នៅក្នុងវិធានការមួយដែលគេបានរំពឹងទុកជាយូរមកហើយ តុលាការកំពូលសហរដ្ឋអាមេរិកបានសម្រេចបញ្ចប់សេចក្តីសម្រេចកន្លះសតវត្សរ៍មកហើយរបស់ខ្លួន ដែលបង្កើតសិទ្ធិតាមរដ្ឋធម្មនុញ្ញអនុញ្ញាតឱ្យមានការរំលូតកូន ដោយវិធានការនៅថ្ងៃសុក្រនេះនឹងទុកឱ្យបណ្តារដ្ឋនានារបស់អាមេរិកជាអ្នកសម្រេចរៀងៗខ្លួន ថាតើអនុញ្ញាតឬមិនអនុញ្ញាតឱ្យមានការពន្លូតកូន។
សេចក្តីសម្រេចកាលពីថ្ងៃសុក្រ ទី២៤មិថុនា ឆ្នាំ២០២២ ដោយចៅក្រុមអភិរក្សនិយមភាគច្រើននៃតុលាការកំពូលរបស់អាមេរិក កើតមានឡើងមិនដល់ពីរខែផង ក្រោយពេលមានសេចក្តីព្រាងមុនមួយនៃសេចក្តីសម្រេចនេះត្រូវបានគេលួចទម្លាយបញ្ចេញទៅឱ្យអង្គការព័ត៌មានមួយ ដែលការបែកធ្លាយរឿងនេះ បានបណ្តាលឱ្យមានបាតុកម្មនៅទូទាំងប្រទេសដោយក្រុមសកម្មជនការពារសិទ្ធិរំលូតកូន។
ខណៈដែលវិធានការប្រែក្រឡះដោយតុលាការកំពូលចំពោះសេចក្តីសម្រេចរបស់ខ្លួនកាលពីឆ្នាំ១៩៧៣ក្នុងរឿងក្តី Roe v. Wade និងក្នុងរឿងក្តីដាច់ដោយឡែកមួយទៀតហៅថា Planned Parenthood v. Casey មិនបានដាក់ឱ្យមានការហាមប្រាមការរំលូតកូនក៏ដោយ ក៏ផលប៉ះពាល់ខាងផ្លូវច្បាដប់របស់វានៅទូទាំងប្រទេសមានសឹងតែភ្លាមៗ។
វិទ្យាស្ថាន Guttmacher ដែលជាក្រុមស្រាវជ្រាវមួយខាងអ្នកគាំទ្រសិទ្ធិរំលូតកូន បានប៉ាន់ប្រមាណថាមានរដ្ឋចំនួន២៦ ដែលភាគច្រើនក្នុងភាគខាងត្បូងនិងភាគកណ្តាល (Mid-West) ប្រទេសអាមេរិកនឹងហាមប្រាមការពន្លូតកូននៅក្រោយការប្រែក្រឡះ Roe v. Wade។ ការណ៍នេះអាចបង្ខំស្ត្រីនៅក្នុងរដ្ឋទាំងនោះ ត្រូវឱ្យស្វះស្វែងទៅរកកន្លែងរំលូតកូន ដោយធ្វើដំណើរទៅកាន់រដ្ឋទាំងឡាយណាដែលសិទ្ធិពន្លូតកូនត្រូវបានការពារ។
Your browser doesn’t support HTML5
សេចក្តីសម្រេចរបស់តុលាការកំពូលនេះ មានឡើងនៅក្នុងរឿងក្តីដែលត្រូវគេតាមដានយ៉ាងដិតដល់មួយ មានទាក់ទិននឹងច្បាប់មួយក្នុងរដ្ឋ Mississippi ដែលហាមប្រាមការពន្លូតកូនសឹងតែទាំងអស់ នៅក្រោយសប្តាហ៍ទី១៥នៃការមានផ្ទៃពោះ គឺប៉ុន្មានសប្តាហ៍មុនដំណាក់កាលត្រូវបានកំណត់ដោយរយៈ Roe v. Wade។
ប្រែសម្រួលដោយលោក ឈឹម សុមេធ