ប្រធានតុលាការកំពូលអាមេរិកជំរុញឱ្យមានការប្រុងប្រយ័ត្នលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ខណៈបច្ចេកវិទ្យានេះកំពុងជះឥទ្ធិពលលើវិស័យច្បាប់

  • ​Reuters

រូបឯកសារ៖ ប្រធានតុលាការកំពូលលោក John Roberts និង​ចៅក្រុម​តុលាការ​កំពូល​អ្នកស្រី Ketanji Brown Jackson ដើរ​ចុះ​ពី​អគារ​តុលាការ​កំពូល​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។

បញ្ញាសិប្បនិម្មិត ឬ​ AI ទទួល​បានការ​អបអរចម្រុះពី​ស្ថាប័ន​ច្បាប់ក្នុង​សហរដ្ឋ​អាមេរិក​ ដោយ​ប្រធានតុលាការ​កំពូល​របស់​ប្រទេស​នេះ គឺ​លោក​ John Roberts បាននិយាយ​នៅ​ក្នុង​របាយការណ៍​ចុង​ឆ្នាំ​ ដែល​ត្រូវ​បាន​ចេញ​ផ្សាយកាល​ពី​ថ្ងៃ​ទី​ ៣១​ ខែ​ធ្នូ​កន្លង​ទៅ​នេះ​ ដោយ​ជំរុញ​ឱ្យ​មានការ​ «ប្រុង​ប្រយ័ត្ន​ ​និង​ដាក់ខ្លួន​»​ ខណៈពេល​បច្ចេកវិទ្យាដែល​កំពុង​មាន​ការ​វិវត្តន៍ ផ្លាស់ប្តូរ​របៀប​ធ្វើ​ការ​ងារ​របស់ចៅក្រម​និង​មេធាវី​។​ នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន Reuters។

លោក Roberts​ បានលើក​ឡើង​ដោយភាព​ស្ទាក់ស្ទើរមួយ​ នៅ​ក្នុង​របាយការណ៍​ចុង​ឆ្នាំ​របស់​លោក​ ដែល​មាន​កម្រាស់​ ១៣ ​ទំព័រ។​ ​លោក​បាន​បញ្ជាក់​ក្នុង​របាយការណ៍​នោះ​ថា​ បច្ចេកវិទ្យា​បញ្ញាសិប្ប​និម្មិត​មាន​សក្តានុពល​ក្នុង​ការ​បង្កើនការ​ទទួល​បានយុត្តិធម៌​ ​សម្រាប់​គូ​ក្តីក្តាំ​ដែល​ខ្សត់​ធនធាន ​ការ​ផ្លាស់ប្តូរ​ការ​ស្រាវជ្រាវឯកសារ​ផ្លូវ​ច្បាប់ និង​ការ​ជួយ​ដល់​តុលាការ​ក្នុង​ការ​ដោះស្រាយសំណុំ​រឿង​ឱ្យបានលឿន​និង​មាន​តម្លៃ​ថោក​ជាង​មុន​ ខណៈពេល​ដែល​លោក​ក៏​បាន​លើក​បញ្ជាក់​ពីក្តីបារម្ភលើ​ឯកជនភាព​បុគ្គល​ និង​អសមត្ថភាព​នៃ​បច្ចេកវិទ្យា​បច្ចុប្បន្ន​ ដែល​អាច​ប្រើ​ជំនួសឆន្ទានុសិទ្ធ​របស់​មនុស្ស​ផង​ដែរ។

ប្រធាន​តុលាការ​កំពូលសហរដ្ឋ​អាមេរិក​រូប​នេះ​ បាន​សរសេរ​ទៀត​ថា៖​ «ខ្ញុំទស្សន៍ទាយ​ថា ចៅក្រម​ដែល​ជា​មនុស្សនឹង​ត្រូវធ្វើការ​មួយ​រយៈ​ពេលតទៅ​មុខ​ទៀត។​ ​ប៉ុន្តែជា​មួយ​នឹងជំនឿ​ចិត្តស្មើភាព​គ្នា​ ខ្ញុំ​ព្យាករណ៍​ថា​ ​ការងារតុលាការ ជា​ពិសេស​នៅ​កម្រិត​នៃ​ការ​កាត់​ក្តី​ នឹង​ត្រូវ​ទទួល​រង​ការ​ប៉ះពាល់​ជាសំខាន់ដោយ​បច្ចេកវិទ្យា​ AI ​នេះ»។​ ​

រូបឯកសារ៖ រូបភាពថតកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បង្ហាញពាក្យ AI ដែលប្រែថាបញ្ញាសិប្បនិម្មិត និងទង់ជាតិ​អាមេរិកនៅពីក្រោយ​រូបយន្តមួយ។

អត្ថាធិប្បាយ​របស់​ប្រធានតុលាការ​កំពូល​សហរដ្ឋអាមេរិក​រូប​នេះ ជា​ទឡ្ហីករណ៍ដ៏​សំខាន់​បំផុត​របស់​លោក​ ​រហូត​មក​ដល់ពេល​នេះ​ ស្តី​ពីឥទ្ធិពលរបស់​បញ្ញាសិប្បនិម្មិត​ទៅ​លើ​ប្រព័ន្ធ​ច្បាប់​ និង​ជា​ការ​ជួន​ពេលគ្នា​ផង​ដែរ​ ជា​មួយតុលាការ​ជាន់ទាបជាច្រើន​ក្នុង​សហរដ្ឋអាមេរិក ដែល​កំពុង​ប្រឈម​ពី​របៀបសម្រប​ខ្លួន​យ៉ាង​ណា​ឱ្យ​ល្អ​បំផុតជាមួយ​នឹង​បច្ចេកវិទ្យាថ្មី​មួយ​នេះ​ ដែល​មាន​សមត្ថភាព​លើ​ជំនាញតុលាការ​ ប៉ុន្តែ​ក៏ឆាប់បង្កើត​ឱ្យ​មាន​រឿង​ក្លែងបន្លំជា​ច្រើនផង​ដែរ​ ដែល​ត្រូវ​បាន​ស្គាល់​ថា​ ជា​ «ក្តី​ស្រមើស្រមៃរវើរវាយ​»នោះ។

លោក ​Roberts បាន​សង្កត់​ធ្ងន់ថា៖ «ការ​ប្រើប្រាស់បច្ចេកវិទ្យា​ AI ណា​មួយ​ ត្រូវ​តែ​មានការ​ប្រុងប្រយ័ត្ន​ និង​ការ​ដាក់​ខ្លួន»។ លោក​បាន​លើកឧទាហរណ៍មួយ​ ដែលការក្លែងបន្លំរបស់​បច្ចេកវិទ្យា​ ​AI ​បាន​ធ្វើ​ឱ្យ​មេធាវី​ លើក​យកករណី​ដែល​មិន​មាន​នៅ​ក្នុង​ឯកសារ​របស់​តុលាការ​ ​ដែល​ប្រធានតុលាការ​កំពូល​អាមេរិក​រូប​នេះ​និយាយ​ថា ​ជា​«ទស្សនៈ​ដ៏​អាក្រក់​មួយ»។​ លោក​ Roberts មិន​បាន​បរិយាយ​លម្អិតក្រៅ​តែ​ពី​ការលើក​ឡើង​ថា​ ការ​រកឃើញ​នេះ​ បាន​ក្លាយ​ជា​ព័ត៌មាន​ដ៏​សំខាន់​កាល​ពី​ឆ្នាំ​ ២០២៣​កន្លង​ទៅ។

ឧទាហរណ៍​មួយ​ ​លោក ​Michael Cohen អតីតអ្នកចាត់ចែង​និងជាមេធាវី​មួយ​រូបរបស់​លោក Donald Trump បាន​និយាយ​នៅ​ក្នុង​ឯកសារតុលាការ​ដែលបើក​ចំហរ​មួយ​ថា​ លោក​បាន​ផ្តល់​សេចក្តី​សន្និដ្ឋាន​ដោយ​ច្រឡំទៅឱ្យ​មេធាវី​របស់​លោក​ តាម​សំណុំ​រឿង​ក្លែង​ក្លាយ​មួយ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី AI​ ដែល​ត្រូវ​បាន​ដាក់​ចូល​ជា​ឯកសារ​ផ្លូវការ​នៅ​ក្នុង​តុលា​ការ។​ ​ឧទាហរណ៍​ផ្សេងៗ​មួយ​ចំនួន​ទៀត​ រួម​មាន​ករណី​ក្តីក្តាំ​ក្លែងក្លាយ​ ដែល​បង្កើតឡើង​ដោយ​បញ្ញាសិប្បនិម្មិត​នៅ​ក្នុង​សេចក្តី​សន្និដ្ឋានផ្លូវ​ច្បាប់​ ក៏​ត្រូវ​បាន​គេ​កត់​ត្រា​ផង​ដែរ។

តុលាការ​ឧទ្ធរណ៍​សហព័ន្ធ​មួយ​ នៅ​ក្នុងរដ្ឋ​ New Orleans កាល​ពី​ខែ​មុន​ ​បាន​បង្កើត​ឱ្យ​មាន​ព័ត៌មាន​សំខាន់ ដោយបើក​បង្ហាញ​នូវ​អ្វី​ដែល​ទំនង​ដូច​ជា​បទបញ្ញត្តិ​ ដែល​បាន​ស្នើ​ឡើង​ ដោយ​តុលាការ​ឧទ្ធរណ៍ចំនួន​ ១៣​ ក្នុង​បំណងដើម្បីកំណត់​ការ​ប្រើប្រាស់កម្មវិធី​ AI ដែល​ចេះ​និពន្ធ​ ដូច​ជា​កម្មវិធី​ ​OpenAI's ChatGPT ដោយ​ឱ្យ​ក្រុម​មេធាវី ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​ផង​ដែរ។

បទ​បញ្ញតិ្ត​ដែល​ត្រូវ​បាន​ស្នើ​ឡើង​ដោយតុលាការ​ឧទ្ធរណ៍​ទី ​៥ ​របស់សហរដ្ឋ​អាមេរិក​ ​នឹង​តម្រូវឱ្យ​មេធាវីត្រូវ​បញ្ជាក់​ថា​ ​ពួក​គេ​មិន​បាន​ពឹង​ផ្អែក​លើកម្មវិធី​បញ្ញា​សិប្បនិម្មិត​ ដើម្បី​ធ្វើ​សេចក្តី​សន្និដ្ឋាន​សង្ខេប​ ឬក៏​ត្រូវ​បាន​ត្រួត​ពិនិត្យ​ពី​ភាព​ត្រឹមត្រូវដោយ​មនុស្សនូវអត្ថបទ​សន្និដ្ឋាន​ណា​មួយ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី​ AI​ នៅ​ក្នុង​សំណុំ​រឿង​ដែល​គេ​ដាក់​ប្តឹង​ទៅតុលា​ការ​នោះ​ឡើយ៕​

ប្រែសម្រួល​ដោយ​លោក ​ជ្រា វណ្ណារិទ្ធ