នាយិកាទីភ្នាក់ងារ USAID អ្នកស្រី Samantha Power បានបិទបញ្ចប់ទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជា កាលពីថ្ងៃពុធ ហើយបានប្រកាសផ្តល់មូលនិធិថ្មីជាង ៥០ លានដុល្លារ ដែលបានមកពីគ្រប់វិស័យក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិកជូនដល់ប្រទេសកម្ពុជា។
ថ្លែងនៅក្នុងសន្និសីទព័ត៌មានមួយក្នុងទីក្រុងភ្នំពេញ អ្នកស្រី Power បានប្រាប់ក្រុមអ្នកកាសែតថា ជាមួយនឹងកញ្ចប់មូលនិធិថ្មីនេះ ទីភ្នាក់ងារ USAID នឹងជួយកសិករភ្ជាប់ទៅនឹងទីផ្សារនិងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលរួមចំណែកដល់ការកសាងប្រទេសកម្ពុជា។
អ្នកស្រីថ្លែងថា៖ «ជាមួយមូលនិធិនេះ យើងនឹងវិនិយោគជាមួយកសិករឱ្យបានភ្ជាប់នឹងទីផ្សារ ហើយសម្របទៅតាមបច្ចេកវិទ្យាថ្មីៗ ដើម្បីផលិតឱ្យបានច្រើន ហើយមានសុវត្ថិភាព ទោះបីជាមានអាកាសធាតុប្រែប្រួល»។
អ្នកស្រីបន្ថែមថា៖ «យើងនឹងវិយោគដើម្បីធ្វើឱ្យប្រជាជនកម្ពុជាមានសុវត្ថិភាព ដោយការសម្អាតមីន...ការបង្កើតការខិតខំជាច្រើនទសវត្សរ៍ ដើម្បីដោះស្រាយ កេរដំណែលដ៏គ្រោះថ្នាក់នៃសង្គ្រាម ហើយពិសេសជាងនេះទៅទៀត យើងនឹងវិនិយោគក្នុងការគំាទ្រសង្គមស៊ីវិល វិស័យការងារ និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ការវិនិយោគដែលមិនត្រឹមតែគាំទ្រដល់អនាគតប្រជាធិបតេយ្យនោះទេ តែក៏ថែមទាំងគាំទ្រដល់អនាគតសេដ្ឋកិច្ចផងដែរ»។
អំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា អ្នកស្រី Power បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត និងបានជួបប្រាស្រ័យទាក់ទងជាមួយប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈរាប់ចាប់តាំងពីគ្រួសារសាមញ្ញ កុមារមានពិការភាព សិស្ស និងអ្នកការពារបរិស្ថាន និងបុគ្គលដែលមានភាពក្លាហានហើយស្វះស្វែងធ្វើឱ្យអ្នកមានអំណាចទទួលខុសត្រូវចំពោះគោលការណ៍នានាដែលបានតម្កល់ទុកនៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
អ្នកស្រីបានផ្តល់ការកត់សម្គាល់ពីវឌ្ឍនភាពរបស់កម្ពុជាក្នុងរយៈពេល ២ ទសវត្សរ៍កន្លងមកនេះ ដែលប្រជាជនកម្ពុជាបានសម្រេចបាននូវការរីកចម្រើនដ៏គួរឱ្យកត់សម្គាល់ ដើម្បីពង្រឹងសុខភាព ការអប់រំ និងកំណើនសេដ្ឋកិច្ច។ អ្នកស្រីឱ្យដឹងទៀតថា ជាង ៣០ ឆ្នាំមកនេះ រដ្ឋាភិបាលអាមេរិកបានផ្តល់ប្រាក់ជាង ៣ពាន់លានដុល្លារសម្រាប់ជាជំនួយនៅកម្ពុជា។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា មូលនិធិបន្ថែមរបស់ទីភ្នាក់ងារ USAID ជាការរួមចំណែកដ៏សំខាន់ក្នុងការជួយគាំទ្រទៅលើវិស័យអភិវឌ្ឍផ្សេងៗ ក៏ដូចជាបញ្ហាលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស នៅកម្ពុជាផងដែរ។
លោកបន្ថែមថា កម្ពុជាគួរតែធ្វើឱ្យមានលំនឹងដំណើរប្រជាធិបតេយ្យដើម្បីបានជាដើមទុនក្នុងការទាញយកផលប្រយោជន៍ផ្សេងៗទៀត ដែលទីភ្នាក់ USAID និងផ្តល់ជូននាពេលអនាគត។
លោកថ្លែងថា៖ «កន្លងមកនេះ យើងឃើញថា បញ្ហាប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនេះ វាជាបញ្ហាចម្រូងចម្រាសរវាងកម្ពុជាជាមួយសហគមន៍អឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិក ដែលសហគមន៍អឺរ៉ុប គេទាមទារឱ្យកម្ពុជាស្តារឡើងវិញលទ្ធិប្រជាធិតេយ្យ និងការគោរពសិទ្ធិមនុស្ស នៅក្នុងហ្នឹង យើងឃើញហើយសហគមន៍អឺរ៉ុប បានកាត់បន្ថយការអនុគ្រោះពន្ធ EBA ២០ភាគរយ ហើយសហរដ្ឋអាមេរិកមកទល់ឥឡូវនេះ គឺមិនទាន់បានបន្តនូវការអនុគ្រោះពន្ធ ឬក៏យើងហៅថា GSP នៅឡើយទេបាទ»។
ក្នុងសេចក្តីប្រកាសព័ត៌មានដាច់ដោយឡែកមួយ របស់ទីភ្នាក់ងារ USAID អ្នកស្រី Power បានលើកឡើងពីការគាំទ្រយ៉ាងខ្លាំងរបស់សហរដ្ឋអាមេរិកនៅទូទាំងពិភពលោក និងនៅកម្ពុជា ចំពោះសិទ្ធិកម្មករ និងសង្គមស៊ីវិល ក៏ដូចជាការព្រួយបារម្ភអំពីបញ្ហានានា ដូចជាការបិទលម្ហ ប្រជាធិតេយ្យសម្រាប់ពលរដ្ឋ និងសេរីភាពសារព័ត៌មាន។
សេចក្តីប្រកាសដដែលបានឱ្យដឹងទៀតថា អ្នកស្រី Power និងលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានពិភាក្សាអំពីសារៈសំខាន់នៃការសហការរវាងសហរដ្ឋអាមេរិក និងកម្ពុជាក្នុងការដោះស្រាយបញ្ហានៃល្បែងឆបោកតាមអនឡាញ ការដោះមីន និងការដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះ សុវត្ថិភាពផ្នែកសុខភាពសាកល ការកាត់បន្ថយការប៉ះពាល់សម្រាប់កុមារ និងបញ្ហាផ្សេងៗទៀតដែលជាកង្វល់រួម៕