វៀតណាម​ទទូច​សុំ​កម្ពុជា​សហការ​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​គម្រោង​ព្រែក​ជីក​ហ្វូណន

រូបឯកសារ៖ សកម្មភាព​ជីក​ព្រែក​ជីកហ្វូណន​តេជោ​នៅព្រែកតាកែវ ខេត្តកណ្តាល កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤។

នៅ​គ្រា​ដែល​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះ​ពាល់​លើ​ទន្លេ​មេគង្គ ​រដ្ឋាភិបាល​វៀតណាម​បាន​ប្រកាស​គាំទ្រ​គម្រោង​ព្រែក​ជីក​ហ្វូណន​របស់​កម្ពុជា។​ ប៉ុន្តែ​វៀតណាម​នៅ​បន្ត​ទទូច​សុំ​ការ​ចូលរួម​ស្វែងរក​ដំណោះ​ស្រាយ​ចំពោះ​ផល​ប៉ះពាល់​អវិជ្ជមាន​ដែល​អាច​មាន​ពី​ព្រែក​ជីក​ភ្ជាប់​ពី​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​កណ្តាល​ទៅ​ឆ្នេរ​អង្កោល​ក្នុង​ខេត្ត​កែប។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន​ Reuters​ ដែល​បាន​ដក​ស្រង់​សម្តី​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​

ទោះ​ជា​យ៉ាង​ណា ​មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​អះអាង​ថា​ កម្ពុជា​បាន​សិក្សា​ផល​ប៉ះពាល់ ​ហើយ​កម្ពុជា​មាន​ម្ចាស់​ការ​របស់​ខ្លួន ​ដោយ​មិន​បាច់​ពិគ្រោះ​យោបល់​ជាមួយ​ប្រទេស​ជិត​ខាង​ណា​ឡើយ។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម ​លោក ​Doan Khac Viet ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ វៀតណាម​គាំទ្រ​គម្រោង​នេះ ​និង​គោរព​ការ​សម្រេច​ក្នុង​ការ​ស្ថាបនា​ព្រែកជីក​របស់​កម្ពុជា។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម ​លោក ​Doan Khac Viet

ប៉ុន្តេ​លោក​បញ្ជាក់​ថា៖ ​«យើង​ប្រាថ្នា​ចង់​សហការ​ជាមួយ​កម្ពុជា​ក្នុង​ផ្នែក​ស្រាវជ្រាវ​ និង​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់ ​ដើម្បី​យើង​អាច​មាន​ដំណោះ​ស្រាយ​សម​ស្រប​ក្នុង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់‍»។​

លោក ​សុខ ឥសាន ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​សមាជិក​ព្រឹទ្ធ​សភា​មួយ​រូប​ ប្រាប់​វីអូអេ​ថា​ មុន​នឹង​សម្រេច​សាង​សង់​ព្រែក​ជីក​នេះ ​អ្នក​បច្ចេកទេស​បាន​សិក្សា​លម្អិត ​និង​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​បរិស្ថាន​រួច​ហើយ។​ លោក​បន្ថែម​ថា​ កម្ពុជា​មិន​ចាំបាច់​ពិគ្រោះ​យោបល់​ជាមួយ​ប្រទេស​ណា​ឡើយ។​

លោក​ថ្លែង​ថា៖​ «អត់​មាន​ពិចារណា​អី​ទេ​ យ៉ាង​ច្រើន​យើង​ផ្ដល់​ព័ត៌មាន​ថា ​យើង​បាន​សិក្សា​ ហើយ​អត់​មាន​ប៉ះពាល់​អី​ទេ ​ពីព្រោះ​អា​នេះ ​បើ​និយាយ​ក្នុង​គណៈ​កម្មការ​ទន្លេ​មេគង្គ​ ក៏​អត់​មាន​ប៉ះ​ពាល់​អី​ដែរ!​ ពី​ព្រោះ​វា​ក្រៅ​ក្រប​ខណ្ឌ​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ។​ អ៊ីចឹង​រាជ​រដ្ឋាភិបាល​លោក​សម្រេច​ដោយ​ឯករាជ្យ ​ម្ចាស់​ការ​របស់​ខ្លួន​ មិន​បាច់​ពិគ្រោះ​យោបល់​ឬ​មិន​បាច់​សុំ​ប្រទេស​ជិត​ខាង​ណា​ទេ»។​

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណ​ការ ​និង​ដឹក​ជញ្ជូន ​លោក​ ផន រឹម​ ប្រាប់​វីអូអេ​ជា​អក្សរ​តេឡេក្រាម​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ សំណើ​របស់​វៀតណាម​នេះ​គឺ​ជា​ការ​ចាប់​អារម្មណ៍​របស់​ប្រទេស​ដែល​ជា​សមាជិក​មួយ​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ។ ​លោក​បាន​អរគុណ​ប្រទេស​វៀតណាម​ចំពោះ​ការ​គាំទ្រ​នេះ។​

លោក​បញ្ជាក់​បន្ថែម​ថា៖​ «កម្ពុជា​យើង​នឹង​អនុវត្ត​កិច្ច​ការងារ​នេះ​ក្នុង​ក្រប​ខណ្ឌ​កិច្ច​ព្រម​ព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥​ ហើយ​យើង​យក​គោល​ការណ៍​កិច្ច​សហ​ប្រតិបត្តិការ​ប្រទេស​ដែល​ជា​សមាជិក​ជា​ចំណុច​អាទិភាព​មួយ។ ​ដូច្នេះ​ការ​អនុវត្ត​ទៅ​តាម​សំណើ​ផ្សេងៗ​នៃ​ប្រទេស​ដែល​ជា​សមាជិក​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ​នឹង​អនុលោម​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥ ​និង​នីតិវិធី​ដែល​ពាក់ព័ន្ធ​នានា​ដែល​មាន​ជា​ធរមាន»។​

ពិធីបើកការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ​ក្នុង​ខេត្ត​កណ្តាល

កាល​ពី​ថ្ងៃ​ចន្ទ​ ក្នុង​ពិធី​បើក​សម្ពោធ​ការដ្ឋាន​សាងសង់​ព្រែក​ជីក​នេះ ​លោក​ ស៊ុន ចាន់ថុល ​ឧប​នាយក​រដ្ឋមន្រ្តី​ដែល​ទទួល​បន្ទុក​គម្រោង​នេះ ​បាន​ថ្លែង​ថា​ ​គម្រោង​ព្រែក​ជីក​ហ្វូណន​នេះ​ត្រូវ​បាន​សិក្សា​យ៉ាង​ហ្មត់​ចត់ ​ដើម្បី​ធានា​មិន​មាន​ផល​ប៉ះពាល់ ​ដូចជា​ទីតាំង​ភូមិសាស្រ្ត​ សង្គម ​និង​សេដ្ឋកិច្ច ​បញ្ហា​ជល​សាស្រ្ត ​និង​កករដី ​ការ​សិក្សា​លើ​ចលនា​ការ​ប្រែប្រួល​កម្ពស់​ទឹក ​ដោយ​បាន​ធានា​មិន​ឱ្យ​ប៉ះពាល់​ទៅ​លើ​បរិស្ថាន​ទាំង​ក្នុង ​និង​ក្រៅ​ប្រទេស។​ លោក​បញ្ជាក់​ថា​ ​គម្រោង​នេះ​នឹង​មិន​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ទាំង​ក្នុង​ប្រទេស​កម្ពុជា​ និង​បណ្ដា​ប្រទេស​ជិត​ខាង​ឡើយ។​

រដ្ឋាភិបាល​កម្ពុជា​បាន​ពន្លឿន​បើក​ការដ្ឋាន​សាងសង់​ព្រែក​ជីក​ហ្វូណន​មួយ​នេះ​ កាល​ពី​ថ្ងៃ​ទី​៥​ ខែ​សីហា ​ដែល​ជា​ខួប​កំណើត​របស់​អតីត​នាយក​រដ្ឋមន្រ្តី ​លោក​ ហ៊ុន សែន ​បើ​ទោះ​មាន​ការ​ព្រួយ​បារម្ភ​ពី​ភាគី​វៀតណាម​អំពី​ផល​ប៉ះពាល់​លើ​ទន្លេ​មេគង្គ​និង​ឥទ្ធិពល​របស់​ចិន​លើ​ការ​ប្រើ​ប្រាស់​ផ្លូវ​ទឹក​មួយ​នេះ។​

អ្នក​វិភាគ​នយោបាយ​ និង​សង្គម​ លោក​ មាស នី ​យល់​ឃើញ​ថា​ ការ​ដាក់​សំណើ​ដល់​កម្ពុជា​សុំ​ការ​សហការ​ក្នុង​ការ​សិក្សា​ពី​ផល​ប៉ះ​ពាល់​នេះ ​ជា​ការ​ឆ្លើយ​តប​វិជ្ជមាន​មួយ​របស់​វៀតណាម​លើ​គម្រោង​ព្រែក​ជីក​របស់​កម្ពុជា។​

លោក​ថ្លែង​ថា៖​ «បើ​សិន​ជា​កម្ពុជា​យើង​មិន​បង្ហាញ​[ការ​យល់​ព្រម​នឹង​សំណើ​របស់​វៀតណាម]​ ក៏​ដូចជា​មិន​សូវ​សម​ដែរ ​ដោយ​សារ​តែ​យើង​ក៏​ជា​សមាជិក​ក្នុង​តំបន់​ទន្លេ​មេគង្គ​ដែរ។​ អ៊ីចឹង​ការ​ស្នើ​សុំ​របស់​គេ ​ក៏​ស្រប​ច្បាប់​ដែរ។​ ប៉ុន្តែ​អាហ្នឹង​ វា​អាស្រ័យ​លើ​រដ្ឋាភិបាល​កម្ពុជា​ទេ។ ​ខ្ញុំ​ជឿ​ថា​ យើង​ក៏​មាន​ការ​សិក្សា​មួយ​ហ្មត់ចត់​ដែរ ​មុន​នឹង​ធ្វើ​កិច្ចការ​ហ្នឹង»។​

លោក ​Brian Eyler ​អ្នក​ជំនាញ​អំពី​ទន្លេ​មេគង្គ​នៅ​មជ្ឈមណ្ឌល ​Stimson ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​សហ​រដ្ឋ​អាមេរិក ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ប្រសិន​បើ​ក្រុមហ៊ុន​ឬ​អ្នក​វិនិយោគ​វៀតណាម​អាច​ចូលរួម​ក្នុង​គម្រោង​មួយ​នេះ ​ វា​អាច​បង្កើត​នូវ​ស្មារតី​សហការ​គ្នា​មួយ ​ដែល​អាច​ធ្វើ​ឱ្យ​ប្រសើរ​នូវ​ផល​ប៉ះពាល់​សង្គម​និង​បរិស្ថាន​ជា​អវិជ្ជមាន​ទាំង​នៅ​កម្ពុជា​និង​វៀតណាម។​

លោក​ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​ថា៖ ​«ទោះ​យ៉ាង​ណា ​ដើម្បី​ឱ្យ​ប្រាកដ ​ វា​នៅ​តែ​ត្រូវ​ការ​គណៈ​កម្មការ​ទន្លេ​មេគង្គ​ក្នុង​ការ​ដើរ​តួនាទី​ចម្បង ​ដើម្បី​ធានា​ថា​ កិច្ច​ព្រម​ព្រៀង​ទន្លេ​មេគង្គ​ឆ្នាំ​១៩៩៥​ត្រូវ​បាន​គោរព។ ​ ប្រហែល​ជា​ការ​គាំទ្រ​ថ្មី​ពី​សំណាក់​វៀតណាម​អាច​បើក​ច្រក​ឱ្យ​គណៈ​កម្មការ​ទន្លេ​មេគង្គ ​ដើរ​តួនាទី​នេះ ​ហើយ​គម្រោង​ព្រែក​ជីក​នេះ​អាច​ក្លាយ​ជា​គម្រោង​ឈាន​មុខ​មួយ​(គំរូ)​សម្រាប់​អភិបាល​កិច្ច​ក្នុង​ការ​គ្រប់​គ្រង​ផល​ប៉ះ​ពាល់​ឆ្លង​ដែន​ទន្លេ»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ ​ហៅ​កាត់​ថា​ MRC ​ (Mekong River Commission)​បាន​នៅ​ឡើយ​ទេ។​

វីអូអេ​ក៏​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ សូ សុភ័ទ្ទ ​អគ្គ​លេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា​បាន​ដែរ។​
លោក ​ហេង គឹមហុង​ ប្រធាន​ប្រតិបត្តិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ ប្រាប់​វីអូអេ​ថា​ ការ​ដែល​វៀតណាម​គាំទ្រ​គម្រោង​ព្រែក​ជីក​នេះ​ជា​រឿង​ល្អ​មួយ​ ព្រោះ​កន្លង​ទៅ ​វៀតណាម​តែង​តែ​បង្ហាញ​ការ​ព្រួយ​បារម្ភ។​ ទោះ​ជា​យ៉ាង​ណា ​ក្នុង​នាម​ជា​អ្នក​តាម​ដាន​ម្នាក់​ លោក​មិន​ទាន់​ឃើញ​របាយ​ការណ៍​លម្អិត​អំពី​ការ​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​បរិស្ថាន​ដែល​កើត​ចេញ​ពី​គម្រោង​ព្រែក​ជីក​នេះ​ឡើយ។​

លោក​ថ្លែង​ថា៖​ « កន្លង​ទៅ​យើង​អត់​ទាន់​បាន​ឃើញ​លម្អិត​អំពី​របាយ​ការណ៍​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ទេ។ អ៊ីចឹង​ យើង​មានការ​ព្រួយ​បារម្ភ​ដោយ​សារ​ត្រូវ​ជីក​ព្រែក​ផង ​ត្រូវ​បង្ហូរ​ទឹក​ផង​....​ទឹក​ពី​ប្រព័ន្ធ​ទឹក​សាប​ទៅ​ប្រព័ន្ធ​ទឹក​ប្រៃ ​អ៊ីចឹង​ទាំង​អស់​ហ្នឹង​គឺ​មាន​ការ​ព្រួយ​បារម្ភ​ដូច​គ្នា»។​

គួរ​បញ្ជាក់​ថា ​ព្រែក​ជីក​ដែល​មាន​តម្លៃ​ប្រមាណ​១៧០០​លាន​ដុល្លារ​អាមេរិក ​និង​មាន​ប្រវែង​១៨០​គីឡូម៉ែត្រ​នេះ​ចាប់​ផ្តើម​ពី​ព្រែក​តាកែវ​នៃ​ទន្លេ​មេគង្គ​ក្នុង​តំបន់​កំពង់ផែ​ស្វយ័ត​ ស្រុក​កៀនស្វាយ​ ខេត្ត​កណ្តាល ​ឆ្លង​កាត់​ស្រុក​អង្គរ​បូរី​ ខេត្ត​តាកែវ ​និង​បន្ត​រហូត​ដល់​ឆ្នេរ​អង្កោល ​ក្នុង​ខេត្ត​កែប៕​