ទូតគោចរ​អាមេរិក​ស្នើ​ឱ្យ​មាន​ការ​គាំទ្រ​សាលាក្តី​ខ្មែរ​ក្រហម

នៅ​ក្នុង​រូបថត​ដែល​ចេញ​ផ្សាយ​ដោយ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​​ក្នុង​តុលាការ​កម្ពុជា (សាលាក្តី​ខ្មែរ​ក្រហម) នេះ​ នួន ជា (កណ្តាល) កំពុង​​អង្គុយ​នៅ​ក្នុង​អំឡុង​សវនាការ​ទី​២​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម នៅ​ជាយ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​​អង្គារ​ទី​២៨​ខែ​មិថុនា​

លោក ​ស្តេហ្វឹន រែប (Stephen Rapp) ​ឯកអគ្គរដ្ឋទូត​គោចរ​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​បញ្ហា​ឧក្រិដ្ឋកម្ម​សង្គ្រាម​បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ សវនាការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ជាន់ខ្ពស់​ចំនួន​បួន​នាក់​របស់​សាលាក្តី​ខ្មែរក្រហម​មាន​សារៈ​សំខាន់​ខ្លាំងណាស់​សម្រាប់​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ។

លោក​ ស្តេហ្វឹន រែប ឯកអគ្គរដ្ឋទូត​គោចរ​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​បញ្ហា​ឧក្រិដ្ឋកម្ម​សង្គ្រាម​កំពុង​ស្ថិត​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​ក្នុង​ពិធី​បើក​សវនាការ​នៃ​សំណុំរឿង​លេខ​០០២​នៃ​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​អំពី​បទប្រល័យ​ពូជសាសន៍ ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ឧក្រិដ្ឋកម្ម​សង្គ្រាម ប្រឆាំងនឹង​ នួន ជា ​អតីត​ប្រធាន​រដ្ឋសភា ​ខៀវ សំផន​ អតីត​ប្រធានរដ្ឋ ​អៀង សារី ​អតីត​រដ្ឋមន្ត្រី​ការបរទេស ​និង ​អៀង ធីរិទ្ធ​ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​នៅក្នុង​របប​វាល​ពិឃាត​ ដែល​បាន​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​១,៧​លាន​នាក់​ពីឆ្នាំ​១៩៧៥​ ដល់ ​ឆ្នាំ១៩៧៩។

លោក​ឯកអគ្គ​រដ្ឋទូត ​ស្តេហ្វឹន រែប ​បាន​ហៅ​ករណី​សំណុំរឿង​លេខ​០០២​នេះ​ថា​ជា​សវនាការ​ ដែល​មាន​សារៈ​សំខាន់​បំផុត​ក្នុង​ពិភពលោក។

«ខ្ញុំ​សប្បាយ​រីករាយ​ណាស់​នៅ​ទីនេះ​ក្នុង​សប្តាហ៍​នេះ​ ដើម្បី​ចូលរួម​ការ​បើក​សវនាការ​កាត់ក្តី​ករណី​លេខ​០០២។ ការកាត់ក្តី​នេះ​ដែល​ខ្ញុំ​បាន​និយាយ​និង​ជឿ​ថានៅ​ពេល​នេះ​វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់ពិភពលោក​ ពីព្រោះ​វា​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ដែល​មាន​ទ្រង់ទ្រាយ​ដ៏ធំ​ ដូចជា​ ការស្លាប់​ប្រជាពលរដ្ឋ​ចំនួន​១.៧០០.០០០​នាក់។ ឧក្រិដ្ឋកម្ម​នេះ​នៅតែ​មាន​ផល​ប៉ះពាល់​លើ​មនុស្ស​គ្រប់គ្នា​នៅក្នុង​ប្រទេស​នេះ»។

លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ ហ៊ីលឡារី ក្លីនតុន (Hillary Clinton) ​បាន​កំណត់​ថា​សវនាការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ជាន់ខ្ពស់​បួននាក់​ ដែល​នៅរស់​នៃ​របប​ខ្មែរក្រហម​ គឺជា​អាទិភាព​ខ្ពស់​មួយ។

លោក​ឯក​អគ្គរដ្ឋទូត​ ស្តេហ្វឹន រែប​ បាន​បញ្ជាក់​ថា ​ក្នុង​អំឡុង​ទស្សនកិច្ច​លើក​នេះ ​លោក​នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​តុលាការ​ ចៅក្រម ​ព្រះរាជអាជ្ញា​ជាលក្ខណៈ​បុគ្គល​ មន្ត្រី​ចៅក្រម​ស៊ើបអង្កេត​ និង ​តំណាង​ជនរងគ្រោះ​ ដើម្បី​ពិភាក្សា​ពី​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ចាំបាច់​សម្រាប់​សាលាក្តី​ខ្មែរ​ក្រហម​ក្នុងការបំពេញ​ភារកិច្ច​តាម​អាណត្តិ​របស់​ខ្លួន។

«ខ្ញុំ​កំពុង​ធ្វើការ​ជាមួយ​បណ្តា​ប្រទេស​ផ្តល់​ជំនួយ​ដទៃ​ទៀត ​ដើម្បី​ធ្វើឱ្យ​ប្រាកដ​ប្រជា​ថា​តុលាការ​នេះ​មាន​ធនធាន​ដែល​ត្រូវការ​សម្រាប់​បំពេញ​ការងារ»។

លោក​ ប៊ែណាដ វ៉ាលេរ៉ូ (Bernard Valero)​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បារាំង ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​ រឿងក្តី​នេះ​នឹង​ធ្វើឱ្យ​គេអាច​វែកមុខ​អ្នក​ទទួលខុស​ត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ដ៏​ធំ​ដែល​បាន​ប្រព្រឹត្ត​ដោយ​របប​ខ្មែរក្រហម​ ពី​ខែ​មេសា​ឆ្នាំ១៩៧៥​ដល់​ខែ​មករា​ឆ្នាំ​១៩៧៩​ ដែល​បាន​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់​ដល់​ពីរ​លាន​នាក់៕