កងកម្លាំងចម្រុះរារាំងសកម្មជននិងព្រះសង្ឃមិនឲ្យធ្វើខួបបួនឆ្នាំនៃមរណភាពលោក កែម ឡី
Your browser doesn’t support HTML5
កងកម្លាំងចម្រុះជាង៥០នាក់បានរារាំងមិនឲ្យយុវជនរបស់ចលនាមាតាធម្មជាតិ និងយុវជនឯទៀតដែលគាំទ្រលោកកែម ឡី ជិត១០នាក់ និងព្រះសង្ឃជាង១០អង្គទៀត ធ្វើពិធីរំឭកខួបបួនឆ្នាំនៃការស្លាប់លោកបណ្ឌិតកែម ឡីនៅស្ថានីយប្រេងសាំងកាល់តិច ស្តុបបូកគោ នាទីក្រុងភ្នំពេញ នៅថ្ងៃទី៨ ខែកក្កដានេះ។
នៅខណៈមានការរារាំងខ្លាំងពីក្រុមកម្លាំងចម្រុះ ដែលមានទាំងកងសន្តិសុខ និងនគរបាលនោះ ក្រុមយុវជន ដែលរួមមានក្រុមយុវជនខ្មែរថាវរៈ ក្រុមយុវជនឈ្មោះ Not1More និងសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ និងក្រុមព្រះសង្ឃ បានបង្ខំចិត្តសូត្រធម៌ឧទ្ទិសកុសលជូនលោកកែម ឡី នៅចម្ងាយប្រមាណ១០០ម៉ែត្រពីទីតាំងស្ថានីយប្រេងឥន្ធនៈកាល់តិច ដែលលោកកែម ឡីត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់។ ក្រោយពិធីស្មិងស្មាធិ៍នោះ ក្រុមយុវជនបានបន្តដំណើរដោយថ្មើរជើងឆ្ពោះទីបញ្ចុះសពលោកកែម ឡីនៅខេត្តតាកែវ៕