វ៉ាស៊ីនតោន — ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានសម្រេច នៅថ្ងៃអង្គារនេះ ដាក់ទណ្ឌកម្មក្រុមហ៊ុន យូញៀន ឌីវេលឡូបមិន គ្រុប ឬ Union Development Group (UDG) ដោយសារតែការរឹបអូសយកដីធ្លីនិងបំផ្លាញលំនៅដ្ឋានពលរដ្ឋកម្ពុជា នៅខេត្តកោះកុង ដើម្បីអភិវឌ្ឍន៍មណ្ឌលកម្សាន្តតារាសាគរ។
ក្រសួងហិរញ្ញវត្ថុបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ការដាក់ទណ្ឌកម្មក្រុមហ៊ុនរបស់រដ្ឋាភិបាលកុម្មុយនីស្តចិននេះ គឺធ្វើតាមបញ្ជាប្រធានាធិបតីលេខ ១៣៨១៨ ដែលយកតាមច្បាប់ម៉ានីតស្គី (Global Magnitsky) ដោយសំដៅលើបុគ្គល ឬស្ថាប័នណាដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងប្រព្រឹត្តអំពើពុករលួយ ក៏ដូចជាលើអ្នកដែលគាំទ្រផងដែរ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងហិរញ្ញវត្ថុ បានរៀបរាប់ថា៖ «សកម្មភាពរបស់ក្រុមហ៊ុន យូញៀន ឌីវេលឡូបមិន គ្រុប (UDG) គឺបានបង្ខំពលរដ្ឋកម្ពុជាចេញពីដីធ្លីរបស់ពួកគេ និងបំផ្លាញបរិស្ថាន ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ហើយទាំងអស់នេះ គឺធ្វើឡើងក្រោមរូបភាពបន្លំប្រែក្លាយកម្ពុជា ឲ្យទៅជាកន្លែងភ្ជាប់ភស្តុភារថ្នាក់តំបន់ និងគោលដៅទេសចរណ៍»។
សហរដ្ឋអាមេរិកបានបង្ហាញឲ្យឃើញថា ក្រុមហ៊ុន យូញៀន ឌីវេលឡូបមិន គ្រុប បានធ្វើសកម្មភាពកន្លងមក តាមរយៈលោកនាយឧត្តមសេនីយ៍ គន់ គីម ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជាមនុស្សជំនិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Steven T. Mnuchin បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មាន ថា៖
«ក្រោយពីបានចុះឈ្មោះក្លែងក្លាយជាក្រុមហ៊ុនកម្ពុជា ដើម្បីទទួលបានគម្រោងអភិវឌ្ឍន៍តារាសាគរក្រុមហ៊ុន UDG បានប្តូរមកម្ចាស់ពិតប្រាកដ និងបន្តធ្វើប្រតិបត្តិការ ដោយគ្មានការដាក់ទោសទណ្ឌអ្វីទាំងអស់។ សហរដ្ឋអាមេរិកប្តេជ្ញាប្រើប្រាស់អំណាចពេញលេញ ដើម្បីតាមរកការប្រព្រឹត្តដូចនេះ ទោះបីជានៅទីណាក៏ដោយ»។
ក្រុមហ៊ុន យូញៀន ឌីវេលឡូបមិន គ្រុប ទទួលបានដីសម្បទានចំនួន ៣៦.០០០ ហិកតា កាលពីឆ្នាំ ២០០៨ សម្រាប់ជួលក្នុងរយៈពេល ៩៩ ឆ្នាំ នៅខេត្តកោះកុង ដើម្បីអភិវឌ្ឍមណ្ឌលកម្សាន្តទេសចរណ៍ធម្មជាតិតារាសាគរ ក្នុងទឹកប្រាក់ ៣,៨ ពាន់លានដុល្លារ ដែលក្នុងនោះក៏មានសង់ព្រលានយន្តហោះដ៏ធំជាងគេបំផុត នៅកម្ពុជាផងដែរ ដែលអាចប្រើប្រាស់សម្រាប់យន្តហោះយោធាធុនធំចុះចតបាន។
សហរដ្ឋអាមេរិកធ្លាប់សម្តែងកង្វល់ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានប្រកែកជាច្រើនដងថា រដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាតឲ្យដាក់ទ័ពបរទេសបានឡើយ។
សហរដ្ឋអាមេរិកបានបន្ថែមថា កង្វល់របស់ខ្លួនកើតមានជាថ្មី បន្ទាប់ពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងប្រាប់សារព័ត៌មាននានាក្នុងពេលកន្លងមក ប៉ុន្តែមិនបញ្ជាក់កាលបរិច្ឆេទថា តំបន់រមណីយដ្ឋានទេសចរណ៍តារាសាគរ អាចនឹងប្រែក្លាយជាមូលដ្ឋានយោធាបាន។
វីអូអេ មិនទាន់អាចទាក់ទងលោក ផៃ ស៊ីផាន ដើម្បីបំភ្លឺរឿងនេះបាននៅឡើយទេ។ ប៉ុន្តែការព្យាយាមទាក់ទងទៅលោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជានៅរដ្ឋធានីវ៉ាស៊ីនតោន ត្រូវបានលោកបញ្ជាក់ថា លោកបានដឹងពីការដាក់ទណ្ឌកម្មនោះ ប៉ុន្តែនៅមិនទាន់មានអត្ថាធិប្បាយអ្វីនៅឡើយទេ។
លោក គន់ គីម ព្រមទាំងក្រុមគ្រួសារ ក៏កំពុងរងទណ្ឌកម្មពីសហរដ្ឋអាមេរិក ដែលបានដាក់ កាលពីខែធ្នូ ឆ្នាំ ២០១៩ ដោយចោទប្រកាន់ថា បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងប្រព្រឹត្តអំពើពុករលួយ។
ការដាក់ទណ្ឌកម្មនោះក៏ធ្វើឡើង ក្រោមច្បាប់ ម៉ានីតស្គី ដែលសំដៅលើមន្ត្រី ឬស្ថាប័ននៃរដ្ឋាភិបាលបរទេសណា ដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយហាមឃាត់មិនឱ្យពលរដ្ឋអាមេរិកាំងធ្វើពាណិជ្ជកម្មជាមួយ ឬចេញចូលសហរដ្ឋអាមេរិកទេ។
លោកនាយឧត្តមសេនីយ៍ គន់ គីម ត្រូវបានចោទប្រកាន់ថា បានប្រើប្រាស់ឥទ្ធិពលនិងបណ្តាញរបស់ខ្លួនដើម្បីកេងប្រវ័ញពលរដ្ឋកម្ពុជា ហើយផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុនចិន ដែលមកប្រកបអាជីវកម្មនៅកម្ពុជា។
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិចាត់ទុកទណ្ឌកម្មថ្មីលើក្រុមហ៊ុន យូញៀន ឌីវេលឡុបមិន គ្រុប នេះថា គឺជាការផ្តល់យុត្តិធម៌ដល់ពលរដ្ឋរងគ្រោះ នៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង។
«យុត្តិធម៌បានពាក់កណ្តាលដែរ។ យុត្តិធម៌ពិតប្រាកដនោះ គឺត្រូវផ្តល់ជូនកសិករយើង គឺផ្តល់ជូនប្រជានេសាទយើង កសិករយើង នូវដីធ្លីរបស់គ្រួសារទាំងនោះមកវិញ ក៏ប៉ុន្តែ នេះក៏ជាយុត្តិធម៌ពាក់កណ្តាលដែរ។ ជាមួយគ្នានេះតែក៏បង្ហាញឲ្យឃើញថា សហរដ្ឋអាមេរិកចូលរួមជាមួយនឹងយើងទាមទារឲ្យបានបញ្ចប់នូវវប្បធម៌និទណ្ឌភាព គឺយកអ្នកដែលប្រព្រឹត្តខុសនឹងច្បាប់ឲ្យទទួលបាននូវការប្រឈមមុខ។ នេះបើមិនបានប្រឈមមុខនឹងតុលាការកម្ពុជាក៏ដោយ ក៏ប្រឈមមុខនឹងទណ្ឌកម្មមួយចំនួនរបស់សហរដ្ឋអាមេរិកដែរ»។
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានរកឃើញថា មានលំនៅដ្ឋានជាង ១.៥០០ ខ្នង និងពលរដ្ឋជាង ១.០០០ គ្រួសារបានរងផលប៉ះពាល់។
លោកស្រី មូរ សុខហួរ យល់ថា នេះក៏ជាជោគជ័យមួយសម្រាប់ក្រុមអ្នកប្រជាធិបតេយ្យដែលខិតខំប្រឹងប្រែង ដើម្បីការពារសិទ្ធិពលរដ្ឋនិងលទ្ធិប្រជាធិបតេយ្យទល់នឹងការរីករាលដាលនៃលទ្ធិកុម្មុយនីស្ត ក្រោមរូបភាពអភិវឌ្ឍន៍។
«យើងឃើញថា នៅក្នុងការពង្រីកអំណាចសេដ្ឋកិច្ចរបស់ខ្លួនពង្រីកអំណាចរបស់ប្រទេសចិននៅភូមិភាគរបស់យើងនេះ គឺជាការពង្រីកអំណាចតាមរយៈការធ្វើវិនិយោគ ដែលលោក ហ៊ុន សែន ថាការវិនិយោគអភិវឌ្ឍរបស់លោក ហ៊ុន សែន។ វិនិយោគរបៀបហ្នឹង គឺឃើញច្បាស់ណាស់ វិនិយោគដើម្បីឲ្យចិនដាក់គ្រឹះមូលដ្ឋានទ័ពនៅទឹកដីកោះកុងរបស់យើង»។
សហរដ្ឋអាមេរិកបានចោទថា រដ្ឋាភិបាលកុម្មុយនីស្តចិនប្រើប្រាស់គម្រោងអភិវឌ្ឍន៍នានា ដូចជារបស់ក្រុមហ៊ុន យូញៀន ឌីវេលឡូបមិន គ្រុប (UDG) នៅប្រទេសកម្ពុជានេះ ដើម្បីជំរុញមហិច្ឆតាពង្រីកអំណាចនៅទូទាំងពិភពលោក ជាពិសេសតាមរយៈគម្រោងអភិវឌ្ឍន៍មហាសាល ដែលមានឈ្មោះថា ក្រវ៉ាត់ផ្លូវពាណិជ្ជកម្ម ឬ One Belt One Road Initiative។
លោក សេបាស្ទៀន ស្ត្រង់ជីអូ (Sebastian Strangio) អ្នកនិពន្ធសៀវភៅថ្មីមួយក្បាលដែលមានចំណងជើងថា In The Dragon's Shadow ឬបកប្រែកជាភាសាខ្មែរថា «នៅក្រោមស្រមោលនាគ» ដែលរៀបរាប់ពីយុទ្ធសាស្ត្រពង្រីកអំណាចចិន នៅក្នុងតំបន់និងមិត្តភាពស្និទ្ធស្នាលរវាងកម្ពុជា និងទីក្រុងប៉េកាំង បានបញ្ជាក់ប្រាប់វីអូអេ ក្នុងបទសម្ភាស កាលពីដើមខែនេះថា៖
«លោកដឹងទេថា មានពាក្យចចាមអារ៉ាមថា ថ្ងៃណាមួយ ប្រទេសកម្ពុជានឹងទទួលឲ្យដាក់មូលដ្ឋានយោធា ឬទ័ពជើងទឹកចិន គឺ មានសក្តានុពលសម្រាប់ប្រទេសចិន ពីព្រោះវានឹងផ្តល់មូលដ្ឋានភស្តុភារនិងចាក់សាំងដែលនៅម្ខាងទៀតនៃសមុទ្រចិនខាងត្បូង ដែលកំពុងមានជម្លោះ»។
ប្រទេសកម្ពុជា គឺជាសម្ព័ន្ធមិត្តដ៏មានសារៈប្រយោជន៍សម្រាប់ប្រទេសចិន នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងពេលដែលរដ្ឋបាលក្រុងប៉េកាំងកំពុងអនុវត្តយុទ្ធសាស្ត្រពង្រីកឥទ្ធិពលនៅក្នុងតំបន់ ដោយគ្មានការប្រឆាំងខ្លាំងក្លាពីគូប្រជែងធំៗដទៃទៀត។ នេះបើតាមសៀវភៅស្រាវជ្រាវថ្មីមួយរបស់អ្នកនិពន្ធ សេបាស្ទៀន ស្ត្រង់ជីអូ។
សៀវភៅ «នៅក្រោមស្រមោលនាគ» បានវាយតម្លៃថា៖ «គ្មានប្រទេសណានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជិតស្និទ្ធនឹងចិនជាងកម្ពុជាទេ ហើយគ្មានប្រទេសណាដែលបង្ហាញពីការងើបឡើងវិញខាងផ្នែកសេដ្ឋកិច្ចនិងនយោបាយរបស់ចិន ដោយបានកែប្រែដល់សកម្មភាពជំនួយ និងការអភិវឌ្ឍក្នុងតំបន់ជាងកម្ពុជាទេ»៕