន​យល់ស្រប​ជា​មួយ​លោក​ Chau ដោយ​និយាយ​ថា៖ «ចាប់តាំង​ពី​ថ្ងៃ​ដែល​ Facebook បាន​បើក​ឲ្យ​ប្រើប្រាស់​នៅ​វៀតណាម ការ​យល់ដឹង​របស់​ពលរដ្ឋ​បាន​កើន​ឡើង​យ៉ាង​ច្រើន»។

ប៉ុន្តែ​នា​ពេល​ថ្មីៗ​នេះ អង្គការ​លើកលែង​ទោស​អន្តរជាតិ​និយាយ​ថា អាជ្ញាធរ​បាន​បង្ក្រាប​ការ​បញ្ចេញ​មតិ​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែលត្រូវ​បាន​ចាត់ទុក​ថា «គំរាមកំហែង​មក​លើ​របប​ដឹកនាំ​ប្រទេស»។​

អ្នក​សរសេរ​ប្លុក​លោក Chau បាន​និយាយ​ថា ការមាន​សារ​បង្ហោះត្រូវ​បាន​លុប​ចេញពី​បណ្តាញ​សង្គម​គឺ​ជា​រឿង​ធម្មតា​នៅ​វៀតណាម។ លោក​បាន​ថ្លែង​ថា៖ «មិត្តភក្តិ​ខ្ញុំ​ជា​ច្រើន​នាក់​ត្រូវ​បាន​គេ​លុប​សារ​បង្ហោះ​ចេញ​ពី​ Facebook និង​ថែម​ទាំង​ត្រូវ​បាន​បិទ​គណនី​ទៀត​ផង​ ដោយ​សារ​ការ​សរសេរ​អំពី​បញ្ហា​រសើប​និង​ការ​រិះគន់​ប្រឆាំង​នឹង​រដ្ឋាភិបាល»។

លោក​ Danh បាន​និយាយ​ថា សារ​បង្ហោះ​ជា​រឿយៗ​ត្រូវ​បាន​លុប​ចោល​ដោយ​មិនមាន​ហេតុផល​ជាក់លាក់។ លោក​បាន​ថ្លែង​ថា៖ «ពួកគេ​គ្រាន់​តែ​និយាយ​ថា សារ​នោះ​រំលោភ​ច្បាប់​ក្នុង​ស្រុក​តែ​ប៉ុណ្ណោះ»។

លោក Danh ដែល​ជា​អ្នកសារព័ត៌មាន​ដែល​បាន​បង្កើត​គេហទំព័រ​ព័ត៌មាន​មួយ​តាម​បណ្តាញ​សង្គម Facebook ឈ្មោះ​ថា Bao Sach (មាន​ន័យ​ថា កាសែត​ស្អាតស្អំ) ត្រូវ​បានលុប​សារ​បង្ហោះ នៅ​ពេល​លោក​បាន​ប្រើ​ប្រាស់​ទំព័រ​Facebook ​នេះ​ដើម្បី​សរសេរ​អំពីការប្រព្រឹត្ត​ខុស​នៅ​ក្នុង​គម្រោង​ហិរញ្ញប្បទាន​ហេដ្ឋារចនាសម្ព័ន្ធ។

លោក​ Danh បាន​និយាយ​ថា សារបង្ហោះ​ពី​រឿង​ក្តី​ពុករលួយ​ក្នុង​ខេត្ត Binh Duong ដែល​បាន​ទាក់ទាញ​អ្នក​តាមដាន និង​ការ​ឆ្លើយឆ្លង​រាប់​ពាន់​ក៏ត្រូវ​បាន​លុបចោល​ផង​ដែរ បន្ទាប់​ពី​ត្រូវ​បាន​ចាត់​ទុក​ថា «ត្រូវ​រឹតត្បិត​តាម​ច្បាប់​ក្នុង​ស្រុក»។

​លោក Danh បាន​ថ្លែង​ថា៖ «ខ្ញុំ​បាន​ដាក់​ពាក្យ​បណ្តឹង​តវ៉ា​ទៅ​វិញ ប៉ុន្តែ​ពួកគេ​មិន​បាន​ឆ្លើយតប ឬអាច​នៅ​ស្ងៀម»។

រូបឯកសារ៖ លោក Truong Chau Huu Danh អ្នកសារព័ត៌មានជនជាតិវៀតណាម ជួបជាមួយមន្ត្រីប៉ូលិស កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។

មួយ​ថ្ងៃ​បន្ទាប់​ពី​លោក Danh បាន​និយាយ​ជាមួយ ​VOA ប៉ូលិស​បាន​ចាប់​ខ្លួន​លោក​ក្រោម​ការចោទ​ប្រកាន់​ពី​បទ «រំលោភ​បំពាន​សេរីភាព​ប្រជាធិបតេយ្យ» ពាក់ព័ន្ធ​នឹង​សារ​បង្ហោះ​របស់​លោក និង​បាន​ដាក់​ឲ្យ​លោក​ជាប់​ឃុំ​រយៈពេល​បី​ខែ។ ប្រសិន​បើ​ត្រូវ​រក​ឃើញ​ថា​មាន​ទោស លោក​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេលប្រាំ​ពីរ​ឆ្នាំ។​

​ចន្លោះ​ប្រហោង​ផ្លូវ​ច្បាប់

ច្បាប់​បញ្ញត្តិ​លើ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវាកម្ម​អ៊ីនធឺណិត​ហាក់​ដូច​ជា​បាន​បង្កើន​សំណើ​ឲ្យ​គោរព​តាម។

ច្បាប់សន្តិសុខ​ប្រព័ន្ធ​អ៊ីនធឺណិត​វៀតណាម ដែល​ត្រូវ​បាន​អនុម័តកាល​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៩ តម្រូវ​ឲ្យក្រុមហ៊ុន​បណ្តាញ​សង្គម​អនុលោម​តាម​ច្បាប់​ក្នុង​ស្រុក​រួម​មាន​ការ​បើក​ការិយាល័យ​និង​រក្សា​ទុក​ទិន្នន័យ​អ្នកប្រើប្រាស់​នៅ​ក្នុង​ប្រទេសដែល​ខ្លួន​មាន​ប្រតិបត្តិការ។

ក្រឹត្យដោយ​ឡែក​មួយ​ទៀត​ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ខែ​កុម្ភៈ​អនុញ្ញាត​ឲ្យ​មាន​ការ​ព្យួរ​អាជ្ញាបណ្ណ​រហូត​ដល់​ពីរ​ឆ្នាំ​សម្រាប់​ក្រុមហ៊ុន​ណា​ដែល​បំពាន​ច្បាប់ ​តាមរយៈ​ការ​ខកខាន​ក្នុង​ការ​លុប​ចោល​សារ​បង្ហោះ​ដែល​អាជ្ញាធរ​ចាត់ទុក​ថា ខុសឆ្គង។

ក្រសួង​ព័ត៌មាន​និង​សារ​គមនាគមន៍​វៀត​ណាម​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ បាន​និយាយ​ថា នៅ​ឆ្នាំ​២០២០ បណ្តាញ​សង្គម Facebook និង​ YouTube បាន​យល់ស្រប​ជាមួយ​នឹង​សំណើ​ដើម្បី​លុបចោលរាល់​សារ​បង្ហោះ​ដែល​ខ្លួន​ចាត់​ទុក​ថា «ខុស​ច្បាប់» និង​បាន​លុបចោល​គណនី​ទំព័រ ឬ​ប៉ុស្តិ៍​រាប់រយ ដែល​មាន​ផ្ទុក«ការ​ឃោសនា​ប្រឆាំង​នឹង​គណបក្ស​ដឹកនាំ​ប្រទេស និង​រដ្ឋាភិបាល»។

របាយការណ៍តម្លាភាព​ដែល​ត្រូវ​បាន​បញ្ចេញ​ដោយ​ក្រុមហ៊ុន Facebook និង​ក្រុមហ៊ុន​ Google ដែល​ម្ចាស់ YouTube ក៏​បាន​បង្ហាញ​ថា បណ្តាញ​សង្គម​ទាំង​ពីរ​នេះ​បាន​លុបចោល​សារបង្ហោះ និង​វីដេអូ​រាប់រយ​តាម​សំណើ​របស់​រដ្ឋាភិបាល។

ក្រុមហ៊ុន​ Facebook បាន​និយាយ​ថា​ខ្លួន «បាន​ដាក់​កំហិត​លើ​ការ​ចូល​ប្រើប្រាស់» ដើម្បីឆ្លើយតប​ទៅ​នឹង​របាយការណ៍​អំពី​ខ្លឹមសារ«ប្រឆាំង​នឹង​បក្ស​កុម្មុយនីស្ត និង​រដ្ឋាភិបាល​វៀតណាម» ក្នុង​ចំណោម​សារ​ដទៃ​ទៀត។ ក្រុមហ៊ុន Google និយាយ​ថា ខ្លួន​បាន​លុប​ចេញសារ​បង្ហោះ​ផ្សេងៗ​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា រំលោភបំពាន​ច្បាប់​ក្នុង​ស្រុក ដោយ​សំណើ​សុំ​ឲ្យ​លុបចោល​ភាគ​ច្រើន​ពី​សំណាក់​រដ្ឋាភិបាល​គឺ​ពាក់ព័ន្ធ​នឹង​ការ​រិះគន់​នយោបាយ។

កាល​ពី​ខែ​មេសា ក្រុមហ៊ុន Facebook បាន​និយាយ​ថា ខ្លួន​ត្រូវ​បាន​បង្ខំ​ឲ្យ«បង្កើនកាន់​តែ​ខ្លាំង» ការ​អនុលោម​តាមច្បាប់​ក្នុង​ស្រុក បន្ទាប់​ពី​មាន​ការ​ចែង​ច្បាស់​ថា ការ​ខកខាន​មិន​គោរពតាម​ច្បាប់​នេះ​នឹង​នាំ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​បិទ​ចោល​សេវាកម្ម​របស់​ក្រុមហ៊ុន​ទាំងស្រុង។

អ្នកនាំពាក្យ​ឲ្យ​ក្រុមហ៊ុន Facebook មួយ​រូប​បាន​ប្រាប់​ VOA ​ថា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ក្រុមហ៊ុន​បាន​រង «សម្ពាធ​បន្ថែម​ពី​រដ្ឋាភិបាល​វៀតណាម​ឲ្យ​រឹតត្បិត​លើ​ខ្លឹមសារ​បង្ហោះ​ច្រើន​ជាង​នេះ»។

អ្នកនាំពាក្យ​រូប​នេះ​បាន​និយាយ​ថា៖ «យើង​នឹង​ធ្វើ​អ្វី​ទាំងអស់​តាម​តែ​អាច​ធ្វើ​បាន​ដើម្បី​ធានា​ថា សេវាកម្ម​របស់​យើង​នៅ​មាន​សម្រាប់​ពលរដ្ឋ ដើម្បី​ឲ្យ​ពួកគេ​អាច​បន្ត​បញ្ចេញ​មតិ​របស់​ខ្លួន​បាន»។

នៅ​ពេល​ត្រូវ​ស្នើ​សុំ​អត្ថាធិប្បាយ ក្រុមហ៊ុន Google បានស្នើ​ឲ្យ​ VOA​ ចូល​មើល​គោល​នយោបាយ​របស់​ក្រុមហ៊ុន។ ក្រោម​គោល​នយោបាយ​នេះ ក្រុមហ៊ុន Google និយាយ​ថា ខ្លួន​ពឹង​ផ្អែក​លើ​រដ្ឋាភិបាល​នៅ​ក្នុង​ការ​ផ្តល់​ដំណឹង​ពី​ខ្លឹមសារ​បង្ហោះ​ខុស​ច្បាប់ ហើយ​ខ្លួន «នឹង​រឹតត្បិត​តាម​ភាព​សមស្រប» លើ​សារ​បង្ហោះ​នោះ​បន្ទាប់​ពីត្រួតពិនិត្យ​រួច។

អ្នក​ប្រើប្រាស់ YouTube នៅ​វៀតណាម​បាន​រអ៊ូរទាំ​ពី​ការ​រឹតត្បិត​កាន់​តែ​ខ្លាំង​លើ​ខ្លឹមសារ​បង្ហោះ​ណាមួយ​ដែល​ត្រូវ​បាន​ចាត់ទុក​ថា មាន​លក្ខណៈ​រសើប​ពី​សំណាក់​អាជ្ញាធរ។ នេះ​បើ​យោង​ទៅ​តាម​របាយការណ៍​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ។

​អ្នកសារព័ត៌មាន​ឯករាជ្យ​លោក Vo Van Tao និយាយ​ថា កងកម្លាំង​សន្តិសុខ​របស់​រដ្ឋ និង​គណនី​ក្លែងក្លាយ​ឧបត្តម្ភ​ដោយ​រដ្ឋ​បានកេង​ចំណេញ​ពី«ចន្លោះ​ប្រហោង​ផ្នែក​បច្ចេកវិទ្យា» តាមរយៈ​ការ​បញ្ជូនរបាយការណ៍​ប្តឹង​ទៅ​ក្រុមហ៊ុន Facebook និង Google ដើម្បី​ស្នើ​ឲ្យ​មាន​ការ​លុប​ខ្លឹមសារ​បង្ហោះ​ផ្សេងៗ​ចេញ​ពី​បណ្តាល​សង្គម​ទាំង​នោះ។

នៅ​ចុង​ឆ្នាំ ២០១៧ វៀតណាម​បាន​ប្រកាស​ដាក់​ពង្រាយ​កង​កម្លាំង Force 47 ដែល​ជា​កងកម្លាំង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​មាន​សមាជិក ១០.០០០​នាក់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​អ្នក​រិះគន់​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។ អង្គការ​លើកលែង​ទោស​អន្តរជាតិ​និយាយ​ថា បេសកកម្ម​របស់​កងកម្លាំង​នេះ​គឺ​ដើម្បី​ធ្វើទុកបុកម្នេញ និង​គំរាមកំហែង​សកម្មជន​សិទ្ធិ​មនុស្ស​នៅ​តាម​បណ្តាញ​សង្គម។

ព័ត៌មាន​ទាក់ទង៖ វៀតណាម​កាត់ទោស​សកម្មជន​បរិស្ថាន​​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​៧ឆ្នាំ​ចំពោះ​ការ​បង្ហោះ​សារ​រិះគន់​​លើ Facebook

«ការ​ផ្តោត​លើ​ប្រាក់​ចំណេញ​ជា​ជាង​គោលការណ៍»

នៅ​ក្នុង​សវនាការ​សភា​មួយ​កាល​ពី​ខែ​វិច្ឆិកា សមាជិក​ព្រឹទ្ធសភា​លោក Marsha Blackburn ដែល​ជា​សមាជិក​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ Tennessee បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​ Facebook ពី​ការ​«ផ្តោត​លើ​ប្រាក់​ចំណេញ​ជាជាង​គោលការណ៍» ដោយ​រឹតត្បិត​ខ្លឹមសារ​របស់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​នេះ​ក្នុង​ប្រទេស​វៀតណាម តួកគី និង​រុស្សី​ ទៅ​តាម​ការ​ចង់​បាន​របស់​របប​ផ្តាច់​ការ។

ប្រទេស​វៀតណាម​ដែល​មាន​ប្រជាជន​ចំនួន​៩៦​លាន​នាក់ គឺ​ជា​ទីផ្សារផ្តល់​ប្រាក់​ចំណេញ​ធំ​មួយ​សម្រាប់​ក្រុមហ៊ុន Facebook និង​Google។ នៅ​ឆ្នាំ ២០១៨ ក្រុមហ៊ុន Facebook បាន​កត់ត្រាប្រាក់​ចំណូល​ជិត​១​ពាន់​លាន​ដុល្លារ ស្នើ​នឹងសឹង​មួយ​ភាគ​បី​នៃ​ប្រាក់ចំណូល​សរុប​របស់​ខ្លួន​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ នេះ​បើ​យោង​ទៅ​តាម​របាយការណ៍​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ។ ក្រុមហ៊ុន​ Google​ រក​ចំណូល​បាន​ ៤៧៥​លាន​ដុល្លារ​នៅ​វៀតណាម​អំឡុងពេល​ដូចគ្នា​នេះ ដែល​ភាគច្រើន​គឺ​បាន​មក​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​នៅ​លើ YouTube។

លោក Chau បាន​និយាយ​ថា៖ «ពួកគេ​ជា​ក្រុមហ៊ុន​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ធ្វើ​ជំនួញ ហើយ​សម្រាប់​ពួកគេ​ដែល​ជា​ធុរជន ប្រាក់​ចំណេញ​គឺ​ជា​អាទិភាព​ទី​១។ ប្រសិន​បើ​ពួកគេ​ត្រូវ​ស្ថិត​នៅប្រទេសណា​មួយ ពួកគេ​នឹង​ត្រូវ​សម្របសម្រួល​ជាមួយ​នឹង​អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​នោះ​ដើម្បី​ធ្វើ​ប្រតិបត្តិការ ហើយ​ខ្ញុំ​គិត​ថា ពួកគេ​មិន​ខ្វល់​ច្រើន​ពី​បទដ្ឋាន​ជា​រួម​ដូចជា សេរីភាព​នៅ​ក្នុង​ការ​បញ្ចេញ​មតិ សិទ្ធិ​បញ្ចេញ​ទស្សនៈនិង​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ»។​

អ្នកនាំពាក្យ​ក្រុមហ៊ុន Facebook បាន​ប្រាប់​ VOA ​ថា មនុស្ស​រាប់​លាន​នាក់​ពឹងផ្អែក​លើ​គេហទំព័រ​របស់​ក្រុមហ៊ុន​ដើម្បី​ទាក់ទង​ជាមួយ​នឹង​គ្រួសារ មិត្តភក្តិ ឬ​អតិថិជន។ អ្នកនាំពាក្យ​រូប​នេះ​និយាយ​ថា៖ «យើង​មិនមែន​ត្រូវ​គ្នា​រហូត​នោះ​ទេ​ជាមួយ​នឹង​រដ្ឋាភិបាល​លើ​បញ្ហា​ដូចជា​ការ​បញ្ចេញ​មតិ​យោបល់ រួម​ទាំង​នៅ​វៀតណាម​ផង​ដែរ ប៉ុន្តែ​យើង​ខិតខំ​ធ្វើ​ការ​ដើម្បី​ការពារ​សិទ្ន​នេះ​នៅ​ជុំវិញ​ពិភពលោក»។​

​អង្គការ​លើកលែង​ទោស​អន្តរជាតិ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ចាត់វិធានការ​ដើម្បី​ធានា​ថា ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​គោរពសិទ្ធិ​មនុស្ស ស្រប​តាម​គោលការណ៍​ណែនាំអង្គការ​សហប្រជាជាតិ​ស្តីពី​ធុរកិច្ច និង​សិទ្ធិ​មនុស្ស។ គោលការណ៍​ទី​១១​ ចែង​ថា ធុរកិច្ច​នានា​ត្រូវ​គោរព​សិទ្ធិ​មនុស្ស។​

សកម្មជន​សិទ្ធិ​មនុស្ស​ដែល​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ត្រូវ​បាន​បិទ​កាល​ពី​មុន​មក​បាន​ប្រាប់ VOA ថា៖ «ខ្ញុំ​គិត​ថា រដ្ឋាភិបាល​អាមេរិក​ជាពិសេស​សភា​អាមេរិក​មាន​សមត្ថភាព​ក្នុង​ការ​កំណត់ច្បាប់​ឬ​បទ​បញ្ញត្តិ​នានា​ដែល​នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ផ្លាស់ប្តូរ​គំរូ​អាជីវកម្ម​របស់​ខ្លួន​ កុំ​ឲ្យ​ប៉ះពាល់​សិទ្ធិមនុស្ស និង​អ្វីៗ​មួយ​ចំនួន​ទៀត»។

​លោក Ming Yu Hah នាយក​រង​ប្រចាំ​តំបន់​សម្រាប់​យុទ្ធនាការប្រចាំ​អង្គការ​លើកលែង​ទោស​អន្តរជាតិ​មាន​ទស្សនៈ​ដូចគ្នា ដោយ​លោក​លើកឡើង​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា៖ «ក្រុមហ៊ុន​នានា​រួម​ទាំង​ក្រុមហ៊ុន Facebook និង​ Google មាន​ការ​ទទួលខុសត្រូវ​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កន្លែង​ណា​ដែល​ពួកគេ​មាន​ប្រតិបត្តិការ»។

លោក​ Tao ក៏​បាន​និយាយ​ថា រដ្ឋាភិបាល​អាមេរិក​គួរ​ដាក់​សម្ពាធ​បន្ថែម​លើ​ក្រុមហ៊ុន​ទាំង​នោះ​ដើម្បី​ឲ្យ​មាន​ការ​ការពារ​សិទ្ធិ​ច្រើន​ជាង​មុន។

លោក​បាន​ថ្លែង​ថា៖ «ក្រុមហ៊ុន ​Facebook គឺ​ជា​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាននៅ​សហរដ្ឋអាមេរិក ពួកគេ​ត្រូវ​គោរពច្បាប់​និង​និយ័តកម្ម​របស់​សហរដ្ឋ​អាមេរិក ដូច្នេះ​ ខ្ញុំ​គិត​ថា​ប្រសិន​បើ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ជំរុញ​ខ្លាំង និង​រារាំង​ក្រុមហ៊ុន​ទាំង​នោះ​មិន​ឲ្យ​បំពាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​នៅ​តាម​បណ្តា​ប្រទេស​នានា​នៅ​លើ​សាកលលោក មិន​ត្រឹម​តែ​សហរដ្ឋអាមេរិក​តែ​ប៉ុណ្ណោះ​ទេ នោះ​នឹង​មាន​ប្រសិទ្ធិភាព»។​

អង្គការ​លើកលែង​ទោស​អន្តរជាតិ​បាន​ព្រមាន​ថា រដ្ឋាភិបាល​ប្រទេស​ដទៃ​ទៀត​អាច​ប្រកាន់​យក​នូវ​យុទ្ធសាស្ត្រ​រឹតត្បិត​ដូច​នេះ ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​រឹត​បន្តឹង​ការ​រឹតត្បិត​លើ​ខ្លឹមសារ។ អង្គការ​គាំពារ​សិទ្ធិ​នេះ​បាន​និយាយ​ថា ការ​ធ្វើ​ដូច​នេះ​នឹង «បង្ក​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​សេរីភាព​នៅ​ក្នុង​ការ​បញ្ចេញ​ទស្សនៈ»៕

ប្រែសម្រួល​ដោយ​លោក​ណឹម សុភ័ក្រ្តបញ្ញា