អាមេរិក​នៅ​ប្រាថ្នា​ជួយ​ផែ​យោធា​រាម ដែល​អ្នក​វិភាគ​ថា​ដើម្បី​ឃ្លាំ​មើល​ចិន

រូបឯកសារ៖ ទាហាន​ម្នាក់​ឈរ​យាម​អគារ​ជួសជុល​ថែទាំ​នាវាល្បាត​ធុន​តូច នៅ​មូលដ្ឋាន​សមុទ្រ​រាម កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៩។ (វីអូអេ​ខ្មែរ)

ភ្នំពេញ - អ្នក​វិភាគ​មើល​ឃើញ​ថា​ការ​បង្ហាញ​ជំហរ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​នៅ​តែ​ចង់​រក្សា​ជំនួយ​របស់​ខ្លួន​នៅ​មូលដ្ឋាន​ទ័ព​សមុទ្រ​រាម​របស់​កម្ពុជា​គឺ​ដើម្បី​ចាំ​ឃ្លាំ​មើល​សកម្មភាព​ចិន​នៅ​ទី​នោះ​និង​នៅ​ក្នុង​តំបន់។

មន្ត្រី​ជាន់​ខ្ពស់​អាមេរិកាំង​បាន​បង្ហាញ​ចេតនា​ម្ដង​ទៀត​ក្នុង​ការ​បន្ត​ជួយ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​មូលដ្ឋាន​ទ័ព​សមុទ្រ​រាម មួយ​ថ្ងៃ​បន្ទាប់​ពី​មាន​ការ​បញ្ជាក់​ថា​អគារ​ទីពីរ​ជា​ជំនួយ​អាមេរិក​ទើប​ត្រូវ​បាន​វាយ​កម្ទេច​នៅ​ទី​នោះ។

រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ កាល​ពី​ថ្ងៃ​អង្គារ បាន​ទទួល​ស្គាល់​ថា​អគារ​ជួស​ជុល​ថែទាំ​នាវា​ខ្នាត​តូច​នៅ​មូលដ្ឋាន​សមុទ្រ​រាម សាង​សង់​នៅ​ឆ្នាំ​២០១៧​ក្រោម​ជំនួយ​អាមេរិក ពិត​ជា​ត្រូវ​បាន​រុះរើ​ចេញ កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ។

បើ​តាម​លោក ទៀ បាញ់ ការ​រុះរើ​នេះ​ពាក់​ព័ន្ធ​ការ​រើ​ទីតាំង ទី​បញ្ជាការ​មុខ​គណៈ​កម្មាធិការ​ជាតិ​សន្ដិសុខ​លម្ហ​សមុទ្រ​ពី​ផែ​រាម ទៅ​កោះ​ព្រាប នៅ​ទំនប់​រលក ដែល​នាំ​ឱ្យ​មាន​ការ​វាយ​អគារ​ជំនួយ​អាមេរិក​មួយ​ខ្នង​រួច​មក​ហើយ​នៅ​ខែ​កញ្ញា។​

ប្រមុខ​ការពារ​ជាតិ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ការរុះរើ​នេះ​គឺ​ដើម្បី​បើកផ្លូវ​ឱ្យ​មាន​ការ«​ប្រើ​ប្រាស់​ធ្វើ​កន្លែង​អភិវឌ្ឍន៍»​នៅ​មូលដ្ឋាន​សមុទ្រ​រាម ដែល​លោក​មិន​បាន​បញ្ជាក់​ច្បាស់​នោះ​ទេ។

តែ​មន្ត្រី​ជាន់​ខ្ពស់​កង​ទ័ព​ជើងទឹក​កម្ពុជា​ធ្លាប់​ប្រាប់​សារព័ត៌មាន​ជប៉ុន Nikkei ពី​ជំនួយ​ចិន​នៅ​ផែ​យោធា​រាម​លើ​ការសង់​ផែ​នាវា​ថ្មី រោង​ជួសជុល​ទូក និង​ការ​បូម​ខ្សាច់​បង្កើន​ជម្រៅ​ទឹក​នៅ​ឆក​សមុទ្រ​ដែល​នៅ​ក្បែរ​ខាង។

រូបភាពពីផ្កាយរណប បង្ហាញពីមូលដ្ឋានកងទ័ពជើងទឹករាមនៅខេត្តព្រះសីហនុ មុន និងក្រោយការវាយកម្ទេចមូលដ្ឋានទ័ពចាស់ដែលឧបត្ថម្ភដោយរដ្ឋាភិបាលអាមេរិក។ (រូបថតដកស្រង់ពីគេហទំព័រ CSIS)

លោក Atul Keshap ឧបការី​រង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ទាញ​ភ្ជាប់​ការ​វាយ​កម្ទេច​អគារ​ជំនួយ​អាមេរិក​ម្ដង​ជា​ពីរ​ដង​នេះ ទៅ​នឹង​ក្ដី​សង្ស័យ​អំពី​អនាគត​នៃ​វត្តមាន​យោធា​ចិន​នៅ​រាម។​

មន្ត្រី​ការ​ទូត​ជាន់ខ្ពស់​អាមេរិក​កាំង​រូប​នេះ បាន​ថ្លែង​ដូច្នេះ​ក្នុង​សិក្ខាសាលា​អនឡាញ​មួយ​រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ដើម្បី​ការសិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ CSIS កាល​ពី​យប់​ថ្ងៃ​អង្គារ។​

ដោយ​មិន​បាន​បង្ហាញ​តឹក​តាង​អ្វី​បន្ថែម លោក Keshap​បាន​ថ្លែង​ថា៖ «យើង​កំពុង​បារម្ភ​ថា​ការ​កម្ទេច​អគារ​ប្រហែល​ជា​ពាក់ព័ន្ធ​នឹង​គម្រោងនានា​ដើម្បី​ទទួល​តាំងទី​នៃ​គ្រឿង​យោធា​និង​សេនាធិការ​ពល​ទាហាន​នៃសាធារណ​រដ្ឋ​ប្រជាមានិត​ចិន​នៅ​រាម»។

សុន្ទរកឋា​របស់​លោក Keshap ក្នុង​សិក្ខា​សាលា​CSIS អំពី​មូលដ្ឋាន​សមុទ្រ​រាម កាល​ពី​ថ្ងៃ​អង្គារ​ស្ទើរ​តែ​ដូច​គ្នា​បេះ​បិទ​ទៅ​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​លោក Chad Roedemeier អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ ដែល​បាន​ចែក​ចាយ​ឱ្យ​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ទី​៧ ខែតុលា កន្លង​ទៅ។​

លោក Keshap បាន​រៀប​រាប់​សា​ជាថ្មី​អំពី​ជំហរ​អាមេរិក ដែល​ថា​វត្តមាន​យោធាចិន​នៅ​កម្ពុជា អាច​នឹង​បង្ក​«អស្ថិរភាព»​និង​«បំផ្លាញ​សេរីភាព​នាវាចរណ៍​និង​ការ​ហោះ​ហើរ​សេរី»​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។​

លោក​បញ្ជាក់​ថា៖ «យើង​នៅ​តែ​ស្វាគមន៍​កិច្ចសន្ទនា​ពី​តម្រូវការ​កម្ពុជា​និង​ដើម្បី​កំណត់​ថា​អំពី​លទ្ធភាព​ដែល​យើង​អាច​ជួយ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​រាម ប្រយោជន៍​ដើម្បី​កម្ពុជា​ឯករាជ្យ​និង​បណ្ដា​ប្រជាជាតិ​ដែល​គាំទ្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​សេរី​និង​បើក​ចំហ»។​

រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ការ​បដិសេធ​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​ការ​សង្ស័យ​របស់​អាមេរិក​និង​សម្ព័ន្ធមិត្ត​ថា​កម្ពុជា​គ្រោង​ទទួល​វត្តមាន​យោធា​ចិននៅ​រាម និង​នៅ​កោះ​កុង។​

រូប​ឯកសារ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បង្ហាញអ្នកសារព័ត៌មាននូវអគារ Boat Maintenance Facility ដែលសាងសង់ដោយសហរដ្ឋអាមេរិក ទៅកាន់អ្នកយកព័ត៌មានដែលត្រូវបានអញ្ជើញឲ្យទស្សនាមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (វីអូអេខ្មែរ)

លោកឧត្ដមនាវី​ទោ ម៉ី ឌីណា មេ​បញ្ជាការ​រង​មូលដ្ឋាន​សមុទ្ររាម​បាន​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​ជំនួយ​របស់​សហរដ្ឋ​អាមេរិក ដែល​ពីមុន​ជួយ​តែ​គណៈកម្មាធិការ​ជាតិ​សន្ដិសុខ​លម្ហ​សមុទ្រ​មិន​ទាន់​បាន​ជួយ​មូល​ដ្ឋាន​សមុទ្ររាម​ដែល​ជា​ម្ចាស់​ផ្ទះ​ឡើយ។ ទោះ​យ៉ាង​ណា​លោក​ថា​អ្វីៗ​សម្រេច​នៅ​លើ​ក្រសួង​ការពារ​ជាតិ។​

«អ្ហេហ៍ មាន[ការ​ស្វាគមន៍] អាច​តើ បើ​សិន​ជា​គាត់​[អាមេរិក]​ចង់​ជួយ។ ប៉ុន្តែ​អាហ្នឹង សិទ្ធិ​ត្រឹម​ខ្ញុំ​អី មិន​មែន​សិទ្ធិ​ត្រូវ​ទទួល​ឬ​ក៏​សិទ្ធិ​ត្រូវ​ទៅ​ទំនាក់​ទំនង​អី​ទេ គឺ​ខាង​លើ និយាយ​រួម​ទៅ ខាង​ក្រសួង​ការពារ​ជាតិ ឬ​ក៏​ខាង​ទី​បញ្ជាការ​របស់​កង​ទ័ព​ជើង​ទឹក»។

នៅ​ពេល​សួរ​បញ្ជាក់​អំពី​គម្រោងដែល​ប្រទេស​ចិន​ចង់​ជួយ​មូលដ្ឋាន​ទ័ព​រាម​ដូច​ដែល​មន្ត្រី​ជើង​ទឹក​កម្ពុជា​ប្រាប់​សារព័ត៌មាន​ជប៉ុន​កាល​ពី​ខែ​តុលា ដែល​រួមមាន​រោងជួសជុល​នាវា​ជា​ដើម លោក​ឧត្ដមនាវីទោ តប​ថា៖

«អាហ្នឹង ខ្ញុំ​ក៏​មិន​ច្បាស់​ដែរ ប៉ុន្តែ​ប្រហែល​ជា​មាន អាហ្នឹង​តាម​ព័ត៌មាន​ដែល​គាត់​លើក​ឡើង ប្រហែល​ជា​មាន​ថ្ងៃ​ក្រោយ។​ព្រោះ​អី ធម្មតា​កន្លែង​ទីតាំង​របស់​អង្គ​ភាព​វា​ងាយ[មាន​ឧបករណ៍​គ្រប់គ្រាន់​ធ្វើការ] វា​ទាល់​តែ​មាន​កន្លែង​រោង​ជាង ព្រោះ​សព្វថ្ងៃ​មាន​រោង​ជាង​ដែរ​តែ​ដូច​រោង​ជាង​ជួស​ជុល​រថយន្ត​ដែរ មិន​មែន​សម្រាប់​ឡើង​កប៉ាល់ ឡើង​អីណា វា​អត់​មាន»។

ខណៈ​ដែល​ VOA ​សួរ​បញ្ជាក់​អំពី​ជំនួយ​ចិន​នៅ​មូលដ្ឋាន​សមុទ្រ​រាម លោក ម៉ី ឌីណា​ថា​មិន​ទាន់​មានសកម្មភាព​សាង​សង់​ថ្មី​អ្វីនៅ​ឡើយ​ទេ តែ​នៅ​ក្បែរ​ផែ​យោធា មាន​ការ​បូមខ្សាច់​ដោយ​លក្ខណៈ​ឯកជន។

«ខ្ញុំ​មិន​ហ៊ាន​អះអាង​ទេ ព្រោះ​ថាកម្រិត​ខ្ញុំ​អី​ហ្នឹង​មិន​អាច​អះអាង​បាន​ទេ ដោយ​សារ​យើង​មិនមាន​អី​ជាក់​លាក់​បើ​លោក​ចង់​ដឹង​សួរ​ទៅ​ខាង​លើ​ទៅ ព្រោះ​យើង​ខាង​នេះ​ខាង​អនុវត្ត ប្រតិបត្តិករ​ ហើយ​ខាង​លើ​ជា​អ្នក​បញ្ជា ហើយ​យើង​ជា​អ្នក​ទទួល​អនុវត្ត»។

រូប​ឯកសារ៖ អ្នកសារព័ត៌មានមួយរូបថតរូបភាពនៃនាវាល្បាតរបស់កងទ័ពជើងទឹកកម្ពុជា នៅក្នុងអំឡុងទស្សនកិច្ចពិសេសនិងកម្រមួយសម្រាប់អ្នកសារព័ត៌មាននៅមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (វីអូអេ​ខ្មែរ)

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​និង​លោក ឈុំ សុជាត ជា​អ្នកនាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​មិន​បាន​ឆ្លើយ​តប​នឹង​សារ​សុំ​សេចក្ដី​អត្ថាធិប្បាយ​របស់​ VOA​ ឡើយ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ពុធ​នេះ។​

លោកបណ្ឌិត Collin Koh អ្នកស្រាវជ្រាវ​នៅ​សាកល​វិទ្យា​ល័យ​បច្ចេកវិទ្យា​ណានយ៉ាង(NTU)នៅ​សិង្ហបុរី បាន​ថ្លែង​ថា អាមេរិក​ចង់​ជួយ​មូលដ្ឋានសមុទ្ររាម ព្រោះ​ត្រូវ​ឃ្លាំ​មើល​សកម្មភាព​ចិន​នៅ​ទីនោះ​និង​នៅ​ក្នុង​តំបន់​ឈូងសមុទ្រ​ថៃ។

អ្នកជំនាញ​សន្ដិសុខ​លម្ហសមុទ្រ​រូប​នេះ​បាន​សរសេរ​ប្រាប់ ​VOA ​តាម​សារ​អ៊ីមែល​ថា៖

«រាម ដែល​ត្រដែត​ឡើង​តាម​រយៈ​ទីតាំង​យុទ្ធភូមិ​សាស្ត្រ​របស់​ខ្លួន មុខ​ជា​ផ្ដល់​ឱ្យ​យ៉ាង​មាន​ប្រយោជន៍​ដល់​វត្តមាន​អាមេរិក នៅ​ក្នុង​តំបន់​ជាពិសេស​នៅ​អាស៊ីអាគ្នេយ៍​ដីគោក តំបន់​ដែល​ជាប្រពៃណី​ទៅ​ហើយ​វៀរ​លែង តែ​វៀតណាម​ចេញ​មួយ ជា​រង្វង់​គោចរ​ដែល​ចិន​ពន្លាត​ឥទ្ធិពល​របស់​ខ្លួន»។

លោក Collin Koh បាន​បន្ថែម​ថាភាព​មិន​ចុះ​សម្រុង​ផ្នែក​នយោបាយ​រវាងភ្នំពេញ​និង​វ៉ាស៊ីនតោន​បាន​បង្ក​ឧបសគ្គ​ដល់​ទំនាក់​ទំនង​សឹក​រវាង​ប្រទេស​ទាំងពីរ តែ​ថា​អាមេរិក​ក៏ចង់រក្សា​តាំងទី​ឥទ្ធិពល​របស់​ខ្លួន មុន​ពេល​ចិន​អាច​សម្រេច​ការ​សាង​សង់​ព្រែក​ជីក​ក្រា ឬ​ច្រក​ក្រា ភ្ជាប់​ឈូង​សមុទ្រ​ថៃ ទៅ​សមុទ្រ​អាន់ដាម៉ាន់​និង​មហាសមុទ្រ​ឥណ្ឌា។

«ហើយ​បើ​ទោះ​ជា​ថៃមិន​បន្ត​គំរោង​ព្រែកជីក​ឬ​ច្រក​ដី​គោក​ក្រា​ក៏ដោយ វត្តមាន​តាំងទី​របស់​អាមេរិក​នៅ​រាម​នឹង​បន្ត​ជា​ការ​ធ្វើ​តល្យកម្ម​ប្រឆាំង​តបរបស់​អាមេរិក​តទល់​ទៅ​នឹង​ឥទ្ធិពល​ចិន​ដែល​ចេះ​តែ​កើន​ឡើង​នៅ​កម្ពុជា​និង​អាស៊ីអាគ្នេយ៍​ដីគោក»។​

ស្ថានទូត​ចិន​នៅ​ភ្នំពេញ​មិនទាន់​ឆ្លើយតប​អ្វី​នឹង​សំណើ​សុំ​ការ​បំភ្លឺ​របស់​ VOA ​នៅ​ឡើយ គិត​ត្រឹម​ល្ងាច​ថ្ងៃពុធ​នេះ។​

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ហៅ​របាយ​ការណ៍ Wall Street Journal ដែល​ចេញផ្សាយ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៩​អំពី ​«កិច្ច​ព្រមព្រៀង​សម្ងាត់» ​ដែល​ឱ្យ​ចិន​ប្រើប្រាស់​មូលដ្ឋាន​សមុទ្រ​រាម ថា​រឿង​«ប្រឌិត»​ហើយ​ថ្មីៗ​នេះ​លោក​បាន​អំពាវនាវ​ឱ្យ​អ្នក​ដែល​សង្ស័យ​ចេញមុខ​បង្ហាញ​ភស្ដុតាង​ទៀត​ផង៕​