អ្នក​បរិច្ចាគ​ចង់​បាន​​ការ​​ធ្វើ​​​«បដិវត្តន៍​​សៀវភៅ»​នៅ​វៀតណាម

នៅ⁣មុខ⁣បណ្ណាល័យ⁣ លោក ង្វៀន កងថាច់ ជាមួយ⁣នឹង⁣សិស្សបឋមសិក្សា អានបៃ (M. Brown/VOA)

ដោយ Marianne Brown
ប្រែសម្រួលដោយ ឌី ខាំបូលី
នៅក្នុង​ប្រទេស​វៀតណាម ក្រុម​អ្នកផ្តល់​ជំនួយ​ព្រមាន​ថា ការអប់រំ​ដែលមាន​គុណភាព​ទាប កំពុង​រារាំងការ​ឈានឡើង​របស់​ប្រទេស​នេះ មិនឱ្យ​ងើបចេញ​ពី​ឋានៈ​នៃ​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម។ ប៉ុន្តែ បុរសម្នាក់​កំពុង​ព្យយាម​ផ្លាស់ប្តូរ​បញ្ហា​នេះ ដោយ​បាន​កសាងបណ្ណាល័យ​នានា ដែល​ទទួលបាន​ជំនួយ​ថវិកា​ពី​សហគម​នៅតាម​សាលា​ទាំងឡាយ។
នៅឯ​សាលា​បឋម​សិក្សាអានបៃ (An Bai) កុមារ​មួយក្រុម​ប្រញាប់ប្រញាល់​ទទួលសៀវភៅ​ពីគ្រូ​ម្នាក់ ហើយ​ដាក់​សៀវភៅ​ទាំងនោះ​នៅលើ​ធ្នើ​ ដែល​ស្ថិត​នៅ​ខាងក្រោយបន្ទប់​រៀន។ សៀវភៅ​ទាំងនេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​មួយ​របស់ លោក ង្វៀន កងថាច់ (Nguyen Quang Thach) ដែល​មាន​វ័យ​៣៧ឆ្នាំ ដើម្បី​ផ្តល់​ឱ្យ​នូវ​អ្វី​ដែល​ត្រូវបាន​ហៅថា «បណ្ណាល័យ​ឳពុកម្តាយ» នៅក្នុង​សាលា​នៅតាម​តំបន់​ជនបទ។
លោក ថាច់ ថ្លែង​ថា កសិករនៅក្នុង​សហគម​បែបនេះ មាន​លទ្ធភាព​តិចតួច​ណាស់​ក្នុងការ​ទទួលបាន​សៀវភៅសិក្សា។ សាលារៀន​ភាគច្រើន​មាន​សៀវភៅគ្រប់គ្រាន់ ប៉ុន្តែ ក្រុមគ្រួសារ​មួយចំនួន​តូច​ប៉ុណ្ណោះ​មាន​ឯកសារ​អាន​បន្ថែម។
«នៅពេល​ដែល​ខ្ញុំ​ធ្វើ​ការស្ទាបស្ទង់មតិ​ជាមួយ​សាលារៀន ខ្ញុំ​សម្ភាស​កសិករ​ កម្មករ និង​សិស្ស​ជាច្រើន។ ពួកគេ​មកពី​តំបន់​ជន​បទ។ ពួកគេ​បាន​និយាយ​ថា ពួកគេ​មិនដែល​ទៅ​បណ្ណាល័យរបស់សាលា​ដើម្បី​អាន​សៀវភៅ​នោះទេ។ មនុស្ស​ជាច្រើន​មិន​គិត​ថា សាលា​នេះ​មាន​បណ្ណាល័យឡើយ។ ដូច្នេះ បណ្ណាល័យ​នៅក្នុង​ប្រព័ន្ធ​របស់​សាលា​រៀន គឺ​ដូចជា​បន្ទប់​ដាក់ទំនិញ​មួយ ដែល​មិនមែន​ជា​កន្លែង​សម្រាប់​អាន​ពិតប្រាកដ​មួយ​នោះទេ»។
ការអប់រំ​គឺជា​ប្រធានបទ​ក្តៅ​មួយ​នៅវៀតណាម ដែល​មានអត្រាអ្នកចេះអាន​និង​សរសេរ​ខ្ពស់ ទោះបីជា​មាន​វិធីសាស្រ្ត​បង្រៀន​បែប​បុរាណ​និង​អំពើពុករលួយ ដែល​បំផ្លាញ​ដល់​ការសិក្សា​នៅតាម​សាលា​ក៏ដោយ។
ទោះបីជា​ប្រទេស​នេះ​បាន​អួតអាង​អំពី​អត្រា​អ្នកចេះអាន​និង​សរសេរ​ជាង​៩០​ភាគរយ​សម្រាប់​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ជនបទ​ដាច់​ស្រយាលយ៉ាងណា​ក៏ដោយ ក៏ក្រុម​អ្នកផ្តល់​ជំនួយ​និយាយ​ថា មាន​ចន្លោះប្រហោងរវាង​អ្វី​ដែល​សាលា​បង្រៀន និង​អ្វី​ដែល​អ្នក​ធ្វើការ​របស់​ប្រទេស​នេះ​ត្រូវយល់ដឹង។
ការអនុវត្ត​នៅក្នុង​ការសិក្សា​នៅតាម​សាលារៀន​របស់​វៀតណាម ​នៅ​មានកម្រិត​ទាបដែរ បើប្រៀបធៀប​ទៅនឹង​ប្រទេស​ផ្សេងៗទៀត​នៅក្នុង​តំបន់។ ​បញ្ហា​ផ្នែក​ធំ​គឺ​ការសូកប៉ាន់ ហើយជារឿយៗ​ សារព័ត៌មាន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ ​បាន​ចេញ​ផ្សាយ​រឿងរ៉ាវអំពី​គ្រូ ដែល​កំពុង​ត្រូវបាន​ស្តីបន្ទោស ចំពោះ​ការផ្តល់​ពិន្ទុ​ខ្ពស់​ជាថ្នូរ​នឹង​លុយ។ យោងតាម​អ្នកវិភាគ​មួយចំនួន ការពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅលើ​វិធីសាស្រ្ត​សរសេរ​តាមអាន​នៅក្នុង​ថ្នាក់រៀន ក៏មាន​ន័យថា សិស្ស​វៀតណាមមិនត្រូវបាន​លើកទឹកចិត្ត​ឱ្យ​ត្រិះរិះ​ពិចារណា​ដោយ​ខ្លួនឯង ឬ​អភិវឌ្ឍ​ដំណោះស្រាយ​បញ្ហា​ប្រកបដោយ​ការច្នៃ​ប្រឌិត​នោះទេ។
បណ្ណាល័យ​ដ៏មមាញឹក ដែល​ពោរពេញ​ទៅដោយ​សៀវភៅ អាច​ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ។ លោក ថាច់ ធ្វើការ​ជាមួយ​ក្រុម​អ្នកបោះពុម្ព​សៀវភៅ​នៅក្នុង​ទីក្រុង ហាណូយ (Hanoi) ដើម្បី​ផ្តល់​នូវ​បញ្ជី​ចំណង​ជើង​សៀវភៅ ជាមួយនឹង​អត្រា​បញ្ចុះ​តម្លៃ​សម្រាប់​គ្រូបង្រៀន​និង​សិស្ស​ដើម្បី​ជ្រើសរើស។
លោក​និយាយ​ថា លោក​ក៏កំពុងតែ​សម្លឹងមើលអំពី​ការផ្លាស់ប្តូរ​ឥរិយាបទ​អំពី​ការបិរច្ចាគ​នៅក្នុង​ប្រទេស​វៀតណាម ដែល​វាគឺជា​រឿង​ទូទៅសម្រាប់​ប្រជាពលរដ្ឋ ក្នុងការ​ចំណាយ​ថវិកា​រាប់ពាន់​ដុល្លា ដើម្បី​កសាងអគារ​វប្បធម៌​ថ្មីៗ ឬ​ក្លោងទ្វារ​ចូលទៅភូមិ ដែល​ជា​និមិត្តរូប​នៃ​ទ្រព្យសម្បត្តិ​និង​ឋានៈ។
«បញ្ហាពិតប្រាកដ​គឺ​ចំណេះដឹង មិនមែន​ជា​អ្វី​ដែល​ត្រូវអួត​ដាក់​គ្នា​ ដូចជា​វិហារ​ធំៗ ឬ​លុយ​ដ៏ច្រើន​សម្រាប់​ពិធី​មង្គលការ លុយ​ដ៏ច្រើន​សម្រាប់​ពិធី​រំឮក​ខួប​ដូនតា​នោះទេ។ ពួកគេ​គួរតែ​ប្រើប្រាស់​លុយ​សម្រាប់​រឿង​ដែល​ប្រសើរ​ជាងនេះ​ ដោយ​វិនិយោគ​សម្រាប់​អនាគត ដែល​នោះ​គឺជា​សៀវភៅតែម្តង»។
កន្លងមក បណ្ណាល័យឳពុកម្តាយ​ជិត​មួយពាន់កន្លែង​ ត្រូវបាន​កសាង​ឡើង ដោយ​មានសៀវភៅ​រាប់រយ​ក្បាល​នៅក្នុង​បណ្ណាល័យ​នីមួយៗ ហើយ គំរូ​របស់​លោក ថាច់ ត្រូវបាន​ចម្លងតាម​នៅតាមបណ្តាខេត្ត​ជាច្រើន​នៅ​ទូទាំង​ប្រទេស។ សម្រាប់​សាលា​នីមួយៗ លោក ថាច់ បាន​ជួយ​កសាង​បណ្ណាល័យ ដែលមាន​បន្ទប់​រហូតដល់​ទៅ​បួន ហើយ​បន្ទាប់មក អ្នកផ្សេងទៀត​បាន​យកតាម​គំរូ​នេះ។ ឳពុកម្តាយ​ផ្តល់​ថវិកា​ចំនួន​បីដុល្លា​រក្នុងមួយ​ឆ្នាំ​សម្រាប់​ឆ្នាំ​ទីមួយ និង​មួយដុល្លា​នៅក្នុង​ឆ្នាំ​បន្តបន្ទាប់។
នាយក​សាលា​វិទ្យាល័យ អានឌុក (An Duc) លោក ផាំ ឌុកដួង (Pham Duc Duong) និយាយ​ថា ដោយសារគំរូ​រប់ស​លោក ថាច់ គុណភាព​អប់រំ​នៅតាមសាលា​គឺកម្រិត​ខ្ពស់​ជាងមុន។
លោក​និយាយ​ថា សិស្ស​ទទួលបានលទ្ធផល​ប្រសើរ​ជាងមុនសម្រាប់​ការប្រកួតប្រជែង ជាពិសេស​ក្នុង​មុខវិជ្ជា​វិទ្យាសាស្រ្ត​សង្គម។
លោកស្រី ឌួង លីង៉ា (Duong Le Nga) គឺជា​ប្រធាន​ក្រុម​យុវជនរបស់​សាលា។ លោកស្រី​និយាយ​ថា បន្ទាប់ពី​បណ្ណាល័យ​ត្រូវបាន​សាងសង់​រួច សិស្ស​បាន​ចាប់ផ្តើម​សួរ​សំណួរ​ជាច្រើន​ទៅកាន់​គ្រូ។ លោកស្រី​គិតថា គំរូ​របស់​លោក ថាច់ ជួយ​សិស្ស​ឱ្យគិត​«ប្រកបដោយ​ការត្រិះរិះ​ពិចារណា»។
លោកស្រី ង៉ា និយាយ​ថា សិស្ស​បានចាប់ផ្តើម​បង្កើតក្លឹបជជែក​ដេញដោល​នៅក្នុង​ថ្នាក់រៀន​ដោយខ្លួនឯង។ ថ្នាក់​នីមួយៗ​មាន​ក្លឹប​បី​ឬបួន ទៅលើ​មុខវិជ្ជា​ផ្សេងៗគ្នា។ ឥឡូវនេះ​ ជាជាង​ពឹងផ្អែក​ទៅលើ​គ្រូបង្រៀន​ដើម្បី​ទទួល​បានឯកសារ ពួកគេ​បាន​ទៅរក​ក្លឹប​ដោយ​ខ្លួន​ឯង។
នាយករង​សាលា លោក អួង មិញថាញ់ (Uong Minh Thanh) និយាយ​ថា សិស្ស​ជាច្រើន​នៅទីនេះ នឹង​ក្លាយ​ទៅជា​អ្នកធ្វើការ​នៅតាម​រោងចក្រនៅ​ក្បែរៗ​នេះ។ ទោះជា​យ៉ាងនេះក្តី បន្ទាប់ពី​បាន​ឃើញ​ឥទ្ធិពល​នៃ​បណ្ណាល័យ​ថ្មី លោក​សង្ឃឹមថា កុមារ​ទាំងឡាយ​នឹង​មាន​មហិច្ឆតា​ខ្ពស់​ជាង​នេះ​សម្រាប់​ខ្លួន នៅពេល​ដែល​ពួកគេ​បញ្ចប់​ការសិក្សា។
លោក​និយាយ​ថា បណ្ណាល័យ​បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យមាន​ការអាន​ជាក្រុម​នៅក្នុង​ចំណោម​សិស្ស និងគ្រូ និង​សម្រាប់​ក្រុមគ្រួសារ នៅពេល​ដែល​កុមារ​យក​សៀវភៅ​ទៅផ្ទះ។
ទោះបីជា​គំរូ​របស់​លោក ថាច់ សំដៅ​ទៅលើ​កសិករ​ក្រីក្រ​របស់​វៀតណាមក្តី ក៏គំរូ​នេះ​មិនបាន​រូមបញ្ចូល​ក្រុម​ជនជាតិ​ភាគតិច​ទេ។ ទោះបីជា​មាន​តែ​ចំនួន​១៤​ភាគរយ​នៃ​ប្រជាពលរដ្ឋ​ក្តី ក្រុម​ជនជាតិ​ភាគតិច​ទាំងនេះ​មានចំនួន​ស្មើនឹង​ពីរភាគប្រាំ​នៃ​ប្រជាពលរដ្ឋ​ក្រីក្រ​របស់​ប្រទេស​នេះ។
លោក ថាច់ និយាយថា លោក​មាន​ផែនការ​ពង្រីក​គំរូ​នេះ​ទៅកាន់​កុមារ​នៅតាមសាលា​របស់​ជនជាតិ​ភាគតិច​នៅ​ឆ្នាំក្រោយ ប៉ុន្តែ សៀវភៅ​នឹង​ត្រូវបាន​ផ្តល់ឱ្យ​ជា​ភាសា​វៀតណាម ដែល​ជាភាសា​ទីពីរ​សម្រាប់​ជនជាតិ​ភាគតិច​ភាគច្រើន ហើយ​កម្រិត​នៃ​ការចេះអាន​និង​ចេះសរសេរ​នៅមាន​កម្រិត​ទាប។
លោក ថាច់ និយាយ​ថា សុបិន្ត​របស់​លោក​គឺថា ថ្ងៃណាមួយ​គំរូ​របស់​លោក​នឹងអាច​ឧបត្ថម្ភ​ខ្លួន​ដោយ​ខ្លួនឯង​បាន ហើយគេនឹង​លែងត្រូវ​ការ​លោក​ត​ទៅ​ទៀតហើយ។ នាពេល​ឥឡូវនេះ លោក​និយាយ​ថា លោក​សង្ឃឹម​ថា «បដិវត្តន៍​សៀវភៅ»​របស់លោក អាច​ជួយកសិករវៀតណាម ឱ្យឈរ​ស្មើគ្នា​ជាមួយនឹង​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍ដែរ៕