អង្គការគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកហៅកាត់ថា FIFA នៅថ្ងៃពុធនេះ បានជួបប្រទះនឹងការប្តឹងចោទមនុស្សជាច្រើននាក់នៅក្នុងតុលាការសហព័ន្ធរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងមន្រ្តីជាន់ខ្ពស់បច្ចុប្បន្ននិងអតីតមន្រ្តីកំពូលៗនៃអង្គការនេះ ហើយនិងសេចក្តីប្រកាសអំពីការស៊ើបអង្កេតដាច់ដោយឡែកមួយទៀតដោយអាជ្ញាធរប្រទេសស្វ៊ីសទាក់ទិននឹងការចោទប្រកាន់អំពីការជ្រើសរើសទីកន្លែងប្រកួតយកពានពិភពលោកសម្រាប់ឆ្នាំ ២០១៨ និង ២០២២។
មន្រ្តី FIFA ជាច្រើននាក់ត្រូវអាជ្ញាធរចាប់ខ្លួននៅទីក្រុង Zurich ប្រទេសស្វ៊ីស។ ពាក្យបណ្តឹងរបស់ស.រ.អា.មាន៤៧-ខ ប្រឆាំងនឹងមនុស្ស១៤នាក់អំពីបទឧក្រិដ្ឋ ធ្វើជំនួញខុសច្បាប់ ការបោកលុយតាមអ៊ីនធឺណិត និងការលាងលុយកខ្វក់ នៅក្នុងផែនការមួយដែលរដ្ឋអាជ្ញានិយាយថា នាយកប្រតិបត្តិនៃបណ្តាញព័ត៌មានខាងកីឡាបានបង់ប្រាក់ឬយល់ព្រមបង់ប្រាក់ជាង១៥០លានដុល្លារ ដើម្បីជាថ្នូរនឹងសិទ្ធិផ្សាយពាណិជ្ជកម្មនៅក្នុងការប្រកួតនីមួយៗ។
ក្រសួងយុត្តិធម៌ស.រ.អា.និយាយថា «នេះជាគ្រោងការមួយក្នុងរយៈពេល២៤ឆ្នាំរបស់មន្រ្តីទាំងនេះ ដើម្បីកើបប្រាក់តាមរយៈអំពើពុករលួយនៅក្នុងកីឡាបាល់ទាត់អន្តរជាតិ។
នៅទីក្រុង Zurich នោះវិញ អាជ្ញាធរបានចាប់ខ្លួនមន្រ្តី FIFA ៧នាក់នៅថ្ងៃពុធនេះ ហើយនៅរង់ចាំការបញ្ជូនខ្លួនមកស.រ.អា.។ អាជ្ញាធរស.រ.អា.បានចេញដីការឆែកឆេរទីកន្លែងជាច្រើនទៀតនៅទីក្រុង Miami រដ្ឋ Florida នៅថ្ងៃពុធនេះ។ ក្រសួងយុត្តិធម៌ស.រ.អា.ឲ្យដឹងថា មនុស្ស៤នាក់បានសារភាពទទួលកំហុសនៅក្នុងរឿងនេះហើយ៕