ការ​ប្រជែង​ផ្នែក​បច្ចេកវិទ្យា​របស់​អាមេរិក​ជាមួយ​ចិន​ទាក់ទាញ​ការ​គាំទ្រ​ពី​គណបក្ស​ធំៗ​ទាំងពីរ

មនុស្ស​យន្ដ iPal Smart ប្រើ​បច្ចេកវិទ្យា​បញ្ហានិម្មិត AI របស់​ក្រុមហ៊ុន Avatarmind ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​កុមារ និង​មនុស្ស​ចាស់​ និង​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ពិធី​តាំង​ពិព័ណ៌ CES ឆ្នាំ២០១៨ នៅក្រុង Las Vegas រដ្ឋ Nevada។

ក្រុម​អ្នក​ជំនាញ​នៃ​គណៈកម្មការ​ផ្នែក​បច្ចេកវិទ្យាមួយ​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាលសហរដ្ឋ​អាមេរិក​កាល​ពី​ដើមខែ​មីនា​ បាន​បញ្ចប់​នូវ​ការ​ពិនិត្យ​វាយ​តម្លៃ​រយៈពេល​បី​ឆ្នាំ​លើ​សមត្ថភាព​ផ្នែកបច្ចេកវិទ្យា​បញ្ញានិម្មិត​របស់​សហរដ្ឋ​អាមេរិក ដោយ​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​ជាយុទ្ធសាស្រ្ត​បច្ចេកវិទ្យា​ជាតិ​ថ្មី​មួយ​ដើម្បីបន្ត​ប្រកួតប្រជែង​ជាមួយ​នឹង​ចិន។

គណៈកម្មការ​សន្តិសុខ​ជាតិ​ផ្នែក​បញ្ញា​និម្មិត (NSCAI) របស់​សហរដ្ឋ​អាមេរិក​បាន​សិក្សា​ពី​បែបផែន​ដែល​បច្ចេកវិទ្យា​បញ្ញានិម្មិត AI និង​សមត្ថភាព​បច្ចេកវិទ្យា​ម៉ាស៊ីន​ចេះ​រៀន​ (machine learning) អាច​ជួយ​បំពេញ​តម្រូវការ​ផ្នែក​សន្តិសុខ និង​ការពារជាតិ​របស់​សហរដ្ឋ​អាមេរិក។ គណៈកម្មការ​នេះ​ស្នើឲ្យ​មាន​ការ​ចំណាយ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​លើ​ការ​ស្រាវជ្រាវ ​ធ្វើ​ពិពិធកម្ម​(ការ​ពង្រីក​ប្រភព​)​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឧស្សាហកម្ម​របស់​អាមេរិក​សម្រាប់​បន្ទះ​ឈីប និង​ផលិតផល​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​ដទៃ​ទៀត ក៏​ដូចជា ការ​ធ្វើ​កំណែទម្រង់​គោលនយោបាយអន្តោប្រវេសន៍​ដើម្បី​ទាក់ទាញ​អ្នក​ស្រាវជ្រាវ និង​អ្នក​ធ្វើ​ការដែល​មាន​ទេពកោសល្យ។ ​

ចំណាត់ការ​មួយ​ចំនួន​ខាង​លើ​នេះ​កំពុង​តែធ្វើ​ឡើង​ជា​បណ្តើរៗ​ហើយ។ អ្នក​តាក់តែង​ច្បាប់​អាមេរិក​ពីគណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​តែ​ផ្តោត​លើ​មធ្យោបាយបន្ថែម​ទៀត ដើម្បី​អាច​បំពេញ​តម្រូវការ​ការប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា​តទល់​នឹង​ចិន បន្ទាប់​ពី​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ដែល​ក្រុម​មន្រ្តី​និយាយ​ថា ចិន​បាន​ធ្វើ​ចារកម្ម​ខាង​ពាណិជ្ជកម្ម និង​បង្ខំ​ឲ្យ​មាន​ការផ្ទេរ​បច្ចេកវិទ្យា​មក​ឲ្យ​ខ្លួន​ដើម្បី​ពង្រឹង​សមត្ថភាព​បច្ចេកវិទ្យា​របស់​ខ្លួន។

កាល​ពី​ថ្ងៃ​ទី០៤ ខែ​មីនា សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្សធំៗ​ទាំងពីរ​បាន​ដាក់​ចេញ​នូវ​សេចក្តី​ព្រាង​ច្បាប់​មួយ​មាន​គោលដៅ​ជួយ​ជ្រោមជ្រែង​រដ្ឋាភិបាល​អាមេរិកពង្រឹង​ភាព​ជា​ដៃគូ​ផ្នែក​បច្ចេកវិទ្យា​បន្ថែម​ទៀត​ជាមួយ​នឹង​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​ ដើម្បី​តតាំង​នឹង​ការ​បោះ​ជំហាន​ទៅ​មុខ​របស់​ចិន​នៅ​ក្នុង​ផ្នែក​បច្ចេកវិទ្យា​បញ្ញានិម្មិត បច្ចេកវិទ្យា​ 5G បច្ចេកវិទ្យា Quantum Computing និង​ផ្នែក​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត។ ​

សេចក្តី​ព្រាង​ច្បាប់​នោះ ត្រូវ​បាន​ដឹកនាំ​តាក់តែងដោយ​សមាជិក​ព្រឹទ្ធសភាមក​ពី​រដ្ឋ Virginia លោក Mark Warner ដែល​ជា​អតីត​សហគ្រិន​ផ្នែក​បច្ចេកវិទ្យាមួយ​រូប ហើយ​នឹង​បង្កើត​ជា​ការិយាល័យ​អន្តរ​ទីភ្នាក់ងារ​ថ្មី​មួយ​នៅ​ក្នុង​ក្រសួង​ការបរទេស ដែលផ្តោត​លើ​ការ​សម្របសម្រួល​យុទ្ធសាស្រ្ត​បច្ចេកវិទ្យា​ជាមួយ​បណ្តា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ដទៃ​ទៀត។ ​ច្បាប់​នេះ​នឹង​ជួយ​បង្កើត​មូលនិធិ​ទំហំ​ ៥.០០០​លាន​ដុល្លារ​ដើម្បី​ជួយ​ទ្រទ្រង់​គម្រោង​ស្រាវជ្រាវផ្សេងៗ​រវាង​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន។

រូបឯកសារ៖ លោក Mark Warner​ សមាជិក​ព្រឹទ្ធសភាមក​ពី​រដ្ឋ Virginia កំពុង​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​សន្និសីទ​កាសែត​មួយ បន្ទាប់​ពី​ថ្លែង​សុន្ទរកថា​អំពី​ការ​ប្រជែង​គ្នា​រវាង​សហរដ្ឋ​និង​ចិន​នៅ​វិទ្យាស្ថាន Peace ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩។

មេដឹកនាំ​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​ព្រឹទ្ធសភា​លោក Chuck Schumer កាល​ពី​ចុងខែ​កុម្ភៈ​ បាន​ជំរុញ​ឲ្យ​មាន​កិច្ច​ប្រឹងប្រែង​នៅ​ក្នុង​ជួរ​គណបក្ស​ធំៗ​ទាំង​ពីរ​ ដើម្បី​បង្កើត​ជា​សេចក្តី​ព្រាង​ច្បាប់​មួយ​មាន​គោលដៅ​វិនិយោគ​លើ​បច្ចេកវិទ្យា​ថ្មីៗ​ដែល​ប្រែក្លាយ​វិស័យ​ ដើម្បី​តទល់​នឹង​ចិន។

ដូចគ្នា​ផង​ដែរ​កាល​ពី​ចុង​ខែ​កុម្ភៈ លោក​ប្រធានាធិបតី​ Joe Biden បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​មួយ​ដើម្បី​ធ្វើ​ការ​ពិនិត្យ​វាយ​តម្លៃ​រយៈពេល​ ១០០​ថ្ងៃ​ទៅ​លើ​ខ្សែសង្វាក់​ផ្គត់ផ្គង់​នៅ​លើ​សាកលលោក ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​វិស័យ​ចម្បង​ចំនួន​បួន ដើម្បី​កំណត់​ថា​ តើ​ក្រុមហ៊ុន​អាមេរិកកំពុង​ពឹងផ្អែក​ខ្លាំង​ពេកលើ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ពី​ក្រៅ​ប្រទេស​ ជា​ពិសេស​ពី​ប្រទេស​ចិន​ឬ​ទេ។

លោក Schumer បាន​ថ្លែង​នៅ​ក្នុង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​ប្រចាំ​សប្តាហ៍​ កាល​ពី​ថ្ងៃ​ទី២៣ ខែ​កុម្ភៈ​ថា៖ «ខ្ញុំ​ចង់​ឲ្យ​ច្បាប់​នេះ​បំពេញ​នូវ​ផែនការ​រយៈពេល​ខ្លី និង​រយៈពេល​វែង​របស់​សហរដ្ឋ​អាមេរិក​ ដើម្បី​ការពារ​ខ្សែសង្វាក់​ផ្គត់ផ្គង់​បន្ទះ​ឈីប និង​រក្សា​តំណែង​លេខ​មួយ​របស់​យើង​នៅ​ក្នុង​ផ្នែក​បញ្ញានិម្មិត ប្រព័ន្ធ​អ៊ីនធឺណិត​ 5G បច្ចេកវិទ្យា Quantum Computing ការ​ស្រាវជ្រាវ​ផ្នែក​ជីវវេជ្ជសាស្រ្ត និង​ការ​ផ្ទុក​[ទិន្នន័យ]»។

លោក Schumer បាន​បន្ត​ថា៖ «យើង​មិន​អាច​ពឹងផ្អែក​លើ​គ្រឿង​សម្ភារៈ​បរទេស​សម្រាប់​បន្ទះ​ឈីប​នោះ​ទេ។ យើង​មិន​អាចបណ្តោយ​ឲ្យ​ប្រទេស​ចិន​នាំ​មុខ​យើង​នៅ​ក្នុង​ផ្នែក​ផលិត​បន្ទះ​ឈីប​នោះ​ទេ»។

លោក Chuck Schumer​ មេដឹកនាំ​គណបក្ស​សំឡេង​ភាគច្រើន​នៅ​ព្រឹទ្ធសភា​ កោតសរសើរ​គណបក្ស​របស់​លោក​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​វិមាន​សភា រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១។

ការ​គាំទ្រ​ពី​គណបក្ស​ធំៗ​ទាំងពីរ​សម្រាប់​យុទ្ធសាស្រ្ត​បច្ចេកវិទ្យា​របស់​អាមេរិក

សំណើ​របស់​លោក Schumer គឺ​ផ្អែក​លើ​ច្បាប់​ Endless Frontier ដែល​ត្រូវ​បានអនុម័ត​ឡើង​ដោយ​លោក Schumer ផ្ទាល់ និង​សមាជិក​ព្រឹទ្ធសភា​លោក Todd Young កាល​ពី​ចុង​ខែ​ឧសភា។ ច្បាប់ Endless Frontier Act ស្វះស្វែង​រក​ប្រាក់​ចំនួន ១០០​ពាន់​លាន​ដុល្លារ ដើម្បី​ជំរុញ​ការ​ស្រាវជ្រាវ​នៅ​ក្នុង​ផ្នែក​បច្ចេកវិទ្យា​សំខាន់ៗ។ ទម្រង់​ថ្មី​នៃ​ច្បាប់​នេះនឹង​ដាក់​បញ្ចូល​នូវ​ចំណាត់ការ​ដើម្បី​ធ្វើ​ពិពិធកម្ម​ខ្សែសង្វាក់​ផ្គត់ផ្គង់​របស់​សហរដ្ឋ​អាមេរិក​ផង​ដែរ នេះ​បើ​យោង​ទៅ​តាម​លោក Young ដែល​ជា​អ្នក​ជំរុញ​ឲ្យ​មាន​ការ​ដាក់​ចេញ​នូវ​ច្បាប់​នេះ។

លោក Young បាន​ថ្លែង​ប្រាប់ VOA ភាសាចិន​កុកងឺថា៖ «ការិយាល័យ​របស់​ខ្ញុំ​កំពុង​ធ្វើការ​ជាមួយ​នឹង​ការិយាល័យ​របស់​សមាជិក​ព្រឹទ្ធសភា​លោក Schumer និង​សមាជិក​រដ្ឋបាល​ប្រធានាធិបតី​ ក៏​ដូច​ជា សហការី​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​របស់​ខ្ញុំ ដើម្បី​ព្យាយាម និង​ដាក់​បញ្ចូលគោល​នយោបាយ​ជំរុញ​ភាព​រឹងប៉ឹង​ ផ្នែក​ខ្សែសង្វាក់​ផ្គត់ផ្គង់​ចូល​ទៅ​ក្នុង​ច្បាប់ Endless Frontier Act»។

សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ និង​ប្រធាន​គណៈកម្មការ​ទំនាក់ទំនង​ការ​បរទេស​នៃ​ព្រឹទ្ធសភា​ លោក Bob Menendez បាន​ប្រាប់​ VOA ភាសាចិន​កុកងឺ​ថា លោក​មាន​ជំនឿ​ថា សេចក្តីព្រាង​ច្បាប់​នោះ​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​គណបក្ស​ទាំងពីរ។

លោក Menendez បាន​និយាយ​ថា៖ «ពាក់ព័ន្ធ​នឹង​បញ្ហា​ដ៏​ទូលំទូលាយ​ទាក់ទង​នឹង​ប្រទេស​ចិន ខ្សែសង្វាក់​ផ្គត់ផ្គង់​គឺ​ជា​កត្តា​មួយ។ ប៉ុន្តែ​យើង​កំពុង​តែ​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ធំ​ជាង​នេះ​ពាក់ព័ន្ធ​នឹង​របៀបដែល​យើង​អាច​ប្រជែង​នឹង​ប្រទេស​ចិន​ និងរបៀប​យើង​អាច​តតាំង​នឹង​ចិន។ ខ្ញុំ​គិត​ថា មាន​ចំណុចច្រើន​ដែល​យើង​អាច​យល់ស្របនិង​សហការ​គ្នា។

លោកបាន​បន្ថែម​ថា លោក​បាន​ពិភាក្សាគោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រទេស​ចិនជាមួយ​នឹង​រដ្ឋមន្រ្តី​ការបរទេស​លោក Anthony Blinken ហើយ​ក្រសួង​ការបរទេស​កំពុង​ធ្វើ​ការ​វាយតម្លៃពេញលេញ​មក​លើ​គោលនយោបាយ​ចំពោះប្រទេស​ចិន​នា​ពេល​បច្ចុប្បន្ន។

លោក Menendez បាន​ថ្លែង​ប្រាប់ VOA ថា៖ «មាន​ការ​ពិនិត្យវាយតម្លៃ​ពេញលេញពី​សំណាក់​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ប្រទេស​ចិន ដែល​រឿង​នេះ​ ខ្ញុំ​សាទរ»។​

​កិច្ចប្រឹងប្រែង​ស្រដៀង​គ្នា​នេះ​កំពុង​ត្រូវ​បាន​ធ្វើ​ឡើងនៅ​សភា​សហរដ្ឋ​អាមេរិក​ ជា​ទី​ដែល​សមាជិក​សភា​ពីគណបក្ស​សាធារណរដ្ឋ​ជា​ច្រើន​កំពុង​ជំរុញ​ឲ្យ​សេតវិមាន​រក្សា​នូវ​គោលជំហរ​តឹងរ៉ឹង​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ចំពោះ​ប្រទេស​ចិន។

អ្នក​តំណាងរាស្ត្រ​លោក Greg Steube និង​ជា​សមាជិក​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ Florida បាន​ដាក់​ស្នើ​នូវ​ច្បាប់​ Keep Huawei on the Entity List Act កាល​ពី​ថ្ងៃ​ទី​៣​ខែ​មីនា ដែល​គោល​នយោបាយ​នេះ​តម្រូវ​ឲ្យ​មានការ​គ្រប់គ្រង​លើ​ការ​នាំចេញ និង​រក្សា​ទុក​នូវ​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន Huawei នៅ​ក្នុងបញ្ជីអង្គភាព​ដែល​ត្រូវ​ឃ្លាំ​មើល​របស់​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក។ ​

លោក Steube បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖ «ក្រុមហ៊ុន Huawei គឺ​ជា​ឧបករណ៍​ដ៏​ខ្លាំងក្លា​មួយ​ដែល​គណបក្ស​កុម្មុយនីស្ត​ចិន​អាច​ប្រើ​សម្រាប់​ចារកម្ម និង​ការ​បំផ្លិចបំផ្លាញ​ ដែល​អាច​មាន ប្រឆាំង​នឹង​សហរដ្ឋអាមេរិក»។ ​

លោក James Lankford សមាជិក​ព្រឹទ្ធសភា​ខាងគណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ Oklahoma ​បាន​និយាយ​ថា លោក និង​សហការី​បាន​ពិភាក្សា​ជាមួយ​សេតវិមាន​អំពី​ការ​រក្សា​គោល​នយោបាយ​មួយ​ចំនួន​ចំពោះ​ប្រទេស​ចិន​ ដែល​បន្ត​ពី​អាណត្តិ​លោក​ប្រធានាធិបតី Trump។

លោក​បាន​ថ្លែង​ប្រាប់ VOA ថា៖ «យើង​ចង់​ធ្វើ​ឲ្យ​ច្បាស់​ថា គោល​នយោបាយ​ទាំង​នោះ​មិន​គួរ​ត្រូវ​បាន​បោះបង់​ចោល​ដោយសារ​តែ​មាន​ឈ្មោះ​លោក Trump នៅ​លើ​នោះ​នោះ​ទេ។ ប្រសិន​បើ​គោល​នយោបាយ​ទាំង​នោះ​ជា​គោល​នយោបាយ​ល្អ គោល​នយោបាយ​ទាំង​នោះ​គួរ​តែ​ត្រូវ​បាន​រក្សា​ទុក»៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា