ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការផ្សាយព័ត៌មានសកល(U.S. Agency for Global Media) ឬហៅកាត់ថាUSAGM នឹងចាក់បញ្ចាំងភាពយន្តឯកសារនិងរឿងវីដេអូចំនួន ៦ ក្នុងមហោស្រពភាពយន្តស្តីពីសេរីភាពសារព័ត៌មានលើកដំបូង ដែលមិនធ្លាប់មានពីមុនមក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារនេះ ដែលបានចេញផ្សាយនៅថ្ងៃចន្ទនេះ។
ការដាក់បញ្ចាំងជូនទស្សនាដោយឥតគិតថ្លៃលើបណ្តាញអ៊ីនធឺណិត ដោយទីភ្នាក់ងារ USAGM ដែលឧបត្ថម្ភថវិកាដោយសភាសហរដ្ឋអាមេរិក រួមបញ្ចូលស្នាដៃដែលផលិតដោយបណ្តាញទាំង ៥ នៃទីភ្នាក់ងារនេះ រួមមានវីអូអេ (Voice of America) វិទ្យុអឺរ៉ុបសេរី ឬវិទ្យុសេរីភាព (Radio Free Europe/Radio Liberty) វិទ្យុអាស៊ីសេរី (Radio Free Asia) បណ្តាញផ្សព្វផ្សាយមជ្ឈិមបូព៌ា (Middle East Broadcasting Networks) និងការិយាល័យផ្សព្វផ្សាយគុយបា (Office of Cuba Broadcasting)។
ទីភ្នាក់ងារ USAGM និយាយថា មហោស្រពភាពយន្តនេះ មានគោលបំណង«អប់រំទស្សនិកជនអំពីសារសំខាន់នៃសេរីភាពសារព័ត៌មាននៅជុំវិញពិភពលោក»។
រឿងទាំង ៦ ដែលនឹងត្រូវបញ្ចាំងក្នុងមហោស្រពភាពយន្តនេះរួមមានរឿង Let It All Burn របស់វិទ្យុអឺរ៉ុបសេរី ឬវិទ្យុសេរីភាព, VOA Connect និង Hell and Hope របស់វីអូអេ, The Life of Female Fighters in Myanmar's Arakan Army របស់វិទ្យុអាស៊ីសេរី, Alhurra Investigates របស់បណ្តាញផ្សព្វផ្សាយមជ្ឈិមបូព៌ា និងរឿងSuberraneo របស់ការិយាល័យផ្សព្វផ្សាយគុយបា។
ការបញ្ចាំងរឿងទាំងនេះនឹងចាប់ផ្តើមពីថ្ងៃចន្ទ ទី៤ រហូតដល់ថ្ងៃសុក្រ ទី៨ ខែឧសភានេះ នៅវេលាម៉ោង ១២ថ្ងៃត្រង់ ម៉ោងក្នុងរដ្ឋធានីវ៉ាស៊ីតោន។ កិច្ចពិភាក្សាជាមួយផលិតករភាពយន្ត ឬរឿងទាំងនេះ ក៏នឹងត្រូវធ្វើឡើងក្រោយពីការបញ្ចាំងរឿងក្នុងថ្ងៃនីមួយៗដែរ៕