ក្រុមជនរងគ្រោះនៃរបបខ្មែរក្រហមក្នុងនិងក្រៅប្រទេសខ្លះ ចង់ឲ្យរាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ជាផ្លូវការចំពោះទិវានៃការចងចាំអំពីរបបខ្មែរក្រហម ដែលបានកាប់សម្លាប់ពលរដ្ឋខ្មែរជាង ១លាន ៧សែននាក់ ក្នុងទសវត្សរ៍១៩៧០។
ការទទូចដូច្នេះធ្វើឡើង ដោយសារតែទិវានេះដែលជាផ្នែកមួយនៃ «សំណងសមូហភាព» ពីសាលាក្តីខ្មែរក្រហម ដើម្បីរំឭកនិងចងចាំដល់ជនរងគ្រោះនៃរបបខ្មែរក្រហមនេះ ត្រូវអាជ្ញាធរលុបចេញពីប្រក្រតិទិននៃថ្ងៃឈប់សម្រាកជាសាធារណ: នៅឆ្នាំ២០២០នេះ។
លោក សុំ រិទ្ធី ជនរួចជីវិតពីសម័យខ្មែរក្រហមម្នាក់ និងជាអតីតដើមបណ្តឹងរដ្ឋប្បវេណីក្នុងតុលាការខ្មែរក្រហម ដែលចូលរួមដោយអង្គការសហប្រជាជាតិ។ ប្រវត្តិរបស់លោកទើបត្រូវបោះពុម្ពជាសៀវភៅឈ្មោះ សុំ រិទ្ធី (ការរួចជីវិតពីអំពើប្រល័យពូជសាសន៍នៅលើទឹកដីអង្គរ) ឬ Sum Rithy: Surviving The Genocide in the Land of Angkor។
លោកនិងជនរងគ្រោះដទៃទៀតធ្លាប់បានតស៊ូមតិទាមទារយុត្តិធម៌ ហើយបានចូលរួមប្រជុំតាំងពីដំបូងដើម្បីពិភាក្សាអំពីទិវារំឭកនៃការចងចាំនេះ។ លោក រិទ្ធី ចង់ឃើញទិវានេះប្រព្រឹត្តទៅជាផ្លូវការមានការចូលរួម និងការទទួលស្គាល់ពីរដ្ឋាភិបាល។
«បើទទួលស្គាល់ពីរដ្ឋាភិបាលទៅរឿងហ្នឹង វាល្អ ព្រោះកន្លងមក រឿងខ្មែរក្រហមហ្នឹង វាជារឿងប្រវត្តិសាស្ត្ររបស់ជាតិ ហើយមិនមែនរឿងរបស់នរណាមួយទេ»។
លោក សុំ រិទ្ធី បានអះអាងថា ដំបូងឡើយមានជនរងគ្រោះបានស្នើសុំឲ្យអង្គភាពជនរងគ្រោះនៃសាលាក្តីខ្មែរក្រហម យកថ្ងៃទី១៧ ខែមេសា ជាទិវានៃការចងចាំជាផ្លូវការ តែមិនមានការយល់ព្រមហើយក្រុមជនរងគ្រោះក៏យល់ព្រមទៅតាមការកំណត់របស់សាលាក្តី និងរដ្ឋាភិបាល ដែលយកថ្ងៃទី២០ ខែឧសភា ជាទិវានៃការចងចាំ ហើយជាថ្ងៃដែលគណបក្សគ្រប់គ្រងប្រទេសប្រារព្ធទិវាចងកំហឹងរបបប្រល័យពូជសាសន៍ខ្មែរក្រហមជារៀងរាល់ឆ្នាំនោះ។
លោក សុំ រិទ្ធី បានប្រាប់ពីគំនិតរបស់ជនរងគ្រោះ ដែលបានលើកឡើងថា ថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ គឺជាថ្ងៃដែលក្រុមខ្មែរក្រហមបានចូលមកកាន់កាប់អំណាច ហើយបានចាប់ផ្តើមនយោបាយជម្លៀសពលរដ្ឋកាប់សម្លាប់ពលរដ្ឋ និងធ្វើទារុណកម្មលើពលរដ្ឋខ្មែរ បង្កវិនាសកម្មយ៉ាងសាហាវព្រៃផ្សៃនៅសម័យនោះ។
«និយាយទៅ ខាងរដ្ឋាភិបាលលោកតម្រូវឲ្យយកថ្ងៃ២០ ឧសភាហ្នឹង វិញដល់អ៊ីចឹងទៅសាលាក្តីហ្នឹងអង្គភាពគាំពារជនរងគ្រោះ ក៏សម្រេចថាយកថ្ងៃ២០ ឧសភាដែរ...ដល់យកថ្ងៃ២០ ឧសភាទៅ ក៏ពួកខ្ញុំតាមសំណើរបស់ប្រធានអង្គភាពជនរងគ្រោះ និងសាលាក្តីខ្មែរក្រហមហ្នឹង។ ខ្ញុំក៏យល់ស្របតាមហ្នឹង»។
លោកស្រី បៃ សុផានី (Sophany Bay) ជនរងគ្រោះដើមនិងជាបណ្តឹងរដ្ឋប្បវេណីនៃសំណុំរឿង០០២ វគ្គ១ ដែលរស់នៅក្នុងទីក្រុងសានហូហ្សេ រដ្ឋកាលីហ្វ័ញ៉ា បានថ្លែងថា លោកស្រីចង់បានថ្ងៃ១៧ មេសា ជាថ្ងៃប្រារព្ធទិវានៃការចងចាំ តែបើរដ្ឋាភិបាលយកថ្ងៃ២០ ឧសភា ក៏លោកស្រីមិនថាអ្វីដែរ តែមិនគួរលុបចេញពីថ្ងៃបុណ្យជាតិទេ។
«សំខាន់ត្រង់កន្លែងអ៊ីចេះ គឺយើងមិនភ្លេចរឿងថ្ងៃសោកនាដកម្មហ្នឹង ព្រោះអីយើងចង់រំឭកការឈឺចាប់ ហើយនិងអំពើឃោរឃៅរបស់របបខ្មែរក្រហមហ្នឹង ហើយយើងចង់ដាស់សតិខ្មែរទាំងអស់ហ្នឹងដើម្បីឲ្យនឹកឃើញរឿងហ្នឹងឡើងនិងចង់ប្រាប់ថា កុំឲ្យមានរឿងហ្នឹងវិលត្រឡប់មកវិញម្តងទៀត»។
លោកស្រីថ្លែងដូច្នេះ ដោយយោងថាថ្ងៃ១៧ មេសា គឺជាថ្ងៃចាប់ផ្តើមនៃអំពើវិនាសកម្មកាប់សម្លាប់ព្រាត់ប្រាសដ៏សែនវេទនា និងការបាត់បង់ក្រុមគ្រួសាររបស់លោកស្រី និងពលរដ្ឋទូទាំងប្រទេស។
លោក ប្រៃអិន ប៊េន (Bryant Ben) ជាជនរងគ្រោះមួយរូបដែលរស់នៅក្នុងទីក្រុងឡងប៊ិច រដ្ឋកាលីហ្វ័ញ៉ា បានថ្លែងថា ទិវារំឭកនៃការចងចាំជាការល្ អបើសិនជារដ្ឋាភិបាលទោះក្នុងសម័យណាក៏ដោយទទួលស្គាល់និងផ្តល់តម្លៃ។
«ខ្ញុំយល់ថា រដ្ឋាភិបាលទទួលស្គាល់ ឬក៏អ្នកដឹកនាំទទួលស្គាល់ជាការសំខាន់ណាស់ ពីព្រោះខ្ញុំអត់ទទួលស្គាល់ថារឿងនេះ ជារឿងឯកជនទេ»។
លោក ប្រៃអិន ប៊េន បានថ្លែងបន្ថែមថា លោកមិនធ្វើអត្ថាធិប្បាយអ្វីទេ ការដែលរដ្ឋាភិបាលកម្ពុជាប្រារព្ធពិធីរំឭកការចងចាំចំថ្ងៃផ្សេងពីថ្ងៃ១៧ មេសា ឬយល់ថារឿងនោះជាទិវាចងកំហឹង តែសម្រាប់លោកថ្ងៃ១៧ មេសា ដែលជាថ្ងៃខ្មែរក្រហមចាប់ផ្តើមកាន់អំណាច និងចាប់ផ្តើមកាប់សម្លាប់ខ្មែរនោះ គឺជាថ្ងៃដែលលោកតែងតែប្រារព្ធពិធីនៃការចងចាំ នៅក្នុងទីក្រុងឡងប៊ិច លើកលែងតែឆ្នាំនេះដោយសារតែវីរុសកូរ៉ូណា។
«គឺរឿងពីរខុសគ្នាស្រឡះ។ ខ្ញុំនាំគ្នារំឭកថ្ងៃ១៧ មេសា គឺជាថ្ងៃដែលរំឭកដល់អ្នកដែលបានស្លាប់។ចំពោះខ្ញុំ ខ្ញុំយល់ថា គាត់ស្លាប់ ដោយសារការអត់ឃ្លាន ដោយសារជំងឺ ដោយសារការសម្លាប់ដោយអយុត្តិធម៌ មិនរកហេតុផលឲ្យ។ គ្រាន់តែឮពាក្យចោទប្រកាន់ថាអ៊ីចេះ អ៊ីចុះយកគាត់ទៅសម្លាប់។ ក្នុងហ្នឹងមានឪពុកខ្ញុំ មានបងប្អូនខ្ញុំ មានខ្មែរមួយចំនួនរាប់លាននាក់។ ខ្ញុំយល់ថា គឺជាការរំឭកនូវការស្លាប់របស់គាត់»។
លោកស្រី ខាទ្រីណា ណាថាលី (Kartrina Natale) ដែលជាអ្នកច្បាប់អាមេរិកាំង និងជាមន្ត្រីធ្លាប់ធ្វើការជាមួយជនរងគ្រោះនៃសាលាក្តីខ្មែរក្រហមក្នុងប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៥ បានថ្លែងទទួលស្គាល់ពីការប្រទាញប្រទង់គ្នានៃថ្ងៃរំឭកការចងចាំ ដែលត្រូវគេប្រើប្រាស់យកចំណេញនយោបាយកាលពីអតីតកាលផងដែរ។
ពលរដ្ឋខ្លះចង់បានថ្ងៃទី២០ ឧសភា ជាថ្ងៃដែលរបបសហករណ៍បានចាប់ផ្តើមកើតឡើងនោះ ជាទិវារំឭកនៃការចងចាំ ខណ:ដែលពលរដ្ឋខ្លះទៀតចង់បានថ្ងៃ១៧ មេសា ជាទិវារំឭកនៃការចងចាំ ព្រោះជាថ្ងៃដែលក្រុមខ្មែរក្រហមបានឡើងកាន់អំណាច និងចាប់ផ្តើមអនុវត្តផែនការជម្លៀស និងអំពើឃោរឃៅ។
លោកស្រីបានបញ្ជាក់ថា៖ «ទោះជាថ្ងៃណាក៏ដោយ អ្វីដែលខ្ញុំគិតគឺជារឿងសមរម្យ ដែលខ្ញុំអាចនិយាយបាន គឺថាពលរដ្ឋទាំងអស់។ ចាត់ទុកខ្លួនឯងថាជាជនរងគ្រោះ ជាអ្នករួចជីវិតពីរបបខ្មែរក្រហម។ ពួកគេបានបង្ហាញអារម្មណ៍យ៉ាងខ្លាំងថា ព្រឹត្តិការណ៍ថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ គួរត្រូវគេចងចាំ និងរំឭកប្រកបដោយអត្ថន័យ និងស្មោះត្រង់ ហើយនិងយុត្តិធម៌ក្នុងលំដាប់ថ្នាក់ជាតិ ដែលការធ្វើដូច្នេះភាពថ្លៃថ្នូរ និងមនុស្សធម៌នៃជនរងគ្រោះ ត្រូវបានគេស្តារឡើងវិញ និងត្រូវគោរព ហើយអំពើឃោរឃៅមិនអាចកើតឡើងជាថ្មី នៅក្នុងប្រទេសកម្ពុជា»។
ជនរងគ្រោះរំពឹងផ្សេងៗគ្នា ឬបង្ហាញពីការសោកស្តាយ ដែលថ្ងៃឈប់សម្រាកមួយនេះ ត្រូវបានបំបាត់ចោលទៅវិញ។
ទិវានេះដែលជាផ្នែកមួយនៃសំណងសមូហភាព កើតចេញពីការតស៊ូមតិរបស់ក្រុមជនរងគ្រោះនៅតុលាការនោះ ទំនងជាមិនអាចតវ៉ាបានទេ ព្រោះតុលាការខ្មែរក្រហមនេះជិតដល់ថ្ងៃបញ្ចប់ប្រតិបត្តិការរបស់ខ្លួន ក្នុងការស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហម នៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
ទោះជាគ្មានការប្រារព្ធទិវានេះជាលក្ខណៈថ្នាក់ជាតិដោយសាររដ្ឋាភិបាលបានលុបចេញពីថ្ងៃឈប់សម្រាកជាសាធារណៈ និងដោយសារជម្ងឺកូវីដ១៩ក្តី គេបានរាយការណ៍មកថា លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បានធ្វើដំណើរទៅកាន់វត្តស្ងួនពេជ្រ ចំថ្ងៃរំឭកនៃការចងចាំដល់ជនរងគ្រោះ កាលពីថ្ងៃទី២០ ខែឧសភា។
នៅទីកន្លែងគោរពវិញ្ញាណក្ខន្ធនោះ លោកឯកអគ្គរដ្ឋទូតបានជួបសំណេះសំណាលជាមួយក្រុមគ្រួសារជនរងគ្រោះនិងពលរដ្ឋ និងព្រះសង្ឃដោយឥតគ្រោងទុក។ នេះបើយោងតាមលោក ឆាំង យុប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានចុះទៅកាន់វត្តស្ងួនពេជ្រ នៅថ្ងៃដែលលោកឯកអគ្គរដ្ឋទូតមានវត្តមាន។
«ក្រោយកម្មវិធីទៅលោកឯកអគ្គរដ្ឋទូត ក៏បានដើរមើលរណ្តៅសាកសពដែលនៅសេសសល់ កន្លែងទីតាំងសម្លាប់មនុស្សអតិធាតុ និងឆ្អឹងដែលបានយកមកថែរក្សាទុក»។
លោក ឆាំង យុ ដែលបានចុះទៅកាន់វត្តស្ងួនពេជ្រនៅថ្ងៃដែលលោកឯកអគ្គរដ្ឋទូតមានវត្តមានបានអះអាងថា មជ្ឈមណ្ឌលឯកសារកម្ពុជារបស់លោកបាន ស្រាវជ្រាវទីតាំងនេះ តាំងពីឆ្នាំ ១៩៩៩មក ហើយបានរកឃើញពីការសម្លាប់នៅទីនេះយ៉ាងច្រើន ដែលមានជនរងគ្រោះចម្រុះជាតិសាសន៍ចំនួនយ៉ាងតិច ៨០០នាក់ ត្រូវសម្លាប់។
លោកថា ក្រៅពីបានកសាងស្តូបមួយសម្រាប់រំឭកទិវានៃការចងចាំ លោកបានលើកផ្ទាំងពិព័រណ៍អចិន្ត្រៃយ៍ចំនួន ៦ផ្ទាំង បានថវិកាពីពលរដ្ឋក្នុងភូមិ ដើម្បីជាការផ្សព្វផ្សាយនឹងរំឭកពីការចងចាំដល់ជនរងគ្រោះ។
ផ្ទាំងពិព័រណ៍ដែលត្រូវបានរៀបចំរួចរាល់នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ទាំងនោះ មានប្រវត្តិវត្តមានបទឧក្រិដ្ឋដែលបានកើតឡើងមានកន្លែងកាប់សម្លាប់ ដែលបន្សល់ទុកគំនរសាកសព មានរូបភាពអតីតមេដឹកនាំខ្មែរក្រហមកំពូល មានស្តូប មានវត្តមានរបស់ពលរដ្ឋ និងវត្តមានរបស់លោកឯកអគ្គរដ្ឋទូតអាមេរិក ក្នុងវត្ត ដើម្បីពិនិត្យកន្លែងកាប់សម្លាប់សម័យខ្មែរក្រហមនេះផងដែរ។
ព្រះគ្រូចៅអធិការវត្តគឺព្រះតជគុណ ចាន់ សុខគា ដែលបានបញ្ជាក់ពីវត្តមានឥតមានការគ្រោងទុករបស់លោកឯកអគ្គរដ្ឋទូតអាមេរិក ហើយមានថេរដីកាថា ការតម្លើងផ្ទាំងពិព័រណ៍ គឺជារឿងសំខាន់សម្រាប់អប់រំក្មេងជំនាន់ក្រោយ និងការរំឭកចងចាំដល់ជនរងគ្រោះ។
វត្តស្ងួនពេជ្រដែលគេអះអាងថា មានចំណាស់ ៣០០ឆ្នាំ ជាអតីតគុកសម័យខ្មែក្រហម ហើយស្ថិតនៅចម្ងាយប្រមាណ ៤ ឬ ៥គីឡូម៉ែត្រ ពីសាលាក្តីកាត់ទោសខ្មែរក្រហម។ វត្តនេះត្រូវលោក យុ ឆាំងបញ្ជាក់ថា ជាកន្លែងដែលមានការកាប់សម្លាប់ច្រើនជាងគេមួយក្នុងតំបន់ ដែលពលរដ្ឋមានការរំឭកដល់ជនរងគ្រោះជារៀងរាល់ឆ្នាំ ជាមួយនឹងការធ្វើបុណ្យតាមប្រពៃណីពុទ្ធសាសនា ដែលលោកនិយាយយោងមួយផ្នែកទៅលើការព្យាបាល និងការផ្សះផ្សាផ្លូវចិត្ត។
លោក ឆាំង យុ បានយល់ស្របជាមួយក្រុមជនរងគ្រោះដែរ ដែលថាទិវានៃការរំឭកអំពីការចងចាំដល់ជនរងគ្រោះសម័យខ្មែរក្រហម ទទួលស្គាល់កម្រិតលំដាប់ថ្នាក់ជាតិ និងទទួលខុសត្រូវពីរដ្ឋាភិបាល ដើម្បីបង្ហាញសុឆន្ទៈល្អសម្រាប់ពលរដ្ឋរងគ្រោះ ដែលបានឈឺចាប់រាប់លាននាក់ក្នុងសម័យខ្មែរក្រហម។
«ខ្ញុំគិតថា រឿងនេះជារឿងសំខាន់ វាគួរតែជាការចងចាំរបស់ប្រទេសជាតិមួយ ដែលយើងទាំងអស់គ្នាឆ្លងកាត់ជាមួយគ្នាបាត់បង់ដូចគ្នា ហើយការរំឭកជាប្រចាំឆ្នាំ ការរំឭកជាសាធារណៈ លក្ខណ:ជាបុណ្យជាតិហ្នឹង ខ្ញុំគិតថា វាជួយមិនត្រឹមតែផ្តល់ឱកាសឲ្យយើងគ្រប់គ្នាហ្នឹង មិនត្រូវបំភ្លេចក៏ដូចជារំឭកឡើងវិញនូវមេរៀនដល់ក្មេងៗរាប់លាននាក់ ដែលកើតក្រោយ ហើយបើយើងសូម្បីតែមួយថ្ងៃមិនអាចផ្តល់ជូនដល់ជនរងគ្រោះរាប់លាននាក់បាន ខ្ញុំគិតថា វាហាក់ដូចជាមិនសូវសមហេតុផល»។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានថ្លែងថាកន្លងមក ថ្ងៃទី២០ ឧសភានេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដាក់ឲ្យទៅជាថ្ងៃឈប់សម្រាក កាលពីមុន។
លោកថា មុនការកែទម្រង់ថ្ងៃឈប់សម្រាកទិវានៃការចងចាំនេះ គឺជាការស្នើសុំដោយជនរងគ្រោះក្នុងសំណុំរឿង០០២ វគ្គ១ គឺសំណុំរឿងកាត់ទោស នួន ជា កាលនៅរស់ និងលោក ខៀវ សំផន ដែលជាអតីតមេដឹកនាំកំពូលពីររូប ជាបងធំទី២ និងជាប្រមុខរដ្ឋរបបខ្មែរក្រហម។
«ប៉ុន្តែនៅក្នុងឆ្នាំ២០២០នេះ គឺមិនមានជាថ្ងៃឈប់សម្រាកជាសាធារណៈទៀតទេ ដោយសាររាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ទៅលើថ្ងៃឈប់សម្រាកជាសាធារណៈ»។
លោក ភក្ត្រា បានអះអាងថា ប្រជាជនកម្ពុជានៅតែប្រារព្ធទិវានៃការចងចាំ ២០ ឧសភា ដដែល ដើម្បីរំឭកការចងចាំ និងគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិត ដើម្បីស្តារឡើងវិញនូវសេចក្តីថ្លៃថ្នូរជាមនុស្សជាតិនៃជនរងគ្រោះ ដើម្បីរំឭកឡើងវិញអំពីរឿងរ៉ាវឈឺចាប់ខ្លោចផ្សារបស់ជនរងគ្រោះ ក៏ដូចជាការចងចាំនូវរឿងរ៉ាវដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម។
នៅឆ្នាំ២០២០នេះ ការប្រារព្ធការចងចាំនេះត្រូវអាក់ខាន ដោយសារបញ្ហាវិបត្តិវីរុសកូរ៉ូណា។
ក្រុមប្រជាពលរដ្ឋជនរងគ្រោះមន្ត្រី និងក្រុមអ្នកគាំទ្រគណបក្សកាន់អំណាចបានប្រារព្ធពិធីថ្ងៃ២០ ឧសភានេះ ជារៀងរាល់ឆ្នាំ និងមានការឈប់សម្រាកពីការងារមួយថ្ងៃសម្រាប់មន្ត្រីរាជការ និងមានការប្រារព្ធទិវាចងចាំនេះ ជាផ្លូវការមុនពេលលុបចេញ។
កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ ប្រទេសកម្ពុជាបានសម្រេចតាមសំណើរបស់សហមេធាវីនាំមុខនៃដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០២ ដែលបានស្នើសុំការសម្រេចពីរាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការរៀបចំគម្រោងសំណង សម្រាប់ដើមបណ្តឹងរដ្ឋប្បវេណី និងជនរងគ្រោះចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាក្នុងសំណុំរឿង០០២។ នេះបើយោងតាមលិខិតរបស់គណៈរដ្ឋមន្ត្រី ដែលបានបញ្ជូនត្រឡប់ទៅសហមេធាវីនាំមុខ ដែលបានធ្វើសំណើហើយយោងទៅលើចំណារពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
លិខិតដដែលនោះបានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលបានឯកភាពកំណត់យកថ្ងៃទី២០ ឧសភា ជាទិវានៃការចងចាំនៅក្នុងប្រតិទិនឈប់សម្រាកប្រចាំឆ្នាំ ជំនួសទិវាចងកំហឹង ឬរំឭកវិញ្ញាណក្ខន្ធដែលបាននិងកំពុងប្រើប្រាស់ចាប់តាំងពីឆ្នាំ១៩៨៤ រហូតមកដល់សព្វថ្ងៃនេះ»។
លិខិតដដែលក៏បានបញ្ជាក់បន្ថែមតាមខ្លឹមសារដើមថា៖ «ឯកភាពឲ្យមានការចងក្រងឯកសារប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ និងដាក់បញ្ចូលជាផ្នែកមួយក្នុងកម្មវិធីសិក្សាចាប់ពីថ្នាក់ចំណេះដឹងទូទៅ ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ និងនៅថ្នាក់មូលដ្ឋាននៃកម្មវិធីសិក្សាថ្នាក់ឧត្តមសិក្សា»។
ប្រទេសកម្ពុជាមានថ្ងៃបុណ្យឈប់សម្រាកយ៉ាងតិច ១៨ថ្ងៃ ក្នុង១ឆ្នាំ ហើយនៅក្នុងខែឧសភា មានថ្ងៃឈប់សម្រាកដល់ទៅ ៤ថ្ងៃផ្សេងគ្នា ដូចជាទិវាពលកម្មអន្តរជាតិ បុណ្យវិសាខបូជាពិធីបុណ្យច្រត់ព្រះនង្គ័ល និងពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ៕
[[កំណត់និពន្ធ៖ អត្ថបទនេះត្រូវបានកែសម្រួលខ្លឹមសារ និងអក្ខរាវិរុទ្ធ។]]