ក្នុងឱកាសខួប៥ឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី ដែលជាអ្នកវិភាគនយោបាយដ៏ល្បីឈ្មោះមួយរូប សហរដ្ឋអាមេរិកបានជំរុញឲ្យមានការស៊ើបអង្កេតពេញលេញលើឃាតកម្មមួយនេះ។ ប៉ុន្តែមន្ត្រីក្រសួងយុត្តិធម៌ព្រមានកុំឲ្យយកឃាតកម្មនេះ«ធ្វើអាជីវកម្មនយោបាយ»។
ការិយាល័យលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងពលកម្មនៃក្រសួងការបរទេសអាមេរិកបានសរសេរសារជាភាសាអង់គ្លេសនៅលើប្រព័ន្ធ Twitter របស់ខ្លួនកាលពីថ្ងៃទី១០ ខែកក្កដាថា៖ «ថ្ងៃទី១០ ខែកក្កដា គឺជាទិវារំឭកខួប៥ឆ្នាំនៃការបាញ់សម្លាប់ដ៏អគតិមកលើលោក កែម ឡី ដែលបានប្តេជ្ញាជំរុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ជាថ្មីម្តងទៀត យើងសូមសម្តែងនូវក្តីសោកសៅក្រៃលែង និងចូលរួមរំលែកទុក្ខជាមួយគ្រួសាររបស់លោក និងចងចាំពីសុចរិតភាព ឯករាជ្យភាព និងសុទិដ្ឋិនិយមរបស់លោក។ យើងសូមអំពាវនាវម្តងហើយម្តងទៀតឲ្យរដ្ឋាភិបាលកម្ពុជាស៊ើបអង្កេតប្រកបដោយឯករាជ្យ និងតម្លាភាពចំពោះករណីឃាតកម្មលើរូបលោក ដើម្បីផ្តល់យុត្តិធម៌ដល់លោក កែម ឡី និងក្រុមគ្រួសារ»។
ចំណែកលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ក៏បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter របស់លោក ដោយអំពាវនាវឲ្យអាជ្ញាធរស៊ើបអង្កេតពេញលេញទៅលើឃាតកម្មនេះផងដែរ។
កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោក កែម ឡី អ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ ត្រូវបានខ្មាន់កាំភ្លើងបាញ់ស្លាប់ក្នុងកន្លែងលក់ទំនិញមួយរបស់ស្ថានីយប្រេងឥន្ធនៈកាល់តិច នៅចំណុចភ្លើងស្តុបបូកគោ ទីក្រុងភ្នំពេញ។
កាលពីថ្ងៃសោរ៍សប្តាហ៍មុនដែលជាខួប៥ឆ្នាំនៃឃាតកម្មនេះ កន្លែងលក់ទំនិញរបស់ស្ថានីយប្រេងឥន្ធនៈកាល់តិចក៏ត្រូវបានបិទទ្វារ ខណៈកម្លាំងសន្តិសុខរាប់សិបនាក់ក៏ត្រូវបានដាក់យាមកាមនៅទីនោះផងដែរ។
បើទោះជាកន្លងទៅ៥ឆ្នាំមកហើយ សង្គមស៊ីវិលក្នុងប្រទេសកម្ពុជានិងក្រុមគ្រួសារលោក កែម ឡី នៅតែបន្តទាមទារឲ្យមានការស៊ើបអង្កេតថាតើមានអ្នកនៅពីក្រោយការបាញ់សម្លាប់នេះឬយ៉ាងណា។ ពួកគេមិនជឿថាលោក កែម ឡី ជំពាក់លុយខ្មាន់កាំភ្លើងនោះចំនួន៣ពាន់ដុល្លារអាមេរិក រហូតដល់ការបាញ់សម្លាប់នោះទេ។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ បានថ្លែងប្រាប់VOAនៅថ្ងៃចន្ទនេះថា បើទោះខ្មាន់កាំភ្លើងត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសឲ្យជាប់ពន្ធនាគារមួយជីវិតក៏ដោយ ក៏លោកមិនទាន់ឃើញមានការកោះហៅអ្នកពាក់ព័ន្ធដទៃទៀតក្នុងសំណុំរឿងឃាតកម្មនេះនៅឡើយទេ។ លោកបន្តអំពាវនាវឲ្យមានការស៊ើបអង្កេតបន្ថែមទៀត។
«អញ្ចឹងករណីលោកបណ្ឌិតកែម ឡីនេះ ខ្ញុំគិតថា ទោះបីជាតុលាការមានការបំបែកសំណុំរឿងជាពីរអញ្ចឹងក៏ដោយ ក៏ប៉ុន្តែសំណុំរឿងទីពីរនេះហាក់បីដូចជានៅទ្រឹងមិនទាន់មានដំណើរការនៅឡើយ។ អញ្ចឹងភាពយុត្តិធម៌ពេញលេញនេះ វាហាក់ដូចជានៅឆ្ងាយ។ អញ្ចឹងហើយបានជាយើងជាអង្គការសង្គមស៊ីវិល ដែលធ្វើការផ្នែកសិទ្ធិមនុស្សក៏ដូចជា អ្នកនិយមបណ្ឌិត កែម ឡី ក៏ដូចជាសហគមន៍អន្តរជាតិ គេជំរុញថាធ្វើម៉េចឲ្យមានការស៊ើបអង្កេតមួយដោយពេញលេញ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀតយកមកអនុវត្តតាមផ្លូវច្បាប់»។
លោក អំ សំអាត ឲ្យដឹងទៀតថាបើទោះព័ត៌មានសម្ងាត់ពាក់ព័ន្ធនឹងការស៊ើបអង្កតមិនអាចត្រូវបង្ហាញបាន ក៏គួរតែមានការបង្ហាញពីដំណើរការវិវត្តទៅមុខចំពោះការស៊ើបអង្កេតបន្តទៀត ដើម្បីបង្ហាញជំនឿទុកចិត្តដល់សាធារណជន សហគមន៍អន្តរជាតិ ក្រុមគ្រួសារ និងអ្នកគាំទ្រលោក កែម ឡី។
នៅក្នុងសំណុំរឿងឃាតកម្ម ខ្មាន់កាំភ្លើងឈ្មោះ អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត។
នាពេលបច្ចុប្បន្ននេះ តុលាការកំពុងបន្តការស៊ើបអង្កេតលើសំណុំរឿងបំបែកចេញមួយទៀត ជុំវិញបុគ្គលពាក់ព័ន្ធដទៃទៀតចំពោះឃាតកម្មលើលោក កែម ឡី។ នេះបើតាមក្រុមសិទ្ធិមនុស្ស។
អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងប្រាប់VOAថាមកទល់ពេលនេះ លោកស្រីមិនទាន់ឃើញយុត្តិធម៌ពេញលេញសម្រាប់ក្រុមគ្រួសារលោក កែម ឡី នៅឡើយទេ។ លោកស្រីបន្តជំរុញឲ្យមានការស៊ើបអង្កេតស៊ីជម្រៅបន្ថែមទៀត ដើម្បីឲ្យដឹងពីរឿងរ៉ាវពិតប្រាកដនៃការបាញ់សម្លាប់នេះ។
អ្នកស្រីថ្លែងថា៖ «មែនទែនទៅ បើយើងមើលទៅលើករណីជាច្រើន ដែលកើតឡើងចំពោះអ្នកលេចធ្លោ សកម្មជន ឬក៏អ្នកវិភាគដូចលោកបណ្ឌិត កែម ឡី ហ្នឹង យើងឃើញថាករណីទាំងអស់នោះមកដល់ពេលនេះ យើងអាចមើលឃើញនូវវប្បធម៌និទណ្ឌភាព ដែលចេះតែបន្ត។ យើងឃើញករណីកន្លងមកកើតឡើងចំពោះលោក ជា វិជ្ជា លោក ឈុត វុទ្ធី ឬក៏អ្នកកាសែតមួយចំនួនដែលត្រូវបានគេធ្វើឃាត ដោយសារតែការរាយការណ៍ ឬការបំពេញបេសកកម្មរបស់ខ្លួន»។
អ្នកស្រី ចក់ សុភាព ក៏ជំរុញឲ្យមានការបង្កើតគណៈកម្មការស៊ើបអង្កេតដែលឯករាជ្យមួយ និងអនុលោមទៅតាមគោលការណ៍របស់អង្គការសហប្រជាជាតិផងដែរ។
លោក អ៊ី រិន អ្នកនាំពាក្យរបស់សាលាដំបូងរាជធានីភ្នំពេញ បានប្រាប់VOAយ៉ាងខ្លីនៅថ្ងៃចន្ទនេះថា៖«ដំណើរការស៊ើបអង្កេតជាការណ៍សម្ងាត់»។
ចំណែកលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលជាស្ថាប័នរដ្ឋាភិបាល បានអះអាងថាក្រុមសិទ្ធិមនុស្ស«តែងតែធ្វើអាជីវកម្មនយោបាយ»លើឃាតកម្មលោក កែម ឡី។
លោកបន្ថែមថាក្នុងសំណុំរឿងព្រហ្មទណ្ឌ ប្រសិនបើភាគីពាក់ព័ន្ធណាមួយ មិនអាចទទួលយកបាននូវការសម្រេចរបស់តុលាការ ពួកគេអាចប្រើប្រាស់សិទ្ធិតាមផ្លូវច្បាប់ក្នុងការប្តឹងទាស់ ប្តឹងឧទ្ធរណ៍ ឬប្តឹងសើរើក៏បាន ប៉ុន្តែលោកថា«ត្រូវមានភស្តុតាង ទឡ្ហីករណ៍ និងសក្ខីកម្មផ្នែកច្បាប់រឹងមាំ ផ្ទុយទៅនឹងការរកឃើញរបស់សមត្ថកិច្ច»។
គួរបញ្ជាក់ថាកាលពីកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកថាការធ្វើឃាតលោក កែម ឡី បានធ្វើឲ្យ«ប៉ះពាល់មុខមាត់រដ្ឋាភិបាលនិងជាការផ្ចាញ់ផ្ចាលរដ្ឋាភិបាល» ហើយលោកបានអំពាវនាវកុំឲ្យយកការបាញ់សម្លាប់នេះ«ធ្វើជារឿងនយោបាយ»។ លោក ហ៊ុន សែន ក៏បានព្រមានចាប់ខ្លួនមនុស្សដែលអះអាងថា គណបក្សប្រជាជនកម្ពុជានៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី ផងដែរ៕