ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​នៅ​ក្រោម​រដ្ឋបាល​ថ្មី​នឹង​ស៊ើបអង្កេត​លើ​ការ​សម្អាត​ប្រាក់​ចិន

រូបឯកសារ៖ ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩។

វ៉ាស៊ីនតោន — ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​នឹង​ធ្វើការ​ស៊ើបអង្កេត​លើ​ហានិភ័យ​ ដែល​កើត​ឡើង​ពី​ការសម្អាត​ប្រាក់​និង​បង្កើត​យុទ្ធសាស្ត្រ​ ដើម្បី​ការពារ​ទប់ទល់​នឹង​ការសម្អាត​ប្រាក់។ នេះ​បើ​យោង​តាម​ពាក្យពេចន៍​នៅ​ក្នុង​ច្បាប់​ថវិកា​សម្រាប់​ការ​ការពារ​ជាតិ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា NDAA ​ឆ្នាំ២០២១ ដែល​តម្រូវ​ឱ្យ​មាន​ការស៊ើបអង្កេត​ជាក់លាក់​លើ​អ្វី​ ដែល​អ្នក​ជំនាញ​បាន​ហៅ​ជា​យូរ​មក​ហើយ​ថា​ ជា​ការ​គំរាម​កំហែង​ដ៏​ធ្ងន់ធ្ងរ។

លោក Nate Sibley អ្នកស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ Hudson​ បាន​សរសេរ​នៅ​ក្នុង​អត្ថបទ​មួយ​ថា​ ការយក​ប្រទេស​ចិន​ជា​គោលដៅ​បង្ហាញ​ពី​ការសង្កត់​ធ្ងន់​នៃ​ក្តីបារម្ភ​របស់​អ្នកតំណាងរាស្ត្រ​ ចំពោះ​កង្វះខាត​តម្លាភាព​នៅ​ក្នុង​ប្រព័ន្ធ​ច្បាប់​ហិរញ្ញវត្ថុ​ចិន​ និង​ «អ្នកគ្រប់គ្រង​ពិតប្រាកដ​លើ​ក្រុមហ៊ុន​ស្រមោល​ ដែល​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ចរាចរ​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ឆ្លង​កាត់​ និង​នៅ​ក្នុង​ព្រំដែន​របស់​ខ្លួន»។

លោក Sibley បាន​ប្រាប់​ VOA ផ្សាយ​ជា​ភាសា​ចិន​កុកងឺ​ថា៖ «ការ​សិក្សា​ស្រាវជាវ​ជាក់លាក់ និង​យុទ្ធសាស្ត្រ​ជាក់លាក់​សម្រាប់ ​[ប្រយុទ្ធ​ប្រឆាំង]​ ការសម្អាត​ប្រាក់​ចិន​ គឺ​ជា​ការវិវត្ត​សំខាន់​មួយ​និង​ចង្អុល​បង្ហាញ​ថា​ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នៅ​ទីបំផុត​ដោះស្រាយ​ការគំរាមកំហែង​នេះ​ដោយ​ម៉ត់ចត់។ កន្លង​មក​យើង​បាន​ពឹង​ផ្អែក​លើ​របាយការណ៍​បែប​ស៊ើបអង្កេត​និង​ព័ត៌មាន​លម្អិត​ម្តងម្កាល ​នៅ​ក្នុង​ដីកា​ចោទប្រកាន់​ដើម្បី​ស្វែងយល់​ពី​បញ្ហា​នេះ។ ជា​ឧទាហរណ៍​ភាព​ផ្ទុយ​គ្នា​ចំពោះ​ករណី​នេះ​នឹង​ការ​សម្អាត​ប្រាក់​នៅ​រុស្ស៊ី​ដែល​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ច្រើន​ជាង ​គឺ​ជា​រឿង​គួរ​ឱ្យ​កត់សម្គាល់​ដោយសារ​តែ [ចិន]​ តំណាង​ឱ្យ​ប្រទេស​ដែល​មាន​ហានិភ័យ​ហិរញ្ញវត្ថុ​ខុស​ច្បាប់​ខ្លាំង​បំផុត​នៅ​ក្នុង​ពិភពលោក»។

បើ​យោង​តាម​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ផ្នែក​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម​ការសម្អាត​ប្រាក់​មាន​ទឹក​ប្រាក់​ចំនួន​ ២លានលាន​ដុល្លារ ​ក្នុង​មួយ​ឆ្នាំ ឬ​ប្រមាណ​ ៥%​ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក។

សកម្មភាព​ខុស​ច្បាប់​គឺ​ជា​ការរៀបចំ​ឡើង​ដើម្បី​រក​ប្រាក់​យ៉ាង​ច្រើន​ ចេញ​ពី​សកម្មភាព​របស់​ឧក្រិដ្ឋជន ដូចជា​ការជួញដូរ​គ្រឿងញៀន​ ដើម្បី​ឱ្យ​មើល​ទៅដូចជា​កើត​ចេញ​ពី​ប្រភព​ស្រប​ច្បាប់។ នេះ​បើ​យោង​តាម​គេហទំព័រ Investopedia។

ប្រាក់​ដែល​កើត​ចេញ​ពី​សកម្មភាព​របស់​ឧក្រិដ្ឋជន​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ប្រាក់ «កខ្វក់»។ ដំណើរការ​នៃ​ការ «សម្អាត»​ ប្រាក់​អាច​នឹង​យូរ​ដូច​ការប្រើប្រាស់​សាច់​ប្រាក់​សុទ្ធ​ ដើម្បី​ទិញ​ទ្រព្យ​ដូចជា​អចលនទ្រព្យ​ ឬ​លឿន​តាមរយៈ​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​សិប្បនិម្មិត cryptocurrency។

របាយការណ៍​មួយ​ចេញ​ផ្សាយ​ដោយ​មជ្ឈមណ្ឌល​ប្រឆាំង​ការសម្អាត​ប្រាក់​ហូឡង់​ បាន​សរសេរ​ថា «ការសម្អាត​ប្រាក់​ជំរុញ​ឱ្យ​មាន​សកម្មភាព​ឧក្រិដ្ឋកម្ម​ ដោយសារ​តែ​វា​អនុញ្ញាត​ឱ្យ​ប្រាក់​របស់​ឧក្រិដ្ឋជន​អាច​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ ការវិនិយោគ​របស់​ឧក្រិដ្ឋជន​អាច​នឹង​ផ្តល់​ឱ្យ​ពួកគេ​នូវ​ឥទ្ធិពល​មួយ​កម្រិត​ លើ​ប្រជាពលរដ្ឋ​អាជីវកម្ម​និង​វិស័យ​ច្បាប់។ នេះ​ជា​មូលហេតុ​ដែល​ការសម្អាត​ប្រាក់​ គឺ​ជា​ការគំរាមកំហែង​ធ្ងន់ធ្ងរ​មួយ​ចំពោះ​សេដ្ឋកិច្ច​ និង​មូលហេតុ​ដែល​វា​ក៏​ប៉ះពាល់​ដល់​សុចរិតភាព​នៃ​វិស័យ​ហិរញ្ញវត្ថុ​ផង​ដែរ»។

លោក Graham Barrow ជា​អ្នក​ជំនាញ​ធនាគារ​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​បាន​ប្រាប់​ VOA​ ផ្សាយ​ជា​ភាសា​ចិន​កុកងឺ​ថា ​នៅ​ក្នុង​ពេល​កន្លង​មក​កិច្ចប្រឹងប្រែង​ប្រឆាំង​ការសម្អាត​ប្រាក់​អន្តរជាតិ​ផ្តោត​លើ​តំបន់​អឺរ៉ុប​ខាង​កើត​ និង​អឺរ៉ុប​កណ្តាល​ ព្រម​ទាំង​អតីត​សហភាព​សូវៀត។

លោក Barrow បាន​និយាយថា៖​« ខ្ញុំ​គិត​ថា ​អ្វី​ដែល​យើង​កំពុង​មើល​ឃើញ​គឺ​ជា​ប្រព័ន្ធ​ធនាគារ​សម្ងាត់​ដ៏​សំខាន់​មួយ​ និង​ដំណើរ​ផ្សេងៗ​ទៀត​ដែល​ត្រូវ​បាន​រៀបចំ​ដើម្បី​ធ្វើ​ចរាចរ» ​ប្រាក់​ចំណេញ​មួយ​ចំនួន​ដែល​កើត​ចេញពី​ «អ្វី​ដែល​ជា​សង្គម​មូលធន​និយម​ដែល​បន្ត​ប្រតិបត្តិ​នៅ​ក្នុង​របប​កុម្មុយនិស្ត។ ពួកគេ​កំពុង​បិទបាំង​មូលនិធិ​របស់​ពួកគេ​នៅ​ក្រៅ​ប្រទេស​ចិន​ ហើយ​ខ្ញុំ​គិត​ថា ​រឿង​នេះ​បាន​ក្លាយ​ជា​បញ្ហា​ដ៏​ធំ​មួយ»។

រូបឯកសារ៖ បុគ្គលិកធនាគារម្នាក់កំពុងរាប់ក្រដាសប្រាក់ដុល្លារក្នុងធនាគារមួយ នៅក្រុង Nantong ខេត្ត Jiangsu ប្រទេសចិន កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩។

លោក Gao Guangjun​ ជា​មេធាវី​ក្នុង​ក្រុង​ញូវយ៉ក​ ដែល​មាន​ការយល់ដឹង​ពី​ប្រតិបត្តិការ​របស់​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន ​បាន​ប្រាប់​ VOA ​ថា​ ការសម្អាត​ប្រាក់​នៅ​ក្នុង​ប្រទេស​ចិន ​ជួនកាល​ពាក់ព័ន្ធ​នឹង​ការសូកប៉ាន់​មន្ត្រី​រដ្ឋាភិបាល​ចិន។

លោក​បាន​ថ្លែង​ថា៖ «មនុស្ស​ទាំង​នេះ​ធ្វើ​ចរាចរ​មូលនិធិ​ទាំង​នេះ​ ក្នុង​នាម​សន្តិសុខ​ជាតិ​ដែល​មិន​អាច​តាមដាន​បាន​ដោយ​ប្រព័ន្ធ​ធនាគារ។ នៅ​ក្នុង​ប្រទេស​ចិន ​អ្នក​ដែល​ប្រតិបត្តិ​ធនាគារ​សម្ងាត់​អាច​ជា​ក្រុម​អ្នក​លេង​ ឬ​មន្ត្រី​រដ្ឋាភិបាល។ ប្រសិនបើ​អ្នក​ឱ្យ​ប្រាក់​ជា​រូបិយប័ណ្ណ​ចិន​នៅ​ក្នុង​ប្រទេស​ចិន អ្នក​អាច​ទទួល​បាន​សាច់​ប្រាក់​វិញ​ភ្លាមៗ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ ឬ​កន្លែង​ផ្សេង​ទៀត»។

វិធី​មួយ​ទៀត​ដើម្បី​សម្អាត​ប្រាក់ ​គឺ​ប្រើប្រាស់​សម្ភារៈ​ប្រណិតៗ​និង​ថ្លៃៗ។ នៅ​ក្នុង​ប្រទេស​ដូចជា​ប្រទេស​ចិន​ទីកន្លែង​ដែល​ការសូកប៉ាន់​មន្ត្រី​រដ្ឋាភិបាល​ ដើម្បី​ទទួល​បាន​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល ឬ​អាជ្ញាប័ណ្ណ​មិន​មែន​ជា​រឿង​ចម្លែក​នោះ​ទេ​ សម្ភារៈ​ប្រណិតៗ​ជារឿយៗ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជំនួស​ការទូទាត់​ជា​សាច់ប្រាក់​ដោយ​ផ្ទាល់។ វា​កាន់តែ​ពិបាក​ក្នុង​ការតាមដាន​ការឱ្យ​អំណោយ​ជា​កាបូប​យួរដៃ​ ឬ​នាឡិកា ​ជាង​ការតាមដាន​ប្រតិបត្តិការ​ហិរញ្ញវត្ថុ។

ប្រាក់​ខុស​ច្បាប់​ត្រូវ​បាន​គេ​នាំ​ចេញ​ពី​ប្រទេស​ចិនទៅ​ក្រៅ​ប្រទេស ​ក្នុង​ទម្រង់​សម្ភារៈ​ប្រណិតៗ​ដែល​ក្រោយ​មក​ត្រូវ​បាន​លក់​យក​ប្រាក់ ​ដែល​នឹង​ត្រូវ​ដាក់​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​ស្រប​ច្បាប់។ ធនាគារ​សម្ងាត់​នៅ​ក្នុង​ប្រទេស​ចិន​ជារឿយៗ​ ពាក់ព័ន្ធ​នឹង​ការសម្អាត​ប្រាក់​បែប​នេះ។

វិធីសាស្ត្រ​មួយ​ទៀត​ដែល​ពលរដ្ឋ​ចិន​មួយ​ចំនួន​ចូលចិត្ត ​គឺ​បង្កើត​ក្រុមហ៊ុន​នៅ​ចក្រភព​អង់គ្លេស ​និង​សហរដ្ឋ​អាមេរិក​ ដែល​គ្រាន់​តែ​ក្រុមហ៊ុន​ស្រមោល (មិន​មាន​សកម្មភាព)។ នេះ​បើ​យោង​តាម​លោក Barrow។

លោក Barrow​ និយាយ​ថា​ក្រុមហ៊ុន​ប្រមាណ ​៣០.០០០ ​នៅ​ក្នុង​ចក្រភព​អង់គ្លេស​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​នាម​ពលរដ្ឋ​ចិន។ ក្រុមហ៊ុន​មិន​មាន​សកម្មភាព​ទាំង​នេះ​សុទ្ធ​តែ​មាន​ឈ្មោះ​ដូច​គ្នា​នឹង​ក្រុមហ៊ុន​ចិន ​ដែល​អាច​ធ្វើ​ឱ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ​មាន​ការ​ភ័ន្តច្រឡំ។

លោក​បាន​និយាយ​ថា៖​ «ប្រសិនបើ​ខ្ញុំ​បើក​ក្រុមហ៊ុន​មួយ​នៅ​ចក្រភព​អង់គ្លេស​ក្រុមហ៊ុន​នោះ​មាន​ឈ្មោះ​ដូច​គ្នា​បេះដាក់​ទៅ​នឹង​ក្រុមហ៊ុន​នៅ​ចិន​របស់​ខ្ញុំ។ នៅ​ពេល​ខ្ញុំ​បើក​គណនី​នៅ​ហុងកុង ខ្ញុំ​ប្រើប្រាស់​ឈ្មោះ​ក្រុមហ៊ុន​នៅ​អង់គ្លេស។ ប៉ុន្តែ​សម្រាប់​ធនាគារ ពួកគេ​ពិបាក​បែងចែក​មូលនិធិ​ដែល​បាន​ចូល​ក្នុង​គណនី​នោះ។ តើ​វា​មក​ពី​ក្រុមហ៊ុន​ចិន​របស់​ខ្ញុំ ឬ​មក​ពី​ក្រុមហ៊ុន​នៅ​អង់គ្លេស?​ហើយ​នៅ​ពេល​ប្រាក់​ទាំង​នោះ​មក​ដល់​ហុងកុង វា​នឹង​កាន់​តែ​ងាយស្រួល​ក្នុង​ការ​ផ្ទេរ ដោយសារ​តែ​នេះ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​សំខាន់​មួយ»។

ការ​សម្អាត​ប្រាក់​កើត​ឡើង​នៅ​ពេល​ក្រុមហ៊ុន​ស្រមោល​ណា​មួយ​ទំនង​ជា​មាន​ប្រាក់​ចំណេញ ដែល​ជា​លុយ​កខ្វក់ ហើយ​ប្រាក់​ទាំង​នោះ​ត្រូវ​បាន​ទូទាត់​ជា​ប្រាក់​បៀវត្សរ៍ ចំណាយ​ពាណិជ្ជកម្ម ឬ​ការ​វិនិយោគ​តាម​វិធី​ស្រប​ច្បាប់។

ការ​លាក់បាំង​ដោយ​ចំហ

គណបក្ស​កុម្មុយនិស្ត​ចិន​ដែល​គ្រប់គ្រង​លើ​សេដ្ឋកិច្ច​ធំ​បំផុត​ទី២​ របស់​ពិភពលោក​ «ជា​ទម្លាប់​តែងតែ​លាក់បំបាំង​នៅ​ពី​ក្រោយ​ក្រុមហ៊ុន​ស្រមោល​ទាំង​នេះ​ ដើម្បី​កេងចំណេញ​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាកលលោក​ ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន»។ នេះ​បើ​យោង​តាម​អត្ថបទ​របស់​លោក Sibley។

ក្រុមហ៊ុន​ស្រមោល​ទាំង​នេះ​គាំទ្រ​ដល់ «ការដឹកនាំ​គ្មាន​សណ្តាប់ធ្នាប់​របស់​គណបក្ស​កុំមុយនិស្ត​ចិន​និង​សម្របសម្រួល​ដល់​ការគំរាមកំហែង​ជាច្រើន​ ទៅ​លើ​សន្តិសុខ​ភាពរុងរឿង​និង​គុណតម្លៃ​សហរដ្ឋ​អាមេរិក»។​

រដ្ឋ​សហរដ្ឋ​អាមេរិក​ទាំង ​៥០​ ទាមទារ​ព័ត៌មាន​ឯកជន​ពី​អ្នក​ដែល​ព្យាយាម​ស្នើសុំ​ប័ណ្ណ​បណ្ណាល័យ​ច្រើន​ជាង​ពី​អ្នក​ដែល​បង្កើត​ក្រុមហ៊ុន។ នេះ​បើ​យោង​តាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ ដោយ​ក្រុមហ៊ុន​សុចរិតភាព​ហិរញ្ញវត្ថុ​សាកល​ ដែល​តាមដាន​លើ​លំហូរ​ហិរញ្ញវត្ថុ​ខុស​ច្បាប់។

រូបឯកសារ៖ អ្នកធ្វើដំណើរដើរកាត់ផ្លាកសម្គាល់ធនាគារ Bank of China ស្ថិតក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥។

ការ​ស៊ើបអង្កេត​និង​របាយការណ៍​ដែល​តម្រូវ​នៅ​ក្នុង​ច្បាប់​ NDAA ​នឹង​ពិនិត្យ​មើល​ពី​កម្រិត​និង​ផលប៉ះពាល់​នៃ​ហានិភ័យ​ហិរញ្ញវត្ថុ​ខុស​ច្បាប់​ ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​ចិន ​រួម​មាន​ស្ថាប័ន​ហិរញ្ញវត្ថុ​ហានិភ័យ​ហិរញ្ញវត្ថុ​ខុស​ច្បាប់ ​ដែល​មាន​ប្រភព​ពី​ប្រទេស​ចិន​ និង​មិន​ថា​តើ​ហានិភ័យ​នោះ​កើត​ចេញ​ដោយ​ផ្ទាល់​ ឬ​ដោយ​ប្រយោល​ពី​រដ្ឋាភិបាល ​តាមរយៈ​ការត្រួត​ពិនិត្យ​ច្បាប់​ទន់ខ្សោយ​ឬ​យ៉ាង​ណា​នោះ​ទេ។

ការ​ត្រួតពិនិត្យ​កាន់​តែ​តឹងរ៉ឹង

ប្រទេស​ចិន​ខ្លួន​ឯង​កំពុង​បង្ក្រាប​ការសម្អាត​ប្រាក់​នៅ​ក្នុង​ព្រំដែន​របស់​ខ្លួន។ នៅ​ក្នុង​រយៈពេល​៦ខែ​ដំបូង​នៃ​ឆ្នាំ២០២០ ​ធនាគារ​ប្រជាជន​ចិន​បាន​ដាក់​ពិន័យ​ជាង ​៥៣,៩លាន​ដុល្លារ​ ចំពោះ​ស្ថាប័ន​ហិរញ្ញវត្ថុ​ចិន​ ដែល​បំពាន​ច្បាប់​សម្អាត​ប្រាក់​ដែល​នេះ​ជា​ចំនួន​ច្រើន​ជាង​ការដាក់​ពិន័យ​សរុប​នៅ​ក្នុង​ឆ្នាំ ២០១៩​ ទាំង​មូល។

ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​ការដាក់​ទណ្ឌកម្ម​នេះ ​ឆ្លុះ​បញ្ចាំង​ពី​ឥរិយាបថ​ម៉ឺងម៉ាត់​របស់​រដ្ឋាភិបាល​ចិន។ កាលពី​មុន ស្ថាប័ន​ហិរញ្ញវត្ថុ​អាច​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​តែ​ម្តង​ប៉ុណ្ណោះ​ មិន​ថា​ពួកគេ​បាន​បំពាន​ច្បាប់​ច្រើន​កម្រិត​ណា​នោះ​ទេ។

ជា​ឧទាហរណ៍​នៅ​ក្នុង​ឆ្នាំ២០១៨ មាន​ករណី​សម្អាត​ប្រាក់​តែ​ ៤៧​ករណី​ប៉ុណ្ណោះ​នៅ​ក្នុង​ប្រទេស​ចិន ដែល​ពាក់ព័ន្ធ​មនុស្ស​ចំនួន​ ៥២នាក់។ លោក Barrow បាន​និយាយ​ថា​ចំនួន​នេះ​មិន​អាច​ឆ្លុះ​បញ្ចាំង​ពី​ទំហំ​នៃ​បញ្ហា​បាន​នោះ​ទេ។

មួយ​ឆ្នាំ​ក្រោយ​មក​ របាយការណ៍​មួយ​ចេញ​ផ្សាយ​ដោយ​ក្រុម​ការងារ​ហិរញ្ញវត្ថុ​ (FATF)​ ដែល​ជា​អង្គការ​អន្តររដ្ឋាភិបាល​នាំ​មុខ​គេ​ក្នុង​ពិភពលោក ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការសម្អាត​ប្រាក់​បាន​លើក​ឡើង​ថា ​ប្រទេស​ចិន​បាន​ដាក់​ពិន័យ​តិចតួច​ខ្លាំង​ណាស់​ចំពោះ​បទល្មើស​សម្អាត​ប្រាក់។​

លោក Barrow បាន​និយាយ​ថា៖ «ប្រហែល​ជា​មាន​ការទទួល​ស្គាល់​ ប្រសិនបើ​ចិន​ចង់​ទទួល​បាន​ការទុក​ចិត្ត​នៅ​ក្នុង​សហគមន៍​ហិរញ្ញវត្ថុ​សាកលលោក ប្រទេស​ចិន​ត្រូវ​តែ​ធ្វើ​អ្វី​ម្យ៉ាង​បែប​នោះ ដោយសារតែ​ការត្រួតពិនិត្យ​របស់​ក្រុម​ការងារ​ FATF ​ប៉ះពាល់​ដល់​លទ្ធភាព​ជាច្រើន​របស់​ចិន ​ក្នុង​ការដើរ​នៅ​លើ​ផ្លូវ​អំណាច​ប្រកប​ដោយ​ប្រសិទ្ធភាព»។

លោក Gao បាន​និយាយ​ថា​បទប្បញ្ញត្តិ​តឹងរ៉ឹង​នា​ពេល​បច្ចុប្បន្ន​ផ្តោត​លើ​មនុស្ស​ធម្មតា​ ជា​ជាង​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ ដែល​បន្ត​រួច​ខ្លួន​ពី​ការសម្អាត​ប្រាក់៕