ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានលើកឡើងថាកាលពីថ្ងៃ សុក្រ ទី២ ខែមិថុនា អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោក Jay Shambaugh បានជួបជាមួយឯកអគ្គរដ្ឋទូតថ្មីរបស់ចិនប្រចាំនៅសហរដ្ឋអាមេរិក លោក Xie Feng ដោយធ្វើការពិភាក្សាមួយក្នុងគោលបំណងរក្សាទំនាក់ទំនងបើកចំហររវាងប្រទេសទាំង២ដែលមានសេដ្ឋកិច្ចធំជាងគេបង្អស់។
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា«ជំនួបនេះមានភាពស្មោះត្រង់ ប្រកបដោយការស្ថាបនានិងជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីរក្សាទំនាក់ទំនងបើកចំហរនិងគ្រប់គ្រងទំនាក់ទំនងទ្វេភាគីរបស់យើងប្រកបដោយការទទួលខុសត្រូវ»។
លោក Shambaugh ដែលជាប្រធានកិច្ចការអន្តរជាតិនៅក្រសួងហិរញ្ញវត្ថុបានលើកឡើងពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកជាមួយនឹងលោក Xie ក៏ប៉ុន្តែ«បានសង្កត់ធ្ងន់លើសារៈសំខាន់របស់ប្រទេសទាំង២ដែលមានសេដ្ឋកិច្ចធំបំផុតហើយនឹងធ្វើការជិតស្និទ្ធជាមួយគ្នាលើបញ្ហាម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល និងធ្វើការរួមគ្នាលើបញ្ហាប្រឈមជាសកល»។
ការចូលរួមទ្វេភាគីលើបញ្ហាសេដ្ឋកិច្ចមានការកើនឡើងនាពេលថ្មីៗនេះ ប៉ុន្តែភាពតាន តឹងនៅតែមានលើបញ្ហាពាក់ព័ន្ធនឹងសន្តិសុខ ដោយរដ្ឋមន្ត្រីការពារជាតិនៃប្រទេសចិនបានបដិសេធកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារប្រទេសអាមេរិក លោក Lloyd Austin ក្នុងកិច្ចប្រជុំកំពូលសន្តិសុខមួយក្នុងប្រទេសសិង្ហបុរី។
កាលពីសប្តាហ៍មុន តំណាងពាណិជ្ជកម្មអាមេរិកអ្នកស្រី Katherine Tai និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអ្នកស្រី Gina Raimondo បានជួបដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលោក Wang Wentao ដោយភាគីទាំងសងខាងមានការជំទាស់លើគោលនយោបាយពាណិជ្ជកម្ម ការវិនិយោគ និងការនាំចេញរបស់ភាគីម្ខាងទៀត។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកអ្នកស្រី Janet Yellen បានបង្ហាញក្តីសង្ឃឹមសម្រាប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅឆ្នាំនេះដើម្បីជួបជាមួយសមភាគីថ្មីរបស់អ្នកស្រីគឺលោកឧបនាយករដ្ឋមន្ត្រី He Lifeng។
កាលពីខែមេសា អ្នកស្រី Yellen បានធ្វើសុន្ទរកថាដ៏វែងមួយដោយដាក់ចេញនូវគោល បំណងរបស់រដ្ឋបាល លោក Biden សម្រាប់ចំណងទាក់ទងសេដ្ឋកិច្ច «បែបស្ថាបនានិងយុត្តិធម៌» ជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ដោយនិយាយថា អ្នកស្រីចង់ «និយាយឱ្យច្បាស់ៗ» និងគ្រប់គ្រងទំនាក់ទំនងប្រកបដោយការទទួលខុសត្រូវ៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន