ក្រុម​ជន​រងគ្រោះ​ត្រូវការ​យុត្តិធម៌​និង​សំណង​ពេល​សាលា​ក្តី​ខ្មែរក្រហម​អំពាវនាវ​ឲ្យមាន​ការ​ចូលរួម​គំនិតចម្រុះ​

រូប​ឯកសារ៖ ស្ត្រី​ម្នាក់​​ឈរ​នៅ​មុខ​ចេត្តិយ​ដែល​ត​ម្កល់​លលាដ៍​​និង​ឆ្អឹង​​របស់​ជន​រង​គ្រោះ​​​ក្នុង​របប​​ខ្មែរ​ក្រហម​​នៅ​សារមន្ទីរ​ជើង​ឯក​នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​សុក្រ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៥។

ក្រុម​ជន​រងគ្រោះ​ដែល​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយ​សាលាក្តី​ខ្មែរក្រហម​ផ្តោត​ជា​សំខាន់​លើ​យុត្តិធម៌​និង​សំណង​នៅពេលដែល​សាលាក្តី​កូនកាត់​ចូលរួម​ដោយ​អង្គការ​សហប្រជាជាតិ (អ.ស.ប.) ​អំពាវនាវ​ឲ្យ​ជនរងគ្រោះ​និង​សាធារណជន​ចូលរួម​ចំណែក​ជាគំនិត​លើ​មុខងារ​ដែល​នៅ​សេសសល់​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (អ.វ.ត.ក.) ឬ​សាលាក្តី​ខ្មែរក្រហម​ពាក់ព័ន្ធ​នឹង​ជន​រងគ្រោះ​មុនពេល​តុលាការ​នេះ​គ្រោង​នឹង​បញ្ចប់​ដំណើរការ​នីតិវិធី​របស់​ខ្លួននា​ពេល​អនាគត។

លោក​ Bryant S. Ben ​ជន​រងគ្រោះ​ម្នាក់​ពី​ទីក្រុង ​Long Beach ​សហរដ្ឋ​អាមេរិក​មកពី​ខេត្ត​កំពង់ចាម​ដែល​បាន​បាត់​បង់​គ្រួសារ​និង​សាច់ញាតិ​ជាច្រើន​ក្នុង​របប​ខ្មែរក្រហម​បាន​ថ្លែងថា​ អ្វីដែល​លោក​ចង់បាន​គឺយុត្តិធម៌​និង​សំណងសម្រាប់​ជន​រងគ្រោះ​នៅមុន​ពេល​តុលាការ​បញ្ចប់​ដំណើរការ​របស់​ខ្លួន។

លោក​ថ្លែង​ថា៖ «ក្នុង​នាម​ជា​ជនភៀស​ខ្លួនម្នាក់​ក្នុង​ចំណោម​ខ្មែរ​រាប់លាន​នាក់​ខ្ញុំយល់ថា​ការ​ដែល​តុលាការ​កាត់​ទោស​របបខ្មែរក្រហម​មិនទាន់​ចប់​សព្វគ្រប់​ខ្ញុំយល់​ថា​សំខាន់​ណាស់​ត្រូវតែ​បន្ត​ឲ្យចប់​សព្វគ្រប់។​ហើយតាម​ខ្ញុំដឹង​វាមានសំណុំ​រឿង​០០៣ ​និង​ ០០៤ ​ដែល​មិនទាន់​កាត់ក្តី​ដូច្នេះ​វា​មាន​សារ:​សំខាន់​ណាស់​សម្រាប់​ជន​រងគ្រោះ។​ក្នុងន័យ​ថាទោះជា​កិច្ចការ​ហ្នឹង​វា​ទាក់ទង​នឹង​ជនរងគ្រោះ​មាន​វ័យ​ចំណាស់​ក៏ដោយ​ក៏ប៉ុន្តែ​ការដែល​បង្ហាញ​ថា​នរណា​ប្រព្រឹត្តអំពើ​ខុស​ការដែល​នរណា​ប្រព្រឹត្ត​អំពើ​ដែល​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្សជាតិ​ត្រូវតែ​យក​មកកាត់​ទោស​ទៅ​តាមផ្លូវច្បាប់​របស់​ប្រទេស​ជាតិ​នីមួយៗ។ ខ្ញុំ​ថា​សំខាន់ណាស់​ហើយ​ស្អី​ដែល​យើង​ចង់​បាន​នោះ​គឺយើង​ចង់​បាន​យុត្តិធម៌»។

លោក​បាន​ថ្លែង​ថា​ប្រសិន​បើការ​កាត់ក្តី​សំណុំ​រឿង​សេសសល់​អាច​កើតមាន​ហើយ​បើ​តុលាការ​សម្រេច​សងសំណង​សមូហភាព​លោក​ប្រាថ្នា​ទាមទារ​ឲ្យ​មាន​សួន​ឬ​បូជនីយស្ថាន​នៅ​លើ​ដី​ដែល​ក្រុម​របស់​លោក​បាន​ទទួល​ពី​រដ្ឋ​និង​ការ​ដែល​លោក​ចង់​មាន​សារ:មន្ទីរ​មួយ​ដើម្បី​រំឭក​វិញ្ញាណក្ខខន្ធ​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​ក្នុងសម័យ​របប​ខ្មែរក្រហម​ក្នុង​ទសវត្សរ៍​១៩៧០​នៅក្នុង​ទីក្រុង ​Long Beach ​រដ្ឋ California ជា​ទីកន្លែង​រស់នៅ​ដ៏ធំជាងគេ​មួយសម្រាប់​សហគមន៍​ខ្មែរ​ដែល​បាន​ភៀសខ្លួន​ចេញពី​របប​វាល​ពិឃាត​ខ្មែរ​ក្រហមដ៏​ឃោរឃៅ​ធ្វើឲ្យ​ស្លាប់មនុស្សជាង​១លាន​៧សែន​នាក់​និង​ព្រាត់ប្រាស់​ក្រុម​គ្រួសារ​ច្រើន​រាប់​មិន​អស់​នោះ។

លោក​ថ្លែង​ថា៖ «បើសិន​ជា​តុលាការ​ចប់ក្តី​ទៅ​ហើយមាន​ថវិកា​ណា​សម្រាប់​ជួយ​អាហ្នឹង​ខ្ញុំសូម​ថាសូម​ឲ្យយក​អាហ្នឹង​(ថវិកា)​ មកបង្កើត ​Museum​ (សារមន្ទីរ)​ មួយ​នៅក្នុង​ទីក្រុង​ Long Beach ​ដែល​ខ្ញុំ​រស់នៅ​ក្នុងនេះ​ជិត​៤០ឆ្នាំ​ហើយ​ដើម្បី​ជាផល​ប្រយោជន៍​របស់​ខ្មែរ​ generations (ជំនាន់)​ក្រោយៗ​ហើយ​និង​សម្រាប់​សាធារណជន​ទូទៅ​ទាំងអស់​អំពី​បញ្ហា​ប្រល័យ​ពូជសាសន៍​ដែលកើត​ឡើង​នៅក្នុង​ប្រទេស​កម្ពុជា​តែវា​មាន​សារ:​ប្រយោជន៍​សំខាន់​ណាស់​នៅ​ក្នុង​ពិភពលោក​ចៀសវាង​រំឭក​ទាំង​អស់គ្នា​កុំឲ្យ​រឿងហ្នឹង​កើត​មាន​ឡើងទៀត»។

រូប​ឯកសារ៖ ពលរដ្ឋ​កម្ពុជា​នាំ​គ្នា​ចូលរួម​ប្រារព្ធ «ទិវាជាតិ​នៃ​ការ​ចង​ចាំ»​ ​ ដែល​បាន​ធ្វើ​ឡើង​នៅ​មជ្ឈ​មណ្ឌល​ប្រ​ល័យ​ពូជសាសន៍​ជើងឯក​ រាជធានី​ភ្នំពេញ ថ្ងៃទី​២០​ ខែ​ឧសភា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី​/VOA)

កាលពី​ឆ្នាំ២០១៧ ក្រុមប្រឹក្សា​ទីក្រុង​ Long Beach​ បាន​អនុម័ត​ជា​ឯកឆ្ឆ័ន​ប្រគល់​ដី​មួយ​កន្លែង​នៅ​ជាប់​វិថី Anaheim​ ដើម្បី​ឲ្យ​សហគមន៍​ខ្មែរ​សាងសង់ ​«សួន​រំឭក​លាន​ពិឃាត» (Killing Field Memorial Garden) ដល់​ជន​រងគ្រោះ​ក្រោម​របប​ខ្មែរក្រហម។ ប៉ុន្តែ​មក​ទល់នឹង​ពេលនេះ​ការ​សាងសង់​មិនបាន​សម្រេច​ដោយសារ​សហគមន៍​ខ្មែរ​កំពុង​ស្វែង​រក​ថវិកា​បន្ថែម​ទៀត។ នេះបើ​យោងតាម​លោក ​Bryant S. Ben ​ដែលជា​ស្ថាបនិក​និង ​ជាអតីតនាយក​នៃ​ក្រុម​សមាគម​«សួន​រំឭក​លាន​ពិឃាត» ហើយជា​ជន​រងគ្រោះ​ដាក់​ពាក្យប្តឹង​ជាដើម​បណ្តឹង​រដ្ឋប្បវេណីក្នុង​តុលាការ​ខ្មែរក្រហម​ផងនោះ។

ដើម​បណ្តឹង​រដ្ឋប្បវេណី​ក្នុង​តុលាការ​ខ្មែរក្រហម​ម្នាក់ទៀត ​គឺលោក ​ស៊ុំ រិទ្ធី​ជន​រងគ្រោះ​ដែលរួច​ពីការ​សម្លាប់​នៅក្នុង​គុក​ខ្មែរក្រហម​ខេត្ត​សៀមរាប​ទឹកដី​អង្គរ ​និង​បាន​សរសេរ​សៀវភៅ​មួយ​ដោយ​ដាក់​ចំណង​ជើងថា ​«Sum Rithy: ​Surviving ​The Genocide ​in the​ Land​ of Angkor»។ លោក​បាន​ថ្លែង​ថា​លោក​ទាមទារ​យុត្តិធម៌​ដល់​រូប​លោក​និង​ជន​រងគ្រោះ​ជាច្រើន​ដោយមិន​ខ្លាចការ​សងសឹក​នោះទេ​តាម​រយ:ការ​ដាក់ពាក្យ​បណ្តឹង​ទៅ​សាលាក្តី​ចាប់តាំង​ពីឆ្នាំ​២០០៦​មក។

លោក​បន្ថែមថា​អ្វីដែល​លោក​ចង់បាន​គឺកន្លែង​ស្តូប​សម្រាប់​គោរព​និង​រំឭក​វិញ្ញាណខន្ធ​ជនរងគ្រោះ​នៅ​គ្រប់ខេត្ត​ទាំងអស់​ដែលមាន​ឆ្អឹង​សព​ជន​រងគ្រោះ​នៅឡើយ​ក្រៅពី​ចង់ឃើញ​ថា​កម្ពុជា​យក​ថ្ងៃមួយ​ដែល​ជាថ្ងៃ​ឈប់​សម្រាក​ដើម្បី​ឲ្យ​ជនរង គ្រោះ​រំឭក​វិញ្ញាណខន្ធ​បាន។

លោក​ថ្លែង​ថា៖ «ទីមួយ​ចង់​បានស្តូប​ហើយ​ទី២​ទាមទារ​សំណង​ផ្ទាល់ខ្លួន​ហ្នឹង​ក្រែង​លោ​គ្រាន់​បាន​ដោះស្រាយ​ជីវភាព​ម្នាក់ៗ​ដែលខំតាំង​ពីឆ្នាំ​២០០៦​រហូត​មកទល់​បច្ចុប្បន្ននេះ​វាជាង​១០ឆ្នាំ​ហើយណា​គ្រាន់គ្នា​បាន​ដោះស្រាយ​ជីវភាព​ហើយឥឡូវ​មក​ប៉ះកូវីដ​ទៀត​គ្នា​រកអី​បាន»។

សាលាក្តី​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អង្គការ​សហប្រជាជាតិ​បាន​ចំណាយ​ថវិកា​៣០០លាន​ដុល្លារ​សម្រាប់ដំណើរការ​កន្លងមក។​ ប៉ុន្តែ​តាំងពី​ដើមមក​ តុលាការ​នេះ​មិនបាន​ផ្តល់​សំណង​ផ្ទាល់ខ្លួន​នោះទេ​អាស្រ័យ​ដោយ​ការអះអាង​ថា​គ្មាន​ថវិកា​គ្រប់​គ្រាន់​តែ​បាន​ផ្តល់​សំណង​សមូហភាព​ជាជំនួស​វិញ​រហូត​ដល់ពេល​មានការ​អំពាវនាវ​ឲ្យមានការ​ចូលរួម​ជាគំនិត​យោបល់​មុនពេល​បញ្ចប់​ដំណើរការ​នីតិវិធី។

រូប​ឯកសារ៖ ទិដ្ឋភាព​ខាង​ក្នុង​សាល​សវនាការ​ អំឡុង​ពេល​ប្រកាស​សាល​ក្រម​នៃ​សំណុំ​រឿង​០០២/០១ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៦។

ជន​រងគ្រោះ​និង​អង្គការ​ចំនួន​ត្រូវ​គេ​រាយ​ការណ៍​មកថា​មិនបាន​ដឹង​ពី​ដំណើរការ​សុំផ្តល់​គំនិត​យោបល់​ពីតុលាការ​ខ្មែរក្រហម​ដូច​ជា​ក្រុមអង្គការ​និង​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​ដែរ​ក្នុងពេល​ដែល​មាន​ជំងឺ​កូវីដ​រាតត្បាត។ ជនរ​ងគ្រោះ​ខ្លះ​ថា​ពួកគេ​មាន​ពាក្យបណ្តឹង​រួចហើយ​ពីការ​ចង់បាន​របស់​ជន​រងគ្រោះ​ហើយ​មិនទាន់​ដឹងច្បាស់​ថា​ពួកគេ​នឹង​ចូលរួម​យ៉ាងណា​ចាប់​ផ្តើម​ពី​ចំណុច​ណា​ចំពោះការ​អំពាវនាវ​ចុងក្រោយ​របស់​សាលាក្តី។ មន្ត្រី​សាលាក្តី​ខ្មែរ​ក្រហម​មួយចំនួន​មិនបាន​ឆ្លើយ​នឹង​សំណួរ​វីអូអេ​ថា តើមាន​ជន​រងគ្រោះ និង ​មាន​អង្គការ​ អ្នក​ស្រាវជ្រាវ​ណាខ្លះ​ចូលរួម​ក្នុងការ​ផ្តល់​មតិ​យោបល់​នេះ​ដែរចាប់​តាំងពីការ​ប្រកាស​ឲ្យចូលរួម​ក្នុង​រយ:ពេល​៦សប្តាហ៍​ចាប់តាំង​ពីដើម​ខែ​កញ្ញា​មក។

បើតាម​ការ​អំពាវនាវ​លើ​គេហទំព័រ​សាលាក្តី​កាលពី​ថ្ងៃទី២​ខែកញ្ញា​ឆ្នាំ​២០២១​បានឲ្យ​ដឹងថា​ការ​អំពាវនាវ​នេះ​គឺ​ដើម្បីប្រមូល​គំនិត​ផ្សេងៗ​គ្នា​យ៉ាង​ទូលំទូលាយ​តាមដែលអាច​ធ្វើ​ទៅបាន​និង​សូម​អញ្ជើញ​អ្នកពាក់​ព័ន្ធ​ជាមួយ អ.វ.ត.ក.​ឬ​សាលាក្តី​ខ្មែរ​ក្រហម​ទាំង​អស់​ដាក់​ជូន​ជា​លាយ​លក្ខណ៍​អក្សរ​នូវ​គំនិត​សម្រាប់​ការ​ផ្តួច​ផ្តើម​ពាក់​ព័ន្ធ​នឹងជន​រង​គ្រោះ​ដែល​អ.វ.ត.ក.​អាច​អនុវត្ត​បាន​តាម​លក្ខខណ្ឌនៃ​សេចក្តី​ព្រាង​កិច្ចព្រម​ព្រៀង​បន្ថែម។

សេចក្តី​អំពាវនាវ​ដដែល​ហាក់​បាន​បញ្ជាក់​ថា​សាលាក្តីជួប​ឧបសគ្គ​ក្នុងការ​រៀបចំ​សិក្ខា​សាលា​ដែលមានការ​ចូល​រួម​ដោយ​ផ្ទាល់​និងការ​ចែក​រំលែក​គំនិត​ទៅវិញ​ទៅមក​ដោយសារ​ស្ថាន​ភាព​ជំងឺឆ្លង​កូវីដ១៩​ដែល​កំពុង​រាតត្បាត ហើយ​ស្នើសុំ​ឲ្យ​មានការ​ចូល​រួម​ចំណែក​តាម​ទម្រង់រួម​ទូលាយ ជា​របាយការណ៍​មិន​លើស​ពីពីរ​ទំព័រជា​ភាសា​អង់គ្លេស​និង/ឬ​បីទំ​ព័រ​ជា​ភាសាខ្មែរ​ដោយ​ពន្យល់​ថាតើគំនិត​ផ្តួច​ផ្តើម​ដែល​ស្នើ​ឡើងមាន​អត្ថន័យ ​និង​ជា​ជំនួយ​រយៈពេល​វែង​ដោយ​របៀប​ណា ចំពោះ​ដើម​បណ្តឹង​រដ្ឋប្បវេណី ជន​រង​គ្រោះ​នៃ​របប​ខ្មែរ​ក្រហម​និង​សាធារណជន​ទូទៅ។

លោក ​នេត្រ ភក្ត្រា​ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​អះអាង​ថា​លោក​មិនទាន់​បាន​ទទួល​របាយការណ៍​ពីការ​ចូលរួម​ប៉ុណ្ណា​ពី​សាធារណជន​ឬជន​រងគ្រោះ​ទេ​ តែ​លោកថា​អ្នក​ចូល​នឹង​រួម​មាន​ទាំង​ផ្នែក​អ្នកស្រាវជ្រាវ​ផ្នែកអង្គការ​ក្រៅ​រដ្ឋាភិបាល​ម្ចាស់​ជំនួយ​ អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​ពាក់ព័ន្ធ​នឹង​ជន​រងគ្រោះ​ដែល​សាលាក្តី​ខ្មែរ​ក្រហមអាច​អនុវត្ត​បាន​តាម​លក្ខខណ្ឌ​មាត្រា២ ​នៃសេចក្តី​ព្រាង​នៃ​កិច្ច​ព្រមព្រៀង​បន្ថែម។

លោក​បញ្ជាក់​ថា៖ «នេះ​គឺ​ជា​ការ​ចូលរួម​នៃការ​ផ្តល់គំនិត​ហើយក៏​ជាការ​ប្រមូល​នូវ​គំនិត​ទស្សន:​ផ្សេងៗ​ដើម្បី​អាច​ថា​វា​មាន​គំនិត​មាន​យោបល់​ទូលំទូលាយ​ទៅលើ​បញ្ហា​ទាំងអស់​ហ្នឹង»។

រូប​ឯកសារ៖ មហាជន​ចូល​រួម​ទស្សនា ​និង​ស្ដាប់​សវនាការ​ស្ដាប់​ចម្លើយ​មួយ​កាល​ពី​ខែ​មីនា ​ឆ្នាំ​២០១៦ ​នៅ​ឯ​សាលា​ក្ដី​ខ្មែរ​ក្រហម។ (រូបថត​ផ្តល់​ឲ្យ​ដោយ ញ៉ែត សុខហេង/ECCC)

នៅពេល​សួរ​បញ្ជាក់​ថា​តើនឹង​មាន​ការ​សម្រេច​យ៉ាងណា​ពេល​មាន​គំនិត​ផ្សេងៗ​គ្នា​ក្នុងពេល​អ្នក​ចូលរួម​ផ្តល់​ជា​គំនិត​ចម្រុះ​នោះ​លោក​បាន​បន្តថា៖ «យោង​តាមការ​ជូន​ដំណឹង​របស់​ចៅក្រម​របាយការណ៍​គឺ​គំនិត​ដែលបាន​ប្រមូល​ផ្តុំ​ដែល​ទទួល​បាន​ពី​ភាគី​ពាក់ព័ន្ធផ្សេងៗ​វាជា​ផ្នែក​នៃការ​ស្វែង​យល់​ក្រៅផ្លូវការ​ហើយនិង​ត្រូវ​ពិចារណា​និងដាក់​បង្ហាញ​នៅ​ក្នុង​របាយការណ៍​របស់​ចៅក្រម​របាយការណ៍​ដែល​ជាទស្សន:​មួយ​ហើយ​និង​ការ​ផ្តល់​ជា​អនុសាសន៍​ទៅ​កាន់​ការិយាល័យ​រដ្ឋបាល​នៃ​សាលាក្តី​ខ្មែរក្រហម»។

លោក​ភីធឺ ម៉ាខ្វៃអឺ ​(Peter Marguire)​ សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​នៃ​សាកល​វិទ្យាល័យ​សហរដ្ឋ​អាមេរិក​និង​ជា​អ្នក​និពន្ធ​សៀវភៅ​ Facing Death in Cambodia ​ឬ​ការ​ប្រឈម​នឹង​សេចក្តី​ស្លាប់​នៅ​កម្ពុជា​បានថ្លែង​ថា ​គំនិត​ផ្តួច​ផ្តើម​នេះ​ជា​រឿង​ល្អ​ ប្រសិន​ជា​មាន​ដំណើរការ​ត្រឹមត្រូវ។ លោក​ថា​ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដែល​ជា​ស្ថាប័ន​តែ​មួយ​គត់​ដែល​បាន​ដំណើរការ​រឿង​ស្រាវជ្រាវ​ស្វែង​រក​ការ​ពិត​ ការ​ផ្សះផ្សារ​ខ្លាំងជាង​ កិច្ចការ​ក្រុម​សិទ្ធិមនុស្ស​ទៀត​ហើយ​លោក​ថា​មជ្ឈមណ្ឌល​នេះ​បាន​ធ្វើ​កិច្ចការ​តាំងពី​មុន​ពេល​តុលាការ​ខ្មែរក្រហម​បង្កើត​ឡើង​ម្ល៉េះ។​ លោក​បន្ថែម​តាម​ការ​រិះគន់​ក្នុង​ន័យ​ធៀប​ទៅ​លើ​ភាគី​អង្គការ​សហប្រជាជាតិ​ថា​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជានេះ​នឹងធ្វើ​កិច្ចការ​ជាច្រើន​នៅពេល​តុលាការ​បញ្ចប់​ហើយ​មន្ត្រី​អង្គការ​សហប្រជាជាតិ​ចប់​កិច្ចការ​សាលាក្តី​រួច​ចាក​ចេញពី​កម្ពុជា។

លោក​បញ្ជាក់​ថា៖ «នៅ​ពេល​ឆាប់ៗ​ខាងមុខ​នេះ​អ.ស.ប.​នឹង​វេច​ខ្ចប់​តង់​ដែល​ថ្លៃ​នៅ​តុលាការ​ខ្មែរក្រហម​ហើយ​នៅពេល​ដែលក្រុមសៀក​ដ៏ថ្លៃ​នេះ​ចាកចេញ​ពី​រាជធានី​ភ្នំពេញ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នឹង​នៅ​បន្ត​ដំណើរការ​សម្រាប់មនុស្ស​ជំនាន់​ក្រោយៗ​ទៀត»។

សាលាក្តី​នេះ​នៅ​មាន​សំណុំ​រឿង​០០២​របស់​លោក ​ខៀវ សំផន​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរ​ក្រហម​និង​សំណុំ​រឿង​០០៣​ របស់​លោក​មាស មុត​ អតីត​មេ​បញ្ជាការ​កងទ័ព​ជើងទឹក​ខ្មែរក្រហម​និង សំណុំ​រឿង​០០៤​ របស់​លោក​យឹម ទិត្យ ​ជា​កម្មាភិបាល​ថ្នាក់​តំបន់​ចាប់តាំង​ពីមាន​ដំណើរការ​ជំនុំជម្រះ​ក្តី​ដំបូង​កាលពីឆ្នាំ២០០៦​មក​ទល់​ពេលនេះ។

សាលាក្តី​នេះ​គ្រោងនឹង​បញ្ចប់​ដំណើរការ​នីតិវិធី​កាត់ទោស​សំណុំ​រឿង​០០២​នៅត្រីមាស​ទី៤​ឆ្នាំ​២០២២​ក្នុង​ពេល​ដែល​នៅមាន​សំណុំរឿង​០០៣ និង​០០៤ ប្រកប​ដោយ​ភាព​ចម្រូង​ចម្រាស​នៃ​ដំណើរការ​នីតិវិធី​ដែលគេ​មិនដឹង​ថា​នឹង​ត្រូវ​តម្កល់​ឬបញ្ជូន​ទៅ​ជំនុំជម្រះ​ទោស។ ចៅក្រម​ជាតិ​និង​អន្តរជាតិ​ខ្វែង​គំនិតគ្នា​លើ​យុត្តាធិការ​និង​ការ​កំណត់​អត្តសញ្ញាណ​នៃ​កម្មាភិបាល​ខ្មែរក្រហម​២រូប​ចុងក្រោយ​គឺ​លោក​មាស មុត​និង ​លោក ​យឹម ទិត្យ​ជា​ជន​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ឬ​មិនមែន​នោះ​ខណ:​ដែល​កម្មាភិបាល​ទាំងពីរ​មិនមែន​ជាមេដឹកនាំ​ជាន់ខ្ពស់​បំផុត​នោះ៕