អតីត​អ្នក​ទោស​គុក​ទួលស្លែង​វ៉ាន់ ណាត ទទួលមរណភាព

រូបគំនូរ​ដែល​គូរ​ដោយ​លោកវ៉ាន់ ណាត ​ដែល​ជា​អតីត​អ្នក​រស់​រាន​មាន​ជីវិត​នៃ​មន្ទីរ​ឃុំឃាំង​ទួល​ស្លែង​ និង​ជា​សាក្សី​ដ៏​សំខាន់​មួយ​រូប​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ ។ រូបគំនូរទាំងនេះ រៀបរាប់​អំពី​ការធ្វើ​ទារុណកម្ម​នៅ​ក្នុង​គុក​ទួលស្លែង​ក្នុង​របប​ខ្មែរ​ក្រហម។​

លោក វ៉ាន់ ​ណាត​ ដែល​ជា​អតីត​អ្នក​រស់​រាន​មាន​ជីវិត​នៃ​មន្ទីរ​ឃុំឃាំង​ទួល​ស្លែង​ និង​ជា​សាក្សី​ដ៏​សំខាន់​មួយ​រូប​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ច័ន្ទ​ ទី​៥ ខែ​ធ្នូ ឆ្នាំ ២០១១នេះ​ នៅ​ម៉ោង​ប្រមាណ​១២​ និង​៤៥​នាទី ​នៅ​គ្លីនិក​ឯកជន​មួយ​ ដោយសារ​ជំងឺគាំង​បេះដូង​ក្នុង​ជន្មាយុ៦៦ឆ្នាំ។

សាកសព​លោក​ វ៉ាន់​ ណាត ត្រូវ​បាន​ក្រុម​គ្រួសារ​ និង​ក្រុម​គ្រូពេទ្យ​ដឹក​តាម​រថយន្ត​ពេទ្យ​មួយ​ ដោយ​មាន​ការ​ហែហម​ដោយ​ក្រុម​គ្រួសារ​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​របស់​លោក​ដែល​មាន​ទី​តាំង​នៅ​ក្នុង​សង្កាត់​មិត្តភាព​ ខណ្ឌ​៧​មករា​ ក្រុង​ភ្នំពេញ។

អ្នក​ស្រី​ គិត ​អេង​ បាន​ផ្តល់​កិច្ច​សម្ភាសន៍​ជាមួយ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ជា​ខេមរភាសា​ថា​ អ្នក​ស្រី​មាន​ការ​សោកស្តាយ​ចំពោះ​ការ​បាត់បង់​ជីវិត​របស់​ស្វាមី​អ្នក​ស្រី។

«ខ្ញុំ​មាន​ការ​សោកស្តាយ​រក​អ្វី​មក​ប្រៀប​មិន​បាន​ព្រោះ​មួយ​ជីវិត​មនុស្ស​ដែល​គាត់​ជា​មនុស្ស​សំខាន់​ក្នុង​ជីវិត​របស់​ខ្ញុំ»។

នៅ​ឯ​គ្លីនិក​ឯកជន​ ក្រុម​គ្រួសារ សាច់​ញាតិ​ និង​មន្ត្រី​អតីត​សាលាក្តី​ខ្មែរ​ក្រហម​បាន​មក​សួរសុខ​ទុក្ខ​លោក​វ៉ាន់​ ណាត ​ចុង​ក្រោយ​មុន​នឹង​សម្រេច​ដឹក​តាម​រថយន្ត​ចេញ​ទៅ​គេហដ្ឋាន។ ក្រុម​គ្រួសារ​របស់​លោក​វ៉ាន់​ ណាត បាន​ហាម​អ្នក​យក​ព័ត៌មាន​ផ្តិត​យក​រូបភាព​របស់​លោក​វ៉ាន់ ​ណាត​ នៅ​ពេល​ដែល​ដឹក​ជញ្ជូន​ចេញ​ពី​គ្លីនិច​ឯកជន​។

លោក​ស្រី ហេឡិន ចាវីស (Helen Jarvis) ​អតីត​មន្ត្រី​សាធារណៈ​របស់​សាលាក្តី​ខ្មែរ​ក្រហម​ ដែល​តែង​តែ​មក​សួរ​លោក​វ៉ាន់​ ណាត​ មុន​ពេល​ដែល​លោក​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់​រហូត​ដល់​បាត់​បង់​ជីវិត​បាន​និយាយ​ថា​ ការ​ស្លាប់​របស់​លោក​វ៉ាន់ ​ណាត ​គឺ​ជា​ការ​បាត់បង់​សាក្សី​ដ៏​សំខាន់​មួយ​រូប​សម្រាប់​សាលាក្តី​ខ្មែរ​ក្រហម។

«ខ្ញុំ​គិត​ថា វ៉ាន់​ ណាត ​មាន​តួ​នាទី​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ គាត់​ជា​ជាង​គំនូរ​ដ៏​ល្បី​ល្បាញ​ ហើយ​គាត់​ជា​សាក្សី​ពី​សម័យ​ដ៏​ងងឹត​ក្នុង​ប្រវត្តិ​សាស្ត្រ​កម្ពុជា។ យើង​សោក​ស្តាយ​ទាំង​អស់​គ្នា​នៅ​ទី​នេះ»។

លោក​ លន់​ ណារ៉ា ​អាយុ ​៤០​ឆ្នាំ ​កូន​ប្រសារ​របស់​លោក​វ៉ាន់​ ណាត ​បាន​និយាយ​ថា​ នៅ​ក្នុង​អំឡុង​ម៉ោង​១២​ថ្ងៃ​ត្រង់​ លោក​វ៉ាន់ ​ណាត​ចាប់​ផ្តើម​ធ្វើ​ទុក្ខ​យ៉ាង​ខ្លាំង​ ហើយ​ក្រុម​គ្រូពេទ្យ​បាន​ខិត​ខំ​ជួយ​សង្គ្រោះ​ដែរ​ តែ​ក្រុម​គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​គាត់​ជា​លោក​ទី​ពីរ​បាន។

«ព្រោះ​ពេល​ហ្នឹង​ គាត់​អត់​មាន​និយាយ​អី។ គាត់​គិត​តែ​ព្យាយាម​ដូច​ថា​ ធ្វើ​អាម៉ាស្សា​បេះដូង​ឲ្យ​ឡើង​វិញ​ ហើយ​រយៈពេល​ដែល​ធ្វើ​ហ្នឹង​ គាត់​មាន​បញ្ហា​តាំង​ពី​ម៉ោង​ប្រហែល​១២:១៥នាទី​ គាត់​ចាប់​ផ្តើម​មាន​បញ្ហា​ ហើយ​ធ្វើ​ទុក្ខ​ខ្លាំង​ ធ្វើ​ម៉ាស្សា​ទៅ​វា​ឥត​មាន​ឡើង»។

លោក​ វ៉ាន់ ​ណាត ​បាន​ចូល​សម្រាក​នៅ​ក្នុង​គ្លីនិកឯកជន​មួយ​ ដែល​មាន​ឈ្មោះ​ថា​មជ្ឈមណ្ឌល​លាង​ឈាម​ឡាសង់តេ​ កាល​ពី​ថ្ងៃ​ទី​២៦ ​សីហា ​កន្លង​ទៅ​នេះ​ ដោយសារ​តែ​មាន​ជំងឺគាំង​បេះដូង។​ ក៏ប៉ុន្តែ​ បន្ទាប់​ពី​បាន​សម្រាក​ព្យាបាល​ចំនួន​១១​ថ្ងៃ​ លោក​បាន​ទទួល​មរណភាពទៅ។

លោក​ ហ៊ុយ​ វណ្ណៈ ​មន្ត្រី​ទំនាក់​ទំនង​កិច្ចការ​សាធារណៈ​ របស់​សាលាក្តី​ខ្មែរ​ក្រហម​ បាន​មាន​ប្រសាសន៍​ថា​ លោក​មាន​ការ​សោកស្តាយ​ចំពោះ​ការ​បាត់​បង់​ជីវិត​របស់​លោក​វ៉ាន់ ​ណាត ​ដែល​លោក​មិន​បាន​ស្តាប់​សាលក្រម​ជា​ស្ថាពរ​របស់​កាំង​ ហ្កេកអ៊ាវ​ ហៅ​ឌុច។​ លោក​ហ៊ុយ​ វណ្ណៈ​ បាន​បញ្ជាក់​ថា​ សាលាក្តី​ខ្មែរ​ក្រហម​គ្រោង​នឹង​ប្រកាស​សាលក្រម​នៃ​សំណុំរឿង​០០១​ ជា​ស្ថាពរ​ នៅ​ចុង​ឆ្នាំ​២០១១​ នេះ។

«ព្រហ្មលិខិត​ដែល​មិន​បាន​ឲ្យ​គាត់​រស់រាន​មាន​ជីវិត​ និង​ទទួល​បានយុត្តិធម៌​គាត់​បាន​ប្រឹងប្រែង​តាំង​ពី​ដើម​មក​ ហើយ​តុលាការ​ក៏​កំពុង​ធ្វើ​ការ​ញាប់​ដៃ​ញាប់​ជើង​ ហើយ​គ្រោង​ប្រកាស​សាលដីកា​ស្ថាពរ​នៅ​ក្នុង​សំណុំរឿង​០០១​ ដែល​ប្រឆាំង​លោក​កាំង ​ហ្កេកអ៊ាវហៅ​ឌុច។ ក្នុង​សំណុំ​រឿង​ហ្នឹង​គាត់​បាន​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​សំណុំរឿង​ហ្នឹង»។

យ៉ាង​តិច​មាន​មនុស្ស​ចំនួន​១២.៣៨០​នាក់​ បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​មន្ទីរ​ទារុណកម្ម​ទួលស្លែង​ចន្លោះ​ឆ្នាំ​១៩៧៥ ​រហូត​ដល់​ឆ្នាំ​១៩៧៩​ ដែល​គ្រប់គ្រង​ដោយ​ឌុច។​ មាន​មនុស្ស​តែ​ចំនួន​ប្រាំពីរ​នាក់​ប៉ុណ្ណោះ​ដែល​រស់រាន​មាន​ជីវិត​ពី​មន្ទីរ​ឃុំឃាំង​ទួលស្លែង​នេះ​ ដែល​ក្នុង​នោះ​រួម​មាន​លោក​វ៉ាន់​ ណាត ​លោក​ជុំ ​ម៉ី​ និង​លោក​ប៊ូ ​ម៉េង។​ លោក​ជុំ ​ម៉ី ​អ្នក​រស់រាន​មាន​ជីវិត​ម្នាក់​ទៀត​ពី​គុក​ទួល​ស្លែង​បាន​ចូល​រួម​ការ​សោកស្តាយ​បំផុត​ចំពោះ​ការ​បាត់បង់​ជីវិត​របស់​លោក​វ៉ាន់​ ណាត៕