ប្រទេសសីស្ហែល (Seychelles) ដែលជាប្រជុំកោះចំនួន ១១៥ នៅមហាសមុទ្រឥណ្ឌាមានកំណើនករណីឆ្លងវីរុសកូរ៉ូណាខ្លាំង ទោះបីជាប្រជាពលរដ្ឋភាគច្រើននៅក្នុងប្រទេសនេះ បានចាក់វ៉ាក់សាំង Sinopharm របស់ចិន និងវ៉ាក់សាំង Oxford/AstraZeneca រួចហើយក្តី។
បើយោងតាមការស្រាវជ្រាវ និងគេហទំព័រ Our World in Data ប្រជាពលរដ្ឋជាង ៧១% ក្នុងប្រទេសនេះ បានចាក់វ៉ាក់សាំងលើកទី១រួចហើយ គិតត្រឹមថ្ងៃទី១៩ ខែឧសភា និងជាង ៦០% បានចាក់វ៉ាក់សាំង២លើករួចហើយ ដោយសារប្រទេសនេះបានចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្លួនតាំងពីខែមករាដើមឆ្នាំនេះមក។
សារព័ត៌មាន New York Times បានរាយការណ៍ថា ក្នុងចំណោមប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំង២លើករួច ៥៧% បានចាក់វ៉ាក់សាំង Sinopharm របស់ចិន និង ៤៣% បានចាក់វ៉ាក់សាំង AstraZeneca។ ក្រសួងសុខាភិបាលនៃប្រទេសសីស្ហែល (Seychelles) បានថ្លែងកាលពីថ្ងៃទី១០ ខែឧសភាថា ក្នុងចំណោមអ្នកធ្វើតេស្តរកឃើញជំងឺកូវីដ១៩វិជ្ជមាន ៣៧% បានចាក់វ៉ាក់សាំង២លើករួចហើយ។ ក្រសួងសុខាភិបាល មិនមានបញ្ជាក់ពីចំនួនអ្នកដែលបានចាក់វ៉ាក់សាំងលើកទី១រួចក្នុងចំណោមអ្នកឆ្លងទាំងនោះទេ។
លោក Liu Chenglong អ្នកជំនាញជំងឺឆ្លង និងសាស្ត្រាចារ្យផ្នែកស្រាវជ្រាវនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Georgetown ក្នុងរដ្ឋធានីវ៉ាស៊ីនតោនបាននិយាយថា អ្នកដែលបានឆ្លងជំងឺនេះ បន្ទាប់ពីបានចាក់វ៉ាក់សាំងត្រូវបានគេចាត់ទុកថាជាករណីកម្រ។
លោកបានប្រាប់ VOA ផ្សាយជាភាសាចិនកុកងឺតាមអ៊ីម៉ែលថា «បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) មនុស្សមួយចំនួនតូចដែលបានចាក់វ៉ាក់សាំង២លើករួចហើយ នឹងនៅតែឆ្លងជំងឺកូវីដ១៩ដដែល ប្រសិនបើពួកគេប៉ះពាល់នឹងវីរុសដែលបង្កឱ្យមានជំងឺនេះ។ ករណីបែបនេះ ត្រូវបានគេហៅថា «ករណីកម្រនៃវ៉ាក់សាំង»។ នេះមានន័យថា ទោះបីជាអ្នកដែលបានចាក់វ៉ាក់សាំង២លើករួចហើយ ទំនងជាមានលទ្ធភាពឆ្លងតិចតួចក៏ដោយ ក៏វានៅតែអាចកើតមានដែរ»។
លោកបាននិយាយថា អ្នកជំនាញនៅបន្តសិក្សាលើភាពញឹកញាប់នៃករណីទាំងនេះ។ ជាឧទាហរណ៍ នៅសហរដ្ឋអាមេរិកគិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ពលរដ្ឋអាមេរិកាំងជាង ៩៥ លាននាក់ បានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ២លើករួចរាល់ ហើយក្នុងចំណោមអ្នកទាំងនោះ មជ្ឈមណ្ឌល CDC បានរាយការណ៍ថា មានករណីឆ្លងដ៏កម្រចំនួន ៩.២៤៥ ករណី។ ក្នុងចំណោមករណីទាំងនោះ ២៧% ជាករណីឆ្លងមិនមានរោគសញ្ញា ៩% ជាករណីសម្រាកព្យាបាលនៅមន្ទីរពេទ្យ និង ១% ជាករណីស្លាប់។
សហរដ្ឋអាមេរិក ប្រើប្រាស់វ៉ាក់សាំងចំនួន២ប្រភេទ គឺវ៉ាក់សាំង Moderna និង Pfizer/BioNTech mRNA។ វ៉ាក់សាំងទាំងពីរនេះបង្ហាញថា មានប្រសិទ្ធភាពជាង ៩០% ក្នុងការបង្ការជំងឺនានាដែលបង្កឡើងដោយជំងឺកូវីដ១៩ នេះបើយោងតាមមជ្ឈមណ្ឌល CDC។
អ្នកស្រាវជ្រាវថា ករណីកម្រទាំងនេះ គឺជារឿងធម្មតា ដោយសារតែមិនមានវ៉ាក់សាំងណាមួយមានប្រសិទ្ធភាព ១០០% នោះទេ។ លោក Richard Ebright សាស្ត្រាចារ្យគីមីវិទ្យា និងជីវគីមីនៅសាកលវិទ្យាល័យ Rutgers នៅក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិកបាននិយាយថា សា្ថនភាពនៅក្នុងប្រទេសសីស្ហែលបង្ហាញថា ករណីកម្រនៃវ៉ាក់សាំងទាំងនេះ ត្រូវការការសិក្សាបន្ថែមទៀត។
លោក Ebright បានប្រាប់ VOA តាមអ៊ីម៉ែលថា «ករណីកម្រនៃវ៉ាក់សាំងនេះជាក្តីបារម្ភខ្លាំង ដូចឃើញមានក្នុងស្ថានភាពនៅក្នុងប្រទេសសីស្ហែលអ៊ីចឹង ហើយអាចនឹងជាក្តីបារម្ភកាន់តែខ្លាំងនៅក្នុងរយៈពេលខាងមុខ»។
ប្រសិទ្ធភាពវ៉ាក់សាំង Sinopharm
ទោះបីជាប្រទេសចិនស្ថិតក្នុងចំណោមប្រទេសដំបូងៗដែលបានចាប់ផ្តើមផលិតវ៉ាក់សាំងកូវីដ១៩ក្តី ប្រទេសនេះ មិនទាន់បានចេញផ្សាយលទ្ធផលសាកល្បងពេញលេញដែលជាការអនុវត្តជាប្រចាំនៃការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រនោះទេ នេះបើយោងតាមអត្ថបទមួយចេញផ្សាយកាលពីថ្ងៃទី១២ ខែឧសភាកន្លងទៅ នៅក្នុងព្រឹត្តិប័ត្រ Nature។
ជាមួយនឹងចំនួនករណីកម្រនៅក្នុងប្រទេសសីស្ហែល អ្នកវិទ្យាសាស្ត្រមួយចំនួន បានលើកឡើងពីក្តីបារម្ភអំពីប្រសិទ្ធភាពនៃវ៉ាក់សាំងដែលផលិតដោយចិន។
លោក Amesh Adalja អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌល Johns Hopkins សម្រាប់សុវត្ថិភាពសុខាភិបាលនៅក្នុងក្រុង Baltimore រដ្ឋ Maryland សហរដ្ឋអាមេរិកបានប្រាប់ VOA ថា «សម្រាប់ខ្ញុំ បញ្ហាធំបំផុតជាមួយនឹងប្រទេសសីស្ហែលដែលមានប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងយ៉ាងច្រើននោះ គឺថា វ៉ាក់សាំងភាគច្រើនដែលបានចាក់ គឺជាវ៉ាក់សាំង Sinopharm។ យើងមិនឃើញមានការចេញផ្សាយរបាយការណ៍ដែលមានការត្រួតពិនិត្យដោយអ្នកស្រាវជ្រាវដូចគ្នាពាក់ព័ន្ធនឹងលទ្ធផលសាកល្បងដំណាក់កាលទី៣នោះទេ។ វ៉ាក់សាំងនេះ អាចនឹងមិនសូវមានស្តង់ដារ»។
បើយោងតាមអង្គការសុខភាពពិភពលោក (WHO) វ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាព ៧៦% ក្នុងការបង្ការរោគសញ្ញានានាដែលបង្កឡើងដោយជំងឺកូវីដ១៩ ហើយវ៉ាក់សាំង Sinopharm មានប្រសិទ្ធភាព ៧៩%។ វ៉ាក់សាំងទាំង២នេះ មានអត្រាប្រសិទ្ធភាពខ្ពស់ជាង ៥០% ដែលជាអត្រាទាបបំផុតដើម្បីអាចឱ្យអង្គការសុខភាពពិភពលោកផ្តល់ការអនុម័តសម្រាប់ការប្រើប្រាស់បន្ទាន់។
លោក Liu នៅសាកលវិទ្យាល័យ Georgetown បាននិយាយថា វាលឿនពេកក្នុងការសន្និដ្ឋានថា តើវ៉ាក់សាំង Sinopharm ឬ AstraZeneca គួរតែជាមូលហេតុនៃរលកឆ្លងរាលដាលជំងឺកូវីដ១៩លើកទី២ នៅក្នុងប្រទេសសីស្ហែលដែរឬទេ។
លោក Liu បានថ្លែងថា «មិនមានព័ត៌មានណាបញ្ជាក់ថា ក្នុងចំណោមករណីនៅប្រទេសសីស្ហែលតើមានប៉ុន្មានភាគរយចាក់វ៉ាក់សាំង Sinopharm ឬ AstraZeneca នោះទេ។ លើសពីនេះទៅទៀត អ្នកជំងឺ ៨០% ដែលត្រូវបានព្យាបាលនៅមន្ទីរពេទ្យមិនបានចាក់វ៉ាក់សាំងនោះទេ ដែលនេះ នៅតែបង្ហាញពីប្រសិទ្ធភាពនៃកម្មវិធីចាក់វ៉ាក់សាំងនៅក្នុងប្រទេសនេះ»។
ការបន្តកម្មវិធីចាក់វ៉ាក់សាំង
លោក Wavel Ramkalwan ប្រធានាធិបតីនៃប្រទេសសីស្ហែល បានការពារកំណត់ត្រាចាក់វ៉ាក់សាំងរបស់ប្រទេសលោក។ លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានសីស្ហែល (Seychelles News Agency) កាលពីថ្ងៃទី១០ ខែឧសភាថា វ៉ាក់សាំង Sinopharm និងវ៉ាក់សាំង AstraZeneca បានបម្រើដល់ប្រជាពលរដ្ឋរបស់លោកបានយ៉ាងល្អ។
នៅក្នុងរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានសីស្ហែល លោក Ramkalwan បានថ្លែងថា «ករណីថ្មីៗភាគច្រើនកើតឡើងក្នុងចំណោមមនុស្សដែលមិនទាន់បានចាក់វ៉ាក់សាំង២លើក។ ប្រទេសសីស្ហែលមិនទាន់មានកំណត់ត្រាលើករណីស្លាប់របស់អ្នកដែលបានចាក់វ៉ាក់សាំង២លើកនោះទេ។ ហើយនេះ បានបង្ហាញយើងពីប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំង»។
លោក Liu បាននិយាយថា នៅក្នុងស្ថានភាពបច្ចុប្បន្ន ប្រទេសសីស្ហែលគួរលើកកម្ពស់ការចាក់វ៉ាក់សាំងឱ្យបានទូលំទូលាយជាជាងបញ្ឈប់កម្មវិធីចាក់វ៉ាក់សាំង ដោយសារតែការកើនឡើងករណីឆ្លងនៅពេលបច្ចុប្បន្ននេះ នៅមិនទាន់ច្បាស់ថា បង្កឡើងដោយការបាត់ប្រសិទ្ធភាពដោយសារការចាក់វ៉ាក់សាំងតែមួយលើក ឬយ៉ាងណានៅឡើយទេ។
លោកបានថ្លែងថា «ការសិក្សាស្រាវជ្រាវនៅក្នុងប្រទេសផ្សេងដូចជាឥណ្ឌូណេស៊ី បង្ហាញពីលទ្ធផលវិជ្ជមានខ្លាំងសម្រាប់វ៉ាក់សាំង Sinopharm»។ លោកបានបន្ថែមទៀតថា នៅក្នុងពេលនេះ រដ្ឋាភិបាលគួរតែពង្រឹងការអប់រំផ្នែកសុខភាពទៅដល់ប្រជាពលរដ្ឋខ្លួន និងអ្នកទេសចរណ៍អំពីសារៈសំខាន់នៃវ៉ាក់សាំង និងបន្តកិច្ចប្រឹងប្រែងក្នុងវិធានការសុខភាពសាធារណៈ។
លោក Ebright នៅសាកលវិទ្យាល័យ Rutgers យល់ស្របចំពោះការលើកឡើងខាងលើ។ លោកថា ទិន្នន័យដែលមានឥឡូវនេះ បង្ហាញថា វ៉ាក់សាំងទាំងអស់នៅពេលបច្ចុប្បន្ន ដែលមានដូចជាវ៉ាក់សាំង Moderna វ៉ាក់សាំង Pfizer/BioNTech mRNA វ៉ាក់សាំង Johnson & Johnson វ៉ាក់សាំង AstraZeneca វ៉ាក់សាំង Sputnik និងវ៉ាក់សាំង Sinopharm ផ្តល់ការការពារច្រើនប្រឆាំងនឹងការឆ្លងជំងឺកូវីដ១៩ និងផ្តល់ការការពារច្រើនប្រឆាំងនឹងជំងឺធ្ងន់ធ្ងរដែលបង្កឡើងដោយជំងឺកូវីដ១៩។
លោកបានប្រាប់ VOA ថា «ដូច្នេះ វ៉ាក់សាំងទាំងអស់នៅពេលបច្ចុប្បន្ន គឺល្អខ្លាំងជាងការមិនមានវ៉ាក់សាំង»៕
ប្រែសម្រួលដោយអ្នកស្រី ស៊ូ ពេជ្រចិន្តា